សតិសម្បជញ្ញកថា

សតិសម្បជញ្ញកថា

រៀបរៀង និងសំដែងដោយៈ

ព្រះបាឡាត់ឧត្តមលិខិត សុង – ស៊ីវ វត្តលង្កា ក្រុងភ្នំពេញ


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សូមនមស្សការ ចំពោះព្រះភគវន្តមុនីអរហំ សម្មសម្ពុទ្ធព្រះអង្គនោះ (ព្រមទាំង ព្រះធម៌ និង ព្រះសង្ឃដោយគោរព) ។

វេលានេះ អាត្មាភាពសូមសំដែងនូវធម៌ដែលមានឧបការច្រើន ពីរយ៉ាងគឺសតិ និង សម្បជញ្ញៈ ។
ក៏ធម៌ទាំងពីរប្រការនេះ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងយ៉ាងល្អិតសុខុមពន់ពេក, បុគ្គលដែលជាប់ ជំពាក់ទាក់ទងខ្លាំងក្នុងកាម ពុំងាយនឹងប្រតិបត្តិឱ្យពេញបរិបូណ៌បានទេ, តែក្នុងវេលានេះ ទោះបីធម៌នេះ ល្អិតសុខុមដូច្នោះក៏សូមសំដែងដែរ ដើម្បីជាធម្មស្សវនាការចំពោះពុទ្ធបរិស័ទទាំងឡាយ ដូចតទៅ នេះ៖

សូមផ្តើមអធិប្បាយអំពីលក្ខណៈបុគ្គលអ្នកមានសតិសម្បជញ្ញៈជាមុន ។

ឯលក្ខណៈបុគ្គលអ្នកមានសតិសម្បជញ្ញៈ គឺបុគ្គលដែលប្រកបដោយសតិសម្បជញ្ញៈ កាលនឹង ឈានទៅមុខឬឈានថយក្រោយក៏មានស្មារតីដឹងខ្លួនថា “ឥឡូវនេះ អាត្មាអញកំពុងឈានទៅមុខ, កំពុងឈានថយក្រោយ” ។ កាលឱនកាយទៅមុខក្តី ផ្ងារកាយមកក្រោយក្តី ក្រឡេកមើលទៅមុខក្តី ទៅក្រោយក្តី ទៅឆ្វេងក្តី ទៅស្តាំក្តី ក៏មានស្មារតីដឹងខ្លួនថា “ឥឡូវនេះ អាត្មាអញកំពុងឱនកាយទៅមុខ, កំពុងផ្ងារកាយមកក្រោយ” ដូច្នេះជាដើម ។ សូម្បីកាលដែលនឹងប្រើបា្រស់គ្រឿងបរិក្ខាទៀត ក៏មាន ស្មារតីដឹងខ្លួនជានិច្ច ដូចគ្រឿងបរិក្ខារបស់បព្វជិត កាលដែលនឹងប្រើប្រាស់សង្ឃាដី, ឬបាត្រ, ចីវរ, ក៏មានស្មារតីដឹងខ្លួនថា “ឥឡូវនេះ អាត្មាអញកំពុងប្រើសង្ឃាដី, បាត្រ, ចីវរ” ។ កាលដែលនឹងឆាន់ ចង្ហាន់ឬឆាន់ទឹក នឹងទំពាឬស្រូប, ហិត, លិទ្ធ, ភ្លក្សរបស់អ្វីៗ ក៏មានស្មារតីដឹងខ្លួនថា “ឥឡូវនេះ អាត្មាអញកំពុងឆាន់ចង្ហាន់ ឆាន់ទឹក, ទំពារ, ស្រូប, ហិត, លិទ្ធ, ភ្លក្ស របស់នោះៗ” ។ កាលដែលនឹង បន្ទោរបងឧច្ចារៈ, បស្សាវៈ, ក៏មានស្មារតី ដឹងខ្លួនថាៈ “ឥឡូវនេះ អាត្មាអញកំពុងបន្ទោរបងឧច្ចារៈ, បស្សាវៈៗ” ។ កាលដេក, ដើរ, ឈរ, អង្គុយ, និយាយ, ស្តាប់ ក៏មានស្មារតីដឹងខ្លួនថាៈ “ឥឡូវនេះ អាត្មាអញកំពុងដេក, ដើរ, ឈរ, អង្គុយ, និយាយ, ស្តាប់” ។

ភិក្ខុឃើញភ័យក្នុងវដ្តសង្សារ រមែងប្រកបដោយសតិសម្បជញ្ញៈ ដូចសំដែងមក នេះ ។

អធិប្បាយអំពីសតិ

សតិ ជាធម៌សំខាន់បំផុត ខាងឯធ្វើចិត្តឱ្យបរិសុទ្ធហ្មត់ចត់ល្អ, ព្រះសម្ពុទ្ធទ្រង់ សំដែងថា៖

ឯកាយនោ អយំ ភិក្ខវេ មគ្គោ សត្តានំ

វិសុទ្ធិយា សោកបរិទេវានំ សមតិក្កមាយ

ទុក្ខទោមនស្សានំ អដ្ឋង្គមាយ ញាយស្ស

អធិគមាយ និព្វានស្ស សច្ឆិកិរិយាយ ។

ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះជាផ្លូវជាទីទៅតែម្នាក់ឯង ដើម្បីសេចក្តីបរិសុទ្ធិរបស់ សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោកស្រណោះអាឡោះអាល័យ និងសេចក្តីខ្សឹកខ្សួលទាំងឡាយ ដើម្បីរំលត់ នូវទុក្ខនិងទោមនស្សទាំងឡាយ ដើម្បីត្រាស់ដឹងនូវធម៌ ដែលគួរត្រាស់ដឹង, ដើម្បីធ្វើឱ្យជាក់ច្បាស់ នូវព្រះនិព្វាន ។ យទិទំ ចត្តាទោ សតិបដ្ឋនា ផ្លូវនោះគឺ សតិបដ្ឋាន៤ ។ សតិបដ្ឋាន៤នោះគឺៈ

១- កាយានុបស្សនាសតិបដ្ឋាន ដម្កល់សតិពិចារណាកាយ ជាអារម្មណ៍។

២- វេទនានុបស្សនាសតិបដ្ឋាន ដម្កល់សតិពិចារណាវេទនា ជាអារម្មណ៍ ។

៣- ចិត្តានុបស្សនាសតិបដ្ឋាន ដម្កល់សតិពិចារណាចិត្ត ជាអារម្មណ៍ ។

៤- ធម្មានុបស្សនាសតិបដ្ឋាន ដម្កល់សតិពិចារណាធម៌ ជាអារម្មណ៍ ។

ឯវិធីដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រដៅឱ្យពិចារណានោះ មានន័យច្រើនជាអនេក, បើស្រង់យកតែ ចំណែកដែលដូចគ្នាទាំង៤នោះ មកសំដែងក៏គឺពិចារណាឱ្យឃើញថាៈ “កាយនេះគ្រាន់តែជាកាយ, វេទនាគ្រាន់តែជាវេទនា,ជាបុគ្គល,ជាតួខ្លួនទេ,គួរកុំប្រកាន់,កុំស្អប់,កុំស្រឡាញ់ឡើយ” ដូច្នេះជាដើម ។

កាលបើកំពុងតាំងសតិកំណត់អារម្មណ៍ទាំង៤ប្រការ ដូចសំដែងមក, ចិត្តក៏នឹងជាប់នៅតែក្នុង កុសលធម៌ម្យ៉ាង, បើចិត្តជាប់នៅក្នុងកុសលធម៌ហើយឧបក្កិលេស ដែលជាអកុសលក៏រកឱកាសកើត ឡើងពុំបាន, ចិត្តក៏នឹងប្រាសចាកគ្រឿងសៅហ្មង តែងតែដល់នូវសេចក្តីជ្រះថ្លាជាខណៈៗ ដោយ លំដាប់ទៅ ។

នេះជាសេចក្តីអធិប្បាយដោយសង្ខេបក្នុងពាក្យសតិ ។

អធិប្បាយអំពីសម្បជញ្ញៈ

សម្បជញ្ញៈនោះចេកជា៤ប្រការគឺៈ

១- សាត្ថកសម្បជញ្ញៈ ដឹងឋានមានប្រយោជន៍ ។

២- សប្បាយសម្បជញ្ញៈ ដឹងឋានជាទីសប្បាយ ។

៣- គោចរសម្បជញ្ញៈ ដឹងឋានជាទីគោចរ ។

៤- អសម្មោហសម្បជញ្ញៈ ដឹងឋានមានសេចក្តីមិនវង្វែង ។

ភិក្ខុក្នុងសាសនានេះ កាលបើគិតថានឹងទៅប្រទេសណា ក៏ពុំបានទៅដោយ ប្រញាប់ប្រញាល់ តាមអំណាចចិត្តដែលគិតនោះទេ, តែងពិចារណាឱ្យដឹងថា ដែលអាត្មាអញទៅក្នុងទីនោះ តើមាន ប្រយោជន៍ឬទេ? បើឃើញថាមានប្រយោជន៍ គឺនឹងបានឃើញព្រះចេតិយ, ឃើញពោធិព្រឹក្ស, ឃើញព្រះសង្ឃ, ឃើញមហាថេរ, ឃើញអសុភៈ ដែលមានទំនងឱ្យកើតត្រៃលក្ខណ៍, លុះពិចារណា ឃើញយ៉ាងនេះហើយទើបទៅ ។ បើពិចារណាទៅហើយឃើញថាមិនមានប្រយោជន៍ ក៏កាត់គមិកចិត្ត នោះចេញ, ពុំបានទៅកាន់ទីដែលបា្រសចាកប្រយោជន៍នោះឡើយ ។ ឯការដែលបានឃើញ ព្រះចេតិយ, ឃើញពោធិព្រឹក្ស, ឃើញព្រះសង្ឃ, ឃើញមហាថេរ, ឃើញអសុភៈនោះឯង តែងជា បច្ច័យឱ្យចំរើននូវសីលគុណ, សមាធិគុណ, បញ្ញាគុណ ។ បើបុគ្គលដែលមាន ឧបនិស្ស័យ បានសាងសន្សំមកពីបុព្វជាតិច្រើន, កាលបើបានឃើញវត្ថុដ៏ប្រសើរទាំងនោះ ក៏កើតបីតិប្រាមោទ្យមាន ពុទ្ធគុណ ធម្មគុណ, សង្ឃគុណ ជាអារម្មណ៍, លុះពិចារណាបីតិបា្រមោទ្យនោះ ដោយ ខយវយៈគឺកិរិយាអស់ទៅនឹងសូន្យទៅហើយ, ក៏ច្រើនតែបានសម្រេចអរិយមគ្គ អរិយផលដោយ លំដាប់ៗទៅ ។ បើបុគ្គលដែលពុំធ្លាប់បានសាងសន្សំឧបនិស្ស័យពីបុព្វជាតិមកទេ ក៏នឹងបានជា ឧបនិស្ស័យទៅជាតិខាងមុខៗដែរ ហេតុដូច្នេះ បានជាភិក្ខុដែលមានប្រាថ្នា នឹងត្រេចទៅស្វែងរក ប្រយោជន៏, មានថ្វាយបង្គំនូវព្រះចេតិយ ឬ ពោធិព្រឹក្សជាដើមនេះ ឈ្មោះថាសាត្ថកសម្បជញ្ញៈ ។

សប្បាយសម្បជញ្ញៈ = ដឹងឋានជាទីសប្បាយ ។

អធិប្បាយថា ភិក្ខុអ្នកប្រកបដោយសម្បជញ្ញៈ រមែងពិចារណា រកដំណើរជាទីសប្បាយ និងមិន សប្បាយជាមុនថា វេលាដែលអាត្មាអញទៅក្នុងទីនោះៗ តើនឹងបានអារម្មណ៍ជាទីសប្បាយឬទេ? បើឃើញថានឹងយកអារម្មណ៍ឱ្យជាទីសប្បាយមិនបាន ក៏នឹងឈប់បង្អង់ លុះបានពេលដែលកើត អារម្មណ៍ជាទីសប្បាយទើបទៅ, យ៉ាងនេះជាដើម ឈ្មោះថាសប្បាយសម្បជញ្ញៈ ។

ដូចម្តេចដែលហៅថា ដំណើរប្រកបដោយប្រយោជន៍ ឱ្យកើតសេចក្តីសប្បាយ? ដំណើរដែលទៅ មើលព្រះចេតិយឬពោធិព្រឹក្សជាដើម ហៅថា ដំណើរប្រកបដោយ ប្រយោជន៍ឱ្យកើតសេចក្តីសប្បាយ។ ប៉ុន្តែបើទីនោះមានបរិស័ទច្រើនទៅប្រជុំគ្នា ដើម្បីធ្វើមហាបូជា, អស់មហាជនទាំងបុរសស្រ្តី ក៏សុទ្ធតែ តាក់តែងកាយដោយគ្រឿងប្រដាប់ល្អៗ ច្រវាត់ទៅមក ។ ចិត្តរបស់ភិក្ខុដែលទៅក្នុងទីមានសភាពដូច្នេះ រមែងជាប់ជំពាក់ក្នុងឥដ្ឋារម្មណ៍, មានថ្នាំងថ្នាក់ក្នុងអនិដ្ឋារម្មណ៍, រមែងកើតសេចក្តីអន្តរាយដល់ជីវិត ព្រហ្មចរិយាពុំខាន ។ ទីដែលមានសភាពដូច្នោះ ឈ្មោះថាជាទីមិនសប្បាយ, លុះតែទីដែលមិនមាន សភាពដូច្នោះ ទើបឈ្មោះថាជាទីសប្បាយ ។

គោចរសម្បជញ្ញៈ = ដឹងឋានជាទីគោចរ ។

អធិប្បាយថា បណ្តាកម្មដ្ឋានទាំង៤០ លើកយកអាកាសកសិណនឹងអាលោកសិណ ចេញទៅ ៣៨, ក៏កម្មដ្ឋានទាំង៣៨នោះ កាលភិក្ខុបានរៀនកម្មដ្ឋានណាមួយ ដែលមាន អារម្មណ៍ជាទីគាប់ចិត្ត គឺសមគួរតាមចរិតហើយក៏កាន់យកកម្មដ្ឋាននោះ ជាអារម្មណ៍ គ្រប់វេលាដែលគោចរទៅកាន់ទីផ្សេងៗ ពុំបានឱ្យចិត្តប្រាសចាកកម្មដ្ឋានឡើយ ។ ដំណើរ ដែលត្រេចទៅយ៉ាងនេះ ហៅថា គោចរសម្បជញ្ញៈ ។

ដើម្បីនឹងសំដែងឱ្យជាក់ច្បាស់នូវគោចរសម្បជញ្ញៈនោះ ពុទ្ធបរិស័ទគួរជ្រាបតាមន័យ ដែលលោកចែកជា៤យ៉ាងដូច្នេះគឺៈ

១- ឯកច្ចោ ហរតិ ន បច្ចាហរតិ យោគារវចរជំពូកខ្លះ កាន់យកពុទ្ធានុស្សតិកម្មដ្ឋាន ជាអារម្មណ៍ ។

២- ឯកច្ចោ បច្ចាហរតិ ន ហរតិ យោគារវចរជំពូកខ្លះ បានតែក្នុងពេល ដែលត្រឡប់មក, ពេលដែលត្រេចទៅមិនបាន ។

៣- ឯកច្ចោ បន នេវ ហរតិ ន បច្ចាហរតិ យោគារវចរជំពូកខ្លះ មិនបានទាំងទៅ ទាំងមក ។

៤- ឯកច្ចោ ហរតិ ច បច្ចាហរតិ ច យោគារវចរជំពូកខ្លះ បានទាំងទៅ ទាំងមក ។

កាលបើយោគាវចរ កាន់យកពុទ្ធានុស្សតិកម្មដ្ឋានជាទីសប្បាយហើយ ក៏ចំរើនគ្រប់វេលាដែល គោចរទៅកាន់ទីផ្សេងៗ នុ៎ះហៅថា គោចរសម្បជញ្ញៈ ។

អសម្មោហសម្បជញ្ញៈ = ដឹងឋានមានសេចក្ដីមិនវង្វេង ។

អធិប្បាយថាៈ សេចក្ដីមិនវង្វេងក្នុងឥរិយាបថទាំងឡាយ មានឈានទៅមុខ ថយមកក្រោយ ជាដើម ហៅថាអសម្មោហសម្បជញ្ញៈ ។

បណ្ឌិតគួរជ្រាបសេចក្ដីនោះយ៉ាងនេះថា ធម្មតាពួកហីនជនរមែងវង្វេងឥរិយាបថទាំងឡាយ មានឈាន ទៅមុខជាដើម គឺគ្រាន់តែដឹងថា អាត្មាឈានទៅមុខ ជំឈានមុខ អាត្មាបានឈានទៅហើយ ដូច្នេះ ប៉ុណ្ណោះ ពុំបានដឹងវិសេសជាងនេះទៅទៀតឡើយ ។

ឯបណ្ឌិតជន ក្នុងព្រះពុទ្ធសាសនានេះ មិនវង្វេង ដូច្នោះឡើយ គឺកាលបើមានចិត្ដគិតថា អាត្មាអញនឹងឈានទៅមុខដូច្នេះហើយ រមែងនឹកឃើញថាៈ (ឱ! ឥឡូវនេះ វាយោធាតុ ញ៉ាំងវិញ្ញត្ដិ ឱ្យកើតឡើងគឺខ្យល់កំរើកហើយតើ!) ដូច្នេះ ជាមួយនឹងចិត្ដដែល គិតថា (អញឈានទៅ មុខ) នោះឯង, ហើយគិតទៅទៀតថា “ឱ! ឥឡូវនេះ កងឆ្អឹងដែលលោកសន្មត់ថា កាយនេះ កំពុងឈានទៅមុខដោយអំណាចកំរើកវាយោធាតុ និងកិរិយាចិត្តហើយ” ។

គិតយ៉ាងនេះ គ្រប់ឥរិយាបថនឹងធាតុទាំង៤ ។ តាមសេចក្តីក្នុងបរមត្ថថា ការដើរជារបស់ពួកធាតុ ការឈរក៏ជារបស់ ពួកធាតុទាំងអស់ ។ ចិត្តដែលប្រព្រឹត្តទៅជាមួយនឹងរូបក្នុង ចំណែកនោះៗ ជាប់គ្នាដូចខ្សែទឹក ។

សេចក្តីនេះ សមដូចពុទ្ធភាសិតថាៈ

អញ្ញំ ឧប្បជ្ជតេ ចិត្តំ អញ្ញំ ចិត្តំ និរុច្ឈតិ

អវិចិមនុសម្ពទ្ធោ នទីសោតោវ វត្តតិ ។

“ចិត្តដទៃកើតឡើង ចិត្តដទៃរលត់ទៅ ប្រហែលគ្នានឹងខ្សែទឹកនទី ដែលប្រព្រឹត្តជាប់ទៅតាម រលក” ។ សេចក្តីមិនវង្វេងក្នុងឥរិយាបថទាំងឡាយ មានឈានទៅមុខជាដើម ដូចអធិប្បាយមក ហើយនេះ ឈ្មោះថា អសម្មោហសម្បជញ្ញៈ ។

បុគ្គលដែលប្រកបដោយសម្បជញ្ញៈដូច្នេះ ចិត្តរមែងជ្រះថ្លា មិនមានឱកាសឱ្យឧបក្កិលេស រុករានចូលមកបាន ។ កាលបើបុគ្គលណាមិនមានសតិសម្បញ្ញៈនេះហើយ បុគ្គលនោះតែងតែរសាត់ អណ្តែតភ្លាត់ធ្លាក់ទៅក្នុងគំនរអកុសលធម៌ផ្សេងៗ ក្លាយខ្លួនទៅជាបុគ្គលអាក្រក់, ជាបុគ្គលមានកំឡាំង ខ្សោយ, សូម្បីតែលាភសក្ការៈក៏អាចសម្លាប់បុគ្គលនោះបាន, ដូចពុទ្ធភាសិតមួយកនែ្លងមាននៅក្នុង គម្ពីរសំយុត្តនិកាយថាៈ

ផលំ វេ កទសឹ ហន្តិ ផលំ វេឡុំ ផលំ នឡំ

សក្ការោ កាបុរិសំ ហន្តិ គព្ភោ អស្សតរឹ យថា ។

ផ្លែចេកតែងសម្លាប់ដើមចេក, ផ្លែឫស្សីតែងសម្លាប់ដើមឫស្សី, ផ្លែបបុសតែងសម្លាប់ដើមបបុស, ឯសក្ការៈតែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌សម្លាប់មេសេះអស្សតរ ។

ន័យមួយទៀតថាៈ ជីវមតកោ (ស្លាប់ទាំងអស់) អាមកបូតិកោ (ស្អុយទាំងស្រស់) បានដល់ បុគ្គល ដែលមិនមានសតិសម្បជញ្ញៈនេះឯង ។

ធម្មតាបុគ្គលមិនមានសតិសម្បជញ្ញៈ រមែងមានសេចក្តីប្រមាទជានិច្ច, កាលបើមានសេចក្តី ប្រមាទដូច្នោះហើយ សូម្បីមានជីវិតរស់នៅក៏ឈ្មោះថាស្លាប់, ព្រោះស្លាប់សតិសម្បជញ្ញៈ, បានជា ភាសិតនេះថា ជីវមតកោគឺស្លាប់ទាំងអស់, បុគ្គលបែបនេះ តែងតែប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ បើប្រព្រឹត្ត អំពើទុច្ចរិតដូច្នោះហើយ កេរ្តិ៍ឈ្មោះបុគ្គលនោះ ក៏អាក្រក់ស្អុយផ្សាយទៅកាន់ទីច្រាស់ខ្សល់ និង បណ្តោយខ្សល់ជានិច្ច, ឯគ្រោងកាយរបស់បុគ្គលនោះនៅស្រស់ទេ តែមានកេរ្តិ៍ឈ្មោះស្អុយ ព្រោះអំពើ ទុច្ចរិត, បានជាភាសិតនេះថាៈ អាមកបូតិកោ គឺស្អុយទាំងស្រស់ ។

សតិនិងសម្បជញ្ញៈទាំងពីរនេះ បើកើតឡើងព្រមគ្នាក្នុងវេលាមួយ, ក៏រឹងរឹតតែទ្វេ កម្លាំងច្រើន ឡើង អាចកំចាត់សត្រូវគឺកិលេស ដែលជាមេធំគឺ រាគៈ, ទោសៈ, មោហៈ ឱ្យអស់ទៅបាន, បើកិលេស ទាំងនេះអស់ទៅហើយ ចិត្តក៏រមែងបរិសុទ្ធស្អាតផូរផង់ ទុកជាពុំទាន់ដាច់អស់ជាសមុច្ឆេទប្បហាន ក៏គង់ជាតង្គប្បហាន, កាលបើជាតទង្គប្បហាន រឿយៗ ក៏អាចនឹងក្លាយជាសមុច្ឆេទប្បហានទៅបាន ។

ចិត្តនៃបុគ្គលដែលបានដុសខាត់រឿយៗ រមែងស្អាតផូរផង់ដោយលំដាប់តាមទំនង នៃកុសលធម៌ ដែលជាគ្រឿងដុសខាតនោះៗ, ដូចព្រាហ្មណ៍ម្នាក់ដែលធ្វើការកុសល បន្តិចម្តងៗជាលំដាប់ ដរាបដល់ បានសម្រេចមគ្គផល ។ សូមនាំរឿងនោះមកសំដែង ជាឧទាហរណ៍ដូចតទៅនេះ ។ រឿងនោះ មានសំដែងនៅក្នុងគម្ពីរខុទ្ទកនិកាយថាៈ

មានព្រាហ្មណ៍ម្នាក់បានធ្វើបុណ្យជាលំដាប់ៗ តាំងចិត្តតិចៗ ដរាបដល់បានសម្រេចមគ្គផល ជាទីបំផុត ។ មុនដំបូងបានឃើញទីដែលភិក្ខុ១រូប ឈរឃ្លុំចីពរ, ទីនោះមិនស្អាតប្រឡាក់ដោយភក់ និង ស្មៅ, ក៏ធ្វើឱ្យស្អាតឡើង បានជញ្ជូនដីខ្សាច់យកមករោយ រាយរួចធ្វើបារាំបាំងកំដៅថ្ងៃ, ខាងក្រោយ បំផុតបានសាងសាលា១ត្រង់ទីនោះ វេលាឆ្លងសាលានោះ បាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាម្ចាស់ មកថ្វាយភត្ត, ហើយក៏កា្របបង្គំទូលប្រវត្តិហេតុនៃការសាងសាលានោះ តាំងពីខាងដើមជាលំដាប់មក, រួចហើយវេរសាលានោះថ្វាយចំពោះសង្ឃ មានព្រះពុទ្ធជាប្រធាន ។ កាលដែលព្រះបរមគ្រូនឹងទ្រង់ អនុមោទនា ក៏ទ្រង់ដំដែងគាថានេះថាៈ

អនុបុព្វេន មេធាវី ថោកំ ថោកំ ខណេ ខណេ

កម្មារោ រជតសេ្សវ និទ្ធនេ មលមត្តនោ ។

“អ្នកមានប្រាជ្ញាគួរកំចាត់មន្ទិលរបស់ខ្លួនក្នុងខណៈៗ បន្តិចម្តងៗ ដោយលំដាប់ទៅ, ដូចជាងមាស ដែលជម្រះស្នឹមនៃមាសប្រាក់ដូច្នោះ” ។ ហេតុនេះ សប្បុរសទាំងឡាយគួរប្រតិបត្តិតាមពុទ្ធឱវាទនេះ គ្រប់ប្រាណ ។

ពាក្យដែលទូន្មានឱ្យធ្វើចិត្តរបស់ខ្លួនឱ្យផូរផងជាលំដាប់ ដរាបដល់បានសម្រេចអរហត្ត ជាទី បំផុត ដូចសំដែងមកនេះ រាប់ថាជាពុទ្ធសាសនា ជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធរាល់ ព្រះអង្គ ដែលបានត្រាស់ក្នុងកាលទាំងពួង តែងតែទ្រង់ប្រដៅដូច្នេះ ។

ធម៌ទេសនា ដែលដំដែងមកក្នុងវេលានេះ សន្មត់ថាចប់ដោយសង្ខេបត្រឹមប៉ុណ្ណេះ។

ដោយតេជះនៃធម្មទេសនានេះ បរិស័ទទាំងឡាយគ្រប់ជាន់ ដែលបានប្រតិបត្តិ តាមសាសនវិធី ក្រោយអធិបតេយ្យនៃព្រះសម្មាសម្ពុទ្ធ សូមឱ្យបានប្រកបដោយ អនាតុរ ភាព (សេចក្តីមិនក្តៅក្រហាយ) ដើម្បីជាពលរដ្ឋប្រកបកិច្ចសាសនា បានមគ្គាភិសម័យ សមតាមអធ្យាស្រ័យវត្ថុបំណងកុំបីឃ្លៀងឃ្លាត ឯវំ ។៚

ចប់

វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃ២៤ ខែសីហា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 10, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace