សាមគ្គីកថា
ភិក្ខុ យឹម – សំអឿន វត្តលង្កា ភ្នំពេញ
ព.ស.២៥០៩ គ.ស.១៩៦៦
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
សូមនមស្ការ ចំពោះព្រះភគវាមុនី អរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ (ព្រមទាំងព្រះធម៌ និង ព្រះសង្ឃ ដោយសេចក្តីគោរព) ។
វេលានេះ, អាត្មាភាពសូមដកស្រង់យកពុទ្ធភាសិតថាៈ
“សុខា សង្ឃស្ស សាមគ្គី” ប្រែថាៈ “សេចក្តីព្រមព្រៀងគ្នារវាងពួកក្រុម នាំឱ្យកើតសន្តិសុខ (ក្នុងលោក) ” ដែលមានសម្តែងជាធម្មាធិដ្ឋាន ក្នុង “ឱវាទប្បាតិមោក្ខ” ជាធម្មស្សវនាការ ដូចត ទៅនេះ៖
ពាក្យថា “សាមគ្គី” ប្រែថា សេចក្តីព្រមព្រៀងគ្នា មានចិត្តត្រង់នឹងគ្នា, មានករណីយកិច្ចត្រូវគ្នា, មិនបែកចិត្តពីគ្នា, មានមេត្រីចិត្តរលាយគ្នាទៅវិញទៅមកដូចទឹកនិងទឹក, មិនប្រកួតប្រកាន់, មិនចងគំនុំ នឹងគ្នា ។
មនុស្សមានចំនូន ២-៣ នាក់ ឡើងទៅ ហៅថាៈ “គណៈ” ។ បើតាមព្រះវិន័យ ដែលហៅថា “សង្ឃ” នោះ សំដៅយកពួកបព្វជិត ប្រែថា ពួកឬក្រុមរបស់ប្រជាជនទួទៅ ។ ពួកជនដែលទាក់ទង គ្នាដោយត្រកូល ដោយអាជីវៈ (ការចិញ្ចឹមជីវិត)ក្តី, ដោយកិច្ចត្រូវគ្នាក្តី, ដោយជាតិសាសន៍ជាមួយគ្នាក្តី, ដោយសាសនាត្រួវគ្នាក្តី, កាលបើមានសាមគ្គី គឺសេចក្តីព្រមព្រៀងគ្នាយ៉ាងនេះ រមែងជាកម្លាំងធំបំផុត របស់ពួកក្រុម ឬប្រទេសនីមួយៗ ។
ការស្រុះស្រួលគ្នា រាក់ទាក់ចំពោះគ្នាទៅវិញទៅមក ជាងគ្នាជាមិត្រសម្លាញ់ ជាបក្សពួកដោយ សាមគ្គីធម៌ ដែលមិនបែកប្រះឆារវាងគ្នានិងគ្នា រមែងបានទទួលលទ្ធផលប្រសើរ គឺសេចក្តីសុខ-ចម្រើន រុងរឿងជាអចិន្រ្តៃយ៍ ព្រោះហេតុនោះ យើងអ្នកប្រាថ្នាសេចក្តីចម្រើន គួរតែរកឧបាយបង្កើត “សាមគ្គីធម៌” ឱ្យកើតឡើង ។
សាមគ្គីធម៌នេះ មិនមែនកើតឡើងដោយឯកឯងទេ ត្រូវតែរកឧបាយបង្កើត ទើបកើតឡើងបាន។
ឯឧបាយដើម្បីបង្កើត “សាមគ្គី” នោះមានដូចតទៅ៖
១- ប្រជុំគ្នារឿយៗ តាមកាលបរិច្ឆេទ ដើម្បីពិគ្រោះរកប្រយោជន៍ ។
២- ចូលទៅកាន់ទីប្រជុំ ទាំងលើកលែងទីប្រជុំត្រូវមានសាមគ្គី ។
៣- មិនត្រូវយករឿងដទៃក្រៅអំពីរបៀបវារៈមកនិយាយទេ ។
៤- ត្រូវគោរពស្តាប់គ្នា ក្នុងការពិគ្រោះកិច្ចការណាមួយ ។
៥- និយាយការណាមួយ គប្បីវៀរចាកអគតិធម៌ ។
៦- ត្រូវរកឧបាយនិយាយឱ្យមានសាមគ្គីធម៌រឿយៗ ។
៧- ត្រូវតាំងខ្លួនគ្រប់ៗគ្នា ក្នុងសច្ចធម៌ ទាំងគោរពស្តាប់ប្រធាន ។
៨- ត្រូវនិយាយដោយពាក្យទន់ភ្លន់ផ្អែមល្ហែម ទាំងប្រកបដោយសារប្រយោជន៍ ។
សាមគ្គីមាន ៣ យ៉ាងគឺ៖
១- កាយសាមគ្គី = សេចក្តីព្រមព្រៀងគ្នាដោយកាយគឺ កិច្ចដែលកើតឡើងក្នុងពួករបស់ខ្លួន ត្រូវតែជួយខ្នះខ្នែងដោយកម្លាំងកាយអបស្ទបព្រួតគ្នាធ្វើ ដើម្បីញ៉ាំងកិច្ចការនោះៗ ឱ្យឆាប់សម្រេច ដូចបំណង ។ ម្យ៉ាងទៀតការប្រព្រឹត្តខ្លួន ឱ្យមានសណ្តាប់ធ្នាប់ល្អដោយកាយ ដែលមានរបៀបរៀបរយ ដូចគ្នា ហៅថា “កាយសាមគ្គី” ។
២- វចីសាមគ្គី = សេចក្តីព្រមព្រៀងគ្នាដោយពាក្យសំដីគឺ ហេតុការរឿងរ៉ាវ ឬ កម្មវីធីណាមួយ ដែលត្រូវនិយាយត្រូវចាត់ឬមិនត្រូវ ក៏ត្រូវតែសន្មតឱ្យមានរបៀបលក្ខណៈដូចគ្នាឈ្មោះថា “វចីសាមគ្គី”។
៣- ចិត្តសាមគ្គី = សេចក្តីព្រមព្រៀងគ្នាដោយចិត្ត គឺមានចិត្តជាទីតាំង មានចិត្តប៉ុនប៉ង ចំពោះប្រយោជន៍រួម មានចិត្តស្លួតត្រង់ មិនវៀចវេរពីគ្នា ចេះស្រឡាញ់សេចក្តីសុខ-ចម្រើនរបស់ខ្លួន និងពួកគណៈមិនក្បត់នឹងគ្នា ឈ្មោះថា “ចិត្តសាមគ្គី” ។
ការព្រមព្រៀងគ្នាដោយចិត្តនេះ ជាហេតុមួយជួយបំពេញដល់កាយនិងវាចា ឱ្យមានសាមគ្គីប្រកប ដោយកម្លាំងក្លៀវក្លាឡើង ។
ក៏សាមគ្គីទាំង៣នេះឯងហើយ ដែលចាត់ជាពន្លឺមួយសម្រាប់ទ្រោលបំភ្លឺ ឬចាត់ជាកញ្ចប់ជាស្ថាពរ ។
សាមគ្គីធម៌នេះ បរិបូណ៌ក្នុងទីណាហើយ ទីនោះប្រាកដជាមានសុខសន្តិភាព និងវឌ្ឍនភាព មិនខានឡើយ ។
ករណីយកិច្ចធំៗ ដូចជា ការកសាងព្រះវិហារ, សាលា, អាគារសិក្សា, មហាគ្រឹះស្ថានជាដើម កាលបើប្រជាជនមានសាមគ្គីធម៌ពេញបរិបូណ៌ហើយ ទៀងតែនឹងញ៉ាំងករណីយកិច្ចនោះៗ ឱ្យបាន សម្រេចយ៉ាងឆាប់រហ័សជាប្រាកដ ។ ម្យ៉ាងទៀត សាមគ្គីធម៌នេះចាត់ជាកម្លាំងដ៏ធំ អាចការពារ ឧបស័គ្គគ្រោះថ្នាក់បាន ភយន្តរាយមិនឱ្យសត្រូវចូលមកបៀតបៀនបានឡើយ ។ ឧទាហរណ៍ ដូចជា៖
-សត្វកណ្តៀរមាឌតូចៗ ប៉ុន្តែវាមានការប្រឹងប្រែងមិនឈប់នាំគ្នាជញ្ជូនដី ពូនជាដំបូកមានកំពស់ ពីរបី ជំហរមនុស្ស សម្រាប់ជ្រកកោនពួនសម្ងំរបស់វាបាន ។
-ឆ្កែព្រៃមានមាឌតូចៗ ជាងឆ្កែស្រុកសោះ ប៉ុន្តែវាមានសាមគ្គីនឹងគ្នា បង្កើតជាកម្លាំងមួយ អាចហ៊ានចោមរោមខាំខ្លា រាជសីហ៍ ដែលជាម្រឹគធំៗ ដ៏មានអំណាចកាចសាហាវក្រៃលែងយកទៅស៊ីបាន ។
ព្រះបរមសម្ពុទ្ធជាម្ចាស់ ទ្រង់ឧស្សាហ៍សម្តែងអំពីសាមគ្គីធម៌នេះ ចំពោះពុទ្ធបរិស័ទជាញឹកញយ ណាស់ ទ្រង់សរសើរសាមគ្គីរសថាជាកិច្ចត្រូវបំពេញ ព្រមទាំងអានិសង្សនៃសាមគ្គីធម៌ ដោយអនេក បរិយាយព្រោះហេតុថា សាមគ្គីនេះ ជាគុណជាតិប្រសើរបំផុត ក្នុងការស្វែងរកសន្តិសុខ ដើម្បីប្រទេស ជាតិ សាសនា របស់ខ្លួន ។ សាមគ្គីនេះទុកដូចជា ស្នេហ៍មុខនៃសន្តិសុខ និង វឌ្ឍនធម៌ ។
ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ទ្រង់មិនដែលសម្តែងសរសើរ អំពីការបំបែកបំបាក់សាមគ្គីថាជាហេតុផ្តល់នូវ សន្តិភាព និង វឌ្ឍនភាពសោះឡើយ ។ មានតែទ្រង់សម្តែងបំភ្លឺចំពោះពុទ្ធបរិស័ទ ឱ្យប្រយ័ត្នមិនឱ្យបែក សាមគ្គីជារឿយៗណាស់, ព្រោះការបែកបាក់សាមគ្គី ជាហេតុមួយនាំឱ្យជាតិសាសនារបស់ប្រទេស នីមួយៗ អន្តរាយវិនាសទៅជាប្រាកដ ។
ការបំបែកសាមគ្គីលោកពោលថា ជាទោសធំបំផុត ។ បណ្តាទោសទាំងអស់, ការញុះញង់បំបែក សាមគ្គី ត្រូវទទួលទោសកំហុសយ៉ាងធ្ងន់ជាងទោសឯទៀតៗ ។ ដូចយ៉ាងទោសអនន្តរិយកម្មទាំង៥ លោកយកទោស “សង្ឃភេទ” (ការបំបែកពួកក្រុម) ថាជាទោសធំបំផុត ។ សមដូចជាពុទ្ធភាសិត ក្នុងគម្ពីរចុល្លវគ្គ វិនយបិដកត្រង់ សង្ឃភេទក្ខន្ធកៈ ថាៈ
“អាបាយិកោ នេរយិកោ កប្បដ្ឋោ សង្ឃភេទកោ វគ្គរតោ អធម្មដ្ឋោ
យោគក្ខេមា បសំសតិ សង្សំ សាមគ្គំ ភិន្ទិត្វា កប្បំ និរយម្ហិ បច្ចតិ” ។
ប្រែថាៈ “ភិក្ខុអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួកមិនតម្កល់ទៅក្នុងធម៌ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរកតាំងនៅអស់មួយកប្ប រមែងឃ្លាតចាកធម៌ជាគ្រឿងកេ្សមចាកយោគៈ ។ ភិក្ខុអ្នក បំបែកសង្ឃ ដែលកំពុងតែមានសេចក្តីព្រមព្រៀងគ្នា រមែងឆេះនៅក្នុងនរកអស់មួយកប្ប” ។
សេចក្តីអធិប្បាយបញ្ជាក់ថា ប្រទេសទាំងឡាយនៅលើផែនដី សុទ្ធតែមានច្បាប់សម្រាប់ការពារ សន្តិសុខ រវាងជនរួមជាតិនិងជនរួមជាតិ ។
ក្នុងខណៈដែលពួកជនកំពុងមានការស្រុះស្រួលគ្នា នាំគ្នាស្រឡាញ់ប្រទេសជាតិ សាសនា ព្រះមហាក្សត្ររបស់ខ្លួន, រួបរួមគ្នារស់នៅក្រោមច្បាប់សម្រាប់ជាតិខ្លួន, ហើយប្រសិនបើមានជនណា មួយថ្លស់គំនិត គិតប្រទូសរ៉ាយបំបះបំបោរបំបែកសាមគ្គីជាតិឯង ។ បង្ករអសន្តិសុខ ធ្វើឱ្យប្រទេសជាតិ អាប់កិត្តិយស រលត់រស្មីទទួលបរាជ័យ ដោយសារខ្លួនដែលមានចំនួនមួយក្តាប់ ជននោះនឹងត្រូវទទួល ទោសយ៉ាងធ្ងន់ នៅក្នុងលោកបច្ចុប្បន្ននិងលោកខាងមុខ ជាពិសេសប្រទេសជាតិរបស់ជននោះ នឹងត្រូវទទួលសេចក្តីលំបាកយ៉ាងចម្លែក គឺត្រូវគេប្រមាថជ្រៀតជ្រែកហែកហួរ អំពីប្រទេសដទៃព្រោះ តែការបែកសាមគ្គីនេះឯង ។
ឯការបំបែកបំបាក់ បង្កើតអសន្តិសុខ ធ្វើឱ្យអន្តរាយដល់សាមគ្គីធម៌នេះ កើតឡើងដោយសារ ហេតុច្រើនប្រការគឺៈ ដោយសារឧបក្កិលេស, ដោយសារអគតិធម៌, និងដោយសារទិដ្ឋិជាដើម ។
ហេតុទី១ បានដល់៖
ឧបក្កិលេស១៦ យ៉ាងគឺៈ
១- អភជ្ឈាវិសមលោភៈ សេចក្តីលោភ ចង់បានហួសហេតុ បំពារបំពានរំលោភចង់ បានតែរបស់គេ ។
២- ទោសៈ ប្រទូស្តឬបៀតបៀនគេ ។
៣- កោធៈ ក្រោធខឹង, ធ្វើទុក្ខបុកម្នេញគេ ។
៤- ឧបនាហៈ ចងគំនុំ ឬ ចងក្រោធទុក ។
៥- មក្ខៈ លុបគុណ ឬ វេរឃ្នេ័គុណគេ ។
៦- បលាសៈ វាយឫកស្មើ, លើកតំកើងខ្លួន ។
៧- ឥស្សា ឫស្យាច្រណែនឈ្នានីសគេ ។
៨- មច្ឆរិយៈ កំណាញ់ស្វិតស្វាញ ។
៩- មាយា មានពុតត្បុតអាក្រក់ ឬបិទបាំងទោសខ្លួនហើយទម្លាក់ទៅលើអ្នកដទៃ ។
១០- សាថេយ្យ អួតអាង, អែបបន្លំខ្លួន ។
១១- ថម្ភៈ កោងកាចព្រហើន, ចចេសមុខរឹង ។
១២- សារម្ភៈ អួតថាគ្រាន់, ដណ្តើមពូកែតែឯង ។
១៣- មានៈ ប្រកាន់ខ្លួន, ឆ្មើងកន្រ្ទើង ។
១៤- អតិមានៈ មើលងាយគេ, ប្រមាថបៀតបៀនគេ ។
១៥- មទៈ ស្រវឹងឈ្លក់ ក្នុងលាភ, យស, សុខ, សរសើរ ។
១៦- បមាទៈ ធ្វេសប្រហែស, ភ្លេចស្មារតី ។
ហេតុទី២ បានដល់៖
អគតិធម៌ ៤ យ៉ាងគឺ
១- ឆន្ទាគតិ សេចក្តីលំអៀង ឬយល់មុខព្រោះស្រឡាញ់ ។
២-ទោសាគតិ សេចក្តីលំអៀង ឬ ផ្តន្ទាទោសព្រោះស្អប់ ។
៣- មោហាគតិ សេចក្តីលំអៀង ឬកិកកុកព្រោះល្ងង់ ។
៤- ភយាគតិ សេចក្តីលំអៀង ឬរណេបរណើបអែបអបព្រោះខ្លាច ។
ហេតុទី៣បានដល់៖
ទិដ្ឋិ ឬសត្រូវធំពីរយ៉ាងគឺៈ
១- ឧច្ឆេទទិដ្ឋិ លទ្ធិមិនជឿឋានសួគ៌-នរក, មិនជឿបុណ្យ-បាប ។
២- អត្តទិដ្ឋិ លទិ្ធគិតតែប្រយោជន៍ខ្លួន, ជាតិខ្លួន, មិនគិតប្រយោជន៍គេ, ជាតិគេ ។
ធម៌ដ៏លាមកប៉ុណ្ណេះជាដើម សុទ្ធតែឆ្នួនបំបែកសាមគ្គី, ជាមេបំផ្លាញសាមគ្គី ឱ្យអន្តរាយ សាបសូន្យទៅ ។ ដូច្នេះ, គួរសាធុជនចៀសវាងឱ្យស្រឡះ កុំបណ្តោយឱ្យធម៌ដ៏ទន់ ខ្សោយចូលមក ដឹកនាំខ្លួនយើងគប្បីយើងប្រើឧបាយប្រាជ្ញា ដឹកនាំញាំញីធម៌ទន់ខ្សោយនេះវិញ ទើបអាចបណ្តុះសាមគ្គី រវាងសាសនិក ឬ មនុស្សជាតិគ្នាឱ្យកើតឡើងបានរួច ហើយគប្បីខ្នះខ្នែងស្វែងរកធម៌ ដែលនាំឱ្យកើត សាមគ្គី, រកឧបាយផ្សះផ្សានូវការបាក់បែកប្រេះឆា ឱ្យជាប់ដិតស្និទិ្ធឡើងវិញ ។
សាមគ្គីនឹងកើតឡើងបាន ឬ សូម្បីប្រេះឆាទៅហើយ នឹងផ្សារតឱ្យជាប់វិញបាន នោះដោយ អាស្រ័យធម៌ច្រើនប្រការគឺ សង្គហធម៌និងសារាណីយធម៌ជាដើម ។
សង្គហធម៌៤យ៉ាងគឺៈ
១- ទានៈ ការឱ្យទេយ្យវត្ថុ ឬ ចែករំលែកអានុភាព និងសមត្ថភាពតាមការគួរ ។
២- បេយ្យវជ្ជៈ ការពោលវាចាគួរឱ្យចង់ឮ ចង់ស្តាប់ ឬឧស្សាហ៍រាក់ទាក់ដោយពាក្យពីរោះ ចំពោះជនទួទៅមិនរើសមុខ ។ ឧស្សាហ៍រំលឹកដាស់តឿនប្រាប់ប្រយោជន៍ ច្បាប់ទម្លាប់និងសេចក្តី ខុសត្រូវ ។
៣- អត្ថចរិយា ការប្រព្រឹត្តិអំពើជាប្រយោជន៍ ដល់គ្នានឹងគ្នា ឬ ប្រយោជន៍ឱ្យកើតឡើង ដល់ខ្លួនព្រមទាំងអ្នកដទៃ ។
៤- សមានត្តតា ការតាំងខ្លួនស្មើៗ មិនរឹងត្អឹង មិនប្រកាន់ខ្លួនដោយជាតិ, ត្រកូល, យសស័ក្តិ និងទ្រព្យសម្បត្តិ ។
សារណីយធម៌៦យ៉ាងគឺ៖
១- មេត្តាកាយកម្ម ការងារដែលត្រូវធ្វើតាមផ្លួវការសុទ្ធតែប្រកបដោយមេត្តា ឬ មេត្រីចិត្ត ដល់គ្នានិងគ្នា ។
២- មេត្តាវចីកម្ម កិច្ចការដែលត្រូវចាត់ចែងដោយសំដី សុទ្ធតែប្រកបដោយមេត្តា ។
៣- មេត្តាមនោកម្ម អំពើដែលធ្វើក្នុងចិត្ត សុទ្ធតែប្រកបដោយមេត្តា ។
៤- លាភៈ ការចែករំលែក លាភៈ, យស, សុខ, សរសើរដល់គ្នា ។
៥- សីលៈ ដំណើរមានសណ្តាប់ធ្នាប់ល្អ មានរបៀបបែបបទនិងសេចក្តីប្រព្រឹត្តិត្រូវគ្នា ។
៦- ទិដ្ឋិ សេចក្តីយល់ឃើញត្រូវ, ចុះសម្រុងគ្នា ឬ លទ្ធិត្រូវគ្នា ។
ធម៌ដ៏ឧត្តមប៉ុណ្ណេះជាដើម សុទ្ធតែជាមេ ឬជាបច្ច័យឱ្យកើតសាមគ្គីទាំងជាគ្រឿងផ្សាសាមគ្គី ដែលប្រេះឆាឱ្យជាប់មាំវិញបាន ។ កាលបើស្វែងរកមេ ឬធម៌ជាបច្ច័យឱ្យកើតសាមគ្គី ឬ ធម៌ជាគ្រឿង ផ្សាសាមគ្គីឱ្យកើតឡើងបានហើយ គួរតែស្វែងរកចំណីអាហារ ជាគ្រឿងថែរក្សាសាមគ្គីឱ្យមានជីវិត ជាសកម្មតទៅទៀត ។
ឯធម៌ជាចំណីអាហារ សម្រាប់ចិញ្ចឹមឃុំគ្រងរក្សាសាមគ្គីឱ្យមានជីវិតលូតលាស់ឡើង ដែល ហៅថា “សាមគ្គីរុក្ខ”
នោះមាន៦យ៉ាងគឺៈ
១- វិរិយៈ សេចក្តីព្យាយាមក្លៀវក្លា ។
២- ខន្តី សេចក្តីអត់ធន់ ឬ តស៊ូអត់ធ្មត់ចំពោះការងារ ។
៣- សច្ចៈ សេចក្តីស្មោះត្រង់ដល់គ្នា, មិនក្បត់ចិត្តគ្នា ។
៤- អធិដ្ឋាន សេចក្តីខ្ជាប់ខ្ជួនដោយឧបាយបញ្ញា ។
៥- មេត្តា សេចក្តីរាប់អានគ្នា ដោយស្និទ្ធិស្នាល ។
៦- បរិច្ចាគៈ ការចែករំលែកដោយសង្រ្គោះ ឬ ដោយបូជាគុណ ។
សាមគ្គីរក្សាទាំង៦យ៉ាងនេះ ទុកដូចជាចំណីអាហារសម្រាប់បំប៉នសាមគ្គី ឱ្យរីកធាត់ធំ មាន កម្លាំង, ពុំនោះទុកដូចជាជីរជាតិសម្រាប់ស្រោចស្រង់ប្រស់ព្រំសាមគ្គី ដែលទើបនឹងដុះដាល ឱ្យលូត លាស់ ឱ្យរីកចម្រើនឡើង ។
ក៏សាមគ្គីនោះឯង បើប្រាសចាកធម៌ទាំងនេះហើយ ក៏រមែងរលត់រលាយ ក្លាយជាស្វិតស្រពោន ទៅ ឬក៏បែកបាក់រលាយបាត់ទៅ ដោយឆាប់រហ័សពុំខាន ។ ព្រោះហេតុ នោះសាធុជនអ្នកមាន បំណងល្អចំពោះសាសនា, ប្រទេសជាតិ និងចំពោះលោកទាំងមូល ចង់ឱ្យបានសន្តិភាព និងវឌ្ឍនភាព ដូចបានរៀបរាប់មកជាសង្ខេប ទើបសាមគ្គីធម៌, សីលធម៌, វឌ្ឍនធម៌ ដុះដាលលូតលាស់ឡើង ហើយចេះតែចម្រើនជាសកម្មតទៅ ។
កាលបើជាតិ សង្គមណា មានសាមគ្គីធម៌, សីលធម៌, វឌ្ឍនធម៌, និងអារ្យធម៌ លូតលាស់ហើយ អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើមទ្រង់សម្តែងថា “នឹងត្រូវទទួលនូវអានិសង្សនៃសាមគ្គីរស៧ យ៉ាង” គឺ៖
១- ទិដ្ឋធម្មេ សមគ្គានំ សុខំ ឧប្បជ្ជតិ សេចក្តីសុខរបស់ពួកជនអ្នកព្រមព្រៀងគ្នា រមែង កើតឡើងក្នុងបច្ចុប្បន្ន ។
២- ឧត្តរឹ សព្វា វុឌ្ឍិ ឧប្បជ្ជតិ វឌ្ឍនធម៌គ្រប់យ៉ាងរមែងកើតមានឡើងយ៉ាងក្រៃលែង ។
៣- ពុទ្ធាទយោ សមគ្គេ បសំសនតិ បណ្ឌិតទាំងឡាយមានព្រះពុទ្ធជាដើម រមែង សរសើរចំពោះពួកជនដែលព្រមព្រៀងគ្នា ។
៤- បរេ ជនា ន អវមញ្ញន្តិ ជនទាំងឡាយដទៃ នឹងមិនហ៊ានមើលងាយ ។
៥- សមគ្គានំ គាមេ ចោរកម្មំ ន ហោតិ ចោរកម្មក្នុងស្រុករបស់អ្នកព្រមព្រៀងគ្នា មិនមាន ។
៦- កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ កិត្តិស័ព្ទដ៏ល្អរមែងល្បីល្បាញ ។
៧- កាយស្ស ភេទា បរម្មណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ លុះបែកធ្លាយ រាងកាយទៅ បន្ទាប់ពីសេចក្តីស្លាប់ ក៏រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ។
ធម៌ទាំង៧ប្រការនេះ ទុកដូចជារង្វាន់មួយដ៏មានតម្លៃសម្រាប់ ជូនចំពោះពពួកជន ឬប្រទេស ជាតិណា ដែលមានសេចក្តីព្រមព្រៀងគ្នា ។
សមដូចជា ប្រទេសវជ្ជី នាសម័យពុទ្ធកាល ដែលមានរបៀបគ្រប់គ្រងជាសាធារណរដ្ឋ, ដោយអាស្រ័យធម៌សាមគ្គីជាហេតុ ទើបក្រុងវេសាលី ដែលជារាជធានីនៃដែននោះ ទៅជាក្រុងមួយ ដ៏រុងរឿងបំផុត មានអារ្យធម៌ល្បីល្បាញផ្សាយទៅគ្រប់ទិសទី ទាល់តែព្រះអរហំសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ប្រៀបប្រដូចទៅនឹងស្ថានសួគ៌ឈ្មោះចាតុម្មហារាជិកា ទាំងទ្រង់ព្យាករថា បើអ្នកដែនវជ្ជីនៅតែមាន សាមគ្គីប្រព្រឹត្តតាមអបរិហានីយធម៌ដូច្នេះ ដែនវជ្ជីនោះនឹងចម្រើនរុងរឿងឥតអាក់ ឥតមានប្រទេស ណាហ៊ានទៅលុកលុយ ក្នុងផ្ទៃក្នុងបានឡើយ ។
តែគួរឱ្យស្តាយជាទីបំផុត ដោយសម័យតមក អ្នកដែនវជ្ជីបែកសាមគ្គីគ្នា ទៅជាគណៈបរប័ក្ស បៀតបៀនកាប់សម្លាប់តែគ្នាឯង មិនយូរប៉ុន្មានក៏ត្រូវសហរដ្ឋមគធៈ លើកកងទ័ពចូលមកវាយ លុកទាល់តែដែនវជ្ជី រលាយរលត់រលប់ឈ្មោះបាត់ពីផែនទីលោករហូតដល់សព្វថ្ងៃ ព្រោះទោសនៃការ បែកសាមគ្គីនេះឯង ។
សម្តែងមកក្នុងពុទ្ធភាសិតថា “សុខា សង្ឃស្ស សាមគ្គី” ប្រែថា “សេចក្តីព្រមព្រៀងរវាង ពួកក្រុមនាំឱ្យកើតសន្តិសុខ (ក្នុងលោក)” ក៏សន្មតថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ។
ធម្មទេសនា តេជេន ដោយតេជះនៃធម្មទេសនានេះ សូមទេវតាទាំងមួយហ្មឺនលោកធាតុ ពិភក្តិរក្សាសម្តេចព្រះសង្ឃរាជ ដែលជាព្រះបិតាសង្ឃក្នុងកម្ពុជរដ្ឋ សូមទ្រង់ប្រកបដោយព្រះជន្មា ទីឃាយុយឺនយូរអស់រយៈព្រះវស្សា ប្រាសចាកទុក្ខសោករោគាពាធគ្រប់ជំពូក ។
ពិភក្តិរក្សាសម្តេច ព្រះមហាក្សត្រីយានីព្រះមាតាជាតិ សម្តេចព្រះប្រមុខរដ្ឋព្រះបិតាសន្តិភាពជាតិ សូមទ្រង់ប្រសិទ្ធីដោយ ចតុព្វិធពរ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ បរិបូណ៌ដោយព្រះសតិបញ្ញាក្លាហាន ឱ្យបាបលុះដល់ ឧត្តមគតិដោយមហុត្តកាល ដ៏រួសរាន់ទាន់សម័យ, ទាំងសូមពុទ្ធបរិស័ទគ្រប់ជាន់ថ្នាក់ ដែលបាន ប្រតិបត្តិតាមសាសនាវិធីរួបរួមគ្នា រស់ក្រោយអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ ឱ្យបានប្រកបដោយ សុខភាពអនាម័យដ៏ល្អ ដើម្បីជាពលរដ្ឋប្រកបកិច្ចសាសនា ក្លាហានបានមគ្គាភិសម័យសមតាម អធ្យាស្រ័យនៃវត្ថុបំណងកុំបីឃ្លៀងឃ្លាតឡើយ ឯវំ ។
ចប់
វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន ។
វត្តខេមររតនារាម, ថ្ងៃ២៥ ខែសីហា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on August 4, 2024