សង្ឃគុណ

គុណព្រះសង្ឃ ៩បទគឺ


១. សុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ដោយប្រពៃ គឺប្រតិបត្តិតាមគន្លងនៃព្រះនព្វលោកុត្តរធម៌។ ប្រតិបត្តិដោយប្រពៃ ព្រោះ​លោកដល់ព្រមដោយ​សម្មាបដិបទា ម្យ៉ាងទៀត លោកប្រតិបត្តិតាមឱវាទដែល​ព្រះពុទ្ធ​ជាម្ចាស់ប្រៀនប្រដៅ ប្រតិបត្តិមិនខុស។ ន័យមួយទៀត គឺលោកប្រតិបត្តល្អ គឺតាំងទុក​នូវសីល ដូចជារបង ឬកំផែងសម្រាប់ការពារសត្រូវ គឺជាទុច្ចរិតសំកិលេស ដែលជា​អកុសលដែលមានក្នុងកាយ លោកធ្វើសមាធិ ដូចជាផែនថ្មបិទបាំងនូវសត្រូវខាង​ក្នុង គឺបរិយុដ្ឋានសំកិលេស ដែលជាអកុសលគ្របសង្កត់ចិត្ត លោកធ្វើបញ្ញា ដូចជាប្រទីប​បំភ្លឺ​ក្នុងកងសង្ខារ​ទាំងពួង​ដោយចំណែកៗ មានខន្ធជាដើម ឃើញច្បាស់ថា ជាទុក្ខ មិនមែន​ខ្លួន លោកធ្វើបញ្ញាដូចជាអាវុធ សម្លាប់អនុសយកិលេសដែលជាចំណែកដ៏ល្អិត យ៉ាង​ទាបបំផុតបានត្រឹមសោតាបន្នបុគ្គល អស់វិចិកិច្ឆា ដោយឃើញគុណ​ព្រះពុទ្ធ​ជាក់ច្បាស់ លោកុត្តរធម៌ក៏កើតប្រាកដក្នុងសន្តាន លុះបានសម្រេចជាព្រះអរិយៈហើយ ទើបអស់​សីលពត្វបរាមាសៈ ព្រោះឃើញច្បាស់ថា ខ្លួនបរិសុទ្ធិដោយត្រៃសិក្ខា ដែលជា​សម្មាបដិបទា ផ្លូវប្រតិបត្តិប្រពៃ យ៉ាងនេះឈ្មោះថា សុបដិបន្នោ។

២. ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមាបដិបទា តាមផ្លូវប្រកបដោយអង្គ ៨ មានសម្មាទិដ្ឋិ​ជា​ដើម។ ប្រតិបត្តិដោយត្រង់ ឆ្ពោះទៅរកព្រះនិព្វាន មិនពានពារទៅលើ​ផ្លូវអមខាង ២​ប្រការ គឺ កាមសុខល្លិកានុយោគ និងអត្តកិលមថានុយោគ ដែលជាផ្លូវប្រតិបត្តិខុស។ ម្យ៉ាងទៀត លោកប្រតិបត្តិត្រង់ដើម្បីលះនូវទោស គឺសេចក្តីកោង ឆ្គងកាយវាចាចិត្ត ដូច្នេះ ទើបឈ្មោះ​ថា ឧជុបដិបន្នោ។

៣. ញាយបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ជាឋានក្សេមចាកទុក្ខទាំងពួង)។ លោកប្រតិបត្តិដើម្បី​ត្រាស់ដឹង​​នូវសម្មាបដិបទា ដែលជាផ្លូវសម្រាប់ដឹងច្បាស់ ចាក់ធ្លុះនូវព្រះនិព្វាន លោក​ប្រតិបត្តិដើម្បីចេញចាកសង្សារវដ្ត មិនប្រតិបត្តិដើម្បីលាភ យស ឬដើម្បីស្ថានសួគ៌​ឡើយ យ៉ាងនេះ ទើបឈ្មោះថា ញាយបដិបន្នោ។

៤. សាមីចិបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិ​ដ៏សមគួរ ដល់សាមីចិកម្ម (ប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា)។ លោកប្រតិបត្តិតាម​សម្មាបដិបទា ជាផ្លូវគួរដល់ព្រះនិព្វាន បានពត់កាយវាចាចិត្ត ដោយត្រៃសិក្ខា គឺសីល សមាធិ បញ្ញា សមគួរឲ្យគេថ្វាយបង្គំនមស្សការ យ៉ាងនេះទើបឈ្មោះថា សាមីចិ​បដិបន្នោ។

៥. អាហុណេយ្យោ លោកគួរទទួលនូវបច្ច័យ ៤ ដែលបុគ្គលនាំមកបូជា។ បច្ច័យ ៤ប្រការ មានចីវរ បិណ្ឌបាត សេនាសនៈ និងគិលានភេសជ្ជបរិក្ខារ ដែលបុគ្គលនាំមក​ ដើម្បី​បូជា​ដល់អ្នកមានសីលទាំងឡាយ។ បច្ច័យទាំងនោះ ព្រះសង្ឃជាសាវ័ក លោកគួរទទួលបាន ព្រោះលោកអាចធ្វើនូវបច្ច័យទាំងនោះ ឲ្យមានផលច្រើន ដោយគុណរបស់លោក ទើប​ឈ្មោះថា អាហុណេយ្យោ។

៦. បាហុណេយ្យោ លោកគួរទទួលនូវអាគន្តុកទាន (ទានដែលបុគ្គលតាក់តែងដើម្បី​ញាតិ និងមិត្តដែលមកអំពីទិសផ្សេងៗ បង្អោនចូលមកបូជា)។ ទានដែលបុគ្គលចាត់ចែង​ដោយ​គ្រឿងសក្ការៈ ដើម្បីទទួលញាតិមិត្តដែលមកអំពីទិសទាំងឡាយ ហៅថា អាគន្តុកទាន។ អាគន្តុកទាននោះ គួរនឹងវៀរនូវញាតិ និងមិត្ត និងមនុស្សដែលមកជាភ្ញៀវនោះ ហើយ​ថ្វាយដល់សង្ឃតែម្យ៉ាង។ ព្រះសង្ឃគួរនឹងទទួលអាគន្តុកទាននោះមែនពិត មនុស្សដែល​មកជាភ្ញៀវនោះ មិនប្រាកដដូចព្រះសង្ឃទេ ព្រោះព្រះសង្ឃដែលមកជាភ្ញៀវនោះ រមែង​មានតែក្នុងកាលដែលមានព្រះពុទ្ធត្រាស់ដឹងប៉ុណ្ណោះ ហើយលោករមែង​ប្រកបដោយ​ធម៌ មានសីលគុណជាដើម ព្រោះហេតុនោះ វត្ថុដែលសម្រាប់ទទួលភ្ញៀវនោះ គួរលើកមក​ថ្វាយព្រះសង្ឃមែនពិត ដូច្នេះទើបឈ្មោះថា បាហុណេយ្យោ។

៧. ទក្ខិណេយ្យោ លោកគួរទទួលនូវទក្ខិណាទាន។ ទានដែលបុគ្គលជឿនូវកម្ម និងផល​នៃ​កម្ម បង្អោនបង្អោនមកបូជា។ លោកគួរទទួលនូវទាននោះ ព្រោះលោករមែងជម្រះ​ទាន​របស់​ទាយក ឲ្យបរិសុទ្ធិបាន ឲ្យមានផលច្រើន ទើបបានឈ្មោះថា ទក្ខិណេយ្យោ។

៨. អញ្ជលិករណីយោ លោកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ គឺគេគួរថ្វាយបង្គំ ដោយហោចទៅ សូម្បីតែសត្វលោករមិលមើលព្រះសង្ឃដោយចក្ខុប្រកបដោយមេត្តាចិត្ត ចក្ខុនោះ ក៏រមែងប្រាសចាកទោសជាដើមបាន។

៩. អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស លោកជាបុញ្ញក្ខេតនៃសត្វលោក រកខេត្តដទៃក្រៃលែងជាង​គ្មាន។ ព្រះសង្ឃ ជាស្រែកើតបុណ្យនៃសត្វលោក ព្រោះបុណ្យកុសលដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខរបស់សត្វលោក រមែងមានពន្លកល្អ លូតលាស់​ចម្រើន​បាន អាស្រ័យនឹងព្រះសង្ឃ ដ្បិតព្រះសង្ឃជាស្រែបរិសុទ្ធិ ប្រាសចាកទោស គឺកិលេស ដែល​ជាគ្រឿងប្រទូស្តក្នុងសន្តាននៃខ្លួន និងប្រទូស្តចំពោះទាន និងការបូជានៃសត្វលោក ទើបបានឈ្មោះថា ស្រែបុណ្យដ៏ឧត្តមនៃសត្វលោក។ ម្យ៉ាងទៀត ទានដែលបុគ្គល​ថ្វាយ​ដល់​ព្រះសង្ឃ ដែលជាបុញ្ញក្ខេត ប្រកបដោយអង្គ ៨ នេះ រមែងមានផលច្រើន។

អង្គ ៨ ​ប្រការ​គឺ

  1. សម្មាទិដ្ឋិ ជាអ្នកយល់ត្រូវ
  2. សម្មាសង្កប្ប មានការត្រិះរិះត្រូវ
  3. សម្មាវាចា មានវាចាត្រូវ
  4. សម្មាកម្មន្ត មានការងារត្រូវ
  5. សម្មាអាជីវ មានការចិញ្ចឹម​ជីវិត​ត្រូវ
  6. សម្មាវាយាម មានព្យាយាមត្រូវ
  7. សម្មាសតិ មានសេចក្តីរឭកត្រូវ
  8. សម្មាសមាធិ មានចិត្តដម្កល់ត្រូវ។

ព្រះសង្ឃសាវ័ក ដែលមាននាមថា អាហុណេយ្យោ បាហុណេយ្យោ ទក្ខិណេយ្យោ អញ្ជលិករណីយោ អនុត្តរំ បុញ្ញក្ខេតំ លោកស្ស រមែងប្រកបដោយអង្គ ៥ គឺ

  1. សោតា ជាអ្នកស្តាប់នូវធម៌ដែលព្រះតថាគតសម្តែង
  2. ហន្តា ជាអ្នកសម្លាប់នូវអកុសលវិតក្កៈ ទាំង៣
  3. រក្ខិតា ជាអ្នករក្សានូវឥន្ទ្រិយទាំង ៦
  4. ខន្តា ជាអ្នកអត់ធន់នឹងក្តៅ ត្រជាក់ ជាដើម
  5. គន្តា ជាអ្នកទៅកាន់ទិស ដែលគេមិនដែលទៅ គឺព្រះនិព្វាន។

ប្រភពៈ ប្រស្នាត្រៃគុណ ដោយលោកអាចារ្យ ឈឹមទូច

សូមអនុមោទនា !!!

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace