សរណកថា

សរណកថា

លោកអាចារ្យ នង – សាមិទ្ធ ពុទ្ធរក្ខិតោ វត្តលង្កា ក្រុងភ្នំពេញ
ព.ស.២៤៩០ គ.ស.១៩៤៧


នមត្ថុ រតនត្តយស្ស

សូមនមស្សការចំពោះព្រះរតនត្រ័យដោយសង្ខេប

សព្វន្តរាយ និវារណត្ថំ ដើម្បីការពារនូវសេចក្តីអន្តរាយគ្រប់យ៉ាង ។

តអំពីបទនមស្សការនេះទៅ នឹងសំដែងធម៌ទេសនាអំពីពាក្យថា “ទីពឹង” តាមសមគួរដល់ កាលវេលា ។
បណ្តាមនុស្សក្នុងសកលពិភពលោក ត្រូវតែមានការទីពឹងពាក់ ប្រស្រ័យជាប់ទាក់ទងគ្នាទៅវិញ ទៅមកធម្មតា គឺកូនត្រូវទីពឹងឳពុកម្តាយៗ ត្រូវទីពឹងកូន, ប្អូនប្រុសស្រី ទីពឹងបងប្រុសស្រីៗ ត្រូវទីពឹង ប្អូនប្រុសស្រី, អ្នកក្រត្រូវពីពឹងអ្នកមានៗ ត្រូវទីពឹងអ្នកក្រ, រាស្រ្តត្រូវទីពឹងនាម៉ឺនៗ ត្រូវទីពឹងរាស្រ្ត ជាដើម, ឬក៏នាម៉ឺនត្រូវទីពឹង ព្រះមហាក្សត្រ, ឯពួកសត្វត្រូវទីពឹងព្រះធម៌, សត្វក្នុងឧទរត្រូវទីពឹង ឳពុកម្តាយ ទើបរួចអំពីសេចក្តីទុក្ខ ជួបប្រទះនឹងសេចក្តីសុខក្នុងលោកនេះ និងលោកខាងមុខតាម សមគួរដល់ឋានៈ និង កាលៈទេសៈរបស់ខ្លួន ។

អធិប្បាយពាក្យថាទីពឹង

ពាក្យថា “ទីពឹង” ដែលលោកបញ្ញត្តិប្រើក្នុងភាសាខ្មែរនេះ ត្រូវនឹងពាក្យបាលីថា “សរណៈ” សំគាល់សេចក្តីថា “ទីពឹង ទីរឭក ឬម្លប់សម្រាប់ជ្រក” ។

ពាក្យ “ទីពឹង” នេះក្នុងភាសាបាលីហៅផ្លាស់ប្តូរគ្នាច្រើនសព្ទៈ ជួនកាលហៅថា “សរណៈ”, ជួនកាលហៅថា “ទីបៈ” ជួនកាលហៅថា “នាថៈ” ។ អ្នកដល់នូវទីពឹងនោះ ហៅថា “សរណង្គតោ, នាថង្គតោ, ទីបង្គតោ,” ប្រែថា“ អ្នកដល់ឬអ្នកប្រកបដោយទីពឹង” ។ ពាក្យថា “សរណៈ, នាថៈ, ទីបៈ” អម្បាលនេះ គ្រាន់តែផ្សេងគ្នា ដោយតួរអក្សរ តែសំគាល់សេចក្តីជាមួយគ្នា សំដៅត្រង់ផលប្រយោជន៍ ដែលឱ្យសម្រេចសេចក្តីសុខ កាយសប្បាយចិត្ត សមប្រកបតាមសេចក្តីប្រាថ្នាដូចគ្នា ។ ឯទីពឹងនោះ មាន ៣ យ៉ាងគឺៈ

១- អាទីសរណៈ ទីពឹងត្រង់ខាងដើម ។

២- មជេ្ឈសរណៈ ទីពឹងត្រង់កណ្តាល ។

៣- បរិយោសានសរណៈ ទីពឹងត្រង់ទីបំផុត ។

ទីពឹងត្រង់ខាងដើម មាតាបិតាទុកជាទីពឹងខាងដើមរបស់កូនប្រុសស្រីគ្រប់គ្នា ។ ធម្មតា កូនប្រុសស្រីទាំងឡាយ ត្រូវតែមានមតាបិតាជាទីពឹង ទីរឭកឬជាម្លប់សម្រាប់ជ្រក គឺបុត្រធីតា ត្រូវតែ ពឹងពាក់ប្រស្រ័យចំពោះមាតាបិតារបស់ខ្លួនជាអាទិ៍ តាំងតែពីបដិសន្ធិវិញ្ញាណ មកចាប់បដិសន្ធិក្នុងផ្ទៃ ជាដំបូងរហូតប្រសូតចាកគភ៌ ។ មាតាបិតាកាលបើដឹង ជាទារកមកជ្រកក្នុងគភ៌កាលណាហើយ ក៏ស៊ូទ្រាំទ្រពបីគភ៌នោះ បំពេញបំប៉នឱ្យមានសាច់សែ្បកឈាមសរសៃជីវិតសង្ខាររស់នៅស្រួល ។ ចំណែកខាងសាច់សែ្បកឈាម សរសៃរបស់លោក ដែលទារកជញ្ជក់ជញ្ជប់បៀមបៅ ក៏ចេះតែស្រក ស្រុតស្លុតអស់អវៈយវៈ រាល់ពេលរាល់វេលា, កម្លាំងកំហែងក៏ថមថយទុរន់ទុរាទុព្វល ហល់ហត់ល្ហិតល្ហៃ ពាបពាប់ទៅនឹងកនេ្ទល មានសេចក្តីទុក្ខក្រៀមក្រំជាំដាំ នៅក្នុងខ្លួនស្ទើរតែក្សិណក្ស័យ ជីវិតសង្ខារ ត្រាតែគ្រប់ខែ៩ ឬ ១០ ទើបប្រសូតមក ។ កាលបើប្រសូតមកក៏បានបីបាច់ ថែរក្សាបីបមថ្នមបំពេ មានបញ្ចុកទឹកក្សីរនំចំណីអាហារសព្វទិវារាត្រី នឹងមានទឹកហឫទ័យ ហូរស្រោចស្រប់ប្រស់ព្រំអប់រំ ផ្សព្វផ្សាយលើកូនប្រុស-ស្រីជានិច្ច ។ លុះកូនប្រុសស្រី មានវ័យវឌ្ឍនាការចំរើនធំឡើង បានបណ្តុះ បណ្តាលស្រោចស្រង់កូននោះ ឱ្យរួចផុតអំពីហីនភាពឡើងជាអរិយភាពតែម្យ៉ាង ទាំងប្រៀនប្រដៅកូន ឱ្យលះបាប ខិតខំធ្វើបុណ្យ ឱ្យសិក្សាវិជ្ជាការសិល្បសាស្រ្តផេ្សងៗ មានលេខនព្វន្តគុណហា និងត្បាញ រវៃដេរប៉ាក់ ចាក់គ្រីបជាដើម ។ មិនតែប៉ុណ្ណោះ ថែមទាំងរៀបចំឱ្យមានស្វាមី-ភរិយា ចែកមត៌កទ្រព្យ សម្បតិ្ត ព្រមទាំងបង្រៀនកូនប្រុស-ស្រី ឱ្យចេះគោរពបូជា ចំពោះព្រះមហារាជាធិរាជ ជាសម្មតិទេព ដ៏វិសេសឬជាសរណៈ ជាម្លប់របស់ប្រជាជាតិគ្រប់គ្នា យ៉ាងនេះហៅថា អាទិសរណៈ ប្រែថា មាតាបិតា ជាទីពឹងខាងដើមរបស់កូនបុ្រស-ស្រី ។

ទីពឹងត្រង់កណ្តាល ព្រះមហាក្សត្រគ្រប់ព្រះអង្គជាទីពឹងទីរឭក ត្រង់កណ្តាលរបស់ប្រជាជន គ្រប់គ្នា ទាំងខាងក្នុងនិងខាងក្រៅព្រះរាជនគរ ។ ធម្មតានគរមួយៗ លុះត្រាតែមានព្រះមហាក្សត្រ ជាអធិបតី ព្រះមហាក្សត្រជាបិតា ព្រះមហាក្សត្រជាសម្មតិទេព ឬ ជាសរណៈទីពឹង ទីរឭក ទើបនគរ នោះសម្បូរណ៌សប្បាយដោយវត្ថុផ្សេងៗ និងជាទីរីករាយ សប្បាយដល់ប្រជាជនគ្រប់គ្នា លឿនសស្រឹម ទៅកាន់អារ្យធម៌អស់កាលជានិច្ច ប្រាសចាកទុក្ខទោសអន្តរាយទាំងអស់ ជួបប្រទះសេចក្តីសុខចំរើន គ្រប់ប្រការ ។ ព្រោះហេតុនោះ ព្រះសាស្តាចារ្យទ្រង់សាងនគររបស់ព្រះអង្គ ឱ្យមានរបៀបរៀបរយ យ៉ាងត្រកាល មានព្រះទ័យត្រជាក់ត្រជុំដូចទឹកស្រះអនោតត្ត មានព្រះទ័យស្មោះស្ម័គ្រប្រកប ដោយទសពិធរាជធម៌សព្វគ្រប់ប្រការ ព្រះអង្គជាទីពឹង ជាទីពំនាក់ភ័ក្រ្តអាស្រ័យប្រកបដោយព្រះធម៌ សព្វគ្រប់ប្រការ ប្រកបដោយមហាករុណា ជាអ្នកសម្រេចសេចក្តីប្រាថ្នា ដល់សព្វសត្វគ្រប់ប្រាណ, ដល់ពេលជាអវសានព្រះអង្គក៏បានលះបង់ព្រះរាជបុរីដ៏ថ្លៃថ្លា ដែលបរិបូណ៍ដោយមហាសម្បតិ្ត ទ្រង់លះកាត់ព្រះរាជបុត្រ ព្រមទាំងព្រះរាជវង្សានុវង្ស និង មហាសម្បត្តិប្រកបដោយកែវ៧ប្រការ និង ស្វេច្ឆ័ត្រព្រះអង្គទ្រង់លះកាត់ដាច់អាល័យ ឥតមានសេចក្តីបា្រថា្ន យាត្រាចេញទៅសាងមហាភិនិស្រ្កម សម្ងំនៅក្នុងព្រៃស្ងាត់ ស្វែងរកមគ្គផលជាបរមត្ថមហាប្រសើរ ទ្រង់ផ្លុំបង្ហុយបង្ហើរចោលនូវលតាវល្លិ៍ ដែលដុះលូនឆ្លងប្រទាក់គ្នា គឺមិច្ឆាទិដ្ឋិ, រំលើងបង់នូវទីនៅអាស្រ័យនៃលតាវលិ្លគឺ បញ្ចកាមគុណ, កាត់បង់នូវលោភៈ ទោសៈ មោហៈ ទាំងឡាយ, ហាមបង់នូវក្រសែនៃតណ្ហា, បិទផ្លូវខុស បើកផ្លូវត្រូវ ដោះពួកប្រជាជនឱ្យរួចអំពីចំណោមនៃសេចក្តីទុក្ខ ប្រគល់សេចក្តីសុខបញ្ចូលក្នុងរដ្ឋនគររបស់ព្រះអង្គ យ៉ាងនេះហៅថា មជេ្ឈសរណ=ទីពឹងត្រង់កណ្តាល ។

ទីពឹងត្រង់ទីបំផុត បណ្តាមនុស្សទេព្តាក្នុងសកលពិភពឋាន ត្រូវមានសាសនា សម្រាប់ប្រដៅ គ្រប់ប្រាណ ដល់អវសានយើងនឹងបានសេចក្តីសុខឥតទុក្ខភ័យចង្រៃ ឧបទ្របគ្រប់ប្រការ, ត្រូវមាន សាសនាជាប្រមុខ, សាសនាជាម្លប់សម្រាប់ជ្រកបានក្នុង លោកនេះនិងលោកខាងមុខ, សាសនា ជាបន្ទាត់ សាសនាជាប្រទីបសម្រាប់ទ្រោលបំភ្លឺ សាសនាជាចង្កូតរបស់សកលរដ្ឋឬសកលលោក ។ ដូចជាយន្តទាំងឡាយ ដែលប្រកបដោយគ្រឿងទព្វសម្ភារៈផ្សេងៗ បើគ្មានចង្កូតសម្រាប់តម្រង់ទេ ក៏ មិនអាចបើកឱ្យលឿន ទៅកាន់ទីប្រាថ្នាបាន យ៉ាងណាមិញ, សកលលោកបើគ្មានសាសនា ក៏ មិនអាចលឿនទៅបាន លុះតែមានសាសនាជាចង្កូត ទើបលឿនទៅកាន់អារ្យធម៌ជានិច្ចបានដូច្នេះដែរ។
ហេតុនេះ ប្រជាជនចូរស្រឡាញ់សាសនាគ្រប់គ្នាចុះ ។ សាសនានោះមាន២យ៉ាង គឺ៖

១- ពាហិរសាសនា = សាសនាខាងក្រៅ

២- ពុទ្ធសាសនា = សាសនាព្រះពុទ្ធ ។

ក្នុងទីនេះ សូមសម្តែងតែអំពីពុទ្ធសាសនា ដែលជា សាសនាឯកក្នុងលោក ។

“ពុទ្ធ” ក្នុងទីនេះបានដល់អរិយជន១អង្គ ដែលកើតនៅក្នុងមធ្យមប្រទេស ជាខត្តិយត្រកូល អរិយជាតិ ឬថា អរិយែន ជាគោត្តមគោត្រ ។ ព្រះអង្គជាបុគ្គលអស្ចារ្យ ក្នុងលោកគ្មានអ្នកណាមួយ ប្រៀបផ្ទឹមស្មើ តា្រស់ដឹងសព្វគ្មានចន្លោះ មនុស្សសត្វទេវតា តែងគោរពបូជា កោតខ្លាច ថ្វាយព្រះនាម ថា “ព្រះពុទ្ធ” ។

ពាក្យប្រៀនប្រដៅរបស់ព្រះអង្គហៅថា “ពុទ្ធសាសនា” អ្នកប្រព្រឹត្តតាមពុទ្ធឱវាទ ហៅថា ពុទ្ធសាសនិកនិកាយ “ពួកអ្នកកាន់សាសនាព្រះពុទ្ធ” ឬ ពួកអ្នកចូលសាសនា ព្រះពុទ្ធ ។

អ្នកកាន់សាសនាព្រះពុទ្ធ ត្រូវបានប្រយោជន៍គឺសេចក្តីសុខ ក្នុងជាតិនេះនិងជាតិខាងមុខ, ប្រយោជន៍ក្នុងជាតិនេះ ត្រូវទទួលសម្បតិ្ត៣យ៉ាងគឺ បានរូបសម្បត្តិល្អ មកពីរក្សាសីល១, មានទ្រព្យ សម្បត្តិច្រើន មកពីឱ្យទាន១, មានប្រាជ្ញាច្រើន មកពីចំរើនមេត្តាភាវនា១ ។

មួយទៀតបុណ្យនិងបាបនេះ រមែងជាប់ដឹតដាមជាមួយនឹងចិត្ត សម្រេចមកអំពីចិត្ត ដល់ពេល ស្លាប់ទៅ នឹងតាមឱ្យផលក្នុងជាតិខាងមុខទៀត ដូចជាម៉ាស៊ីនសម្រាប់ថត បើម៉ាស៊ីនល្អ-អាក្រក់ រូបថតក៏ ល្អ-អាក្រក់ តាមម៉ាស៊ីននោះដែរ, ម៉ាស៊ីនទុកដូចជាតួចិត្ត ស្រមោលរូបថតទុកដូចជាតួបុណ្យ- បាប, រូបរបស់អ្នកណានៅជារបស់អ្នកនោះ មិនផ្លាស់ ប្តូរ គ្រាន់តែមួយរូបចាស់មួយរូបថ្មីប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះ តាមទៅប្រគល់សេចក្តីសុខទុក្ខ ចំរើនវិនាស អាក្រក់ល្អ តាមលំដាប់ជាតិទៀត ដូចបុរាណភាសិតថា “ដូចជាស្រមោលអន្ទោលតាមប្រាណ ពុំដែលចៀសបាន ត្រង់ក្តីសល់វល់” ។ មែនពិតស្រមោល ទោះបីគេជេរស្តីបណ្តេញបំបរ ឬលួងលោមអង្វរថា “សូមឱ្យស្រមោលឯង ត្រឡប់វិញ” ដូច្នេះ ដោយពាក្យពីរោះក្តី ពុំពីរោះក្តី ស្រមោលក៏មិនស្តាប់ ចេះតែទៅ តាមប្រាណ បើមនុស្សដេក ស្រមោលក៏ដេក បើមនុស្សដើរ ស្រមោលក៏ដើរតាម គ្រប់ឥរិយាបថ យ៉ាងណាមិញ បុណ្យនិងបាបក៏ដូច្នោះដែរ ស្រមោលទុកដូចជាបុណ្យបាប, មនុស្សដេកដើរឈរអង្គុយ ទុកដូចជា មនុស្សស្លាប់ឬនៅរស់នៅឡើយ រមែងតាមប្រគល់ឱ្យផលបុណ្យបាប ដល់មនុស្សនោះក្នុងជាតិនេះ និង ជាតិខាងមុខជានិច្ច ។ ព្រោះហេតុនោះ សាធុជនទាំងឡាយ ត្រូវនាំគ្នាខ្វល់ខ្វាយលះអំពើបាប បំពេញអំពើបុណ្យ ដើម្បីជាទីពឹងឬជានិស្ស័យបច្ច័យវាសនា របស់ខ្លួនតទៅជាតិមុខទៀត ។ នេះហៅថា បរិយោសានសរណៈ ទីពឹងត្រង់ទីបំផុត ។

មែនពិតមនុស្សក្នុងសកលពិភពលោក ត្រូតែស្វែងរកទីពឹងទាំង៣ប្រការនេះ, មុនដំបូងត្រូវ ទីពឹងឳពុកម្តាយ ទីពីរត្រូវទីពឹងព្រះមហាក្សត្រ ទីបីត្រូវទីពឹងសាសនា គឺថា ត្រូវស្រឡាញ់មាតាបិតា សាសនា មហាក្សត្ររបស់ខ្លួន ។

ឯមាតាបិតា, សាសនា មហាក្សត្រ លោកទុកជាបុព្វការី របស់ប្រជាជនគ្រប់គ្នា ព្រោះលោកមាន គុណូបការ ជាអនេកអនន្តធ្ងន់ពន់ប្រមាណណាស់ សូម្បីតែទឹកនព្វមហាសមុទ្រក្តី ផែនក្រឡាមហា ប្រថពីក្តី ក៏នឹងយកមកថ្លឹងត្រឹមស្មើនឹងគុណនោះពុំបាន ។ អ្នកណាមួយមិនគោរពប្រតិបត្តិ ស្រឡាញ់ រាប់អានមាតាបិតា សាសនា មហាក្សត្រ របស់ខ្លួនទេ អ្នកនោះគេហៅថា ស្អប់ឬក្បត់ចិត្ត ឬហៅថា អកតញ្ញូ ជាអ្នកមិនដឹងគុណនៃជាតិ ទឹកដី សាសនា មហាក្សត្រ របស់ខ្លួនដោយពិត ។ ព្រោះមាតាបិតា លោកជាអ្នកបង្កើតកូន ឬជាអ្នកសាងជាតិកំណើតឱ្យកូន, ព្រះមហាក្សត្រជាអ្នកសាងច្បាប់សម្រាប់ ប្រជាជាតិ ឯព្រះលោកនាថ ជាអ្នកប្រកាសព្រះធម៌ទុកសម្រាប់ប្រជាជនក្នុងត្រៃភព ។

សំដែងមកក្នុងសរណៈកថា សន្មត់ថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ។ ដោយអំណាច នៃធម៌ ទេសនានេះ សូមសត្វទាំងឡាយដល់នូវសេចក្តីកេ្សមក្សាន្តគ្រប់ប្រាណទៅហោង ។៚

ចប់

វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃ២២ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 4, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).