អវសានកថា
សម្តេចព្រះសង្ឃរាជជាអម្ចាស់ ជាអច្ឆរិយបុរសមួយអង្គកម្ររកបាន, ព្រះអង្គមានការព្យាយាមហួសប្រមាណ ហាក់ដូចជាឥតបានគិតថា ព្រះអង្គមានព្រះជន្ម ៨៦ឆ្នាំ ហើយសោះ, ទ្រង់ធ្វើការទាំងអស់ហាក់ដូចជាទ្រង់ស្មានថា ព្រះអង្គនឹងមានព្រះជន្មពីរបីរយឆ្នាំទៅមុខទៀត។ លុះមកដល់ថ្ងៃអង្គារ៍ ១២កើត ខែភទ្របទ ឆ្នាំរកាឯកស័ក ព.ស ២៥១៣ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា គ.ស ១៩៦៩ វេលាម៉ោង ១៥ និង ៤៥នាទី ស្រាប់តែមានរោគចម្លែក គឺចុកព្រះឳរា ក្នុងគ្រាដែលព្រះអង្គមានដងប៉ាកកាជាប់ក្នុងព្រះហស្ថ កំពុងទ្រង់សរសេរពាក្យបន្ថែមវចនានុក្រមខ្មែរ លើព្រះក្រឡាបន្ទំ។ រោគចម្លែកនេះ ជាធម្មជាតិបានបណ្តាលឲ្យផ្អើលទាំងបព្វជិត ទាំងគ្រហស្ថ រហូតដល់សម្តេចព្រះប្រមុខរដ្ឋ និងសម្តេចព្រះមហាក្សត្រីយានីជាអម្ចាស់ជីវិត ទ្រង់ជ្រាបភ្លាម ទ្រង់បញ្ជាវេជ្ជបណ្ឌិតធំៗ ទាំងខ្មែរទាំងបារាំង ឲ្យមកប្រជុំគ្នាព្យាបាល បានស្រាកស្រាន្តក្នុងវេលាយប់នោះ។
ព្រឹកឡើងថ្ងៃពុធ ខ្ញុំ(ឈឹម ស៊ុម) បានយកយាគូទៅថ្វាយ ទ្រង់សោយដោយព្រះរាជហ្ឫទ័យរីករាយ ទ្រង់មានព្រះបន្ទូលអំពីការស្ថាបនាមហាស្រះ និងការជួសជុលកម្រាលបេតុងខឿនព្រះវិហារវត្តពោធិព្រឹក្ស ហើយទ្រង់សួរពីចៅៗ កូនរបស់ខ្ញុំ។ ខ្ញុំក៏ក្រាបបង្គំ លាត្រឡប់ទៅវិញ។
ព្រឹកស្អែកឡើងទៀត ថ្ងៃព្រហស្បតិ ភរិយាខ្ញុំ យកយាគូទៅថ្វាយទៀត។ ទ្រង់មានព្រះបន្ទូលថា៖ អញឆាន់បានតែបបររបស់នាង សៀក ឯងតាំងពីម្សិលមកម្ល៉េះ, ម្ហូបគេពោរពាសអញមិនហ៊ានឆាន់ ព្រោះគ្រូពេទ្យថាឆាន់បបរទើបស្រួល, ថ្ងៃរសៀលនេះ ឬស្អែក ចង់ទៅស្រែ, ទៅមើលមហាស្រះ, បើឯងទៅដែរ រកដំឡូងជ្រូក ស្ងោរអោយអញឆាន់ កុំដាក់អ្វីឲ្យសោះ ទុកឲ្យនៅរសជាតិកំណើតរបស់វា… ។
ទ្រង់ផ្ទំមានព្រះបន្ទូលហៅកូនតូចរបស់ខ្ញុំ ឲ្យចូលទៅជិត ទ្រង់អង្អែលក្បាលចៅប្រាប់ថា៖ អាស្រស់ ឯងខំរៀន ។ ភរិយាខ្ញុំត្រឡប់មកផ្ទះ ប្រុងប្រៀបខ្លួននឹងតាមហែព្រះអង្គទៅស្រែ ជាជាតិភូមិ ស្រាប់តែពេលព្រលប់ឮថា ព្រះអង្គសោយទិវង្គត ហើយ…។
ថ្ងៃនេះទី ១៨ ខែមករា ឆ្នាំ១៩៧០… បីខែ ម្ភៃប្រាំថ្ងៃកន្លងទៅហើយ ខ្ញុំលើកដៃសរសេររឿងនេះតទៅទៀតពុំរួច, ខ្ញុំសូមបញ្ចប់សេចក្តីនេះត្រឹមប៉ុណ្ណេះ… ៕
ឈឹម ស៊ុម
សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់គង់សរសេរបែបនេះ…
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024