អបាយមុខ

អបាយមុខ

ព្រះគ្រូសិរីសោភ័ណ កឹម – តូរ ក្រុមជំនុំព្រះត្រៃបិដក
ព. ស. ២៤៩០ គ.ស.១៩៤៧


ន មត្ថុ រតនត្តយស្ស

សូម​នមស្សការ​ថ្វាយ​បង្គំ ចំពោះ​ព្រះ​រតន​ត្រ័យ គឺ: ព្រះ​ពុទ្ធ​, ព្រះ​ធម៌​, ព្រះសង្ឃ ដោយ​សេចក្ដី​គោរព ។

លំដាប់​អំពី​បទ​នមស្សការ​នេះ​ទៅ​ អាត្មាភាព​សូម​សំដែង​អបាយ​មុខ ៦ យ៉ាង ដែល​សម្ដេច​ព្រះ​សព្វញ្ញុពុទ្ធ​ទ្រង់​ទេសនា ​ប្រារព្ធ​ចំពោះ​សិង្គាលមាណព ក្នុង​គម្ពីរ​ ទីឃនិកាយ ត្រង់​សិង្គាលោវាទសូត្រ​ដូច​សេចក្ដី​តទៅ​នេះ:

អបាយមុខ​ប្រែ​ថា: “ហេតុ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស” ។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អបាយ​មុខ​នេះ នឹង​ជួប​សេចក្ដី​វិនាស​ឃើញ​ទាន់​ហន់​ក្នុង​លោក​នេះ ។ អបាយមុខ​នោះ​មាន ៦ យ៉ាង គឺ:

១- ការ​ផឹក​ទឹក​ស្រវឹង គឺ​សុរា​និង​មេរ័យ – សុរា​និង​មេរ័យ​នេះ ជា​ទឹក​សម្រាប់​បំពុល ឬ សម្រាប់​បង្វិល​ចិត្ត​មនុស្ស​ឲ្យ​ខុស​ប្រក្រតី ។ មនុស្ស​អ្នក​ក្រេប​លេប​ទឹក​ស្រវឹង​ចូល​ទៅ​ហើយ​, ទឹក​នោះ​អាច​កំដៅ​ហទយៈ​គឺ​បេះ​ដូង​ឲ្យ​ញាប់​ញ័រ​ ច្រើន​តែ​បណ្ដាល​ឲ្យ​កើត​សេចក្ដី​ក្លាហាន​ព្រហើន​កោងកាច​ប្រមាថ​មើល​ងាយ​អ្នក​ដទៃ​, អំពើ​ខុស​យល់​ថា​ត្រូវ​, អំពើ​ត្រូវ​យល់​ថា​ខុស​វិញ ។ មនុស្ស​បើ​មិន​ទាន់​ត្រូវ​សុរា​ចូល​ទៅ​ដល់​ទេ តែង​ឫកពា​សុភាព​រាបសា ដឹង​ខុស​ត្រូវ​គួរ​សម តែ​វេលា​ណា​ត្រូវ​សុរា​ហើយ អំណាច​សុរា​នេះ​បង្វិល​ឲ្យ​ចិត្ត​ខុស​ប្រក្រតី​មួយ​រំពេច​គឺ​បញ្ចេញ​ការៈ​ថោកទាប​ដោយ​ផ្លូវ​កាយ​និង​វាចា​, ទៅ​ជា​មនុស្ស​ច្រងេង​ច្រងាង​ទទ្រាក់ទទ្រើក​ញញាក់​ញញ័រ ទាំង​សំដី​សោត​ទៀត​ក៏​និយាយ​ច្រំ​ដែល​ៗ​មិន​ទៅ​មុខ ចេញ​លំនាំ​ប្រហែល​គ្នា​នឹង​មនុស្ស​ឆ្កួត ។ មនុស្ស​ប្រមឹក​ញៀន​សុរា​នេះ រមែង​ទទួល​រង​ទុក្ខ​ទោស​គ្រោះ​ថ្នាក់ ៦ យ៉ាង អាច​ឃើញ​ជាក់​ច្បាស់​ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​គឺ:

ក) អ្នក​ប្រមឹក​សុរា តែង​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​កញ្ជះកញ្ជាយ​, យក​ទៅ​ទិញ​ដូរ​សុរា​ខ្លះ សាច់​ខ្លះ ឬ​របស់​អ្វី​ឯ​ទៀត​ខ្លះ សម្រាប់​ក្លែម​ជាមួយ​នឹង​សុរា អ្នក​ខ្លះ​ថា​ផឹក​តែ​ម្នាក់​ឯង​​មិន​សូវ​ឆ្ងាញ់ មិន​សូវ​សប្បាយ​ទេ​, លុះ​ត្រា​តែ​មាន​គ្នា​ទើប​ហ៊ឺហារ​សប្បាយ ម៉្លោះ​ហើយ​ក៏​ហៅ​រក​បបួល​មនុស្ស​ណា ​ដែល​មាន​ចរិយា​ថោក​ទាប​ដូច​ខ្លួន​ដែរ​មក​ស៊ី​ផឹក​ជាមួយ ។ អ្នក​ប្រមឹក​សុរា​បែប​នេះ គ្មាន​ពេល​ឱកាស​នឹង​ធ្វើ​ការ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​អ្វី​ទេ​, មាន​តែ​ផ្លូវ​ចាយ​វាយ​បំផ្លេច​បំផ្លាញ​តែ​ម្យ៉ាង​, កាល​បើ​ប្រាក់​កាស​សម្រាប់​ចាយ​ធម្មតា​មិន​គ្រប់​គ្រាន់​ទេ​, ក៏​តោង​លក់​ផ្ដាច់ ឬ​បញ្ចាំ​កេរ្តិ៍​មត៌ក មាន​ផ្ទះ​សម្បែង​ដី​ស្រែ​ចំការ​ច្បារ​ដំណាំ​ជាដើម ដរាប​ទាល់​តែ​ងស់​រលីង ក៏​តាំង​សំកុក​កើត​ទុក្ខ​មុខ​ស្ងួត​អស់​ទាំង​គ្រួសារ ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​អនថា​ឥត​ទីពឹង ក្រ​រហេម​រហាម ក្លាយ​ទៅ​ជា​ចោរ​លួច​ប្លន់​ក៏​មាន។

ខ) អ្នក​ប្រមឹក​សុរា ពេល​ណា​ស្រវឹង​ស៊ប់​ហើយ ក៏​តាំង​ង្ក​ហេតុ​រក​រឿង​ឈ្លោះ​ចេរ​ប្រទេច​ប្រពន្ធ​កូន​ឯង​, បើ​រក​រក​រឿង​ប្រពន្ធ​កូន​របស់​ខ្លួន​មិន​បាន​តេ​, ក៏​បែរ​ទៅ​រក​រឿង​ឈ្លោះ​នឹង​របស់​បករើ​ប្រាស់ មាន​ពាង​ចាន​និង​ឆ្នាំង​ជាដើម វាយ​សំពង​ខ្ទេច​ខ្ទី​បែក​បាក់​អស់​ក៏​មាន​, បើ​មិន​ដូច្នោះ​ទេ​, បង្ក​ហេតុ​រក​រឿង​អ្នក​ផង​ជិត​ខាង គេ​អត់​មិន​បាន​ក៏​កើត​ទៅ​ជា​ជេរ​​តប​វាយ​​ដំកាប់​ចាក់​គ្នា​ទៅវិញ​ទៅ​មក ជាប់​គុក​ច្រវាក់​បង់​ទ្រព្យ​ថែម​ទៀម​ក៏​មាន ។

គ) អ្នក​ប្រមឹក​សុរា ឈ្មោះ​ថា​ជា​អ្នក​បង្ក​រោគ​ផ្សេង​ៗ ឲ្យ​កើត​ចម្រើន​នៅ​ក្នុង​រាង​កាយ​របស់​ខ្លួន មាន​រោគ​ងងឹត​ភ្នែត ខូច​ក្រពះ​ពោះវៀន ខូច​សួត​ជាដើម ឆាប់​ចាស់​ជរា​អាយុ​ខ្លី ដោយ​អំណាច​សុរា​ក៏​មាន ។

ឃ) អ្នក​ប្រមឹក​សុរា មាន​កិត្តិស័ព្ទ​កេរ្តិ៍​ឈ្មោះ​មិន​ល្អ ជាទី​ខ្ពើម​រអើម​របស់​ពួក​សប្បុរស​, ទាំង​សំដី​និយាយ​កិច្ចការ​អ្វី​សោត​ទៀត គេ​ក៏​មិន​សូវ​ជឿ​ស្ដាប់​មិន​ជា​យក​ប្រមាណ​, បើ​ទុក​ជា​មាន​កូន​កម្លោះ​ក្រមុំ​ច្រូង​ច្រាង គេ​ក៏​មិន​ត្រូវ​ការ ថែម​ទាំង​គេ​ដៀល​ថា “ពូជ​ប្រមឹក​សុរា​កុំ​ចូល​ទៅ​ជិត នាំ​ឲ្យ​សៅហ្មង​ដល់​ពូជ​ពង្ស​ត្រកូល​របស់​យើង” យ៉ាង​នេះ​ក៏​មាន ។

ង) អ្នក​ប្រមឹក​សុរា វេលា​ស្រវឹង​ស៊ប់​ហើយ ឥត​មាន​សេចក្ដី​អៀន​ខ្មាស់​ទេ​, អវយវៈ​ដែល​គេ​ត្រូវ​បិទបាំង ខ្លួន​ឯង​ទៅ​ជា​​សើយ​លាត់​បញ្ចេញ​អាការ​កិរិយា​ឲ្យ​គេ​ឃើញ​ជាក់​ស្ដែង ជួន​កាល​ដើរ​ស្រែក​រឡេរឡ​ប៉ប៉ាច់ប៉ប៉ោច​តាម​ផ្លូវ​ដូច​ឆ្កួត សំដែង​អាការៈ​ថោកា​ទាប​ក៏​មាន​, ខ្លះ​ស្រវឹង​ក្អួត​ដួល​ដេក​ស្ដឹង​ស្ដូក​ហាក់​ដូច​ស្លាប់ តាម​ចន្លោះ​ផ្លូវ ឬ​សំយាប​ផ្ទះ​គេ​ក៏​មាន​, មិន​តែ​ប៉ុណ្ណោះ ចិត្ត​ធំ​ព្រហើន​ហ៊ាន​កាប់​សម្លាប់​ឥត​កោត​ញញើត​យ៉ាង​នេះ​ក៏​មាន ។

ច) អ្នក​ប្រមឹក​សុរា ឈ្មោះ​ថា​អ្នក​ធ្វើ​ចំណេះ​វិជ្ជាព្រម​ទាំង​ប្រាជ្ញា​ស្មារតី​ឲ្យ​អន់​ថយ​ខ្សោយ​ចុះ​ទៅ​ជា​ដរាប​, បើ​នឹង​គិត​ការ​អ្វី ឬ​ធ្វើ​ការ​អ្វី ច្រើន​ធ្វើ​ប្រថុយ​ទៅ​ទាំង​កម្រោល​ឥត​ដឹង​ខុស​ត្រូវ ។ អ្នក​ប្រមឹក​សុរា​មិន​មែន​ធ្វើ​ថោក​ត្រឹម​តែ​ខ្លួន​ឯង​មួយ ឬ​គ្រួសារ​របស់​ខ្លួន​មួយ​ទេ​, បាន​ឈ្មោះ​ថា​ធ្វើ​ជាតិ​និង​ប្រទេស​ឲ្យ​ថោក​ថែម​ទៀត ។ ហេតុ​នេះ​ អស់​លោក​អ្នក​កាន់​អំណាច គួរ​តែ​ផ្ចាញ់​ផ្ចាល​បំបាត់​សភាព​ប្រមឹក​បែប​នេះ ក្នុង​ស្រុក​នីមួយ​ៗ​កុំ​ឲ្យ​មាន ទើប​នឹង​មានសេចក្ដី​ចម្រើន ។ សេចក្ដី​ដែល​បាន​ពណ៌នា​មក​នេះ​ឈ្មោះ​ថា អបាយមុខ​ទីមួយ ។

២- ការ​ដើរ​លេង​ក្នុង​វេលា​យប់​ខុស​កាល – ពេល​ដែល​គេ​ត្រូវ​សម្រាក​សម្ងំ​ដេក​ពួន ខ្លួន​ដើរ​លេង​ជជ្រក​​មមក​តាម​ច្រក​ល្ហក​ផ្លូវ​តូច​ធំ​ហួស​ពេលវេលា ចោល​ប្រពន្ធ​កូន​ទ្រពញយ​សម្បត្តិ​នៅ​ឯ​ផ្ទះ ឥត​មាន​អ្នក​ណា​គ្រប់​គ្រង​រក្សា ឈ្មោះ​ថា​បើក​ឱកាស​ឲ្យ​ដល់​សត្រូវ​គឺ​ចោរ​ប្រមាថ​មើល​ងាយ​ដល់​ទ្រព្យ​សម្បត្តិ​ក៏​មាន​, ជួន​កាល​ខ្លួន​ឯងដើរ​លេង​ទៅ​ក៏​ត្រូវ​ទទួឡ​គ្រោះ​ថ្នាក់ មាន​ពស់​ក្អែប​ខាំ​ទិច​ជាដើម​ក៏​មាន​, ពុំ​នោះ​សោត​មាន​អ្នក​ផងគេ​រង្កៀស​សង្ស័យ​ថា អ្នក​នេះ​ហៃ​ដើរ​ពេល​យប់ ប្រហែល​ជា​អ្នក​រក​ស៊ី​ដោយ​​ផ្លូវ​ទុច្ចរិត​ទេ​ដឹង? ជួន​កាល​មាន​ចោរ​លួច​ឆក់​ទ្រពញយ​សម្បត្តិ​របស់​គេ​ពិត​ហើយ​វា​ភៀស​គេច​ខ្លួន​បាត់​ទៅ ទទួល​គេ​ឃើញ​ខ្លួន​ដើរ​ទៅ​, ម្ចាស់​ទ្រព្យ​គេ​ក៏​ចោទ​ប្រកាន់​ខ្លួន​ថា​ជា​ចោរ ហើត​ក៏​នាំ​គ្នា​ចាប់​ចង​ធ្វើ​ទុក​ទោស ដាក់​ពិន័យ​ជាប់​គុក​ច្រវាក់​បង់​ទ្រព្យ​ធន​ក៏​មាន ។ នេះ​ឈ្មោះ​ថា អបាយមុខ​ទី ២ ។

៣- ការ​ដើរ​មើល​ល្បែង​មហោ​ស្រព​ផ្សេង​ៗ – បុរស​ក្ដី​ស្រ្តី​ក្ដី កាល​បើ​ដឹង​ឮ​ថាលេង​ច្រៀង​រាំ​ត្លុក​កំប្លែង មាន​នៅ​ក្នុង​ទី​ណា​ក៏​ដើរ​ចូល​ទៅ​កាន់​ទី​នោះ ហើយ​ស្ដាប់ ឬ​មើល​ល្បែង​នោះ​ៗ​ដោយ​សេក្ដី​សប្បាយ​ជាប់​ចិត្ត​ភ្លេច​ខ្លួន​ឥត​នឹក​នា​ដល់​ប្រពន្ធ​កូន ឬ​ប្ដី​សី​ទ្រព្យ​សម្បត្តិ​ដែល​នៅ​ក្នុង​ផ្ទះ​, មិន​តែ​ប៉ុណ្ណោះ ខាត​ទាំង​ប្រាក់​កាស​ដែល​ត្រូវ​ចាយ​ក្នុង​ល្បែង​នោះ​ៗ​ផង​, ខាត​ទាំង​ពេល​ដេក​អត់​ងងុយ​ផង​, ខាត​ទាំង​ពេល​ដែល​ត្រូវ​ប្រកប​ការងារ​រក​ស៊ី​ផង ។ ធម្មតា​អ្នក​មើល​ល្បែង​មិន​អាច​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ស្ងាត់​បាន​ទេ​, ឈ្មោះ​ថា​ជា​អ្នក​ព្រងើយ​បណញដែត​បណ្ដោយ​ចិត្ត​ឲ្យ​រវើរវាយ​វក់​ទៅ​ក្នុង​កាម​គុណ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក៏​មាន​, ជួន​កាល​ស្រី​លះ​លែង​ប្ដី​របស់​ខ្លួន រត់​ទៅ​តាម​ប្រុស​អ្នក​លេង​ល្បែង​ក៏​មាន​, ចំណែក​ប្រុស​លបលាក់យក​ទ្រព្យ​របស់​ទៅ​ឲ្យ​ស្រី​, ចំណែក​ស្រី​លបលាក់​យក​ទ្រពញយ​របស់​ទៅ​ឲ្យ​ប្រុស ។ រឿង​ទាំង​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន​ឥឡូវសឹង​មាន​ជា​ច្រើន​នៅ​ស្រុក​ក្រៅ​និង​ទី​ក្រុង​, បើ​បុរស​ឬ​ស្រី្ត​មាន​សភាព​យ៉ាង​នោះ ដែល​ជា​អ្នក​មាន​អំនាច កាល​បើ​ប្រាក់​កាស​សម្រាប់​ចាយ​ចាត់​ចែង​​មិន​គ្រប់​គ្រាន់​ទេ ក៏​តាំង​ប្រើ​ឧបាយកល​សង្កត់​សង្កិន​ដោយ​ផ្លូវអយុត្តិធម៌ ឥត​អាណិត​អាសូរ​ដល់​អ្នក​ផង ដើម្បី​យក​ទៅ​បង្រ្គប់​បំប៉ន​កាម​គុណ​ទាំង​នោះ ។ រឧង​នេះ​គួរ​ឲ្យ​សង្វេគ គួរ​ឲ្យ​នឹក​ស្ដាយ​ពេក​ណាស់​, បើ​ប្រសិន​ជា​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​ស្រុក​ទេស ឲ្យ​បាន​ប្រហែល​គ្នា​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​មាតុ​គ្រាម​វិញ​, ស្រុក​ទេស​មុខ​តែ​នឹង​បាន​សេចក្ដី​ចម្រើន​ថ្កុំថ្កើង​ទាន់​សម័យ​មិន​ខាន ។ សេចក្ដី​ដែល​បាន​ពណ៌នា​មក​នេះ​ឈ្មោះ​ថា អបាយមុខ​ទី ៣ ។

៤- ការ​លេង​ល្បែង​ភ្នាល់​គ្នា​ស៊ី​សង – ល្បែង​ភ្នាល់​ស៊ីសង​នេះ​មាន​ច្រើន​យ៉ាង រាប់​តាំង​ពី​បៀ​នឹង​ធួរ​ជាដើម​ទៅ ។ បុរស​ស្រ្តី​អ្នក​ចូល​ចិត្ត​ប្រព្រឹត្ត​លេង​ល្បែង​ស៊ីសង​ឯ​ណា​នីមួយ សុទ្ធ​តែ​មាន​បំណង​ចង់​បាន​ប្រយោជន៍​ចំណេញ​មក​ឆាប់​ៗ​, ប៉ុន្តែ​ហេតុ​ការណ៍​ពិត​នោះ មិន​មែន​ត្រូវ​ដូច​គំនិត​ដែល​ប៉ង​នោះ​ទេ​, បើ​ទុក​ជា​ត្រូវ​បំណង​ខ្លះ​ក៏​មាន​តិច​ណាស់​ក្នុង​លោក​នេះ​, គួរ​អស់​លោក​អ្នក​ពិចារណា​មើល​ដូច្នេះ​ថា អ្នក​មាន​ភោគ​សម្បត្តិ​ច្រើន​រាប់​ម៉ឺន​សែន​នៅ​ជុំ​វិញ​ខ្លួន​សព្វ​ថ្ងៃ​នេះ តើ​គេ​មាន​មក​អំពី​លេង​ល្បែង ឬ​គេ​មាន​មក​អំពី​ប្រកប​សិប្បកម្ម និង​ពាណិជកម្ម? ។
ធម្មតា​អ្នក​ប្រព្រឹត្ត​លេង​ល្បែង​ភ្នាល់​គ្នា​, មិន​ដែល​អ្នក​ណា​មួយ​មាន​កំណើត​ទៅ​ជា​មនុស្ស​គ្រាន់​បើ​ទេ​, ច្រើន​តែ​ទទួល​រង​គ្រោះ​ថ្នាក់​​សេចក្ដី​វិនាស​ច្រើន​ប្រការ​គឺ:

អ្នក​ប្រព្រឹត្ត​លេង​ល្បែង កាល​បើ​ខ្លួន​ឈ្នះ​​ក៏​ប្រើ​អំណាច​រំលោភ​​អូស​យក​ទ្រព្យ​សម្បត្តិ​​អំពី​អ្នក​ចាញ់​ៗ ក៏​កើត​សេចក្ដី​ក្ដៅ​ក្រហាយ​ចង​ពៀរ​ព្យាបាទ​គ្នា​ទៅវិញ​ទៅ​មក​ក៏​មាន​, អ្នក​ចាញ់​តែង​ដេក​កើត​ទុក្ខ​ថ្ងូរ​ដក​ដង្ងើម​ធំ​ស្ដាយ​ទ្រព្យ​សម្បត្តិ ដែល​វិនាស​ទៅ​រហូត​ដល់​លែង​ចង់​រស់​នៅ​ជា​មនុស្ស ដោយ​ប្រើ​វិធី​ចង​សម្លាប់​ខ្លួន​ឯង​​ជា​ដើម​ក៏​មាន​, អ្នក​លេង​ល្បែង​ច្រើន​មាន​ឧបាយ​កុហក​ភូត​ភរ​បោក​ប្រាស​គេ​ឲ្យ​តែ​បាន​ដល់​ដៃ ឬ​ទោះបី​ទៅ​និយាយ​ពឹង​ពាក់​ប្រស្រ័យ​កិច្ចការ​អ្វី​ៗ នឹង​គេ​ៗ ក៏​មិន​ជឿ​មិន​យក​ជា​ប្រមាណ ម៉្លោះ​ហើយ​ក៏​ធ្លាក់​ខ្លួន​ទៅ​ជា​មនុស្ស​ថោក​ឥត​គេ​ត្រូវ​ការ​រាប់​រក ។ ម្យ៉ាង​ទៀត ល្បែង​ស៊ី​សង​អស់​នេះ​ច្រើន​ធ្វើ​ទុក្ខ​ដល់​អ្នក​នៅ​ទំនេរ​, ជួន​កាល​ប្ដី​ទៅ​ធ្វើ​ការ​បាត់ ប្រពន្ធ​នៅ​ផ្ទះ​ទំនេរ​ឥត​ការ​អ្វី​ធ្វើ ក៏​តាំង​វ៉ៃ​ភ្នែន​តទល់​នឹង​ប្រុស​ៗ ឬ​នឹង​ស្រី​ៗ​ដូច​គ្នា តាំង​ពី​ព្រលឹម​ទល់​ថ្ងៃ​ត្រង់ តាំង​ពី​បែរ​ពី​ថ្ងៃ​ត្រង់​ទល់​ល្ងាច​, ជួន​កាល​ក៏​ចាញ់​ងស់​រលីង​ពី​ខ្លួន ហើយ​ក៏​តាំង​លក់ ឬ​បញ្ចាំ​គ្រឿង​អលង្ការ សម្រាប់​តាក់​តែង​រាង​កាយ​យក​មក​លេង​ទៀត​កាល​ណា​បើ​ប្ដី​ដឹង​ក៏​កើត​ទៅ​ជា​ជម្លោះ​ទាស់​ទែង​លែង​លះ​គ្នា​ក៏​មាន ។ នេះ​ឈ្មោះ​ថា​អបាយមុខ​ទី ៤ ។

៥- ការ​សេព​គប់​នឹង​បាប​មិត្រ – មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​អាក្រក់ ជា​ហេតុ​នាំ​ឲ្យ​កើត​សេចក្ដី​វិនាស​ដល់​ខ្លួនឬ​ដល់​អ្នក​ដទៃ​, មនុស្ស​នោះ​គេ​ហៅ​ថា បាប​មិត្រ។ បើ​អស់​លោក​អ្នក​ចង់​ស្គាល់​ថា​មនុស្ស​បែប​ណា​ជា​បាប​មិត្រ​នោះ តោង​ពិនិត្យ​សង្កេត​ដោយ​ផ្លូវ​កាយ – វាចា​នឹង​ចិត្ត ក៏​នឹង​អាច​ដឹង​បាន ។ បណ្ដា​មនុស្ស​ក្នុង​លោក​, អ្នក​ណា​មួយ​ទោះ​ជា​មនុស្ស​ជាន់​ខ្ពស់​ក្ដី ជាន់​កណ្ដាល​ក្ដី ជាន់​ទាប​ក្ដី សុទ្ធ​សឹង​តែ​មាន​ការងារ​ត្រូវ​ធ្វើ​ជា​ប្រក្រតី​, បើ​មនុស្ស​សប្បុរស​ល្អ ការងារ​ចេញ​មក​តាម​ផ្លូវ​កាយ​ក៏​ល្អ ចេញ​មក​តាម​ផ្លូវ​វាចា​ក៏​ល្អ ចេញ​មក​តាម​ផ្លូវ​ចិត្ត​ក៏​ល្អ​, មិន​តែ​ប៉ុណ្ណោះ ថែម​ទាំង​ជា​អ្នក​មាន​ករុណា​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ​ជានិច្ច​, ធ្វើ​ការងារ​អ្វី​មិន​អាង​យសស័ក្ដិ មិន​អាង​អំណាច មិន​លំអៀង​ព្រោះ​ស្រឡាញ់ ព្រោះ​ស្អប់ ព្រោះ​ខ្លាច​ទេ​, ព្រោះ​មនុស្ស​បែប​នេះ​ហៅ​ថា​កល្យាណ​មិត្រ​, គួរ​សេព​គប់​រាប់​រក​យក​មិត្រ​ជា​សំឡាញ់ ។ មនុស្ស​ណា​ជា​អ្នក​ប្រព្រឹត្ត​លេង​ល្បែង​ភ្នាល់​ស៊ីសង​, ជា​អ្នក​លេង​ស្រី​, ជា​អ្នក​លេង​ផឹក​សុរា​, ជា​អ្នក​បញ្ឆោត​បោក​ប្រាស​អ្នក​ដទៃ​ដោយ​ឧបាយកល​ណាមួយ​, ជា​អ្នក​ប្រើ​អំណាច​រំលោភ​សង្កត​សង្កិន​អ្នក​ដទៃ ដោយ​អាង​យសសក្ដិ ឬ​ដោយ​ងាង​ទ្រព្យ​សម្បត្តិ មនុស្ស​បែប​នេះ​ហៅ​ថា​បាប​មិត្រ​, កុំ​ចូល​ទៅ​សេព​គប់​រាប់​រក​យក​ជា​មិត្រ​សំឡាញ់​ឡើយ ។ សេចក្ដី​ដែល​ពណ៌នា​នេះ ចាត់​ជា​អបាយមុខ​ទី ៥ ។

៦- ការ​ខ្ជិល​​ច្រអូស – សេចក្ដី​ខ្ជិល​នេះ បើ​មាន​នៅ​លើ​រូប​បុគ្គល​ណា​ហើយ អាច​នឹង​ពន្លិច​បន្ទាប​បុគ្គល​នោះ ឲ្យ​ធ្លាក់​ទៅ​ជា​មនុស្ស​ក្រី​ក្រ​ល្ងង់​ខ្លៅ មិន​មាន​ចំណេះ​វិជ្ជា​នឹង​ភោគ​សម្បត្តិ ។ ធម្មតា​មនុស្ស​ដែល​លុះ​ក្នុង​អំណាច​នៃ​សេចក្ដី​ខ្ជិល បើ​នឹង​ធ្វើ​ការ​អ្វី​ឬ​រៀន​ចំណេះ​អ្វី​ច្រើន​ប្រើ​អាការ​ទម្រន់​ដោយ​យក​អ្វី​ម្យ៉ាង​ៗ ​មក​ធ្វើ​ជា​លេស​គ្រឿង​អាង​របស់​ខ្លួន គឺ​អ្នក​ខ្លះ​អាង​ថា ថ្ងៃ​នេះ​នៅ​ព្រឹក​ណាស់​, ល្ងាច​ណាស់​, ត្រជាក់​ណាស់​, ក្ដៅ​ណាស់​, ឃ្លាន​ណាស់​, ស្រេក​ណាស់ ធ្វើការ ឬ​រៀន​អ្វី​ពុំ​ទាន់​កើត​ទេ ចាំ​សម្រាក​ខ្លួន ឬ​ចាំ​បរិភោគ​អ្វី​បន្ដិច​សិន សឹម​ធ្វើ​ការ ឬ​សឹម​រៀន​, ការ​ទម្រន់​ខ្ជិល​បែប​នេះ​ហើយ ដែល​ជា​ប្រធាន​ធ្វើ​បុគ្គល​នោះ​ឲ្យ​ដល់​នូវ​ភាព​ជា​មនុស្ស​ថោក​ទាប​ឥត​គេ​ត្រូវ​ការ​រាប់​រក ។ ម្យ៉ាង​ទៀត​អស់​លោក​អ្នក​ដែល​ជា​មេបា​ក្នុង​គ្រួសារ ឬ​ក្រុម​មួយ​ៗ ខ្លះ​មិន​សូវ​ប្រឹតប្រៀន​រំលឹក​ដាស់​តឿន​កូន​ចៅ ឬ​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន ឲ្យ​ខំ​ប្រឹង​ធ្វើ​ការ ឬ​ឲ្យ​ខំ​ប្រឹង​រៀន​តាម​មុខ​ការ​របស់​វា​ទេ​, ច្រើន​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​ក្មេង​​នៅ​ទំនេរ​ខ្ជិល​ដើរ​លេង​តាម​អំពើ​ចិត្ត​, លុះ​យូរ​ទៅ​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ល្ងង់​ខ្លៅ​ខ្សត់​ខ្សោយ​ចំណេះ​វិជ្ជា​នឹង​ភោគ​​សម្បត្តិ​, មិន​តែ​ប៉ុណ្ណោះ មនុស្ស​ល្ងង់​ឈ្មោះ​ថា​ ធ្វើ​ជា​ត្រកូល​នឹង​ស្រុក​ទេស​ឲ្យ​ថោក​ទាប​ថែម​ទៀត ។ សូម​អស់​លោក​អ្នក​ពិនិត្យ​សង្កេត​មើល​ទោស​របស់​មនុស្ស​ខ្ជិល សព្វ​ថ្ងៃ​នេះ​ចុះ​, នៅ​ក្នុង​ក្រុង​ឃើញ​មាន​នៅ​ដេរ​ដាស​ទាំង​ស្រី ទាំង​ប្រុស​, ខ្លះ​ដេក​ដើរ​អង្គុយ​រដូក​រណែល​ក្រោម​ម្លប់​ឈើ ឬ​តាម​សំយាប​ផ្ទះ ក្បែរ​ចិញ្ចើម​ថ្នល់​, រក​ស៊ី​គ្រាន់​តែ​ឲ្យ​រស់​ត្រឹម​មួយ​ថ្ងៃ​ៗ​ប៉ុណ្ណោះ​, បើ​នឹង​ធ្វើ​ការ​ឥត​មាន​ឧបាយ​គំនិត​ណា​ថា​អញ​ត្រូវ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ​ទើប​​ល្អ​ដូច្នេះ​សោះ​ឡើយ​, មនុស្ស​បែប​នេះ​ហើយ ដែល​សំដែង​អាការ​ឲ្យ​ឃើញ​​ថោក​ទាប​ដល់​ជាតិ​នឹង​ស្រុក​ទេស ។ នេះ​ជា​ឈ្មោះ​ថា អបាយមុខទី៦ ។
មនុស្ស​ខ្ជិល​ដូច​បាន​ពណ៌នា​មក​ទាំង​នេះ ប្រសិន​បើ​រាជការ​បង្កើត​របរ​ការ​អ្វី​មួយ ដើម្បី​តម្រូវ​ដល់​មនុស្ស​ទាំង​នេះ​ឲ្យ​មាន​ការ​ធ្វើ​ឡើង តទៅ​ប្រហែល​ជា​​នឹង​មាន​សេចក្ដី​ចម្រើន​ដល់​រាជ​ការ​វិញ​ពុំ​ខាន ។ អាត្មាភាព​សំដែង​អំពី​អបាយមុខ​ទាំង ៦ យ៉ាង ចប់​ត្រឹម​តែ​ប៉ុណ្ណោះ ៕៚

ទុក្ខប្បត្តា ច និទ្ទុក្ខា ភយប្បត្តា ច និព្ភយា សោកប្បត្តា

ច និស្សោកា ហោន្តុ សព្វេបិ ចាណិនោ ។

សព្វ​សត្វ​ដែល​ដល់​ហើយ​នូវ​ទុក្ខ សូម​ឲ្យ​បាត់​ទុក្ខ​ទៅ! ដែល​ដល់​ហើយ​ភ័យ​នូវ​ សូម​ឲ្យ​បាត់​ភ័យ​ទៅ! ដែល​ដល់​ហើយ​នូវ​សោក សូម​ឲ្យ​ជា​អ្នក​បាត់​សោក​ទៅ! ។

ធម្មទេសនាវសេន កម្ពោជរដ្ឋវាសិនោ

វុឌ្ឈឹ វិរុឡ្ហឹ បប្បោន្តុ សន្តិភាវញ្ច នាញ្ញថា ។

ដោយ​អំណាច​នៃ​ព្រះ​ធម្មទេសនា (នេះ) សូម​ឲ្យ​ប្រជាជន​ទាំង​ឡាយ​អ្នក​នៅ​ក្នុង​កម្ពុជរដ្ឋ ដល់​នូវ​ការ​លូត​លាស់​ចម្រើន​នឹង​សន្តិភាព កុំ​បី​ឃ្លាត​ក្លាយ​ទៅ​ជា​ប្រការ​ដទៃ​ឡើយ! ។

ចប់

🔸Last Updated កំណែចុងក្រោយ on August 4, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace