នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸ងប់នឹងល្បែងតែងហិនហោច។
សហស្សវគ្គ
មាន ១៦ គាថា
☸️៨. សហស្សវគ្គ មាន ១៦ គាថា
| ១. | សហស្សមបិ ចេ វាចា | អនត្ថបទសញ្ហិតា |
| ឯកំ អត្ថបទំ សេយ្យោ | យំ សុត្វា ឧបសម្មតិ ។ |
👉បើវាចា សូម្បី ១ ពាន់ម៉ាត់ ជាវាចាប្រកបដោយបទឥតប្រយោជន៍ (វាចានោះ ពុំប្រសើរឡើយ) បទមានប្រយោជន័ណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនោះ) ឈ្មោះថា ប្រសើរជាង ។
| ២. | សហស្សមបិ ចេ គាថា | អនត្ថបទសញ្ហិតា |
| ឯកំ អត្ថបទំ សេយ្យោ | យំ សុត្វា ឧបសម្មតិ ។ |
👉បើគាថា សូម្បី ១ ពាន់ ជាគាថាប្រកបដោយបទឥតប្រយោជន៍ (គាថានោះ ពុំប្រសើរឡើយ) បទនៃគាថាណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនៃគាថានោះ) ឈ្មោះថា ប្រសើរជាង ។
| ៣. | យោ ច គាថា សតំ ភាសេ | អនត្ថបទសញ្ហិតា |
| ឯកំ ធម្មបទំ សេយ្យោ | យំ សុត្វា ឧបសម្មតិ ។ |
👉អ្នកណា គប្បីពោលគាថាមួយរយ ជាគាថា ប្រកបដោយបទឥតប្រយោជន៍ (គាថាដែលអ្នកនោះពោលហើយនោះពុំប្រសើរឡើយ) បទនៃធម៌ណា សូម្បីតែ ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (ធម្មបទនោះ) ឈ្មោះថា ប្រសើរជាង ។
| ៤. | យោ សហស្សំ សហស្សេន | អាហារេ ច អនិស្សិតោ |
| ឯកញ្ច ជេយ្យមត្តានំ | ស វេ សង្គាមជុត្តមោ ។ |
👉អ្នកណា គប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់មួយពាន់ៗ ដង (គឺមួយលាន) (អ្នកនោះមិនឈ្មោះថាជាអ្នកឈ្នះដ៏ប្រសើរឡើយ) ចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់បាន អ្នកនោះឈ្មោះថា ជាមនុស្សខ្ពង់ខ្ពស់ គឺជាអ្នកច្បាំងដ៏ពូកែក្រៃលែងក្នុងសង្គ្រាម ។
| ៥. | អត្តា ហវេ ជិតំ សេយ្យោ | យា ចាយំ ឥតរា បជា |
| អត្តទន្តស្ស បោសស្ស | និច្ចំ សញ្ញតចារិនោ ។ |
👉ខ្លួនហ្នឹងឯងដែលបុគ្គលឈ្នះហើយ ប្រសើរជាង ចំណែកពួកសត្វក្រៅពីនេះ ដែលបុគ្គលឈ្នះហើយ មិនប្រសើរឡើយ (ព្រោះ) កាលបើបុរសមានខ្លួនទូន្មានហើយ ជាអ្នកប្រព្រឹត្តសង្រួមជានិច្ច ។
| ៦. | នេវ ទេវោ ន គន្ធព្វោ | ន មារោ សហ ព្រហ្មុនោ |
| ជិតំ អបជិតំ កយិរា | តថារូបស្ស ជន្តុនោ ។ |
👉ទេវតា គន្ធព្វ មារ ព្រមទាំងព្រហ្មមិនគប្បីធ្វើនូវជម្នះរបស់សត្វមានសភាពដូច្នោះឲ្យត្រឡប់ចាញ់វិញបានឡើយ ។
| ៧. | មាសេ មាសេ សហស្សេន | យោ យជេថ សតំ សមំ |
| ឯកញ្ច ភាវិតត្តានំ | មុហុត្តមបិ បូជយេ | |
| សាយេវ បូជនា សេយ្យោ | យញ្ចេ វស្សសតំ ហុតំ ។ |
👉អ្នកណាបូជា (លោកិយមហាជន) ដោយទ្រព្យមួយពាន់រាល់ៗ ខែ អស់ ១ រយឆ្នាំគត់ ចំណែកឯការបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយតែ ១ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯងប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់ ១ រយឆ្នាំនោះ ការបូជាអស់ ១០០ ឆ្នាំ នឹងប្រសើរអ្វីទៅ ។
| ៨. | យោ ច វស្សសតំ ជន្តុ | អគ្គឹ បរិចរេ វនេ |
| ឯកញ្ច ភាវិតត្តានំ | មុហុត្តមបិ បូជយេ | |
| សាយេវ បូជនា សេយ្យោ | យញ្ចេ វស្សសតំ ហុតំ ។ |
👉ជនណាបម្រើភ្លើងក្នុងព្រៃអស់ ១០០ ឆ្នាំ ចំណែកឯការបូជាចំពោះបុគ្គលដែលមានខ្លួនអប់រំហើយ តែ ១ នាក់ សូម្បីតែមួយរំពេច ការបូជានោះឯង ប្រសើរជាងការបូជារបស់ជននោះ ការបូជាភ្លើងអស់ ១០០ ឆ្នាំ មិនប្រសើរឡើយ ។
| ៩. | យង្កិញ្ចិ យិដ្ឋំ វ ហុតំ វ លោកេ | សំវច្ឆរំ យជេថ បុញ្ញបេក្ខោ |
| សព្វំបិ តំ ន ចតុភាគមេតិ | អភិវាទនា ឧជុគតេសុ សេយ្យោ ។ |
👉បុគ្គលអ្នកប្រាថ្នាបុណ្យ គប្បីបូជាគ្រឿងសក្ការបូជា ធំតូចណាមួយក្នុងលោកអស់មួយឆ្នាំ ការបូជាទាំងអស់នោះឯង រមែងមិនដល់នូវចំណែកទី ៤ នៃការអភិវាទ ចំពោះលោកទាំងឡាយ ដែលប្រព្រឹត្តត្រង់ហើយ (ដូច្នេះការអភិវាទចំពោះបុគ្គលដែលមានដំណើរត្រង់ មានព្រះសោតាបន្នជាដើមឡើងទៅ) ប្រសើរជាង ។
| ១០. | អភិវាទនសីលិស្ស | និច្ចំ វុឌ្ឍាបចាយិនោ |
| ចត្តារោ ធម្មា វឌ្ឍន្តិ | អាយុ វណ្ណោ សុខំ ពលំ ។ |
👉ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចម្រើនដល់អ្នកដែលមានសេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែង ដល់បុគ្គលដែលចម្រើនជាងខ្លួន អស់កាលជានិច្ច ។
| ១១. | យោ ច វស្សសតំ ជីវេ | ទុស្សីលោ អសមាហិតោ |
| ឯកាហំ ជីវិតំ សេយ្យោ | សីលវន្តស្ស ឈាយិនោ ។ |
👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សទ្រុស្តសីល មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានសីល មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។
| ១២. | យោ ច វស្សសតំ ជីវេ | ទុប្បញ្ញោ អសមាហិតោ |
| ឯកាហំ ជីវិតំ សេយ្យោ | បញ្ញវន្តស្ស ឈាយិនោ ។ |
👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សមិនមានប្រាជ្ញា មានចិត្តមិនបានតម្កល់ខ្ជាប់ ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រាជ្ញា មានការពិនិត្យពិចារណា ជាប្រក្រតី ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។
| ១៣. | យោ ច វស្សសតំ ជីវេ | កុសីតោ ហីនវីរិយោ |
| ឯកាហំ ជីវិតំ សេយ្យោ | វីរិយំ អារភតោ ទឡ្ហំ ។ |
👉បុគ្គលណា រស់នៅមួយរយឆ្នាំ ជាមនុស្សខ្ជិល (មានចិត្តងុលងប់ក្នុងអកុសលវិតក្ក) មានព្យាយាមថោកថយឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលមានប្រារព្ធនូវសេចក្តីព្យាយាមមាំមួន ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។
| ១៤. | យោ ច វស្សសតំ ជីវេ | អបស្សំ ឧទយព្វយំ |
| ឯកាហំ ជីវិតំ សេយ្យោ | បស្សតោ ឧទយព្វយំ ។ |
👉បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញការកើតឡើងនិងការវិនាសទៅ (នៃបញ្ចក្ខន្ធ) ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញ ការកើតឡើង និងការវិនាសតៅ (នៃបញ្ចក្ខន្ធ) ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។
| ១៥. | យោ ច វស្សសតំ ជីវេ | អបស្សំ អមតំ បទំ |
| ឯកាហំ ជីវិតំ សេយ្យោ | បស្សតោ អមតំ បទំ ។ |
👉បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញអមតមហានិព្វាន ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញអមតមហានិព្វានប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។
| ១៦. | យោ ច វស្សសតំ ជីវេ | អបស្សំ ធម្មមុត្តមំ |
| ឯកាហំ ជីវិតំ សេយ្យោ | បស្សតោ ធម្មមុត្តមំ ។ |
👉បុគ្គលណា រស់នៅមួយរយឆ្នាំ មិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ (គឺលោកុត្តរធម៌ ៩ យ៉ាង) ឯការរស់នៅសូម្បីតែមួយថ្ងៃ របស់លោកដែលឃើញធម៌ដ៏ខ្ពង់ខ្ពស់ ប្រសើរជាង (ការរស់នៅរបស់បុគ្គលនោះ) ។
ចប់សហស្សវគ្គ

ធម្មបទគាថា ២៦ វគ្គ
ចំនួនអត្ថបទមាន: ៨


🔸កំណែចុងក្រោយ Last Updated on September 19, 2025 by Johnny ចន្នី

