អនុស្សរណោវាទ ចំពោះយុវជនអ្នកនៅវត្ត

អនុស្សរណោវាទ ចំពោះយុវជនអ្នកនៅវត្ត

បទពាក្យប្រាំពីរ

ហៃពួកយុវជនអ្នកកំសត់បើកុំបានវត្តជ្រកអាស្រ័យ
សមអ្នកនឹងឥតមានតម្លៃយប់ថ្ងៃហួសទៅឥតប្រយោជន៍។
គួរអ្នកកុំភ្លេចវត្តលំនៅទោះអ្នកចេញទៅឆ្ងាយស្រឡោច
គួរដឹងគុណវត្តកុំបង្ហោចប្រយោជន៍និងផលផ្តល់ពុំខាន ។
បើមានគេសួរពីកាលរៀនចំណេះរបៀនទាំងប៉ុន្មាន
អ្នកកុំនិយាយបង្វែរដានត្រូវប្រាប់ថាបានចេះព្រោះវត្ត ។
កុំពោលបង្អួតពួកស្រីៗ ត្រូវស្តីតាមត្រង់កុំបំភ្លាត់
បំផ្លែងបំផ្លើសបំភ្លេចវត្តក្រែងទោសទាញទាត់ឱ្យវិនាស ។
បាយវត្តជាភោជន៍មានព្រលឹងគួរនឹករំពឹងកុំទីសទាស
នាម៉ឺនមន្ត្រីមកពីរាស្ត្រគឺរាស្ត្រឡើងទៅជាមន្ត្រី ។
បាយផ្ទះបាយវត្តដូចជាគ្នាចំអែតអាត្មាមានជីវី
ឆ្អែតហើយរៀនសូត្រចេះខ្ទេចខ្ទីមុនីកើតមានដោយសារវត្ត ។
សាធុ! សូមឱ្យអ្នកបានសុខនីរទុក្ខនីរភ័យសិរីភ័ទ្រ
ជាជនសប្បុរសរបស់រដ្ឋមានបែបមានបទប្រសើរហោង ៕


និពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

វត្តឧណ្ណាលោម, ថ្ងៃទី១៦ ឧសភា ឆ្នាំ១៩៦៣

🔸Last Updated កំណែចុងក្រោយ on November 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).