ឧបការគុណមាតា

ឧបការគុណមាតា

បទពាក្យប្រាំពីរ

អ្នកម្តាយមានគុណធ្ងន់ពេកក្រៃធ្ងន់លើសឧបមេយ្យហាស្តីបាន
មិនអាចគណនាថាប៉ុន្មានឱ្យធ្ងន់ស្មើបាននឹងគុណលោក ។
គុណលោកពផ្ទៃថ្លៃវិសេសគុណនេះមានន័យឱ្យផ្ទៃជ្រក
ដប់ខែម៉ែខំថែពន្លកកាលជាទារកជ្រកក្នុងផ្ទៃ ។
លោកមានមេត្តារក្សាគិតថ្នាក់ថ្នមអាណិតចិត្តភិតភ័យ
ទាំងយប់ទាំងថ្ងៃលោកមមៃគិតសត្វក្នុងផ្ទៃនៃអាត្មា ។
លោកដើរលោកដេកឈរអង្គុយមិនហ៊ានប្រថុយតាមចិន្តា
លោកថ្នាក់លោកថ្នមគ្រប់ឥរិយាទោះទាំងពិសារអាហារក្តី ។
លោកតែងគិតគូរជូរប្រៃហឹរខ្លាចមានមន្ទិលមិនគប្បី
ប៉ះពាល់ដល់គភ៌ពក្នុងផ្ទៃកើតមានមោះមៃមិនសុខា ។
ដប់ខែម៉ែខំទ្រាំពផ្ទៃទាំងយប់ទាំងថ្ងៃទាំងឈឺជា
ចិត្តកាយខ្វាយខ្វល់ស្គាល់វេទនាស៊ូទ្រាំពុះពារស្ទើរមរណា ។
កាលគ្រប់ដប់ខែម៉ែប្រសូត្រស្ទើរផុតរលត់សូន្យសង្ខារ
វិស័យនាវិកឆ្លងជលសាក្រោមព្យុះព្យោមាកំបុតត្បូង ។
ឆ្លងផុតសមុទ្រគ្រោះមរណាលោកឮភាសាង៉ាឡូងៗ
លោកកើតករុណាពោរពេញទ្រូងចិត្តស្លុងអាសូរស្នូរសម្លេង ។
សម្លេងគ្រលួចកួចសោតាចិត្តថ្លើមមាតាឱ្យវង្វេង
ភ្លេចឈឺចុកចាប់សោកសង្រេងចិត្តរងថ្លាឈ្វេងដោយរីករាយ ។
ចង់ស្ទុះក្រសោបឱបថ្នាក់ថ្នមបីបមប្រលែងលេងសប្បាយ
ភ្លេចគិតខ្លួនខ្សោយភ្លេចគិតកាយភ្លេចគិតអន្តរាយសរសៃខ្ចី ។
ចាប់ពីប្រសូត្ររហូតមកលោកថែពន្លកដោយថ្នមបី
ចិញ្ចឹមបញ្ចុកនំចំណីបំបៅទឹកក្សីរថ្លៃបវរ ។
លោកខំចិញ្ចឹមនឹងថែថួនតាំងខ្លួនបំរើដោយស្មោះស
ប្រាថ្នាឱ្យកូនបានបវរផ្លូវលោកផ្លូវធម៌ល្អស្មើគ្នា ។
បើកូនបានសុខលោកត្រេកអរសាទរដោយធម៌មុទិតា
ជូនពរថែមទៀតដោយជ្រះថ្លានេះហើយលោកថាមហាគុណ ។
លោកតាមរក្សាគ្រប់វេលាគ្រប់គ្រាសុខទុក្ខលោកផ្តល់ទុន
ផ្តល់មធ្យោបាយផ្តល់ទ្រព្យធនគុណនេះមហាធ្ងន់ ធ្ងន់លើសលប់ ។
លោកផ្តល់ជីវិតផ្តល់ចំណេះផ្តល់ប្រាជ្ញផ្តល់ចេះផ្តល់សព្វគ្រប់
ផ្តល់គ្រប់វេលាទាំងថ្ងៃយប់ផ្តល់មិនឈរឈប់តាមត្រូវការ ។
មិនថាកូនតូចឬកូនធំមិនថាស្តុកស្តម្ភឬវេទនា
លោកតាមឧបត្ថម្ភគ្រប់ៗគ្នាដោយឧបេក្ខាព្រហ្មណ៍វិហារ ។
នេះហើយលោកហៅឧបការគុណធ្ងន់នោះសែនធ្ងន់ហួសគណនា
មិនអាចរៀបរាប់ឱ្យត្រូវជាប៉ុណ្ណេះប៉ុណ្ណានោះបានឡើយ ។
ច្នេះហើយគួរកូនទាំងប្រុសស្រីគប្បីគិតគូរកុំកន្តើយ
តបស្នងសងគុណព្រះឱ្យហើយទាន់ឡើយនៅរស់ច្បាស់នឹងភ្នែក ។
លោកថាធ្វើបុណ្យទាន់ខែភ្លឺកុំចាំលោកឈឺឬចាំបែក
ទើបខំធ្វើបុណ្យទាំងទឹកភ្នែកខំស្រែកហៅលោកមកពិសារ ។
បុណ្យនោះឈ្មោះថាខែងងឹតមិនបានឃើញពិតនឹងនេត្រា
ដូចលោកនៅរស់ទេជីវាកុំចាំមរណាទើបខ្វាយខ្វល់ ។
មាតាបិតាជាព្រះរស់កូនចៅទាំងអស់គួរតម្កល់
គោរពបូជាឱ្យដិតដល់មគ្គផលនឹងផ្តល់ឱ្យគ្រប់គ្នា ។
បូជាព្រះរស់នៅក្នុងផ្ទះនឹងមានតេជះឈ្នះអស់មារ
បានសុខចំរើនគ្រប់វេលាលុះគ្រាអវសានប្រាកដហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តចាក់អង្រែក្រោម, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).