អត្ថបទ បទដាក់ទង់ព្រះពុទ្ធសាសនា

បទដាក់ទង់ព្រះពុទ្ធសាសនា

Poem in audioស្តាប់សម្លេងសូត្រ

បទដាក់ទង់ព្រះពុទ្ធសាសនា

ជាតិយើងអ្នកកាន់សាសនាត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី
ទ្រង់មានឆព្វណ្ណរង្សីគឺព្រះរស្មីទាំងប្រាំមួយពណ៌ ។
ផ្សាយចេញពីព្រះកាយទ្រង់រុងរឿងឫទ្ធិរង្គប្រសើរបវរ
ឆ្វៀលឆ្វាត់កាយឆើតឆាយល្អទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។
កំណើតនៃព្រះរស្មីកើតដោយបារមីនៃព្រះភគវា
ធ្វើទានឥតមានរួញរាកាលដែលនៅជាព្រះពោធិសត្វ ។
រស្មីពណ៌ខៀវនោះណាកាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់
ធ្វើទានដល់ឥន្ទព្រាហ្មណ៍ពិតកាលនៅជាក្សត្រនាមស្រីភិរាស្ត្រ។
រស្មីពណ៌លឿងភ្លឺថ្លាកាលដែលទ្រង់អារសាច់ផែធ្វើមាស
បិទពុទ្ធរូបភ្លឺល្អឱភាសព្រះឥន្ទ្រជាងមាសទ្រង់វៃបណ្ឌិត ។
រស្មីក្រហមនោះណាកាលដែលមាតាពស់ខាំស្លាប់ពិត
បទុមស៊ូប្តូរជីវិតកាត់បេះដូងបិទធ្វើថ្នាំមាតា ។
រស្មីពណ៌សសុទ្ធសាធកាលដែលព្រះបាទវេស្សន្តរក្សត្រា
ឱ្យទានដំរីសសោភាដល់ព្រាហ្មណ៍ប្រាថ្នាយកពោធិញាណ។
រស្មីពណ៌ដូចជើងហង្សកាលមាតាទ្រង់យក្ខចាប់យកបាន
វិជ្ជាធរអារសាច់ខ្លួនប្រាណឱ្យយក្ខសាមាន្យស៊ីប្តូរជីវិត ។
រស្មីពណ៌ផ្លេកពណ្ណរាយកាលជាទន្សាយឈ្មោះសោមបណ្ឌិត
ឱ្យទានសាច់ឈាមជីវិតដល់ឥន្ទព្រាហ្មណ៍គិតថាអត់អាហារ ។
រស្មីខៀវលឿងក្រហមសហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ
ត្រូវជាប្រាំមួយប្រការទាំងចាស់កុមារចូរចាំទុកអើយ ។


ព្រះរាជនិពន្ធដោយៈ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

🔸Last Updated កំណែចុងក្រោយ on July 16, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace