សុរា

Average Rating: No ratings yet


វចនានុក្រម សម្តេច ជួន ណាត

សុរា

(—រ៉ា)

( សំ. បា. ) ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។

👉មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ (ជាអ្នកមធ្យមប្រទេស) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង; . . . ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគសាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្តសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរាឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ (ជាមេរ័យ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត។

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).