សង្ខារ

សង្ខារ


សង្ខារ គឺធម្មជាតិដែលមានបច្ច័យប្រជុំតាក់តែង។ មួយទៀត សង្ខារ គឺធម្មជាតិ​ដែល​តាក់តែង​នូវសង្ខតធម៌។ ន័យម្យ៉ាងទៀតថា ធម្មជាតិណាតាក់តែងនូវរូប វេទនា សញ្ញា សង្ខារទាំងឡាយ តាក់តែងនូវវិញ្ញាណ ធម្មជាតិនោះ​ឈ្មោះថា សង្ខារ

☸️សេចក្តីអធិប្បាយ👇

សង្ខារ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅជំនួសនូវសង្ខតធម៌ទាំងអស់ ជាបរមត្ថ សង្ខារ មិនមែន​សត្វ បុគ្គល មនុស្ស ទេវតា ជាដើម សង្ខារ គឺត្រឹមតែជាសភាវធម៌ ដែលកើតឡើង និងរលត់​ទៅវិញតាមហេតុបច្ច័យប៉ុណ្ណោះ។

ក្នុងទីនេះ សង្ខារ គេសំដៅយកន័យ គឺ

  1. សង្ខារ គឺធម្មជាតិដែលបច្ច័យប្រជុំតាក់តែងក្នុងទីជាមួយគ្នា សំដៅយក​ សង្ខារ ២យ៉ាងគឺ ឧបាទិន្នកសង្ខារ និង អនុបាទិន្នកសង្ខារ
    • 👉សង្ខារ ដែលមានវិញ្ញាណគ្រប់គ្រង ហៅថា ឧបាទិន្នកសង្ខារ បានដល់អត្តភាព​របស់​មនុស្ស សត្វ ទេវតា ព្រហ្ម ជាដើម។ បច្ច័យរបស់សង្ខារនេះ មាន៤ គឺ អវិជ្ជា តណ្ហា កម្ម អាហារ។
    • 👉សង្ខារ ដែលគ្មានវិញ្ញាណគ្រប់គ្រង ហៅថា អនុបាទិន្នកសង្ខារ បានដល់ វត្ថុដែល​លោក​បញ្ញត្តិ ដូចជា កុដិ វិហារ សាលា កន្ទេល មុង ផ្កាឈូកជាដើម ដែលអាស្រ័យនៅ​ក្នុង​លោកធាតុ។ បច្ច័យរបស់សង្ខារនេះ មានដូចជា វល្លិ៍ ដីឥដ្ឋ ជាងអ្នកសាងសង់ ជាដើម ទើបកើតឡើងបាន។
  1. សង្ខារ ដែលមានន័យថា ធម្មជាតិអ្នកតាក់តែងនូវសង្ខតធម៌ (បញ្ចក្ខន្ធ) ក្នុងទីនេះ សំដៅ​យក​សង្ខារ ៣យ៉ាងគឺ បុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ
    • 👉បុញ្ញាភិសង្ខារ សង្ខារជាបុណ្យ បានដល់កុសលចេតនាទាំង ១៣ គឺ កាមាវចរកុសលចេតនា ៨ និងរូបាវចរកុសលចេតនា ៥។
    • 👉អបុញ្ញាភិសង្ខារ សង្ខារមិនមែនបុណ្យ បានដល់អកុសលចេតនាទាំង ១២ គឺ​លោភមូល ៨ ទោសមូល ២ មោហមូល២។
    • 👉អនេញ្ជាភិសង្ខារ សង្ខារមិនញាប់ញ័រ បានដល់រូបាវចរកុសលចេតនា ៤។

កុសលាកុសលចេតនាទាំង ២៩នេះ តាក់តែងសត្វលោកឲ្យកើតក្នុង​សុគតិភព និង​ទុគ្គតិភព ហៅថា សង្ខារ

ខ្យល់ដកដង្ហើមចេញចូល ដែលកើតអំពីចិត្ត ក៏ហៅថា សង្ខារ គឺកាយសង្ខារ ព្រោះអវយវៈ មានជើងដៃ ឬសរីរៈទាំងមូល ដែលកម្រើកញាប់ញ័រទៅបាន អាស្រ័យមានខ្យល់​អស្សាសបស្សាសៈ​នេះ តាក់តែងឲ្យកម្រើកឡើង។

សូមអនុមោទនា !!!

🔸🔸❁🙏❁🔸🔸


ប្រភព-Source: ឈូកក្រហម

🔸កំណែចុងក្រោយ Last Updated on March 16, 2025 by Johnny ចន្នី

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).