អ្នមានរក្សាខ្សត់ ដូចសំពតព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន
បទពាក្យប្រាំពីរ
| ចាស់ថាអ្នកមានរក្សាខ្សត់ | នោះដូចសំពត់ព័ទ្ធពីក្រៅ |
| រីឯអ្នកប្រាជ្ញរក្សាខ្លៅ | នោះដូចសំពៅនូវសំប៉ាន ។ |
| ពាក្យថាអ្នកមានរក្សាខ្សត់ | នេះពុកសន្មតឱ្យស្តាប់បាន |
| អ្នកមានពឹងក្រកំដរប្រាណ | សន្សំសុខសាន្តបានយប់ថ្ងៃ ។ |
| ជាអ្នកការពារជាជំនួយ | បិទបាំងភ័យព្រួយជួយកែច្នៃ |
| ជាភ្នែកត្រចៀកប្រសើរក្រៃ | ជំនួសជើងដៃសព្វកិច្ចការ ។ |
| នោះប្រៀបសំពត់ព័ទ្ធពីក្រៅ | រាងកាយកក់ក្តៅប្រាណភ្លឺថ្លា |
| អ្នកមានកបយសខ្ពស់ហ៊ឺហា | អាស្រ័យដោយសាររក្សាខ្សត់។ |
| ឯន័យមួយទៀតគឺអ្នកមាន | សំបូរធនធានពិតប្រាកដ |
| រមែងខ្លាចណាស់ភាពក្រខ្សត់ | ភ័យព្រួយបំផុតមិនចង់យល់។ |
| ចំណុចនោះហើយដែលពោលថា | អ្នកមានរក្សាប្រឹងទប់ទល់ |
| ខ្លាចធ្លាក់ខ្លួនខ្សត់កើតអំពល់ | នេះពុកពន្យល់ស្ងួនបវរ ។ |
| ច្នេះហើយអ្នកមានរក្សាខ្សត់ | សន្មតថាខ្លាចភាពក្រក្រី |
| ទើបខំរក្សាកេរអាករ | ការពារខ្យត់ក្រមកបៀតបៀន ។ |
| នោះហើយន័យថារក្សាខ្សត់ | បំភ្លឺហ្មត់ចត់ស្រាយនិទាន |
| ចូរកូនចងចាំខំសូត្ររៀន | ឪពុកទូន្មានជាតម្រា ។ |
| រីឯអ្នកប្រាជ្ញរក្សាខ្លៅ | ពាក្យចាស់ប្រដៅពិតពិស្តារ |
| អ្នកប្រាជ្ញអាចល្បីវៃបញ្ញា | នោះព្រោះឧស្សាហ៍ចែកចំណេះ ។ |
| ប្រសិនអ្នកប្រាជ្ញស្អប់អ្នកខ្លៅ | មិនជួយប្រដៅផ្តល់ឱ្យចេះ |
| វិជ្ជាដូចខ្ចប់កប់តម្រិះ | ថ្ងៃមុខចំណេះម្លេះបាត់បង់ ។ |
| ដូច្នេះអ្នកប្រាជ្ញរក្សាខ្លៅ | ព្យាយាមប្រដៅប្រៀនតម្រង់ |
| ប្រយោជន៍កេរ្តិ៍ឈ្មោះមិនបាត់បង់ | ត្រចះត្រចង់សព្វទីស្ថាន ។ |
| ច្នេះហើយពាក្យនេះលោកតម្រូវ | ប្រៀបដូចសំពៅនូវសំប៉ាន |
| ពាក្យពេចន៍លេចពិតពីបូរាណ | សំប៉ានប្រៀបបានកូននាវា ។ |
| ទោះនឹងសំពៅទៅទីណា | សំប៉ានយាត្រាជាមួយគ្នា |
| សំពៅខូចខកលើជលធារ | អាចឆ្លងគ្រោះគ្រាដោយសំប៉ាន ។ |
| ន័យនេះសង្ខេបពុកចងក្រង | ងាយយល់កន្លងមិនព្រួយស្មាន |
| ប្រៀបធៀបគង់ជ្រាបដល់ដើមដាន | ចូរចាំឱ្យបាននូវឃ្លោងឃ្លា ។ |
| សរុបដោយខ្លីន័យតែមួយ | លោកឱ្យលើកស្ទួយជួយគ្នីគ្នា |
| ធ្វើអ្វីម្នាក់ឯងក្រែងមិនជា | ចាំបាច់រួមគ្នាទើបមាំមួន ។ |
| លោកថាអ្នកចេះរបេះក្បាច់ | នោះព្រោះសម្រេចខុសច្បាប់ក្បួន |
| ធ្វើអ្វីឯកឯងក្រែងក្រខ្លួន | សម្ងំលាក់ពួនខាតប្រយោជន៍។ |
| កុំលាក់គំនួចកួចកំណាញ់ | កុំអាងតែអញវាមិនខ្មោច |
| ចាស់ថាខ្លាំងពេកអាចនឹងខ្លោច | នោះនាំហិនហោចខូចកិច្ចការ ។ |
| កូនអើយបូរាណបានពោលច្បាស់ | ធ្វើស្រែកុំស្រាស់ព័ទ្ធបន្លា |
| សង្គ្រោះផងគ្នាគ្រាយាត្រា | នោះទើបអាត្មាផុតអំពល់ ។ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី





