នាថករណធម៌
ព្រះមហា យ៉ត – ទ្រលន់ វត្តលង្កា ក្រុងភ្នំពេញ
ព.ស.២៤៦៣ គ.ស.១៩៤៩
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
រីកិរិយានមស្សការ នៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃ ចំពោះ ព្រះអង្គឯង ឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ (ព្រមទាំងព្រះធម៌ និងព្រះអរិយ សង្ឃដោយសេចក្តីគោរព) ។
វេលានេះ អាត្មាភាពសូមសំដែងអំពីនាថករណធម៌ គឺធម៌ជាគ្រឿងធ្វើនូវទីពឹង ជូនជាសណ្តាប់នៃសាធុសប្បុរសទាំងឡាយ ។ ឯនាថករណធម៌នោះ មាន១០យ៉ាងគឺៈ
១- សីល រក្សាកាយវាចាឱ្យរាបសា ។
២- ពាហុសច្ចៈ ភាពជាបុគ្គលបានស្តាប់ បានរៀនពុទ្ធវចនៈច្រើន ។
៣- កល្យាណមិត្តតា ភាពជាបុគ្គលមានមិត្តសំឡាញ់ល្អ ។
៤- សោវចស្សតា ភពជាបុគ្គលងាយប្រដៅ ។
៥- កឹ ករណីយេសុ ទុក្ខតា ភាពជាបុគ្គលមានសេចក្តីខ្នះខ្នែងក្នុងកិច្ចធុរៈ របស់មិត្តប្រព្រឹត្តធម៌ជាគ្នា ។
៦- ធម្មកាមតា ភាពជាបុគ្គលស្រឡាញ់ធម៌ដែលប្រពៃ ។
៧- វិរិយៈ ការព្យាយាមលះអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ។
៨- សន្តោសៈ ការត្រេកអរចំពោះវត្ថុដែលជារបស់ខ្លួនតាមមាន តាមបាន ។
៩- សតិ ការរលឹកឃើញកិច្ចការដែលធ្វើហើយនឹងពាក្យសំដីដែលនិយាយហើយ។
១០- បញ្ញា ការដឹងច្បាស់ក្នុងកងសង្ខារតាមសភាពពិតមែន ។
ធម្មតាមនុស្សដែលកើតមកក្នុងលោកសន្និវាសនេះ នឹងនៅតែម្នាក់ឯងមិនបាន, ដូចក្មេងៗ ដែលទើបនឹងកើតមក តោងអាស្រ័យនឹងចាស់ៗ មានមាតាបិតាជាដើម ឱ្យជួយចិញ្ចឹមជីវិតផងទើបរស់, កាលបើធំបន្តិចឡើងហើយ ក៏នៅតែអាស្រ័យនឹងអ្នក ដទៃទៀតដោយ លំដាប់ដូចអាស្រ័យនឹងគ្រូអាចារ្យ ឱ្យជួយបង្ហាត់បង្ហាញវិជ្ជាចំណេះ នឹងសេចក្តីប្រព្រឹត្តជាដើម, លុះដល់ពេញកំឡោះក្រមុំ ដែលជាពេលត្រូវរកទ្រព្យសម្រាប់ ចិញ្ចឹមជីវិតនោះសោត ក៏តោងពឹងពាក់អ្នកនេះខ្លះអ្នកនោះខ្លះ បានសេចក្តីថា មនុស្ស ដែលកើតមកក្នុងលោកតោងពឹងអ្នកដទៃ ដើម្បីប្រយោជន៍លោកីយសម្បតិ្តទើបបាន, តែនឹងពឹងដើម្បីលោកុត្តរសម្បត្តិគឺមគ្គផលព្រះនិព្វានផង នោះមិនបានឡើយ ។
សេចក្តីនេះសមដូចពុទ្ធភាសិតក្នុងព្រះធម្មបទថាៈ
អត្តា ហិ អត្តានោ នាថោ កោ ហិ នាថោ បរោ សិយា
អត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ ។
សេចក្តីថា ខ្លួនឯងជាទីពឹងរបស់ខ្លួន អ្នកដទៃដូចម្តេចឡើយនឹងជាទីពឹងបាន ព្រោះ បុគ្គលដែលមានខ្លួនហ្វឹកហ្វឺនល្អហើយ តែងបាននូវទីពឹង ដែលគេបានដោយកម្រ ។
សម្តេចព្រះទសពលញ្ញាណបរមគ្រូជាម្ចាស់ ទ្រង់ត្រាស់ទេសនាប្រៀនប្រដៅ ពុទ្ធបរិស័ទ ឱ្យខំប្រឹងធ្វើសេចក្តីប្រតិបត្តិ យកសម្បត្តិសួគ៌ នឹងសម្បត្តិព្រះនិព្វាន ចំពោះ ខ្លួនឯងរាល់ៗគ្នា មិនឱ្យអាងអ្នកដទៃក្រៅអំពីខ្លួនឯងឡើយ ព្រោះបណ្តាមនុស្សដែល នឹងបានទៅកើតស្ថានសួគ៌ នឹងធ្វើមគ្គផលឱ្យមានជាក់ច្បាស់ប្រាកដឡើងបាននោះ ក៏ ព្រោះតែគេខំប្រឹង កសាងសន្សំបុណ្យកុសល ដម្កល់ក្នុងខ្លួនចំពោះៗ ខ្លួនរបស់គេឱ្យ សម្បូណ៌ឡើង, មិនមែនបានមកអំពីអ្នកដទៃឡើយ ។ បើជនណាបានហ្វឹក ហ្វឺនទូន្មានខ្លួនឱ្យល្អប្រពៃ គឺឱ្យមានកាយ វាចា ចិត្តស្ងប់រម្ងាប់រាបសាឥតមានពុតត្បុត ហើយ ជននោះឯងតែងបាននូវទីពឹងដ៏ខ្ពង់ខ្ពស់ គឺបានសម្រេចព្រះអរហត្តផល បានដោយកម្រក្រៃពេក ។
ត្រង់ពាក្យថា “មនុស្សដែលកើតមកក្នុងលោកសន្និវាសនេះ សុទ្ធតែត្រូវពឹងពរកគ្នា ទៅវិញទៅមក ទើបប្រព្រឹត្តទៅបាន” នោះក៏ពិតមែនហើយ ប៉ុន្តែពឹងគ្នាបានតែត្រឹម លោកិយសម្បត្តិប៉ុណ្ណោះ នឹងពឹងទួទៅទាំងលោកុត្តរសម្បត្តិ គឺមគ្គផលព្រះនិព្វានផង នោះមិនបានទេ, ចំណែកខាងលោកុត្តរសម្បត្តិនោះ ត្រូវតែរកចំពោះខ្លួនទើបបាន តែបើ ទុកជាដូច្នោះ គួរគង់តែអាស្រ័យគ្រូអាចារ្យមានព្រះសម្មាសម្ពុទ្ធជាដើម ឱ្យទ្រង់សំដែង ណែនាំពន្យល់ជាមុនដែរ វៀរលែងតែព្រះសម្មាសម្ពុទ្ធ១ព្រះអង្គប៉ុណ្ណោះ ទើបទ្រង់ត្រាស់ ដឹងឯងហើយ ទ្រង់ណែនាំអ្នកដទៃឱ្យត្រាស់ដឹងផង, ប៉ុន្តែការណែនាំនោះ ក៏បានចំពោះ តែនរណាដែលមានវាសនាបារមី មិនមែនបានទាំងឥតវាសនាផងទេ សូម្បីតែសម្តេច ព្រះបរមគ្រូជាម្ចាស់ដែលប្រាកដច្បាស់ថាជាទីពឹងពំនាក់របស់សត្វលោក មិនមាននរណា ជាងព្រះអង្គនោះ ក៏ទ្រង់ជាទីពឹងចំពោះ តែសត្វណាដែលមានភ័ព្វគួរឱ្យព្រះអង្គណែនាំ បានប៉ុណ្ណោះ ព្រះអង្គនឹងណែនាំបានទួទៅទាំងមនុស្ស ដែលជាអភ័ព្វបុគ្គលនោះក៏ទេៗ សេចក្តីនេះគួរឃើញដូចជាទេវទត្តដែលជាអភព្វបុគ្គលជាដើម, សូម្បីចូលមកបួសក្នុង ព្រះពុទ្ធសាសនានឹងគេដែរ តែជាមនុស្សប្រព្រឹត្តអាក្រក់ច្រើនពេកណាស់ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏មិនធ្វើមនុស្សមានសភាពដូច្នោះ ឱ្យសំរេចមគ្គផលដូចជាបុគ្គលឯទៀត បានទេ, ព្រោះមិនមានធម៌ជាទីពឹងចំពោះខ្លួនឯងផង លុះតែនរណាដែលជាបុគ្គលមាន ភ័ព្វធ្លាប់ធ្វើបុណ្យកុសលដម្កល់ទុកមកពីមុនៗ ដែលហៅថា ពន្ធុវេនេយ្យសត្វជាផៅពង្ស គួរឱ្យព្រះអង្គទូន្មានបាន, ទើបអាចជួយអប់រំនិស្ស័យនៃជនមានសភាពដូច្នោះ ឱ្យសម្រេច មគ្គផលសមគួរតាមឧបនិស្ស័យរបស់គេ ។
ចំណែកឯសម្តេចព្រះអនាវរណញ្ញាណ ដែលទ្រង់ប្រទានព្រះធម្មទេសនា ក៏គ្រាន់ តែប្រៀបដូចអ្នកបង្ហាញផ្លូវប៉ុណ្ណោះ ត្រង់ដើរតាមគន្លងនោះកើតឬទេ ក៏ស្រេចនៅលើអ្នក ដើរ សេចក្តីនេះសមដូចជា ពុទ្ធភាសិតក្នុងព្រះធម្មបទថាៈ
តុមេ្ហហិ កិច្ចំ អាតប្បំ អក្ខាតារោ តថាគតា
បដិបន្នា បមោក្ខន្តិ ឈាយិនោ មារពន្ធនា ។
សេចក្តីថាៈ អ្នកទាំងឡាយត្រូវធ្វើសេចក្តីព្យាយាមចំពោះខ្លួនឯងចុះ ព្រះតថាគត ទាំងឡាយគ្រាន់តែជាអ្នកប្រាប់ផ្លូវឱ្យទេ, បើពួកជនណាបានដើរគឺ បានរំពឹងពិនិត្យធ្វើ តាមហើយ ជនទាំងនោះមុខជានឹងបានរួចចាកចំពោះ គឺកិលេសមារមិនខានឡើយ ។
សេចក្តីប្រតិបត្តិដែលជាហេតុឱ្យដល់ទីរំលត់ទុក្ខ ប្រៀបដូចជាផ្លូវ ជនដែលជាអ្នក ប្រតិបត្តិ ប្រៀបដូចជាអ្នកដំណើរ, ព្រះពុទ្ធជាម្ចាស់ដែលត្រាស់ទេសនាប្រដៅសត្វ ប្រៀបដូចជាអ្នកបង្ហាញផ្លូវក្នុងលោកនេះ, កាលបានបង្ហាញអ្នកណាហើយ បើអ្នកនោះ គេមិនដើរ អ្នកបង្ហាញនោះ នឹងដើរជំនួសគេក៏ទេដែរ ត្រង់ដើរកើតឬមិនកើតនោះ ក៏សម្រេចនៅលើអ្នកដំណើរ បើអ្នកដំណើរនោះដើរទៅខ្លួនគេ ទើបបានដល់ទីដែលគេ ប្រាថ្នា បើគេមិនដើរក៏មិនបានដល់ ។ ព្រោះហេតុនេះហើយ បានជាសម្តេចព្រះមុនិន្ទ សាស្តាចារ្យជាម្ចាស់ត្រាស់ទេសនាថាៈ ខ្លួនឯងជាទីពឹងចំពោះខ្លួន អ្នកដទៃដូចម្តេចឡើយ នឹងជាទីពឹងបាន ។ បានសេចក្តីថាៈ ខ្លួនរបស់ខ្លួនត្រូវប្រឹងជួយខ្លួនឯងផង, ទើបអ្នក ឯទៀតគេជួយបាន បើខ្លួនឯងមិនប្រឹងផងទេ, អាងតែគេ គេក៏ជួយមិនកើត ។ មួយទៀត គួរឃើញដូចអ្នកដែលឡើងដើមឈើខ្ពស់ៗ មានដើមត្នោតជាដើម ហើយមិនរបូតធ្លាក់ នោះក៏ព្រោះអាស្រ័យកម្លាំងខ្លួនឯងផ្សំផងទើបឡើងរួច នឹងបណ្តោយថាស្រេចនៅលើ ដើមឈើទាំងអស់តែម្តងក៏មិនបាន ។
ហេតុនេះ ពុទ្ធបរិស័ទប្រាថ្នាចង់បានសេចក្តីសុខក្នុងជាតិនេះ នឹងជាតិខាងមុខ នឹងសេចក្តីសុខយ៉ាងខ្ពស់បំផុតគឺព្រះនិព្វាននោះ ត្រូវតែខំកសាងសន្សំបុណ្យកុសល ចំពោះៗខ្លួន ព្រោះសម្បត្តិសួគ៌ ព្រះនិព្វាន ដែលបុគ្គលនឹងបាន ក៏សុទ្ធតែបានអំពីសេចក្តី ប្រតិបត្តិរបស់ខ្លួនឯងទាំងអស់ មិនដែលបានមកអំពីអ្នកដទៃឡើយ ។ ម្យ៉ាងទៀត សាធុ- សប្បុរសទាំងឡាយ ដែលជាអ្នកស្រឡាញ់ខ្លួន ត្រូវមានធម៌ជាទីពឹងចំពោះខ្លួនរាល់ៗខ្លួន ព្រោះអ្នកដែលមានធម៌ជាទីពឹងចំពោះខ្លួន តែងនៅជាសុខគ្មានទុក្ខលំបាកឡើយ ។ សេចក្តីនេះសមដូចពុទ្ធភាសិត ដែលសម្តេចព្រះភគវន្តមុនីរមគ្រូជាម្ចាស់ត្រាស់ទេសនា ទុកក្នុងនាថករណធម៌ គម្ពីរទីឃនិកាយ បាដិកវគ្គថាៈ
សនាថា ភិក្ខវេ រិហរថ មា អនាថា ទុក្ខំ ភិក្ខវេ អនាថោ វិហរតិ ដូច្នោះជាដើម ។
សេចក្តីថាៈ ម្នាលភិក្ខុទាំងឡាយ! អ្នកទាំងឡាយចូរជាបុគ្គលមានទីពឹងសិន ហើយសឹមនៅចុះ កុំជាបុគ្គលឥតទីពឹងឡើយ ព្រោះបុគ្គលឥតទីពឹង តែងនៅជាទុក្ខ ។
នាថករណធម៌ គឺធម៌ធ្វើនៅទីពឹងរបស់អ្នកប្រតិបត្តិធម៌នេះ ដំបូងឡើយសម្តេច ព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ទេសនា ដើម្បីជាវត្តប្រតិបត្តិរបស់អ្នកបួសទេ, ព្រោះ បណ្តាពុទ្ធបរិស័ទទាំង៤ពួកនេះ មានពួកភិក្ខុនេះឯងជាប្រមុខរបស់បរិស័ទទាំងអស់ លោកច្រើនបានស្តាប់ធម៌មុនគេ តែបើទុកជាដូច្នោះ គ្រហស្ថនឹងអនុលោមប្រតិបត្តិ តាមផងបាន ឥតមានទាស់ទេ សឹងបានសម្រេចប្រយោជន៍គ្រប់គ្នា ។ វេលានេះអាត្មា ភាពនឹងពណ៌នា ឱ្យសមគួរដល់សេចក្តីប្រតិបត្តិទាំងបព្វជិត នឹងគ្រហស្ថ ដូចតទៅនេះ៖
១- ការរក្សាកាយវាចា ឱ្យរាបសា លោកហៅថា សីល សីលនេះបើសំដែងដោយ បរិយាយ បានដល់សិក្ខាបទដែលបុគ្គលសមាទានហើយ មានវិរតិចេតនាវៀរចាកបាប ដោយកាយនឹងវាចា មានវៀរចាក បញ្ចវេរាជាដើម ។
សីលនេះ ជាធម៌ធ្វើទីពឹងរបស់អ្នកដែលរក្សា គឺអាចការពារនូវអំពើខូចកាចអាក្រក់ តាមកាយនឹងវាចាមិនឱ្យកើតឡើងបាន ។ បុគ្គលដែលនឹងរក្សាសីលបរិសុទ្ធ តែងបាន សេចក្តីសុខឃើញទាន់ភ្នែក គឺរួចចាកទោសដែលមានក្នុងបច្ចុប្បន្នមានរាជអាជ្ញាជាដើម, ទាំងបានជាទីគោរពរាប់អានស្រឡាញ់របស់ជនានុជន ហើយនឹងជាមនុស្សក្លៀវក្លាក្នុង កណ្តាលប្រជុំបរិស័ទ ។ ម្យ៉ាងទៀតសីលនេះ តែងបានជាបច្ច័យនៃការប្រតិបតិ្តធម៌ ជាន់ខ្ពស់ៗ ទៅដោយលំដាប់ផង ។ ធម្មតាបុគ្គល ដែលប្រព្រឹត្តតាមពាក្យប្រៀនប្រដៅ របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដរាបដល់បានសំរេចមគ្គនឹងផលយ៉ាងខ្ពស់ គឺរហូតដល់ លះកិលេសឱ្យអស់ទៅ ដែលហៅថាព្រះខីណាស្រពបាននោះ ក៏ព្រោះតែប្រព្រឹត្តធម៌ ជាន់ទាបៗជាដំបូងសិន ទើបសំរេចទៅបានគួរឃើញ ដូចអ្នកឡើងទៅលើទីខ្ពស់ៗ ក៏ព្រោះតែអាស្រ័យនឹងគ្រឿងមានជណ្តើរជាដើម តាំងពីជាន់ទាបៗ ឡើងទៅជាថ្នាក់ៗ ទើបទៅដល់ទីដែលខ្លួនប្រាថ្នាបាន បើមិនដូច្នោះទេក៏ទៅមិនដល់ឡើយ សេចក្តីនេះមាន ឧបមាយ៉ាងណាមិញ ការដែលប្រតិបត្តិធម៌វិន័យក្នុងព្រះពុទ្ធសាសនា ក៏មានឧបមេយ្យ យ៉ាងនោះដែរ គឺសីលនេះឯងតែងជាទីដម្កល់នៃការកុសល ជាន់ដំបូងសំរាប់អ្នកដែល ប្រតិបត្តិត្រូវបំពេញឱ្យគ្រប់គ្រាន់ជាមុនសិន, ហើយសិមឈានឡើងទៅរកសមធិ និង បញ្ញាជាលំដាប់ៗ ទៅដរាបដល់ធ្វើខ្លួនឱ្យដល់នូវទីរលត់ទុក្ខ គឺព្រះនិព្វានបាន ។ ព្រោះ ហេតុនោះសីលទើបលោកចាត់ជាធម៌ធ្វើទីពឹងខាងដើមបំផុត ។
២- ឯការដែលបុគ្គលនឹងរក្សាសីលនោះបាន, ក៏តោងអាស្រ័យនឹងការស្តាប់ ការរៀនធម៌ឱ្យចេះដឹងស្គាល់ខុសត្រូវអាក្រក់ល្អ ឱ្យកា្រស់ក្រែលជាមុនសិន ទើបអាច ប្រព្រឹត្តទៅបាន, ដោយហេតុនេះបានជាសម្តេចព្រះអនាវរណញ្ញាណ ជាម្ចាស់ទ្រង់យក ពាហុសច្ចៈ (ភាពជាបុគ្គលបានស្តាប់បានរៀនទន្ទេញពុទ្ធវចនៈចាំច្រើនឡើង) សំដែងថា ជាធម៌ធ្វើទីពឹងគំរប់ពីរឯគុណធម៌ ពាហុសច្ចនេះ បើមានក្នុងសន្តាននៃបុគ្គលណាហើយ តែងធ្វើបុគ្គលនោះឱ្យជាមនុស្សចេះដឹង នឹងចូលចិត្តហេតុផលដោយច្បាស់លាស់, ជាគ្រឿងដឹកនាំឱ្យប្រព្រឹត្តត្រឹមត្រូវ, នឹងនាំឱ្យបានសេចក្តីសុខទាំងជាតិនេះ និងជាតិខាង មុខ សមតាមប្រាថ្នា, មិនតែប៉ុណ្ណោះសោត តែងនាំឱ្យបានជាទីពុំនាក់អាស្រ័យភិក្ខុ សាមណេរ និង ឧបាសកឧបាសិកាថែមទៀតផង ។ រឿងនេះគួរឃើញ ដូចព្រះអានន្ទត្ថេរ ដែលជាអគ្គពហុស្សូត លោកបានធ្វើបឋមសង្គាយនាឡើង ទុកឱ្យជាប្រយោជន៍ដល់ ពុទ្ធបរិស័ទ ជនដែលកើតមកខាងក្រោយក៏បាននាំ គ្នារៀនសូត្រចេះដឹងនិងចូលចិត្ត ប្រតិបត្តិតាមដោយសារលោកដរាបដល់មកសព្វថ្ងៃនេះ ទាំងនេះក៏ដោយអំណាចលោក បានរៀនបានស្តាប់ពុទ្ធវចនៈ ចេះដឹងច្រើនជាដើមហេតុ ។ ព្រោះហេតុដូចពោលមកនេះ ពាហុសច្ចៈ (ភាពជាបុគ្គលបានស្តាប់ បានរៀនពុទ្ធវចនៈចេះដឹងច្រើន) នេះឯងទើបលោក ចាត់ជាធម៌ធ្វើទីពឹងគំរប់ពីរ ។
៣- ឯការដែលស្តាប់នឹងរៀនពុទ្ធវចនៈ ឱ្យបានចេះដឹងច្រើននោះសោត ក៏អាស្រ័យ ដោយការចូលទៅភប់ប្រសប់ នឹងកល្យាណជនជាអ្នកប្រាជ្ញ ឱ្យលោកបង្ហាត់បង្ហាញផ្លូវ ខុសនឹងត្រូវជាគោលចារិកសិន ទើបសម្រេចទៅបាន ព្រោះហេតុដូច្នេះ បានជាព្រះសក្យ- មុនីបរមគ្រូជាម្ចាស់ទ្រង់យក កល្យាណមិត្តតា (ភាពជាបុគ្គលមានមិត្តសំឡាញ់ល្អ) ឡើងសំដែងថា ជាធម៌ធ្វើទីពឹងគំរប់បី ។ ឯគុណធម៌នេះ ជាគ្រឿងសំខាន់ក្នុងការយឹត យោងសណ្តោងបុគ្គលឱ្យប្រព្រឹត្តល្អត្រឹមត្រូវ ព្រោះតាមធម្មតាមិត្តសំឡាញ់រមែងដឹកនាំ អ្នកដែលគប់រកឱ្យប្រព្រឹត្តល្អនឹងប្រព្រឹត្តអាក្រក់ ទៅតាមគ្នាដោយឆាប់រហ័ស គប់នឹងពាលៗ តែងនាំឱ្យធ្វើទុច្ចរិត គប់នឹងបណ្ឌិតៗ តែងនាំឱ្យធ្វើត្រឹមត្រូវល្អ ដូចសំពត់សតែងដិត ពណ៌ទៅតាមទឹកជ្រលក់ ទោះបីសំពត់នោះ ស្អាតដូចម្តេចក៏ដោយ ឱ្យតែមកអាស្រ័យ នឹងទឹកជ្រលក់ៗ ក៏តែងនាំឱ្យផ្លាស់សម្បុរទៅតាមទឹកជ្រលក់នោះៗ សេចក្តីនេះមានគួរនា ដូចម្តេចមិញ ការដែលគប់នឹងមិត្តសំឡាញ់ក៏ដូច្នោះដែរ, ទោះបីនរណាប្រព្រឹត្តល្អមកពី ដើមក៏ដោយ ឱ្យតែមកគប់ប្រសប់នឹងពាលរឿយៗ ក៏មុខជានឹងក្លាយនិស្ស័យល្អនោះ បាត់ទៅត្រឡប់កើតនិស្ស័យអាក្រក់ឡើងជាថ្មី ។ សេចក្តីនេះគួរឃើញ ដូចរឿងអជាត សត្តុរាជកុមារព្រោះតែយកទេវទត្តជាមិត្ត បានជាផ្តាច់ជីវិតព្រះបាទពិម្ពិសារជាព្រះបិតា ។ ហេតុដូច្នេះបានជាសម្តេចព្រះលោកុត្តមាចារ្យជាម្ចាស់ ត្រាស់ទេសនាប្រដៅប្រជុំជន ឱ្យលះបង់ការសេពគប់នឹងជនពាល ឱ្យស្និទ្ធស្នាលតែនឹងជនជាបណ្ឌិត ព្រោះបណ្ឌិតនោះ បើនរណាគប់ហើយ តែងធ្វើអ្នកនោះឱ្យសំរេចប្រយោជន៍ ទាំងឥធលោកនឹងបរលោក ហើយនឹងប្រយោជន៍ដ៏ប្រសើរបំផុតគឺព្រះនិព្វាន ។ ព្រោះហេតុដូច្នេះ កល្យាណមិត្ត (ភាពជាបុគ្គលមានមិត្តសំឡាញ់ល្អ) ទើបលោកចាត់ជាធម៌ធ្វើទីពឹងគំរប់៣ ។
៤- ឯការដែលភប់ប្រសប់នឹងអ្នកប្រាជ្ញនោះ លោករាប់ថា ជាឫសគល់នៃសេចក្តី ប្រព្រឹត្តល្អប្រពៃក៏ពិតមែនហើយ ប៉ុន្តែបើគ្រាន់តែ ភប់ប្រសប់ប៉ុណ្ណោះ មិនតាំងចិត្តស្តាប់ ពាក្យប្រដៅនឹងមិនប្រតិបត្តិតាមទេ, ក៏មិនទាន់ជាប្រយោជន៍ប៉ុន្មាន ហេតុនេះបានជា សម្តេចព្រះជិនស្រីជាម្ចាស់ទ្រង់យក សោវចស្សតា (ភាពជាបុគ្គលងាយប្រដៅ) ឡើងសំដែងថា ជាធម៌ធ្វើទីពឹងគរប់បួន ។ ឯគុណធម៌នេះ បើមានក្នុងសន្តានរបស់ បុគ្គលណាហើយ តែងធ្វើបុគ្គលនោះឱ្យជាទីជ្រះថ្លា ទាំងជាទីរាប់អានដល់អ្នកប្រដៅ ហើយ នឹងជាផ្លូវឬប្រឡាយជាទីហូរមកនូវគុណធម៍ដទៃទៀតច្រើនយ៉ាងផង, ព្រះគុណ ធម៌ឯទៀតៗ ដែលនឹងកើតឡើងបាននោះក៏អាស្រ័យនឹងការស្តាប់ ហើយប្រព្រឹត្តតាម នេះជាទីតាំង តែបើស្តាប់ហើយមិនបានត្រិះរិះឱ្យចូលចិត្ត នឹងមិនប្រព្រឹត្តតាមទេ, ក៏មិន ទាន់រាប់ថាវិសេសជាងគេដែលមិនបានស្តាប់ប៉ុន្មាន, ព្រោះមិនបានសំរេចប្រយោជន៍ យ៉ាងណាឡើយ, មានគួរនាដូច ប្រទះនឹងអ្នកប្រាជ្ញហើយបានស្តាប់ពាក្យប្រដៅរបស់ លោក ត្រូវកុំមានទិដ្ឋិ មានៈឡើយ, គួរត្រិះរិះឱ្យដឹងច្បាស់ឱ្យចូលស៊ប់ក្នុងចិត្ត ហើយ ខំប្រតិបត្តិឱ្យដល់កំរិតរបស់ធម៌នោះៗ ចុះទើបនឹងបានសម្រេចប្រយោជន៍អំពើការ សេពគប់ គឺមុខជាបានចេះដឹងនិងបានប្រព្រឹត្តល្អ រៀបរយដោយឆាប់ភ្លាមៗ មានគួរនា ដូចអណ្តាតដែលឆាប់ដឹងរសសម្ល ។ ព្រោះហេតុនេះ សោវចស្សតា (ភាពជាបុគ្គល ងាយប្រដៅ) ទើបលោកចាត់ជាធម៌ធ្វើទីពឹងគំរប់៤ ។
៥- ឯការដែលគប់រកគ្នាជាមិត្តសំឡាញ់នោះសោត, អ្នកទាំងពីរខាងត្រូវមានគុណ ប្រយោជន៍អ្វីមួយ តិចឬច្រើនឱ្យជាគ្រឿងភ្ជាប់ចិត្តគ្នានឹងគ្នា ទើបយកជាគ្នាបាន, បើមិន ដូច្នោះទេក៏មិនផ្សេងពីគេដែលមិនមែនជាមិត្តប៉ុន្មាន, ឬភប់ប្រសប់គ្នាមិនជាប់បានយូរ ដោយហេតុដូចពោលមកនេះហើយ បានជាសម្តេចព្រះទីបទុត្តមាចារ្យជាម្ចាស់ ទ្រង់លើក យក កឹ ករណីយេសុ ទុក្ខតា (ភាពជាអ្នកជួយខ្នះខ្នែងក្នុង កិច្ចធុរៈរបស់មិត្ត អ្នកប្រព្រឹត្តធម៌ជាមួយគ្នា) ឡើងសំដែងថា ជាធម៌ធ្វើទីពឹងគំរប់៦ ព្រោះគុណធម៌នេះឯង តែងជាគ្រឿងទាញចិត្ត របស់អ្នកដែលបានទទួលឧបការៈ ឱ្យមកជាមិត្តសំឡាញ់បាន មិនតែប៉ុណ្ណោះឡើយ តែងធ្វើបុគ្គលដែលជាមិត្តសំឡាញ់នឹងគ្នាស្រាប់មកហើយ ឱ្យរឹងរឹត តែជិតស្និទ្ឋនឹងគ្នាថែមទៀតផង ។ ម្យ៉ាងទៀតបុគ្គលដែលនឹងតាំងខ្លួនឱ្យជាមនុស្ស ស្តុកស្តម្ភមាំមួនបាននោះ ព្រោះតែកម្លាំងរបស់ខ្លួនម្នាក់ឯង អាចធ្វើបានគ្រប់យ៉ាងក៏ទេ លុះតែអាស្រ័យកម្លាំងសំឡាញ់ច្រើនអ្នកផងទើបបាន ប៉ុន្តែដែលអ្នកដទៃគេនឹងមកជួយ ជាកម្លាំងបាននោះ ក៏ព្រោះតែខ្លួនធ្លាប់ជួយគេដែរ ។ ដោយហេតុនេះឯង កឹ ករណី យេសុ ទុក្ខតា (ភាពជាអ្នកខំប្រឹងយកចិត្តទុកដាក់ជួយធ្វើទីពឹងគំរប់៥) ។
៦- ឯការដែលបុគ្គលនឹងធ្វើសេចក្តីល្អដូចពណ៌នាមកហើយ ឱ្យគ្រប់ទាំងអស់ ឬយ៉ាងណាម្យ៉ាងនោះ ក៏លុះតែមានសចក្តីស្រឡាញ់នូវការល្អនោះៗ ឱ្យណាស់ទើបធ្វើ បាន ។ ហេតុដូច្នេះ បានជាសម្តេចព្រះសយម្ភូញាណជាម្ចាស់ ទ្រង់យក ធម្មកាមតា (ភាពជាបុគ្គលស្រឡាញ់ធម៌ដែលប្រពៃ) ឡើងសំដែងថា ជាធម៌ធ្វើទីពឹងជាគំរប់៦ ឯគុណ ធម៌នេះ ជាគ្រឿងជួយទំនុកបំរុងឱ្យបុគ្គលមានកម្លាំងប្រព្រឹត្តធម៌ ទើបលោកចាត់ជា ឥទ្ធិបាទធម៌ គឺធម៌នាំឱ្យសម្រេចប្រយោជន៍ តាមបំណងប្រការមួយ ។ សេចក្តីនេះ គួរឃើញដូចបុគ្គលដែលនឹងប្រកបកិច្ចការណាមួយ បើប្រសិនជាមិនបណ្តុះចិត្តឱ្យ ស្រឡាញ់កិច្ចនោះៗជាមុនទេ សេចក្តីប្រឹងប្រែងក្នុងការប្រកបកិច្ចនោះៗ ក៏នឹងធូរថយចុះ មិនពេញកម្លាំង កុំថាដល់កិច្ចធំៗឡើយ សូម្បីកិច្ចតូចៗ ដូចគ្រាន់តែនិយាយសន្ទនា ប្រស្រ័យនឹងគ្នាជាដើម ជួនកាលអ្នកស្តាប់មិនគាប់ចិត្តនឹងពាក្យសំដីរបស់អ្នកនិយាយ ក៏នាំឱ្យខូចប្រយោជន៍ក្នុងការសន្ទនាប្រស្រ័យនោះមិនខាន, អម្បាលការបន្តិចបន្តួចត្រឹម ប៉ុណ្ណេះ ម្តេចមិនសម្រេចទៅហើយ ចំណង់បើដល់ទៅការធំៗ ដូចយ៉ាងការប្រតិបត្តិ ធម៌វិន័យដើម្បីធ្វើខ្លួនឱ្យដល់នូវទីរំលត់ទុក្ខ គឺព្រះនិព្វាននោះទៀត, បើមិនបណ្តុះសេចក្តី ស្រឡាញ់ឱ្យច្រើនទេ ធ្វើម្តេចនឹងកើត ។ ព្រោះហេតុដូចសំដែងមកនេះ ធម្មកាមតា (ភាពជាបុគ្គលមានសេចក្តីស្រឡាញ់ពេញចិត្ត ចំពោះធម៌ល្អ) ទើបលោកចាត់ជាធម៌ ធ្វើទីពឹងគំរប់៦ ។
៧- បើមានសេចក្តីស្រឡាញ់ពេញចិត្តណាស់ដែរ ប៉ុន្តែមិនបានចុះដៃធ្វើ ឬគ្រាន់ តែធ្វើៗ តែមិនខំប្រឹងខ្នះខ្នែងឱ្យមែនទែនទេ កិច្ចការនោះៗ ក៏មិនបានសម្រេចឡើយ ព្រោះហេតុនេះហើយ បានជាសម្តេចព្រះទសពលញ្ញាណបរមគ្រូជាម្ចាស់ទ្រង់លើកយក វិរិយៈ (សេចក្តីប្រឹងប្រែង) ឡើងសំដែងថា ជាធម៌ទីពឹងគំរប់ ៧ ។
ឯគុណធម៌នេះ ជាធម៌សំខាន់បំផុត ខាងឯជួយគាំទ្រចិត្តឱ្យមានកម្លាំងក្លាហាន មិនឱ្យលះបង់ការងាររបស់ខ្លួនដែលត្រូវឡើយ ជាហេតុនាំឱ្យសម្រេចប្រយោជន៍ ដូច សេចក្តីប៉ុនប៉ង សេចក្តីនេះយ៉ាងណាមិញ ការដែលប្រតិបត្តិធម៌វិន៌យក្នុងព្រះពុទ្ធសាសនា ក៏យ៉ាងនោះដែរ, គឺអាស្រ័យនឹងសេចក្តីព្យាយាមខំប្រឹងលះបង់អកុសលចោលចេញ ហើយចម្រើនកុសលឱ្យកើតកើនឡើង ទើបអាចរើខ្លូនឱ្យផុតស្រឡះអំពីទុក្ខបានសម្រេច សេចក្តីសុខតាមប្រាថ្នា ។ សេចក្តីនេះ សមដូចពុទ្ធភាសិតថា វិរិយេន ទុក្ខមចេ្ឆតិ “បុគ្គលតែងកន្លងទុក្ខបានដោយសារសេចក្តីព្យាយាម” ។ ព្រោះហេតុនេះ វិរិយៈ (សេចក្តី ព្យាយាមលះបង់អំពើអាក្រក់ហើយប្រព្រឹត្តតែអំពើល្អ) ទើបលោកចាត់ជាធម៌ ធ្វើទីពឹង គំរប់៧ ។
៨- ឯសេចក្តីព្យាយាមនោះសោតដែលបុគ្គលនឹងធ្វើឱ្យពេញទីបាននោះ, ក៏ អាស្រ័យនឹងមានៈសេចក្តីសន្តោសត្រេកអរ ចំពោះតែកិច្ចណា ដែលខ្លួនត្រូវធ្វើម្យ៉ាង ប៉ុណ្ណោះ ទើបបណ្តោយឱ្យចិត្តរសាត់ទៅ ជាប់នឹងកិច្ចឯទៀតផ្សេងៗ ខុសពីកិច្ចដែលខ្លួន ត្រូវធ្វើ ដូចសុភាសិត ថាៈ “ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា ហើយក៏មុខជានាំឱ្យកិច្ច ដែលត្រូវធ្វើនោះៗ រាយមាយទៅមិនសម្រេចប្រយោជន៍ឡើយ” ហេតុនេះ ហើយបានជា សម្តេចព្រះមហាករុណាទិគុណជាម្ចាស់ទ្រង់លើកយក សន្តោសៈ (សេចក្តីសន្តោស) ឡើងត្រាស់ទេសនាជាធម៌ ធ្វើទីពឹងគំរប់៨ ។
ឯសេចក្តីសន្តោសនោះសោត ដែលបុគ្គលនឹងធ្វើឱ្យកើតក្លៀវក្លាឡើងបាន ក៏តោង អាស្រ័យ សតិ គឺស្មារតី សេចក្តីរលឹកឃើញ មកគ្រឿងឧបត្ថម្ភក៍ ជាគ្រឿងទ្រផងទើបបាន បើមិនមានគុណធម៌នេះមកជួយឧបត្ថម្ភក៍ផងទេ សេចក្តីសន្តោសនោះក៏នឹងសាបសូន្យ ទៅឆាប់រហ័ស ព្រោះហេតុនោះបានជាសម្តេចព្រះសិរីសុ គតបរមគ្រូជាម្ចាស់ទ្រង់លើក យក សតិ ឡើងសំដែងថា ជាធម៌ធ្វើទីពឹងគរប់៩ ។
ដ្បិតគុណធម៌នេះ ជាធម្មជាតិយ៉ាងសំខាន់បំផុតក្នុងវេលាដែលប្រកបកិច្ចអ្វីៗ គ្រប់ យ៉ាងទាំងអស់ ។ សតិនេះមាលក្ខណៈឬមានភ្នាក់ងារខាងនឹករលឹកដល់កិច្ចការគ្រប់យ៉ាង ដែលបានរួចមកហើយ ឬពាក្យសំដីដែលបាននិយាយរួចមកហើយ នឹងគំនិតដែលបាន គិតយូរៗ មកហើយ ក៏អាចនឹកឃើញថាៈ ដូចជាទើបនឹងធ្វើ ទើបនឹងនិយាយ ទើបនឹងគិត ថ្មីៗ បានដូចមានពុទ្ធភាសិតថាៈ សតិ លោកស្មឹ ជាគរោ “សតិគឺជាធម៌គ្រឿងភ្ញាក់ រលឹកនៅក្នុងលោក” ។ សតិគឺស្មារតីនេះឯង តែងធ្វើបុគ្គលឱ្យឆាប់នឹកឃើញ ឬឱ្យដឹង ទាន់ទួទៅក្នុងកិច្ចការទាំងពួង នឹងធ្វើបុគ្គលឱ្យជាកាលញ្ញូ គឺជាអ្នកស្គាល់កាលវេលាដ៏ សមគួរ ។ បុគ្គលដល់ខ្វះសតិ រមែងឥតដំណឹង ដែលហៅថា អកាលញ្ញូ មិនស្គាល់កាល វេលា ប្រហែលគ្នានឹងមនុស្សកំពុងដេកលក់ ដែលមិនអាចប្រកបកិច្ចការជាប្រយោជន៍ ឱ្យសម្រេចបានដូច្នោះឯង ។ ចំណែកមនុស្សដែលមានសតិបរិបូណ៌មិនប្រហែសធ្វេស ជាមនុស្សមានដំណឹងឆាប់ មិនបង្អែរបង្អង់ឱ្យយឺតយូរតែងបានសម្រេចសុខចម្រើន មិនលិចក្នុងសេចក្តីថោកទាបឡើយ ។ ប្រហែលគ្នានឹងមនុស្សដែលភ្ញាក់រលឹក ហើយ ចេះប្រកបកិច្ចការជាប្រយោជន៍ នឹងបង្ការភ័យអន្តរាយកុំឱ្យមានមកដល់ខ្លួនបាន ។ សេចក្តីនេះ សមដូចពុទ្ធភាសិតថាៈ អប្បមាទេន តរតិ អណ្ណវំ “បុគ្គលតែងឆ្លង សមុទ្រគឺវាលវដ្តសង្សារដោយអប្បមាទ គឺមានស្មារតីមិនប្រហែសធ្វេស” ព្រោះហេតុ ដូចពោលមកហើយនេះ សតិ ទើបលោកចាត់ជាធម៌ ធ្វើទីពឹងគំរប់៩ ។
១០- ឯសតិ សេចក្តីរលឹកនោះសោត, ដែលបុគ្គលនឹងរឭកឱ្យឃើញត្រូវតាមគន្លង នោះ ក៏តោងអាស្រ័យនឹងបញ្ញាគឺ សេចក្តីដឹងច្បាស់ឆ្លៀវឆ្លាសវាងវៃ ស្គាល់ត្រូវខុស អាក្រក់ល្អមកជួយឧបត្ថម្ភក៏ផងទេ សតិនោះក៏នឹងទ្រេតទ្រោតទៅរលឹកនូវអារម្មណ៍ផេ្សងៗ ដែលជាអារម្មណ៍ផ្សេងៗ ដែលជាអារម្មណ៍នាំចិត្តឱ្យប្រព្រឹត្តខុស, លុះតែមានបញ្ញា ជាគ្រឿងបំភ្លឺផ្លូវ ទើបសតិនោះនឹកឃើញតាមផ្លួវធម៌ឡើងបាន ហេតុនេះបានជាស្តេច ព្រះត្រៃលោកនាថជាម្ចាស់ទ្រង់លើកយកបញ្ញា ឡើងត្រាស់ទេសនាថា ជាធម៌ធ្វើទីពឹង គំរប់១០, ដ្បិតគុណធម៌នេះ ជាធម្មជាតិយ៉ាងសំខាន់បំផុតក្នុងលោក ពេលដែលប្រកប ការគ្រប់យ៉ាង ហើយជាពន្លឺភ្លឺស្វាងវិសេស អាចឆ្លុះបំភ្លឺឱ្យឃើញសេចក្តីកំបាំងប្រាកដ ដល់ចិត្ត ដូចមានពុទ្ធភាសិតថាៈ បញ្ញា លោកស្មឹ បជ្ជោតោ “បញ្ញាជាពន្លឺដ៏រុងរឿង ក្នុងលោក” ។ ពន្លឺព្រះអាទិត្យ ព្រះចន្ទនឹងភ្លើងក៏ជារបស់ឆ្លុះបំភ្លឺឱ្យឃើញវត្ថុដែលកំបាំង បានដោយយ៉ាងៗ តែពន្លឺទាំងនោះឆ្លុះបំភ្លឺបានតែរបស់ខាងក្រៅៗ មិនអាចឆ្លុះបំភ្លឺសេចក្តី អាថ៌កំបាំងខាងក្នុងសន្តានរបស់មនុស្សឱ្យស្គាល់ថា នេះជាហេតុនៃទុក្ខ នេះជាហេតុនៃ សុខ នេះជាហេតុសេចក្តីវិនាស នេះជាសេក្តីចម្រើនដូច្នេះបានឡើយ មានតែបញ្ញា ម្យ៉ាងនេះហើយ ទើបអាចឆ្លុះបំភ្លឺឱ្យស្គាល់ហេតុផលនោះបានវិសេសជាងពន្លឺដទៃៗ ដូចមានពុទ្ធភាសិតថាៈ នត្ថិ បញ្ញា សមា អាភា “រកពន្លឺអ្វីឱ្យភ្លឺស្មើនឹងពន្លឺគឺបញ្ញានេះ មិនមានឡើយ” ។ ម្យ៉ាងទៀត បុគ្គលដែល អាចសំអាតចិត្តឱ្យបរិសុទ្ធផុតស្រឡះអំពី សេចក្តីសៅហ្មង ហើយបានសម្រេចព្រះនិព្វាននោះ ក៏ព្រោះចេះពិនិត្យគយគន់រកទោស គ្រឿងមន្ទិលដែលជាប់នៅក្នុងចិត្ត ទោះបីតិចក៏អាចសំឡឹងឃើញច្បាស់ ហើយលះបង់ ចោលចេញ បើទុកជាធ្លាប់ប្រឡាក់ប្រឡូសមកអំពីមុន ព្រោះសេចក្តីល្ងង់ខ្លៅ ក៏គង់ ត្រឡប់ជាស្អាតបរិសុទ្ធបាន ដូចពុទ្ធភាសិតថាៈ បញ្ញាយ បរិសុជ្ឈតិ “បុគ្គលតែង បរិសុទ្ធចិត្តបានដោយសារបញ្ញា” ។ អ្នកមានបញ្ញា ទើបចេះគេចវេះចេញអំពីសេចក្តី វិនាសហើយតាំងខ្លួនឱ្យរឹងជំហរនៅក្នុងសេចក្តីចំរើនបាននឹងអ្នកដែលអាចបីបាច់រក្សាខ្លួន ឯង ព្រមទាំងអ្នកដទៃឱ្យបានសុខស្រួលនោះ ក៏ព្រោះតែមានបញ្ញាឆ្លៀវឆ្លាសក្នុងឧបាយ ផេ្សងៗនេះឯង, ដូចពុទ្ធភាសិតថាៈ បញ្ញា ចេនំ បសាសតិ “បញ្ញាតែងគ្រប់គ្រង រក្សាបុរសនុ៎ះ” ។ ព្រោះហេតុនេះ បញ្ញា ទើបលោកចាត់ជាធម៌ធ្វើទីពឹងគំរប់១០ ដោយប្រការដូច្នោះឯង ។
សំដែងមកអំពីនាថករណធម៌ ដោសង្ខេបនេះ សន្មតថាចប់ប៉ុណ្ណេះ ។ សូមសិរី-សួស្តី ជោគជ័យមង្គលដោយអំណាចនៃធម្មទេសនា ផ្សាយតាមវិទ្យុកម្ពុជានេះ សូមកើត មានដល់អស់ពួកពុទ្ធបរិស័ទទាំងឡាយ ដែលបានស្តាប់សំឡេងឮតាមឧគ្ឃោសនស័ព្ទ ក្នុងទីនានា សូមឱ្យឧបទ្រព្យគ្រប់យ៉ាងវិនាសអន្តរាយកុំបីសេសសល់ឡើយ ៕៚
ការសំដែងធម៌ទេសនាសន្មតចប់ដោយសង្ខេបបែបខ្លីដូចសេចក្តីរៀបរាប់នេះឯង ៕
ចប់
វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន ។
វត្តខេមររតនារាម, ថ្ងៃ២៥ ខែសីហា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on August 6, 2024