សូមពិចារណា

Average Rating: No ratings yet


សូមពិចារណា

ចំណង់ចង់បានសុខសាន្តមានភព្វខំរក្សាទ្រព្យពុំធ្លាប់គិតថា
ចំណេះដឹងនិងសតិបញ្ញាជាអ្នករក្សាឱ្យសុខស្ងប់ពិត។
គួរយកដើមឈើធ្វើជាតួយ៉ាងជាគ្រឿងសំអាងទុកដាស់តឿនចិត្ត
ដើមឈើទ្រាំខ្យល់ទ្រាំនឹងក្តៅពិត បាំងឱ្យញាតិមិត្តជិតត្រជាក់កាយ។
កុំសង្ឃឹមថាសង្ខារសំខាន់កុំចាប់ប្រកាន់ខន្ធធាតុទាំងឡាយ
កុំចងវេរានាំពៀរវែងឆ្ងាយកុំធំភ្លេចម្តាយអន្តរាយអស់ញាតិ។
ដុំបាយមួយចានសម្រាប់មួយថ្ងៃកេរ្តិ៍ឈ្មោះប្រពៃសម្រាប់មួយជាតិ
ឯបុណ្យកុសលផ្តល់ផលឥតឃ្លាតសម្រាប់គ្រប់ជាតិក្នុងវដ្តសង្សារ។
សូមពុទ្ធបរិស័ទតូចធំទាំងឡាយកុំបីឃ្លាតឆ្ងាយពីធម៌មេត្តា
សូមកុំធំខ្ពស់ហួសគេហ៊ានថាខុសឆ្គងម្តេចម្តាឱ្យគេហ៊ានប្រាប់។
សូមប្រុងប្រយ័ត្ននឹងពាក្យសរសើរក្រែងគេហៃអើអែបអបចាំស្តាប់
គេអាចបញ្ជោរបញ្ជូនឱ្យស្លាប់ខុសឆ្គងឥតប្រាប់ចាំចាប់កំហុស។
សូមឱ្យបាបមិត្តប្តូរចិត្តប្រិតកាយសត្រូវទាំងឡាយរសាត់ឆ្ងាយចុះ
អ្នកនៅជិតក្បែរប្រែមានសន្តោសអ្នកផងស្រីប្រុសបានសុខដោយសារ។
សូមសុខសួស្តីសិរីមង្គលចូលដល់អ្នកដែលមានចិត្តជ្រះថ្លា
គោរពស្រឡាញ់ជាតិនិងសាសនាសុខគ្រប់ប្រការរហូតតទៅ ។

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).