សេចក្តីស្រឡាញ់អ្វី ស្មើដោយខ្លួនមិនបាន

សេចក្តីស្រឡាញ់អ្វី ស្មើដោយខ្លួនមិនបាន

ព្រះមហា អ៊ិន – សំអឿន វត្តឧណ្ណាលោម ភ្នំពេញ
ព.ស.២៥១០ គ.ស.១៩៦៦


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូមនមស្ការ ចំពោះព្រះភគវន្តមុនី អរហន្តសម្មាសម្ពុទ្ធអង្គនោះ ព្រមទាំងព្រះធម៌ និងព្រះអរិយ សង្ឃ ដោយសេចក្តីគោរព ។

វេលានេះ ត្រូវភារៈអាត្មាភាព មកសម្តែងធម៌ផ្សាយតាមវិទ្យុសម្លេងប្រទេសកម្ពុជា អាត្មាភាព សូមលើកយកពុទ្ធភាសិតមួយឃ្លា ដែលលោកអ្នកប្រាជ្ញបានចារឹកទុកក្នុងលោកនីតិប្បករណ៍ថា “នត្ថិ អត្ត សមំ បេមំ សេចក្តីស្រឡាញ់ស្មើដោយខ្លួនមិនមាន” មកធ្វើអត្ថាធិប្បាយ ដើម្បីជាកិច្ចសវនាការ របស់អស់លោកអ្នកជាពុទ្ធសាសនិក ទូទៅទាំងសកលកម្ពុជារដ្ឋ, ដូចសេចក្តីអធិប្បាយតទៅនេះ ៖

ការស្រឡាញ់អ្វីក្នុងលោក មិនស្មើនឹងការស្រឡាញ់ខ្លួនឯង, ឯការស្រឡាញ់វត្ថុផេ្សងៗ ដែលជា វត្ថុកាមទាំងប៉ុន្មាន មានផ្ទះសម្បែងទីលំនៅស្រែចំការច្បារដំណាំ ឬ គ្រឿងប្រើប្រាស់ ដែលមាននៅក្នុង ទីលំនៅមានមាស, ប្រាក់, កែវកង, ពិទូរ្យសូរ្យកាន្ត ជាដើម ឈ្មោះថាជាវត្ថុគួរស្រឡាញ់មែនហើយ ប៉ុន្តែការស្រឡាញ់នោះនាំឱ្យត្រឡប់ទៅជាមានទុក្ខវិញ ។ ការស្រឡាញ់កូនប្រុស ស្រី ស្វាមី ភរិយា ជាដើម ក៏សុទ្ធតែជាហេតុនាំឱ្យបានលទ្ធផល ពោលគឺសេចក្តីទុក្ខលំបាកដូចគ្នា ។

រួមសេចក្តីស្រឡាញ់ទាំងអស់ ទោះបីស្រឡាញ់វត្ថុមានវិញ្ញាណក្តី, ឥតមានវិញ្ញាណក្តី ក៏ជាហេតុនាំ មកនូវក្តីទុក្ខព្រួយដូចគ្នា, ទោះបីការស្រឡាញ់រូបកាយរបស់ខ្លួន ដោយមិនសមទំនង គឺស្រឡាញ់ដោយ លោភចិត្ត គិតតែស្អិតស្អាងខ្លួនដោយគ្រឿងអលង្ការ វាយឫកសង្ហាគឺធ្វើយ៉ាងណា ឱ្យតែខ្លួនបានល្អ សំបកខាងក្រៅ ដែលជាគ្រឿងនាំមកនូវសម្រើបស្រើបសា្រល ទៅតាមការទាញញាក់របស់កាមតណ្ហា វាមកបំភាន់ឱ្យភាន់ច្រឡំ នេះក៏ជាហេតុនាំឱ្យមានទុក្ខព្រួយដែរ នៅពេលដែលខ្លួនឈឺចាប់ ឬ ចាស់ជរា, នេះគឺមកពីអ្វី? មិនមកពិការស្រឡាញ់ខុសទំនង? ។

ឯការស្រឡាញ់ខ្លួនក្នុងទីនេះ ដែលជាទីប្រសើរនោះ គឺមិនមែនស្រឡាញ់តែរាងកាយខាងក្រៅ នោះទេ គឺស្រឡាញ់ខ្លួនដែលតំកល់ត្រូវ, ចុះការស្រឡាញ់ខ្លួនដែលតំកល់ត្រូវនោះ តើត្រូវធ្វើដូចម្តេច? គឺត្រូវពិនិត្យពិច័យ ពិចារណាមើលចិត្តរបស់ខ្លួនទាំងយប់ទាំងថ្ងៃ កាលបើឃើញចិត្តរបស់ខ្លួនសៅហ្មង ដោយឧបក្កិលេសណាមួយ ក៏ខំប្រឹងកំចាត់ចោលចេញដោយពិចារណញ្ញាណតាមផ្លូវធម៌ ធ្វើចិត្តរបស់ ខ្លួនឱ្យបានស្អាតបរិសុទ្ធ, ដូច្នេះទើបឈ្មោះថាស្រឡាញ់ខ្លួន ។ ហៅថាយកខ្លួនជាទីពឹងរបស់ខ្លួន ឥតពឹង អ្វីក្រៅពីខ្លួន ព្រោះថាខ្លួននេះ បើបានទូន្មានឱ្យតាំងនៅក្នុងឱវាទរបស់ខ្លួនហើយ អាចតម្កល់ខ្លួនក្នុង កុសលធម៌បានគ្រប់ផ្លូវ នេះជាហេតុនាំឱ្យបានសេចក្តីសុខយ៉ាងប្រសើរក្រៃលែង ។ បុគ្គលណាដែល ឥតបានពិចារណាមើលចិត្តរបស់ខ្លួន បណ្តោយឱ្យចិត្តសៅហ្មង ដោយឧបក្កិលេសណាមួយ បុគ្គលនោះ មិនឈ្មោះថាស្រឡាញ់ខ្លួនទេ គឺឈ្មោះថាស្អប់ខ្លួនទៅវិញ ព្រោះបណ្តោយខ្លួនទទួលសេចក្តីលំបាក ដោយសារចិត្តដែលលុះក្នុងឧបក្កិលេសអកុសលធម៌ ហើយដឹកនាំខ្លួនឱ្យធ្វើនូវបាបគ្រប់យ៉ាង ។

តាមអត្ថន័យមួយកនែ្លងទៀតលោកពោលទុកមកថាៈ

“ស្រឡាញ់ខ្លួន គឺស្រឡាញ់ជីវិតរបស់ខ្លួន”

ឯការស្រឡាញ់ជីវិតរបស់ខ្លួននេះ គឺត្រូវច្នៃជីវភាពរបស់ខ្លួន ឱ្យបានសមរម្យជាមនុស្ស ដែលរស់ នៅក្នុងសង្គមនាសម័យបច្ចុប្បន្ននេះ ។ គឺកុំបណ្តោយឱ្យជីវិតរស់នៅដោយអ័ព្ទអួសៅហ្មង ដោយ កលោបាយណាមួយនោះ ព្រោះអ្នកប្រាជ្ញលោកបានពោលទុកមកថា “ជីវិតំ អសារំ សារទាតព្វំ ជីវិតមិនមានខ្លឹមសារទេ តែបណ្ឌិតបុគ្គលអាចច្នៃឱ្យមានខ្លឹមសារបាន” ។

ហេតុនេះហើយបានជា ព្រះសម្មាសម្ពុទ្ធបរមគ្រូ ជាសាស្រ្តាចារ្យឯកក្នុងលោក ព្រះអង្គធ្លាប់មាន ការពិសោធន៍ជាច្រើនក្នុងការប្រព្រឹត្តិទៅនៃឆាកជីវិត ហើយតែងតែមានព្រះទ័យមេត្តាករុណា ចំពោះ សត្វលោក ព្រះអង្គទ្រង់ណែនាំមនុស្សគ្រប់សញ្ជាតិ ឱ្យធ្វើការងារអស់សមត្ថភាពដែលខ្លួនមាន ដើម្បី រក្សានូវជីវភាពឱ្យតាំងនៅជាប្រក្រតី និង ពង្រីកនូវជីវភាពធម្មតាឱ្យខ្ពង់ខ្ពស់ឡើងទៀត ព្រមទាំងទ្រង់ បំភ្លឺផ្លូវនៃការងារ ដែលត្រូវធ្វើឱ្យសមប្រកបព្រមដោយលោកិយសម្បទាទាំងបួន ។ ឯសម្បទាទាំងបួន យ៉ាងនោះ គឺៈ

១- ឧដ្ឋានសម្បទា ដល់ព្រមដោយសេចក្តីប្រឹងប្រែង ។ តាមន័យនេះ បានសេចក្តីថា មនុស្សម្នាក់ៗ ដែលមានជីវិតរស់នៅលើផែនពសុធានេះ ត្រូវមានការប្រឹងប្រែងស្វែងរកទ្រព្យសម្បត្តិ គ្រប់ផ្នែក មានភោគសម្ប័ទ និងវិជ្ជាសម្ប័ទជាដើម ។ យើងត្រូវប្រឹងប្រែងឱ្យណាស់ មិនត្រូវបណ្តែត បណ្តោយ គឺព្យាយាមធូរៗនោះទេ គឺត្រូវចេះអត់ធ្មត់នឹងសេចក្តីទុក្ខលំបាកគ្រប់យ៉ាង កុំអាងហេតុមាន ហេតុថាក្តៅពេក ឬ ត្រជាក់ពេកជាដើមនោះឡើយ, កិច្ចការដែលខ្លួនត្រូវប្រកបនោះ ត្រូវហ្វឹកហាត់ពត់ ខ្លួនឱ្យស្ទាត់ជំនាញ ហ៊ានពុះពារនឹងការលំបាក ការធ្ងន់ មិនធុញទ្រាន់នឹងការធ្ងន់លំបាក ហើយធ្វើតែ ការស្រាលៗនោះទេ ។ សេចក្តីព្យាយាមក្នុងផ្លូវចិត្ត សំដៅយកលក្ខណៈនៃសេចក្តីអត់ទ្រាំរបស់ចិត្ត មិនញ៉មថយក្រោយនឹងការលំបាកចំពោះសេចក្តីជោគជាំ ឈ្លក់ឈ្លី និងឧបស័គ្គគ្រប់យ៉ាង ដែលចូល មកជ្រៀតជ្រែកនឹងសេចក្តីព្យាយាម, នេះជាលក្ខណៈរបស់មនុស្សអ្នកមានសេចក្តីប្រឹងប្រែង តស៊ូនឹង ការងារគ្រប់ប្រភេទ ។

ព្រោះពុទ្ធភាសិតបានពោលសេចក្តីព្យាយាម និងការងារក្នុងអាជីវកម្មថា វិរិយេន ទុក្ខមច្ចេតិ គេគេចផុតឆ្លងចាកទុក្ខបាន ព្រោះសេចក្តីព្យាយាម ។ ឧដ្ឋាតា វិន្ទតេ ធនំ អ្នកស្ទុះស្ទាព្យាយាម រមែងរកទ្រព្យបាន ។ វាយមេថេវ បុរិសោ យាវ មត្ថស្ស និប្ផទា កើតមកជាបុរសស្រ្តី គប្បីព្យាយាម តស៊ូធ្វើការងារ លុះត្រាតែបានសម្រេចប្រយោជន៍ ។

ពាក្យថាៈ “ព្យាយាម” នេះ ជាគូបដិប័ក្ខនឹងពាក្យថា “ខ្ជិល” ។ អ្នកប្រាជ្ញទាំងឡាយ ទោះជាជំនាន់ ណាក៏ដោយ តែងតែពោលសរសើរ សេចក្តីព្យាយាមថា ជាកល្យាណធម៌មួយយ៉ាងត្រចះត្រចង់ អាចញ៉ាំងមនុស្សពីហីនភាព ឱ្យទៅកាន់ឧត្តមភាពបាន, ពីមូឡ្ហភាព ឱ្យទៅកាន់បណ្ឌិតភាពបាន, ពីទាសភាព ឱ្យទៅកាន់ភុជិស្សភាពបាន ។

សេចក្តីព្យាយាមនេះ បើចែកតាមប្រភេទមានបួនប្រការគឺៈ

១- សំវរប្បធាន ព្យាយាមប្រយ័ត្នមិនឱ្យទោសកើតឡើង ។

២- បហានប្បធាន ព្យាយាលះបង់ទោស ដែលកើតឡើងហើយ ឱ្យវិនាសទៅ វិញ ។

៣- ភាវនាបធាន ព្យាយាមញ៉ាំងកុសលធម៌ដែលមិនទាន់កើតឱ្យកើតមាននៅក្នុងខន្ធ សន្តាន ។

៤- អនុរក្ខនាបធាន ព្យាយាមរក្សានូវកុសលធម៌ ដែលកើតមានឡើង មិនឱ្យសាបសូន្យ ទៅវិញ ។

ព្យាយាមទាំងបួនប្រការនេះ ជាធម៌ដ៏ប្រពៃដែលពួកពុទ្ធបរិស័ទ គួរតែស្វែងរកឱ្យមាននៅក្នុង សន្តានចិត្ត ។

អធិប្បាយថាៈ

ក) សំវរប្បធាន = ការសង្រួមប្រយ័ត្នមិនឱ្យបាបកើតឡើង, បានដល់ការសង្រួម៥យ៉ាងគឺ៖

១- សីលសំវរៈ សង្រួមរក្សាសីល ដែលបានរក្សាហើយមិនឱ្យធ្លុះធ្លាយសៅហ្មង ។

២- សតិសំវរៈ សង្រួមប្រយ័ត្នសា្មរតីក្នុងឥន្រ្ទីយទាំងប្រាំមួយមានចក្ខុន្រ្ទីយជាដើម មានមនិន្រ្ទិយជាទីបំផុត កុំឱ្យបាបកើតឡើង តាមឥន្រ្ទិយទាំងនោះបាន ។

៣- ញាណសំវរៈ សង្រួមប្រយ័ត្នដោយប្រាជ្ញា សម្រាប់បិទបាំងនូវក្រសែរបស់ តណ្ហា ទិដ្ឋិ ទុច្ចរិត និងកិលេសដ៏សេស ឬប្រាជ្ញាដែលកំណត់ពិចារណានូវបច្ច័យទាំង៤ ហើយ ទើបសេព ។

៤- ខន្តិសំវរៈ សង្រួមដោយការអត់ទ្រាំ មានការអត់ទ្រាំនូវកំដៅនិងត្រជាក់ជាដើម បានដល់ទោសៈ មានការប្រទូស្តជាដើម ។

៥- វិរិយសំវរៈ សង្រួមប្រយ័ត្នដោយព្យាយាម ដើម្បីបន្ទោរបង់នូវកាមវិតក្កជាដើម ឬ ព្យាយាមចិញ្ចឹមជីវិត ដោយប្រពៃតាមផ្លូវអាជីវបារិសុទ្ធិសីល ។

ខ) បហានប្បធាន = ព្យាយាមលះបាបដែលកើតឡើងហើយ ឱ្យវិនាសទៅវិញ ។ អំពើ- បាបដែលកើតឡើងតាមកាយទ្វារ វចីទ្វារ មនោទ្វារ សូម្បីមានប្រមាណបន្តិចបន្តួចក៏ដោយ បុរសស្រ្តី មិនត្រូវមើលងាយថា “បាបមានប្រមាណតិចនឹងមិនឱ្យផល” ដូច្នេះឡើយ ។ ពីព្រោះអំពើបាបប្រៀប ដូចជាភ្លើងយ៉ាងតូច, តួយ៉ាងដូចជាក្បាលឈើគូសមួយក៏ដោយ ឱ្យតែគេយកភ្លើងនោះទៅប៉ះនឹងក្លាយ ទៅជាភ្លើងដ៏សន្ធោសន្ធៅ អាចឆេះកំទេចសម្រាម ឬ ផ្ទះសម្បែងព្រៃភ្នំបាន ។ បាបដែលបុគ្គលមិន ព្យាយាមលះបង់ តាំងពីបន្តិចបន្តួចទៅ ក៏អាចក្លាយទៅជាបាបដ៏ធំដុំ អាចនឹងធ្វើឱ្យវិនាសសាបសូន្យ នូវប្រយោជន៍សព្វយ៉ាងបានដោយងាយដែរ ។

គ) ភាវនាបធាន = ព្យាយាមញ៉ាំងកុសល ឱ្យកើតមានក្នុងសន្តានចិត្ត ។ កុសលជាអំពើល្អ ឱ្យផលជាសុខក្នុងឥធលោកនិងបរលោក, បើមិនទានមានក្នុងសន្តានចិត្ត បុគ្គលគួរសន្សំខំបំពេញឱ្យ មានឡើង ។ ឯការបំពេញកុសលមានច្រើនយ៉ាងគឺ ការមិនប្រព្រឹត្តធ្វើនូវអំពើបាបដោយកាយវាចាចិត្ត មានការធ្វើបុណ្យឱ្យទាន រក្សាសីល មានសីល៥ សីល៨ ជាដើម តាមកម្លាំងខ្លួនអាចរក្សាទៅបាន ។

ឃ) អនុរក្ខនាបធាន = ព្យាយាមរក្សាទុកនូវអំពើល្អ ដែលខ្លួនអប់រំសន្សំហើយនោះ មិនឱ្យ វិនាសទៅវិញ ដោយមិនឱ្យប្រមាទធម៌ ដែលជាកំពូលនៃអកុសលកម្មគ្រប់យ៉ាង ចូលមកលុកលុយ ទម្លុះទម្លាយ កំចាត់កំចាយនូវកុសលធម៌បាន ។

ព្យាយាមទាំង ៤ ប្រការ ដូចបានអធិប្បាយមកនេះ បើមាននៅក្នុងសន្តានបុគ្គលណា ទោះជា គ្រហស្ថក្តី, បព្វជិតក្តី, បុគ្គលនោះឯង គួរនឹកសង្ឃឹមញញឹមក្នុងចិត្តថា អាត្មាអញមុខតែបានកន្លងចាក ទុក្ខទាំងពួង ហើយបានទទួលនូវសេចក្តីសុខកេ្សមក្សាន្ត ក្នុងលោកនេះនិងលោកខាងមុខ ដោយពិត ប្រាកដ ។ ទាំងជីវិតរបស់បុគ្គលនោះសោត ក៏ជាជីវិតមានខ្លឹមសារ ។ សមដូចព្រះពុទ្ធភាសិត ក្នុងគម្ពីរ ខុទ្ទកនិកាយធម្មបទដ្ឋកថា ថាៈ

យោ ច វស្សសតំ ជីវេ កុសីតោ ហីនវីរិយោ

ឯកាហំ ជីវិតំ សេយ្យោ វិរិយំ អារភតោ ទឡ្ហំ ។

ប្រែថាៈ បុគ្គលណាមួយខ្ជិលច្រអូស មានព្យាយាមថោកទាប គប្បីរស់នៅអស់រយនៃឆ្នាំ ក៏ពុំ ប្រសើរស្មើនឹងការរស់នៅមួយថ្ងៃ នៃបុគ្គលអ្នកប្រារព្វ នូវសេចក្តីព្យាយាមមាំ ។

សេចក្តីនៃពុទ្ធភាសិតនេះ បង្ហាញឱ្យឃើញខុសគ្នាស្រឡះ ឥតមានភាន់ច្រឡំ បុគ្គលណាខ្ជិល ព្រះអង្គតិះដៀលជាអនេកប្បការ, ចំណែកបុគ្គលអ្នកមានសេចក្តីព្យាយាម ព្រះអង្គទ្រង់សរសើរ ជា ភិយ្យោភាព ។

សាធុសប្បុរសទាំងឡាយ កាលបើអស់លោកអ្នក ឃើញទោសនៃសេចក្តីខ្ជិលច្រអូស និង គុណភាពនៃសេចក្តីព្យាយាមហើយ គួរតែយើងខំព្យាយាមលះបង់សេចក្តីខ្ជិលច្រអូសលាមកនេះ ចោលចេញ ហើញគួរបំពេញសេចក្តីព្យាយាមឱ្យមាំមួន ក្នុងករណីយកិច្ចរបស់ខ្លួន កុំបីធ្វេសប្រហែស ឱ្យសោះ ។ ដ្បិតថា ព្រះពុទ្ធសាសនារបស់ព្រះជិនស្រី ស្ថិតនៅដ៏រុងរឿងបាន ឬវិនាសសាបសូន្យ ក៏មកតែពួកពុទ្ធបរិស័ទទាំងគ្រហស្ថទាំងបព្វជិត មានការព្យាយាមរៀនសូត្រធម៌អាថ៌ សាស្រ្តាបាលី វិន័យសិក្ខា ច្បាប់ព្រះពុទ្ធសាសនា ឱ្យបានចេះដឹងគ្រប់ៗ គ្នាឡើងនោះ សាសនារបស់ព្រះជិនស្រី សមនឹងបានប្រតិស្ឋាន នៅដរាបដល់លើសពីប្រាំពាន់ព្រះវស្សាទៀតជាមិនខាន, យើងសោតទៀតក៏ សមនឹងបានទទួលឋានន្តរជាពុទ្ធបរិស័ទ អ្នកប្រាថ្នាសេចក្តីសុខចម្រើនសមតាមបំណងជាមិនខាន ។ នេះជាសម្បទាទី១ ។

២- អារក្ខសម្បទា ដល់ព្រមដោយការថែរក្សា, ពោលគឺការថែរក្សាផលប្រយោជន៍ របស់ខ្លួន ដែលរកបានមកហើយ មិនឱ្យវិនាសបង់ខាតទៅវិញ ទោះជាចំណេះវិជ្ជាក្តី ជាទ្រព្យសម្បត្តិក្តី ជាតំណែងការងារក្តី ដែលជាវត្ថុធាតុធ្វើឱ្យខ្លួនបានសេចក្តីសុខចម្រើន ត្រូវរក្សាខ្លួនមិនឱ្យមានរោគភ័យ វិបត្តិនានា ទាំងខាងក្នុងទាំងខាងក្រៅរក្សាសុខភាព អនាម័យរបស់ខ្លួន ឱ្យតាំងនៅបានជាប្រក្រតី, កាលបើបរិភោគភោជនាហារ ត្រូវឱ្យដឹងប្រមាណច្រើនឬតិច ដឹងថាអាហារណាមានប្រយោជន៍ អាហារ ណាមិនមានប្រយោជន៍ ដើម្បីទំនុកបម្រុងរូបកាយរបស់ខ្លួន ឱ្យមានសមត្ថភាពបរិបូរណ៌ ក្នុងការងារ យ៉ាងនេះជាដើម ឈ្មោះថា ជនមានការថែរក្សាទ្រព្យសម្បត្តិ តំណែង យសសក្តិ ការងារ ចំណេះវិជ្ជា ត្រឹមត្រូវតាមក្បួនតម្រា ។ របស់ដែលបាត់បង់ទៅ ត្រូវព្យាយាមរកឱ្យឃើញមកវិញ, ដែលបាក់បែក ទ្រុឌទ្រោមបង់ខាត ព្យាយាមជួសជុល ផ្សារភ្ជិតឱ្យត្រឹមត្រូវល្អឡើងវិញ ស្គាល់ប្រមាណក្នុងការចាយ វាយប្រើប្រាស់ទ្រព្យសម្បតិ្ត មិនប្រគល់ទ្រព្យសម្បតិ្ត ឱ្យមនុស្សគ្មានសីលធម៌ទុកដាក់ឱ្យ ។

៣- កល្យាណមិត្តតា ភាពជាអ្នកមានសេចក្តីរាប់អានល្អ នូវជនអ្នកមានសីល មានធម៌ មានចិត្តសប្បុរស មានខ្លួនតាំងនៅក្នុងសច្ចធម៌ ក្នុងកតញ្ញូកតវេទីតាធម៌ ។ មិនស្អប់ខ្ពើមនូវជន មិនមាន សីលធម៌ មនុស្សធម៌ មានខ្លួនមិនតាំងនៅក្នុងសច្ចធម៌ ក្នុងកតញ្ញូកតវេទីតាធម៌ តែក៏មិនសម្តែងសេចក្តី ស្និទ្ធិស្នាល រាប់អានយកជាមិត្រភ័ក្តិឡើយ តែងរកមធ្យោបាយអប់រំឱ្យមនុស្សនោះ ប្រែជាមានសីលធម៌ មនុស្សធម៌ មានចិត្តស្មោះត្រង់ មានខ្លួនតំកល់នៅក្នុងសច្ចធម៌ ក្នុងកតញ្ញូកតវេទីតាធម៌ ។ ភាពជា បុគ្គលចេះសាងមនុស្សល្អឱ្យរឹងរឹតតែល្អឡើង ដោយមានឧត្តមគតិថាៈ ការរស់នៅម្នាក់ឯងពុំមាន ភឿនបន ក៏ពុំសូវមានកម្លាំងការពារគ្រោះថ្នាក់ ដែលកើតពីធម្មជាតិ ឬពីសត្វសាហាវ ឬពីហេតុការណ៍ ប្រែប្រួល មានសង្រ្គាមជាដើម តែថាការរស់នៅជាមួយមនុស្សអាក្រក់ ក៏រមែងមានសេចក្តីទុក្ខទោស គ្រោះថ្នាក់គ្រប់ប្រការ, ដែលល្អបំផុត គឺមនុស្សទាំងអស់នៅក្នុងសង្គម មានចរិយាមារយាទល្អ ហើយ យកជាមិត្រទាំងអស់គ្នា ទើបអាចការពារឧបសគ្គគ្រោះថ្នាក់ ឧត្បាតចង្រៃ ឬសន្តិសុខ សន្តិភាព បានគ្រប់យ៉ាង ។

៤- សមជីវិតា ភាពជាមនុស្សរស់នៅស្មើៗ គឺមានសម្បត្តិច្រើន ចាយវាយប្រើប្រាស់តិច, បើមានទ្រព្យសម្បត្តិតិច ចាយវាយឱ្យចុះមកទៀត ឱ្យល្មមតែរស់នៅបាន ដើម្បីធ្វើការបំរើជីវិតខ្លួន ជីវិតគ្រួសារ ជីវិតសង្គមជាតិ ព្រមទាំងប្រទេសជាតិ ។ ជាបុគ្គលនៅក្នុងឧត្តមគតិថា “រស់នៅត្រឹមតែរស់” មិនរស់នៅហ៊ឹកហាក់ហ៊ឺហាពេកចុះក្នុងតម្រាថា ជាអ្នកស៊ីចាយខ្ជះខ្ជាយ ស្វែងរកសេចក្តីសប្បាយ ឥតប្រយោជន៍ ឬថា ជាអ្នកស៊ីចាយថាំពេក នាំឱ្យរូបកាយមានសុខភាពមិនល្អ ជាជនចេះចាយវាយទ្រព្យ សម្បត្តិ ឱ្យមានប្រយោជន៍ខ្លួន ដល់គ្រួសាររបស់ខ្លួន ដល់ប្រទេសជាតិខ្លួន ។

សម្បទាបច្ចុប្បន្នភាព ទាំង៤ យ៉ាងនេះ ជាសម្បទាសម្រាប់តស៊ូប្រយុទ្ធដណ្តើម យកចំណេះវិជ្ជា ទ្រព្យសម្បត្តិ និងសម្រាប់រៀបចំបញ្ហាជីវិត ឱ្យអនុវត្តទៅបានស្រួល ។

ក្នុងលោកសន្និវាសនេះ មានមនុស្សសម្បូណ៌ទ្រព្យ ខ្សត់ទ្រព្យ មានបញ្ញា ឥតបញ្ញា មានយស- ស័ក្តិ ឥតយសស័ក្តិ, ចំណែកក្នុងលោកដទៃក៏លោកមានតំណែងនាទីធំ-តួច ជាងគ្នាដែរគឺៈ មានព្រះឥន្ទ ព្រះព្រហ្ម ជាដើម, មុខតំណែងទាំងនេះ សុទ្ធតែបានមកពីការតស៊ូប្រឹងប្រែងដណ្តើមប្រជែង ដោយ បុណ្យកុសល ដោយការងារ, ជនណាប្រយុទ្ធឈ្នះគេ ជននោះបានធ្វើការច្រើន ឬ ធ្វើបុណ្យកុសល ច្រើន ក៏បានទទួលមុខតំណែងខ្ពង់ខ្ពស់ ជនណាប្រយុទ្ធចាញ់គេ ក៏បានធ្វើការតិចជាងគេ បានទទួល តំណែងការងារ ក៏តូចទាបជាងគេដែរ ។

ព្រះសម្មាសម្ពុទ្ធបរមគ្រូ ព្រះអង្គទ្រង់យល់ឃើញថា ជីវិតជាគូតស៊ូទាំងលោកនេះ និងលោក ខាងមុខ ដូច្នេះហើយ បានជាព្រះអង្គទ្រង់សម្តែងបង្ហាញនូវសម្បទាបរលោក ៤យ៉ាងទៀត ។

សម្បទាបរលោក ៤ យ៉ាងនោះគឺ៖

១- សទ្ធាសម្បទា ដល់ព្រមដោយការជឿ, គឺការបណ្តុះជំនឿឱ្យមានក្នុងខ្លួនថា មនុស្ស លោកបានទទួលមុខតំណែងការខ្ពស់ទាបជាងគ្នា ឬមានភ័ព្វវាសនាច្រើនតិចជាងគ្នា មកពីកម្មគឺការងារ ច្រើនតិចជាគ្នា មិនមកពីជំនួយរបស់ទេវតា តែថា ទេវតាតែងតែជួយសង្រ្គោះមនុស្សអ្នកមានការតស៊ូ អ្នកធ្វើការដោយសុចរិតយុត្តធម៌នោះឯង ។

២- សីលសម្បទា ដល់ព្រមដោយការបំពេញកុសល, គឺធ្វើខ្លួនឱ្យមានចរិយាមារយាទល្អ វៀរចាកការជិះជាន់បៀតបៀនជីវិតអ្នកដទៃ ដោយប្រើកម្លាំងណាមួយ មានកម្លាំងយសស័ក្តិ ឬ ទ្រព្យ សម្បត្តិជាដើម ។

៣- ចាគសម្បទា ដល់ព្រមដោយការបរិច្ចាគ បានដល់ការបំពេញទាន ចំណាយធនធាន លះបង់នូវមច្ឆរិយៈឱ្យអស់ពីខន្ធសន្តានចាយទ្រព្យសម្បត្តិ កសាងសង្គ្រោះដូចជា បូជាទេយ្យវត្ថុ ចំពោះ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះសង្ឃ ឬព្រះរស់ពោលគឺមាតាបិតា សាងបុណ្យកុសលសង្រ្គោះអ្នកកំសត់ ទុគ៌ត មិនបណ្តោយខ្លួនឱ្យធ្លាក់ចុះទៅក្នុងមច្ឆិរិយៈធម៌ កំណាញ់ក្រៅតម្រា ហើយមើលតែនឹងភ្នែកនោះ ទេ គឺជាអ្នកមានមេត្តា ករុណា អាណិតអាសូរចំពោះសត្វដោយពិតៗ អស់ពីដួងចិត្ត ។

៤- បញ្ញាសម្បទា ដល់ព្រមដោយការត្រិះរិះ គឺថាចេះពិចារណារកហេតុផលខុស ឬត្រូវ ស្តាប់ច្រើន គិតច្រើន ភាវនាធម៌ដែលត្រូវភាវនា មានកម្មដ្ឋាន និង វិបស្សនាជាដើម ។ បញ្ញាការត្រិះរិះ ពិចារណានេះ មានពីរយ៉ាងគឺៈ លោកយប្បញ្ញា១, លោកុត្តរប្បញ្ញា១, បញ្ញារបស់មនុស្ស ដែលជាប់ ទាក់ទងដោយកិលេស មិនអាចដោះស្រាយបញ្ហាក្នុងការកើតស្លាប់នៅក្នុងលោក ឬគ្រាន់តែមានវឌ្ឍន ធម៌ក្នុងលោកបាន ហៅថា លោកិយប្បញ្ញា ។

បញ្ញារបស់មនុស្សជាន់ខ្ពស់ គឺព្រះអរហន្តខីណាស្រព ដែលអស់កិលេសាសវៈ មិនជាប់ជំពាក់ នៅក្នុងលោកនេះ គឺជាបញ្ញារើខ្លួនចេញចាកលោក អាចដោះស្រាយបញ្ហាកើតស្លាប់ ក្នុងលោកបាន ប៉ុណ្ណេះជាដើម ហៅថា លោកុត្តរប្បញ្ញា ?

ការប្រកួតប្រណាំង ដើម្បីរស់នៅក្នុងបច្ចុប្បន្ន ដោយការសិក្សាចំណេះវិជ្ជា ដោយការស្វែងរក ទ្រព្យសម្បត្តិជាដើម គូប្រកួតប្រណាំងទាំងនោះ ត្រូវជៀសវាងឱ្យផុត ពីការជិះជាន់សង្កត់សង្កិនអ្នក ដទៃហើយបានរស់នៅដោយថ្លៃថ្នូរ គឺប្រឹងប្រែងធ្វើការងារដោយខ្លួនឯង ឱ្យអស់ពីកម្លាំងកាយ កម្លាំង- ចិត្ត និង កម្លាំងប្រាជ្ញាយ៉ាងណា ការប្រកួតប្រណាំង ដើម្បីរស់នៅក្នុងបរលោក ដោយបំពេញបុណ្យ កុសល ក៏ត្រូវកសាងបុណ្យកុសលជាអំពើល្អ ជាសភាពបរិសុទ្ធ នឹងមានសុគតិប្រព្រឹត្តទៅក្នុងខាងមុខ។ ដូច្នេះ បុណ្យកុសលនេះ បើអ្នកណាមិនធ្វើ ខ្លួនអញត្រូវធ្វើ បើគេធ្វើដោយយឹតយូរ អញត្រូវធ្វើឱ្យបាន រហ័ស ធ្វើឱ្យបានមុនគេ ធ្វើដោយមិនចាំបាច់មានដឹកនាំ ធ្វើដោយពេញចិត្ត ធ្វើដោយការឈ្លាសវៃ ដោយអាងយកច្បាប់ព្រះពុទ្ធសាសនា មកជាគោលមតិ ។ ការធ្វើបុណ្យកុសលជាអំពើសម្រេចពីចិត្ត មានចិត្តជាសភាពផ្តួចផ្ដើម មានចិត្តជាសភាពពត់រំលីងឱ្យថ្លាស្អាត ចិត្តស្អាត ចិត្តភ្លឺស្វាង ប្រាសចាក មន្ទិលការសៅហ្មង ជាចិត្តគួរដល់បុណ្យកុសលដោយពិត ។

អ្នកធ្វើបុណ្យកុសល ត្រូវសំរិតសំរាំងចិត្តទៅលើបុណ្យកុសល មិនគប្បីសំរាំងនៅក្នុងកេរ្តិ៍ឈ្មោះ នៅក្នុងការអួតអាង នៅក្នុងការយកមុខមាត់ ព្រោះថាសេចក្តីល្អ ដែលខ្លួនធ្វើហើយនោះ វាមិនមានគេ ដឹងឮក៏ខ្លួនយើងបានដឹងដោយខ្លួនយើងជាប្រាកដ ទោះជាមិនមានអ្នកណាប្រោសប្រាណ ក៏ព្រះពុទ្ធ អង្គណាមួយ ព្រះអង្គនឹងប្រោសប្រាណជាមិនខាន ។ កាលបើអ្នកធ្វើបុណ្យកុសល ក្នុងឧត្តមគតិ ដូចពោលមកនេះ អ្នកនឹងបានភប់ប្រសព្វ វាសនាខ្ពង់ខ្ពស់ ក្នុងអនាគតជាតិជាមិនខានឡើយ ។

រួមសេចក្តីឱ្យឃើញច្បស់តាមការធ្វើអត្ថាធិប្បាយមកនេះ ឃើញថា បើយើងពិតជាស្រឡាញ់ខ្លួន របស់ខ្លួន ត្រូវតែមានការតស៊ូប្រឹងប្រែងនឹងឧបសគ្គគ្រប់យ៉ាងដោយពិត ។ ការតស៊ូនេះ មិនមានអ្វីឱ្យ ប្លែកទេ គឺមានតែការតស៊ូដើម្បីខ្លួន គ្រួសារ ប្រទេសជាតិតែប៉ុណ្ណោះ ។ ហេតុនេះហើយ បានជាលោក អ្នកប្រាជ្ញរាជបណ្ឌិត បានចារឹកទុកមកថា នត្ថិ អត្តសមំ បេមំ សេចក្តីស្រឡាញ់ស្មើដោយខ្លួន មិនមាន ។

ធម្មទេសនាដែលបានសំដែងមកប៉ុណ្ណេះ ក៏ល្មមសមគួរនឹងបញ្ចប់ តែមុននឹងបញ្ចប់ ខ្ញុំព្រះករុណា សូមលើកយកកុសលបុញ្ញរាសី ដែលកើតឡើងក្នុងឱកាសពេលនេះ ជាព្រះរាជកុសលថ្វាយចំពោះ សម្តេចព្រះសង្ឃរាជទាំងពីរព្រះអង្គ សូមព្រះអង្គបានប្រកបដោយបរមសុខគ្រប់ប្រការ និងមាន ព្រះជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់នៃពួកពុទ្ធបរិស័ទទូទៅទាំងបព្វជិត និងគ្រហស្ថ ។

ជាពិសេស សូមថ្វាយព្រះរាជកុសលនេះ ចំពោះសម្តេចព្រះមហាក្សត្រីយានី និង សម្តេច ព្រះប្រមុខរដ្ឋ សូមព្រះអង្គទ្រង់គង់នៅជាសុខកេ្សមក្សាន្ត ក្នុងសិរីរាជសម្បត្តិ កុំបីមានសត្រូវឯណាមក បៀតបៀនព្រះអង្គបានឡើយ និងសូមព្រះអង្គប្រកបដោយព្រះជន្មវស្សាយឺនយូរ ដើម្បីជាម្លប់ជ្រកកោន នៃប្រជាពលរដ្ឋទូទៅទាំងសកលកម្ពុជា ។ សូមជូនកុសលបុញ្ញរាសីនេះ ចំពោះនាហ្មឺនសព្វមុខមន្រ្តី កវីបណ្ឌិត អស់លោកជាពុទ្ធសាសនិកជនទូទៅទាំងសកលកម្ពុជាប្រទេស ឱ្យមានជោគជ័យសិរី សុភមង្គលវិបុលសុខ ព្រមទាំងប្រកបដោយពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។

អយំ ធម្មទេសនា និដ្ឋិតា ធម៌ទេសនា សន្មតថាចប់តែប៉ុណ្ណេះ ឯវំ ។៚

ចប់

វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃ២៣ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 6, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).