សម្តេចសង្ឃ ជួន ណាត

ជីវប្រវត្តិសម្តេចព្រះសង្ឃរាជ ជួន ណាត

សម្តេច ជួន ណាត

សម្តេចមហាសុមេធាធិបតី
សម្តេចព្រះសង្ឃរាជ គណៈមហានិកាយ
ជួន ណាត ជោតញ្ញាណោ
ព.ស. ២៤៩២ – ២៥១៣
គ.ស. ១៩៤៨ – ១៩៦៩

         ព្រះអង្គប្រសូតនៅ ថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស. ២៤២៨ (១១មីនា គ.ស. ១៨៨៤ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខែត្រកំពង់ស្ពឺ បិតា នាម ជួន មាតា នាម យក់ ។ ព្រះអង្គមានបងប្អូនប្រុស តែពីរនាក់គត់ គឺអង្គសម្តេចផ្ទាល់ និង លោកអ្នកឧកញ៉ាសោភណមន្ត្រី ជួន នុត

         មានព្រះជន្មាយុ១៥ឆ្នាំ ព្រះអង្គបានបួសជាសាមណេរ នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្មាំច ទោស័ក ព.ស. ២៤៤២ គ.ស. ១៨៩៨ នៅវត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខែត្រកណ្តាល ។

         មានព្រះជន្មាយុ១៥ឆ្នាំ ព្រះអង្គបានបួសជាសាមណេរ នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្មាំច ទោស័ក ព.ស. ២៤៤២ គ.ស. ១៨៩៨ នៅវត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខែត្រកណ្តាល ។

         មានព្រះជន្មាយុបាន ២១ឆ្នាំ ព្រះអង្គបានបំពេញឧបសម្បទា នៅថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៤៤៨ (២៨ ឧសភា គ.ស. ១៩០៤) ដែលមានព្រះពុទ្ធឃោសាចារ្យ ម៉ា កេត ជាព្រះឧបជ្ឈាយ៍ បានឱ្យនាមបញ្ញត្តិថា ជោតញ្ញាណោ ហើយ ព្រះអង្គត្រឡប់មកគង់នៅវត្តឧណ្ណាលោមវិញ ។

         ព្រះអង្គបានទទួលសមណស័ក្តិថ្នាក់ខ្ពស់ ៖

         ព.ស. ២៤៩២ គ.ស. ១៩៤៨ សម្តេចបានឡើងសមណស័ក្តិជា ព្រះមហា សុមេធាធិបតី ព្រះសង្ឃនាយក គណៈមហានិកាយ ។

         ព.ស. ២៤៩៤ គ.ស. ១៩៥០ សម្តេចបានទទួលសមណស័ក្តិ តែងតាំងជា សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក គណៈមហានិកាយ ។      

         ព.ស. ២៥០៧ គ.ស. ១៩៦៣ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ទ្រង់បានប្រោសព្រះរាជទាន ប្រគេនឋានៈជា សម្តេចព្រះសង្ឃរាជ ថ្នាក់ទី១ គណៈ មហានិកាយ ។

ព្រះរាជាភិសេក ឬ សមណុត្តមាភិសេក

         យោងតាមព្រះរាជប្រពៃណី នៃព្រះបរមរាជាវាំង កាលបើបានរៀបចំឱ្យព្រះអង្គម្ចាស់ ក្សត្រណាមួយ ជាព្រះរាជាក្តី ដោយព្រះអង្គម្ចាស់ក្សត្រីយ៍អង្គណាមួយ ជាសម្តេចព្រះរាជ អឃ៌អគ្គមហេសីក្តី ឱ្យជាសម្តេចព្រះរាជទេពីក្តី ឬ តែងតាំងព្រះសង្ឃអង្គណាមួយ ឱ្យមាន ព្រះរាជឋានន្តរស័ក្តិ ជាសម្តេចព្រះសង្ឃរាជក្តី ត្រូវរៀបចំធ្វើពិធីរាជាភិសេក អភិសេក ។ បើព្រះសង្ឃ ហៅថា សមណុត្តមាភិសេក តាមពិធីព្រាហ្មណ៍ ៖

  • ឱ្យគង់ប្រថាប់លើ ព្រះសុវណ្ណកោច្ឆ ពិសេស មុខព្រះមហាស្វេតច្ឆត្រ ។
  • ថ្វាយទឹកក្លស់ទឹកស័ង្ខ ស្រោចទឹកមង្គល ដោយព្រាហ្មណ៍
  • ថ្វាយព្រះសុវណ្ណប័ដ ដោយបញ្ជាក់ឋានៈ និង បុព្វសិទ្ធិ
  • ព្រះរាជគណៈ ឋានានុក្រម ស្វាធ្យាយជយន្តោ ។

សមណុត្តមាភិសេក
សម្តេចព្រះសង្ឃរាជ ថ្នាក់ទី១ ជួន ណាត
(ជោតញ្ញាណោ) គណៈមហានិកាយ

        ការធ្វើសមណុត្តមាភិសេក ថ្វាយសម្តេចព្រះសង្ឃរាជថ្នាក់ទី១ ជួន ណាត (ជោតញ្ញាណោ) គណៈមហានិកាយ មានពីរកន្លែង៖

         កន្លែងទី១ នៅក្នុងព្រះបរមរាជវាំង

         សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ បានស្តេចនិមន្ត ៖

         ១- សម្តេចព្រះសង្ឃរាជ ថ្នាក់ទី១ ជួន ណាត (ជោតញ្ញាណោ)
         ២- សម្តេចព្រះសង្ឃរាជ ថ្នាក់ទី២ ភុល ទេស (ឥន្ទញ្ញាណោ)

         ទៅលើព្រះទីនាំង ទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ដើម្បីធ្វើសមណុត្តមាភិសេក ជាផ្លូវការតាមព្រះរាជពិធី ដូចខាងក្រោមនេះ៖

         បើបានធ្វើសមណុត្តមាភិសេករួចហើយ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយសុវណ្ណប័ដ ដល់ព្រះសង្ឃរាជទាំងពីរព្រះអង្គ ។

         ឯសុវណ្ណប័ដ សម្តេចព្រះសង្ឃរាជថ្នាក់ទី១ ជួន ណាត (ជោតញ្ញាណោ) សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ បានចារថ្វាយជាសម្តេចព្រះសង្ឃរាជ ថ្នាក់ទី១ ជួន ណាត មានព្រះរាជបុព្វសិទ្ធិ ៥យ៉ាង៖

១- ប្រើរាជស័ព្ទ
២- ប្រើផ្លិតព្រះរាជសង្ហា
៣- ប្រើទង់ព្រះរាជសង្ហា
៤- ប្រើសុវណ្ណកោច្ឆៈ ព្រះរាជសង្ហា
៥- ប្រើរងព្រះសិរ ព្រះរាជសង្ហា

(ព្រះរាជបុព្វសិទ្ធិនេះ បានពីលោក ម៉ី យ៉ាំ)

         កាលបើព្រះរាជា ទ្រង់ប្រោសព្រះរាជទានបុព្វសិទ្ធិបែបនេះ ពុទ្ធបរិស័ទ ទោះព្រះសង្ឃក្តី គ្រហស្ថក្តី ដែលបានចូលទៅប្រាស្រ័យទាក់ទងកិច្ចការអ្វី ត្រូវប្រើពាក្យរាជស័ព្ទ ។

         បើមិនបានប្រើពាក្យរាជស័ព្ទទេ ត្រូវមានកំហុសនៅក្នុងសង្គមជាតិខ្មែរ ។

         យោងព្រះរាជក្រឹត្យ  លេខ២៣ រ.វ. ចុះថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៤០៦ ត្រូវនឹងថ្ងៃទី២៨ ខែ១១ ឆ្នាំ១៩៦៣ ។

         ពេលសម្តេចព្រះសង្ឃរាជ ទាំងពីរព្រះអង្គ ទ្រង់យាងចុះមកដល់មុខព្រះទីនាំងទេវាវិនិច្ឆ័យ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះទីនាំងរថយន្តថ្មីសន្លាង ដល់សម្តេចព្រះសង្ឃរាជទាំងពីរព្រះអង្គ ក្នុងមួយព្រះអង្គ មានព្រះទីនាំងរថយន្តមួយ ។

         កន្លែងទី២ នៅវត្តឧណ្ណាលោម

         នៅពេលធ្វើសមណុត្តមាភិសេក ថ្វាយសម្តេចព្រះសង្ឃរាជថ្នាក់ទី១នោះ នៅក្រោម អធិបតីភាព ឯកឧត្តម ទ្រិញ វ៉ាញ ព្រះសង្ឃ និងពុទ្ធបរិស័ទ មានសេចក្តីត្រេកអរសាទរណាស់ ហើយបញ្ជាឱ្យគេធ្វើបល្ល័ង្ក ដែលមានស្វេតច្ឆត្រ៧រួត តម្កល់ទុកនៅព្រះវិហារ ។

         ដោយគេនាំគ្នាយល់ថា៖

  • សមណុត្តមាភិសេក បួនប្រាំរាជ្យស្តេច ទើបមានម្តង ។
  • ដូចនេះ យើងត្រូវរៀបចំឱ្យ បានត្រូវតាមព្រះរាជប្រពៃណីផង ។
  • ដើម្បីថ្វាយព្រះរាជកិត្តិយសដល់សម្តេចព្រះសង្ឃរាជផង ។
  • ដើម្បីបង្ហាញព្រះរាជប្រពៃណីដល់ពុទ្ធបរិស័ទផង ។
  • ដើម្បីរំលឹកពីព្រះរាជប្រពៃណីខ្មែរផង ។

         ពេលសម្តេចព្រះសង្ឃរាជ យាងចេញពីព្រះបរមរាជវាំង តាមព្រះទីនាំងរថយន្ត ដែលមានព្រះសង្ឃ ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទតាមហែហម មកដល់ខ្លោងទ្វារ នៅមុខព្រះវិហារ សម្តេចយាងចុះពីទីនាំងរថយន្ត ។

         នៅពេលនោះដែរ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទជាច្រើនផ្សេងទៀត បានរងចាំទទួលសម្តេចព្រះសង្ឃរាជ យ៉ាងមានរបៀបរៀបរយនៅមុខព្រះវិហារ ។

         សម្តេចព្រះសង្ឃរាជ ទ្រង់យាងលើកម្រាលព្រះរាជកិត្តិយស ដែលគេបានក្រាល ថ្វាយពីមាត់ខ្លោងទ្វារ មកដល់ព្រះវិហារ និង មានពុទ្ធបរិស័ទ ឈរគាល់ត្រៀបត្រា នៅតាមសងខាងផ្លូវ ។ សម្តេចព្រះសង្ឃរាជស្តេចយាងមកដល់ព្រះបល្ល័ង្ក ព្រះអង្គទ្រង់ឡើងប្រថាប់ នៅលើព្រះបល្ល័ង្ក នៅក្រោមស្វេតច្ឆត្រ៧រួត ដើម្បីឱ្យគេធ្វើព្រះរាជពិធីផ្សេងៗផង ។

         ឧបាសក ឧបាសិកា និង ព្រះសង្ឃ បានអង្គុយនិងគង់នៅលើ កម្រាលត្រៀបត្រា, ឧបាសក ឧបាសិកា បាននមស្ការព្រះរតនត្រ័យ ព្រះសង្ឃបានថ្វាយធម៌ ជយន្តោ ប្រសិទ្ធិ ពរជ័យថ្វាយសម្តេចព្រះសង្ឃរាជ ។

         បញ្ជាក់៖

         សមណុត្តមាភិសេក ដែលព្រះបាទហរិរក្សរាមាឥស្សរាធិបតីព្រះ អង្គឌួង បានធ្វើ ថ្វាយ សម្តេចព្រះមហាសង្ឃរាជ និល ទៀង នៅពេលដែលសម្តេចព្រះនហាសង្ឃរាជ និល ទៀង បានឡើងជា សម្តេចព្រះមហាសង្ឃរាជពេញទី នៅក្រុងឧត្តុង្គមាន ជ័យ ព.ស. ២៤០២ គ.ស. ១៨៥៨ រហូតដល់ ព.ស. ២៥០៧ គ.ស. ១៩៦៣ រយៈពេល ១០៥ ឆ្នាំ ទើបមានម្តងទៀត ។

         បើគិតពីពេលនោះមក កន្លងបាន៧រាជ្យស្តេច ៖

         ១- ព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះ អង្គឌួង
         ២- ព្រះបាទសម្តេចព្រះ នរោត្តម ព្រះចៅក្រុងកម្ពជាធិបតី
         ៣- ‌ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី
         ៤- ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី
         ៥- ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន
         ៦- ព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រឹត
         ៧- សម្តេចព្រះ មហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមនារីរត៍ សិរីវឌ្ឍនា

         អស់រយៈពេល៧រាជ្យស្តេច ទើបមានធ្វើសមណុត្តមាភិសេកម្តងទៀត ។ បើគិតពី រយៈពេលដែលត្រូវធ្វើម្តងៗយូរអង្វែងណាស់ ។

         នៅពេលព្រលប់ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស. ២៥១៣ ត្រូវនឹងថ្ងៃទី២៣ កញ្ញា ១៩៦៩ វេលាម៉ោង២០ និង ២០នាទី សម្តេចព្រះសង្ឃរាជ ទ្រង់សោយព្រះទីវង្គត ដោយស្ងប់ស្ងៀមនៅក្នុងព្រះរាជដំណាក់របស់ព្រះអង្គ នាវត្តឧណ្ណាលោម ក្រុងភ្នំពេញ។

         ព្រះមហាក្សត្រ ព្រះរាជវង្សានុវង្ស ព្រះសង្ឃ និង ឧបាសក ឧបាសិកា ផ្អើលឈូឆរ ដោយមានការសោកស្តាយ និង អាឡោះអាល័យ សម្តេចព្រះសង្ឃរាជដែលជាអ្នកប្រាជ្ញ មិនអាចរកបាន ៕

ដកស្រង់ចេញពីសៀវភៅ ព្រះរាជប្រពៃណីព្រះមហាក្សត្រ និង សម្តេចព្រះសង្ឃរាជ ព.ស. ២៥៤៧ – គ.ស. ២០០៣ ។

វត្តខេមររតនារាម, ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០

👉ព្រះរាជជីវប្រវត្តិពិស្តារ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត

តាមសៀវភៅ និពន្ធដោយ សាស្តា្រចារ្យ ឈឹម ស៊ុម

🕯️សូមអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ចូលរួមជួយកែ អក្ខរាវិរុទ្ធ

🔸Last Updated កំណែចុងក្រោយ on June 26, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).