បទសរភញ្ញ សម្រាប់សូត្រគោរពទង់សាសនា
ស្តាប់សម្លេងស្មូធ្យ
បទសរភញ្ញ
សម្រាប់សូត្រគោរពទង់សាសនា
១- សូមថ្វាយបង្គំព្រះសម្ពុទ្ធ | ប្រសើរបំផុតក្នុងលោកា |
ជាគ្រូនៃមនុស្សនិងទេព្តា | ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។ |
ចង្អុលឲ្យដើរផ្លូវកណ្ដាល | មាគ៌ាត្រកាលអាចកម្ចាត់ |
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់ | អាចកាត់សង្សារទុក្ខបាន ។ |
២- សាសនាព្រះអង្គនៅសព្វថ្ងៃ | សត្វមាននិស្ស័យពីបុរាណ |
ប្រឹងរៀនប្រឹងស្ដាប់ចេះចាំបាន | កាន់តាមលំអានបានក្ដីសុខ ។ |
ឥតមានសុខណាស្មើក្ដីស្ងប់ | បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ |
តាំងពីលោកនេះតទៅមុខ | ក្ដីសុខនឹងមានព្រោះធម៌ស្ងប់ ។ |
៣- ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ | ព្រះសង្ឃបវរទាំងគ្រប់សព្វ |
រួមជាត្រៃរ័តន៍គួរគោរព | ជាម្លប់ត្រជាក់នៃលោកា ។ |
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ | វិសុទ្ធតាងអង្គព្រះសាស្តា |
សូមគុណត្រៃរ័តន៍ជួយខេមរា | ឲ្យបានសុខាតរៀងទៅ៕៚ |
ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
🔸Last Updated កំណែចុងក្រោយ on July 16, 2024
Facebook Comments