១-រឿង​អណ្តើក​នឹង​ស្វា

មាននិទាន១ ថាអណ្តើកនឹងស្វាវាទៅសុំដន្លងនឹងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ ពាក្យគ្រាន់តែថាសុំគ្នាធ្វើដន្លងៗ ហើយស្រឡាញ់រាប់អានគ្នា ដូចអ្នកទាំងពួងគេដន្លងនោះដែរ លុះចំណេរយូរទៅដន្លងខាងស្វានោះគេមានកូនចៅត្រូវរៀបការចំណែកដន្លងស្វាបានហៅភ្ញៀវពួកគេសន្មត់ថ្ងៃនឹងស៊ីការ ទើបនឹកឃើញដល់អណ្តើកជាដន្លងថា ឥឡូវកូនយើងការនេះហៅភ្ញៀវអស់ហើយ នៅតែអណ្តើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវថ្ងៃការវាជិតណាស់ទៅហើយ។

បើដូច្នេះឲ្យបម្រើទៅអញ្ជើញគាត់មកផងបំណាច់យើងរាប់គ្នាយូរឆ្នាំមកហើយៗ ក៏ចាត់បម្រើទៅអញ្ជើញ។ ថ្ងៃដែលគេនឹងប្រជុំញាតិស៊ីនោះអណ្តើក ក៏ទៅដល់ដែរ តែនឹងឡើងទៅស៊ីផឹកនឹងគេឡើងទៅមិនរួច ទើបឯពួកស្វាឃើញក៏ទៅប្រាប់ដន្លងអណ្តើកថា ត្បិតដន្លងមកដល់ហើយនៅឯក្រោមដើមឈើ ដន្លងស្វាក៏ចុះមកឃើញអណ្តើកក៏ប្រាប់ថា ដន្លងឡើងមិនរួចនឹងគេមានតែដន្លងឯងខាំវល្លិ៍នេះចុះរួចយើងនឹងស្រាវឡើងទៅ ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងឲ្យអង្គុយទេ ដន្លងឯងកុំនិយាយឲ្យសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយ តែនិយាយធ្លាក់មកស្លាប់ហើយ អណ្តើកក៏ទទួលបណ្តាំដន្លងនោះ សព្វគ្រប់ហើយតាំងទទួលខាំវល្លិ៍ ពួកស្វាទាំងប៉ុន្មានក៏ស្រាវវល្លិ៍ឡើងនាំអណ្តើកទៅឯថ្នាក់លើ ។

លុះទៅទើបនឹងបៀបដល់កន្លែងដែលគេនឹងដាក់នោះជួនដន្លងស្រីស្វាឃើញអណ្តើក ក៏សួរដោយរាប់អានថាដន្លងសុខសប្បាយជាទេ, អណ្តើកក៏ភ្លេចឯពាក្យបណ្តាំហាមាត់ស្តីទៅនឹងដន្លង របូតមាត់ធ្លាក់ឯខ្លួននោះមកប្រោកដល់ដី បែកឯស្នូកនោះដូចគេកាប់នឹងកាំបិតស្លាប់កាលវេលានោះទៅហោង, ខានឯស៊ីការនោះទៅ ។

ចប់ដំរ៉ាហៅថាមាត់អណ្តើកៗ នេះអ្នកមានប្រាជ្ញាគួរគិតឃើញថា អ្នកឯណាដែលមិនចាំបណ្តាំគេដូចជាសត្វអណ្តើកនឹងខូចខ្លួន ។

អាសូរអណ្តើក ខំវារខ្វើកៗ ចង់ទៅស៊ីការ ឡើងដល់ហើយហោង ដន្លងស្រីស្វា ឃើញហើយសួរថា អ្នកមកហើយ រីអណ្តើកបានស្តាប់ ហើយហាមាត់ប្រាប់ ប្រាថ្នានឹងស្តី របូតប្រាណមក ធ្លាក់ប្រោកដល់ដី បែកស្នូកជាបី ជាបួនប្រាំភាគខានបរិភោក្តា ព្រោះព្រើលអាត្មា មិនចាំពាក្យគេផ្តាំមកមុនដាក់រន្ធត្រចៀក ឥឡូវភ្លេចពាក្យ ភ្លេចពាលើស្លាប់ ។

🔸Last Updated កំណែចុងក្រោយ on October 23, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace