ជីវប្រវត្តិវីរសមណៈសង្ឃ វ៉ា យ៉ាវ
សម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ
គ.ស. ១៩២៥ – ២០០៧
សម្ដេចព្រះមហាឃោសានន្ទ (១៩២៥ – ២០០៧) គឺជាព្រះសង្ឃព្រះពុទ្ធសាសនាគណៈថេរវាទមួយព្រះអង្គ ដែលទទួលការគោរពយ៉ាងខ្ពង់ខ្ពស់បំផុត ។ ព្រះអង្គជាព្រះសង្ឃរាជព្រះពុទ្ធសាសនានៅកម្ពុជាក្នុង ជំនាន់ខ្មែរក្រហម (នៅក្រៅប្រទេស) និង ជំនាន់បណ្ដូរអំណាចកំឡុងសម័យកុម្មុយនិស្ត ។ ព្រះនាមជាភាសាបាលី មហាឃោសានន្ទ មានន័យថា អ្នកនាំមកនូវសេចក្ដីរីករាយដ៏ប្រសើរ ។ ព្រះអង្គមានកិត្តិនាមយ៉ាងល្បីល្បាញ ក្នុងធ្វើធម្មយាត្រាប្រចាំឆ្នាំនៅប្រទេសកម្ពុជា ។
ការប្រសូត
សម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ប្រសូតនៅថ្ងៃ១៥កើត ពេញបូណ៌មី ខែមិគសិរ ឆ្នាំឆ្លូវ សប្តស័ក ព.ស. ២៤៦៩ ត្រូវនឹង គ.ស. ១៩២៥ ក្នុងត្រកូលកសិករមួយនៅ ភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ។
លោកមានបិតានាម ចាយ (អនិច្ចកម្មតាំងពីលោកនៅកុមារ) មាតានាម វ៉ា ស៊ាង។ លោកជាបុត្រទោលតែម្នាក់គត់ក្នុងគ្រួសារនេះ។
☸️តាមរយៈ មជ្ឈមណ្ឌលនៃសហគមន៍សង្ឃខ្មែរ ព្រះពុទ្ធសាសនា នៅរដ្ឋ ម៉ាសសាឈូសិត Massachusetts បានផ្តល់ព័ត៌មានថា សម្តេចព្រះមហាឃោសនន្ទ ប្រសូត ថ្ងៃ២៣ ខែឧសភា ឆ្នាំ១៩១៣ ។ ប៉ុន្តែអាជ្ញាធរខ្មែរបានកែប្រែ បញ្ជីកំណើត ដើម្បីផ្តល់លទ្ធភាពថ្វាយព្រះអង្គនិមន្តទៅបន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសឥណ្ឌានាឆ្នាំ១៩៥៣នោះ ។
កុមារភាព
កុមារ វ៉ា យ៉ាវ កើតនៅខែត្រតាកែវ ក្នុងត្រកូលកសិករ ។ តាំងពីក្មេងមកម្ល៉េះ កុមាររូបនេះមានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើផ្នែកសាសនា ហើយបានធ្វើជាក្មេងវត្តនៅអាយុ ៨ឆ្នាំ ។ កុមារនេះបានបម្រើព្រះសង្ឃយ៉ាងចិត្តទុកដាក់ ធ្វើឲ្យព្រះសង្ឃពេញព្រះទ័យជាខ្លាំង ។ កុមារ វ៉ា យ៉ាវ ត្រូវបានបំបួសនៅអាយុ ១៤ឆ្នាំ ។ ក្រោយមកភិក្ខុអង្គនេះបានសិក្សាចេះស្ទាត់ភាសាបាលីនៅវត្តឯ ស្រុកកំណើតហើយ ក៏បន្តមកសិក្សានៅភ្នំពេញ ហើយហួសទៅបាត់ដំបងទៀត ។ បន្ទាប់មកភិក្ខុ វ៉ា យ៉ាវ ក៏បានបន្តការសិក្សាថ្នាក់បណ្ឌិតភាសាបាលីនៅឯប្រទេសក្លឹងទៀត នៅសកលវិទ្យាល័យណាឡ័នដៈ (Nalanda) នៅរដ្ឋប៊ីហារ (Bihar) ។
ការសិក្សា
កុមារា វ៉ា យ៉ាវ ត្រូវបានមាតាបិតាយកទៅផ្ញើនឹងព្រះសង្ឃដែលគង់នៅក្នុងវត្តបារាយណ៍ដើម្បីបានសិក្សារៀនសូត្រអក្សរ សាស្រ្ត លេខនព្វន្តពីសំណាក់ព្រះគ្រូ។ លុះអាយុបាន ១៤ ឆ្នាំ ក៏បានបួសជាសាមណេរនៅក្នងវត្តដដែល។
បន្ទាប់ពីបព្វជ្ជា ហើយ សាមណេរ វ៉ា យ៉ាវ បានសុំលោកគ្រូឧបជ្ឈាយ៍ទៅគង់នៅវត្តអង្គមេត្រី ជាវត្តព្រះមេគណស្ថិតនៅក្នុងខេត្តតាកែវ ដើម្បីសិក្សាភាសាបាលី។
បន្ទាប់ពីប្រឡងជាប់ថ្នាក់បាលីរងហើយ លោកបាននិមន្តទៅបន្តការសិក្សានៅវត្តកែវព្រះភ្លើង នៅទីក្រុងភ្នំពេញ ដើម្បីបន្តថ្នាក់ពុទ្ធិកវិទ្យាល័យ។ លោកបានបំពេញឧបសម្បទាជាភិក្ខុភាវៈនៅឆ្នាំ១៩៥០ ដែលមានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាព្រះឧបជ្ឈាយ៍ និង មាននាមប្បញ្ញតិ្តថា ឃោសានន្ទ ។
បន្ទាប់ពីបញ្ចប់ថ្នាក់ពុទ្ធិកវិទ្យាល័យហើយ នៅក្នុងឆ្នាំ១៩៥៣ ព្រះអង្គបាននិមន្តទៅសិក្សានៅសាកលវិទ្យាល័យនាលន្ទា ក្នុងប្រទេសឥណ្ឌារហូតចប់ថ្នាក់បណ្ឌិត ដែលគិតជាឆ្នាំគឺរយៈពេល១៥ឆ្នាំគត់។
ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ ព្រះមហាឃោសានន្ទបានសិក្សាពីគោលការណ៍សន្តិភាព និង អហិង្សា ជាមួយនឹងព្រះសង្ឃជនជាតិជប៉ុន ព្រះនាម នីជីដាតស៊ូ ហ្វូជី Nichidatsu Fujii ជាព្រះសង្ឃដែលគាំទ្រចលនារបស់មហាត្មៈគន្ធី។
ព្រះមហាឃោសនន្ទ បានសិក្សាក្រោមការបង្រៀននៃគ្រូអាចារ្យពុទ្ធសាសនាដ៏មានឥទ្ធិពលជាច្រើនអង្គដូចជា ព្រះសង្ឃជប៉ុននាម Nichidatsu Fujii និងសម្ដេចសង្ឃរាជ ជួន ណាត ។
នៅឆ្នាំ១៩៦៥ ព្រះមហាឃោសនន្ទ បានចាកចេញពីប្រទេសក្លឹងមកសិក្សា ជាមួយ អាចាន ធ័ម្មទរោ (Ajahn Dhammadaro) នៅឯវត្តធុតង្គចៃណា នៅ ណាខនស៊ីថាម៉ារ៉ាត (Nakorn Sri Dhammaraj) នៅភាគខាងត្បូងប្រទេសថៃ ។
ក្រោយរបបខ្មែរក្រហម
នៅពេលដែលខ្មែរក្រហមចូលមកកាន់កាប់អំណាចនៅឯប្រទេសកម្ពុជា ព្រះមហាឃោសនន្ទ បន្តគង់សិក្សានៅឯប្រទេសថៃ ។ នៅពេលដែលខ្មែរក្រហមអស់អំណាចទៅ នៅឯប្រទេសខ្មែរ នៅមានសេសសល់ព្រះសង្ឃតែមួយចំនួនតូចតែប៉ុណ្ណោះ ។ នៅពេលនោះផងដែរ ជនភៀសសឹកបាននាំគ្នាភៀសខ្លួននៅកាន់ជុំរុំនៅតាមបណ្ដោយព្រំដែនខ្មែរថៃ ។
នៅឆ្នាំ ១៩៧៨ ព្រះមហាឃោសនន្ទ បានចាកចេញពីអាស្រមនៅឯភាគត្បូងប្រទេសថៃ ហើយនិមន្តទៅកាន់ជុំរុំទាំងនោះដើម្បីចាត់ចែងជួយពិនិត្យជនភៀសសឹកទាំងនោះ ។ វត្តមានរបស់ព្រះអង្គនៅឯជុំរុំបានធ្វើឲ្យមានការរំជួលចិត្តចំពោះគ្រប់ជនទាំងនោះ ដែលខានបានឃើញព្រះសង្ឃជាយូរមកហើយ ។ ជនភៀសសឹកកម្ពុជាទាំងនោះ យំខ្សឹកខ្សួលនៅពេលដែល ព្រះមហាឃោសនន្ទ សូត្រមន្តផ្សេងៗ ដែលពួកគេខានបានឮនៅក្នុងកំឡុងពេលគ្រប់គ្រងរបស់ខ្មែរក្រហម ។ ព្រះអង្គក៏បានចែកជាសៀវភៅធម៌ដល់ជនដែលមានវិបត្តិទាំងនោះផងដែរ ជាការលើកទឹកចិត្តឲ្យមានសង្ឃឹមរស់នៅបន្តទៀត ។
នៅពេលដែលរបបខ្មែរក្រហមដួលរលំទៅ ព្រះអង្គជាសង្ឃ ១អង្គក្នុងចំណោមព្រះសង្ឃ ៣,០០០អង្គ ដែលរស់រានមានព្រះជន្ម ។ នៅមុនពេលរបបនេះកាន់អំណាច ព្រះសង្ឃនៅប្រទេសកម្ពុជាមានចំនួនដល់ ៦០,០០០អង្គ ។ នៅកំឡុងឆ្នាំ ១៩៧៩ ព្រះអង្គបានបង្កើតវត្តនៅឯជុំរុំជនភៀសសឹក ហើយក៏បានបំបួសព្រះសង្ឃជាច្រើនអង្គ ប្រឆាំងនិងបម្រាមរបស់យោធាថៃ ។
គ្រួសារទាំងមូលរបស់ព្រះអង្គ រួមទាំងសាច់ញាតិ និងសិស្សគណ ត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយពួកខ្មែរក្រហម ។
ការនិមន្តចូលទៅក្នុងសមរភូមិ
ព្រះមហាឃោសានន្ទ បាននិមន្តមកជួបក្រុមជនភៀសខ្លួនខ្មែរជាលើកដំបូងនៅខេត្តស្រះកែវព្រំដែនថៃខ្មែរនៅឆ្នាំ១៩៧៨។ ១ឆ្នាំក្រោយមក ព្រះអង្គបានបង្កើតវត្តជាច្រើននៅតាមជុំរុំ និង បានបំបួសព្រះសង្ឃថ្មីៗជាច្រើនទោះបីព្រះអង្គប្រឈមមុខជា មួយបទបញ្ជាររបស់យោធាថៃយ៉ាងណាក៏ដោយ។
- នៅចុងឆ្នាំ១៩៨០ ព្រះអង្គបាននិមន្តទៅសហរដ្ឋអាមេរិកហើយបានកសាងវត្តខ្មែរមួយនៅទីនោះ។ ឆ្នាំ១៩៨៣ ព្រះអង្គបាននិមន្តទៅកាន់ទីក្រុងរ៉ូម ជួបជាមួយសម្តេចប៉ូបចនប៉ូលទីពីរ Pope John Paul II ជាលើកដំបូង ដើម្បីពិភាក្សាពីការកសាង សន្តិភាពពិភពលោកដោយឈរលើមូលដ្ឋានសាសនា។
- ឆ្នាំ១៩៨៦ សម្តេចប៉ាបចនប៉ូលទី២ និមន្តព្រះអង្គចូលរួមនៅក្នុងទិវាបួងសួងសុំសន្តិភាពនៅ RGC ជាមួយអ្នកដឹកនាំសាសនាពិភពលោកឯទៀតៗ និង ធ្វើជារៀងរាល់ឆ្នាំបន្តមក។
- ឆ្នាំ១៩៨៨ បានដឹកនាំប្រតិភូសង្ឃទៅចូលរួមនៅក្នុងការប្រជុំចរចារកសន្តិភាពសម្រាប់ប្រទេសកម្ពុជា គាំទ្រដោយអង្គការសហប្រជាជាតិ។
- ១៩៨៩ ទទួលសញ្ញបត្រកិត្តិយសលើផ្នែកសេវាកម្មមនុស្សធម៌ពីសាកលវិទ្យាល័យប្រូវីដែន្ស ទីក្រុងប្រូវីដែន្ស រដ្ឋរ៉ូតអាយឡែនត៍ សហរដ្ឋអាមេរិក (University of Providence, Rhode Island, USA) ។
- ១៩៩១ ទទួលតំណែងងារជាសម្តេច ដែលតែងតាំងឡើងដោយសម្តេចព្រះនរោត្តម សី ហនុ នៅទីក្រុងភ្នំពេញ និង ទទួលងារជាសម្តេចសង្ឃសន្តិភាពនៅប្រទេសកម្ពុជា។
- ១៩៩១ បានដឹកនាំការធ្វើធម្មយាត្រាដើម្បីសន្តិភាព និង ការផ្សះផ្សាលើកទី១ ចេញពីជុំរុំជនភៀសខ្លួនក្នុងប្រទេសថៃ ចូលមកទីក្រុងភ្នំពេញមុនការគ្រប់គ្រងរបស់ពួកអ៊ុន តាក់ នៅប្រទេសកម្ពុជា។
- ១៩៩១ បានបោះពុម្ពសៀវភៅ “មួយជំហានម្តង” ជាភាសាខ្មែរ អង់គ្លេស ថៃ អេស្ប៉ាញ ជប៉ុន អាល្លឺម៉ង់ និង ប៉ទុយហ្គាល់….។
- នាំ១៩៩២ បានទទួលពានរង្វាន់ផ្នែកសិទ្ធិមនុស្សពីមូលនិធិ Rafto នៅក្រុង Brgen ប្រទេសន័រវ៉ែស។
- ឆ្នាំ១៩៩៣ ដឹកនាំធម្មយាត្រាលើកទី២ ចេញពីអង្គរវត្ត ខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៦ កាត់តំបន់មានសង្គ្រាម ដើម្បីកាត់បន្ថយការភ័យខ្លាចនិងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជាតិ។
- ឆ្នាំ១៩៩៣ ទទួលតំណែងប្រធានកិត្តិយសនៃអង្គការសហពន្ធពន្លឺខ្មែរ និង ជាក្រុមប្រឹក្សាផ្តល់យោបល់ពលរដ្ឋ ដល់សភាធម្មនុញ្ញកម្ពុជាក្នុងការតាក់តែងពង្រាងរដ្ឋធម្មនុញ្ញ។
- ឆ្នាំ១៩៩៣ និមន្តចូលរួមក្នុងសន្និសីទសាសនាពិភពលោកនៅទីក្រុងឈីកាហ្គោ (Chicago, Illinois)។
- ឆ្នាំ១៩៩៤ និមន្តចូលរួមក្នុងពិធីសូត្រធម៌បើកធម្មយាត្រាអន្តរសាសនាដើម្បីសន្តិភាព និង ជីវិត នៅទីក្រុង Auschwitz ប្រទេសប៉ូឡូញ។
- ១៩៩៤ ដឹកនាំធម្មយាត្រាលើកទី៣ ឆ្លងកាត់តាមបណ្តាខេត្តដែលមានសង្គ្រាមក្តៅនៅភាគខាងលិចប្រទេសកម្ពុជា។
- ១៩៩៤ ដឹកនាំគណៈប្រតិភូព្រះសង្ឃជាន់ខ្ពស់កម្ពុជា ចូលរួមប្រជុំចរចាដើម្បីសន្តិភាព នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរេខាងជើង ក្រោមព្រះរាជូបត្ថម្ភសម្តេចព្រះនរោត្តមសីហនុ និង ចូលរួមក្នុងកិច្ចចរចាលើកទី២នៅទីក្រុងភ្នំពេញ។
- ១៩៩៤ ដឹកនាំគណៈប្រតិភូអន្តរសាសនា ចូលរួមប្រជុំចរចាសន្តិភាពនៅទីក្រុងកូឡុំបូ ប្រទេសសិរីលង្កា ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមស៊ីវីលរ៉ាំរ៉ៃរបស់ប្រទេសនោះ។
- ១៩៩៤ ត្រូវបានស្នើជ្រើសតាំងជាបេក្ខជនសម្រាប់រង្វាន់ណូបែលសន្តិភាព ដោយលោក Claiborne Pell តំណាងសមាជិកព្រឹទ្ធសភា ទទួលបន្ទុកប្រធានគណៈកម្មការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក។
- ១៩៩៥ ត្រូវបានជ្រើសតាំងជាបេក្ខជន រង្វាន់ណូលបែលសន្តិភាពលើកទី២សម្រាប់ឆ្នាំ១៩៩៥ ដែលស្នើដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបដដែល។
- ខែមករា ព្រះអង្គបូជាព្រះកាយចំពោះមជ្ឈមណ្ឌលជន ពិការកម្ពុជា នៅភ្នំពេញ។
- ខែកុម្ភៈ និមន្តចូលរួមសន្និសីទអន្តរជាតិ នៅអាស្រមវង្សសានីត ខេត្តខនាយក ប្រទេសថៃ។
- ខែមីនា និមន្តចូលរួមទិវាសិទ្ធិនារីអន្តរជាតិ នៅក្រុងបាត់ដំបង។ ខែមីនា និមន្តចូលរួមប្រជុំស្តីពីការផ្តល់នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធបរមគ្រូដល់ប្រទេសអាស៊ីខាងលិច នៅធម្មសាលា ប្រទេសឥណ្ឌា។
- ខែមេសា និមន្តចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិ ស្តីពីសាសនា ការអប់រំ និង វប្បធម៌ នៅទីក្រុងអាតាមី ប្រទេសជប៉ុន។
- ខែមេសា និមន្តចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិ ស្តីពីសាសនា ការអប់រំ និង វប្បធម៌ នៅវិមាន វីនដរ ខាសល ប្រទេសអង់គ្លេស។
- ខែឧសភា និមន្តចូលរួមសន្និសីទដូនជី និង ស្រ្តីកម្ពុជា នៅព្រែកហូរ ទីក្រុងតាខ្មៅ។
- ខែឧសភា និង មិថុនា ដឹកនាំក្បួនធម្មយាត្រាដើម្បីសន្តិភាពចេញពីព្រំដែនថៃ ទៅកាន់ខេត្តស្វាយរៀង ព្រំដែន ប្រទេសវៀតណាម។ អំពាវនាវឱ្យមានការចរចាសន្តិភាពជាបន្ត និង អំពាវនាវឱ្យមានអនុក្រឹត្យហាមឃាត់ការ ប្រើប្រាស់គ្រឿងផ្ទុះគ្រប់យ៉ាង នៅប្រទេសកម្ពុជា។
- ខែកញ្ញា ចូលរួមប្រជុំក្រុមប្រឹក្សាសន្តិភាព នៅប្រទេសអង់គ្លេស។ ដឹកនាំទិវាអន្តរជាតិដើម្បីសន្តិភាព និង អំពាវនាវការហាមប្រាមការប្រើប្រាស់គ្រាប់មីន។
- ខែតុលា និមន្តចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីការពិនិត្យមើលឡើងវិញ នូវអនុសញ្ញាស្តីពីការប្រើ ប្រាស់គ្រឿងសព្វាវុធ។
- ខែវិច្ឆិកា និមន្តចូលរួមប្រជុំក្រុមស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនៅវិមាន វីនដរ ខាសល ប្រទេសអង់គ្លេស ក្នុងនោះសមាជិកខ្លះជាជ័យលាភីរង្វាន់ណូបែលសន្តិភាព និង ជាតំណាងជាន់ខ្ពស់នៃសាសនាសំខាន់ៗក្នុងលោក។
- ឆ្នាំ១៩៩៦ ត្រូវបានជ្រើសតាំងជាលើកទី៣ ជាបេក្ខជនរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ១៩៩៦ ដោយគណៈកម្មការសេវាកម្មមិត្តអាមេរិក (ក្នុងចំណោមអ្នកទទួលរង្វាន់ណូបែលសន្តិភាព ឆ្នាំ១៩៩៧)។
- ខែកុម្ភៈ ដឹកនាំធម្មយាត្រានៅទីក្រុងភ្នំពេញ មួយសប្តាហ៍ប្រឆាំងការប្រើប្រាស់គ្រាប់មីន។
- ខែមេសា ចូលរួមសន្និសីទអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ ស្តីពីការពិនិត្យឡើងវិញនូវអនុសញ្ញាការប្រើប្រាស់អាវុធ និង អំពាវនាវឱ្យឈប់ប្រើប្រាស់ទាំងស្រុងនូវគ្រាប់មីន។
- ខែមិថុនា ដឹកនាំធម្មយាត្រាលើកទី៥ ដើម្បីសន្តិភាពនិងការផ្សះផ្សាជាតិនៅប្រទេសកម្ពុជា ផ្តោតលើការកាប់បំផ្លាញព្រៃឈើ។
- ខែកក្កដា និមន្តជាតំណាងព្រះពុទ្ធសាសនាថេរវាទប្រជុំនៅ Gethsemane រវាងបព្វជិតគ្រីស្ទ និង ព្រះពុទ្ធសាសនាក្រុង Abbey សហរដ្ឋអាមេរិក។
- ខែកញ្ញា ជួបប្រជុំជាមួយលោកស្រី អង់សានស៊ូជី និង គណៈសង្ឃជាន់ខ្ពស់ភូមា នៅប្រទេសភូមា ដើម្បីជួយសម្រាលការឃុំខ្លួន សមាជិកជ័យលាភីរង្វាន់ណូបែល។
- ខែតុលា ដឹកនាំគណៈប្រតិភូសង្ឃចូលរួមប្រជុំវេទិកាពិភពលោកនៅទីក្រុងសាន់ហ្រា្វន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
- ខែវិច្ឆិកា ជួបប្រមុខសាសនាកាតូលិក Ruiz និងសមាជិកនានានៃក្រុម Zapatistas នៅក្នុងទីក្រុង Chiapas ប្រទេសមិកស៊ិក ក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសន្តិភាព។
- ខែធ្នូ ជួបជាមួយមេដឹកនាំខ្មែរក្រហម ដើម្បីកិច្ចសម្របសម្រួលផ្លូវធ្វើធម្មយាត្រាក្នុងឆ្នាំ១៩៩៧ ដើម្បីសន្តិភាព និង ការផ្សះផ្សាជាតិ។
- ខែធ្នូ ធ្វើជាអធិបតីក្នុងសន្និសីទស្តីពីព្រះពុទ្ធសាសនា និង សន្តិភាពនៅខេត្តបាត់ដំបង រៀបចំដោយអង្គារពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍។
- ឆ្នាំ១៩៩៧ ត្រូវបានជ្រើសតាំងជាលើកទី៤ ដោយអតីតជ័យលាភីរង្វាន់ណូបែលសន្តិភាព សម្រាប់បេក្ខភាពណូបែលឆ្នាំ១៩៩៧។
- ខែមីនា និង មេសា ដឹកនាំធម្មយាត្រាលើកទី៦ ទៅកាន់តំបន់ប៉ៃលិន ជាតំបន់កាន់កាប់ដោយខ្មែរក្រហម។
- ខែឧសភា ជួបសម្តេចសង្ឃដាឡៃឡាម៉ា ជាសម្តេចជាន់ខ្ពស់ទីបេ ហើយត្រូវបានសម្តេចដាឡៃឡាម៉ាស្នើសុំឱ្យ ធ្វើជាសហគណៈដឹកនាំសេវាកម្មសាកលនៃប្រទេសទីបេ។ សម្តេចបានចូលរួមប្រជុំនៅវិហារប្រមុខនៃសាសនាកាតូលិក នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។
- ខែមិថុនា និមន្តចូលរួមជាអធិបតីនៅក្នុងសន្និសីទបណ្តាញអន្តរជាតិព្រះពុទ្ធសាសនានៅខេត្តចន្ទបុរីប្រទេសថៃ។
- ខែសីហា ដឹកនាំក្បួនធម្មយាត្រាដើម្បីសូត្របួងសួងផ្សាយមេត្តាបញ្ចប់នូវអំពើហិង្សាដែលផ្ទុះឡើងនៅទីក្រុង ភ្នំពេញនាថ្ងៃទី៥-៦ កក្កដា ១៩៩៧។
- បន្ទាប់មកសម្តេចបាននិមន្តទៅកាន់ប្រទេសសិរីលង្កា ដើម្បីទទួលរង្វាន់សន្តិភាពពីអង្គការ Sarvodara។
☸️អត្ថបទភាគនេះស្រាវជ្រាវបន្ថែមបន្ត ដោយលោកម្ចាស់ បសាទធម្មោ អុិន សុភ័ក្ត្រ
ការស្ដារព្រះពុទ្ធសាសនាឡើងវិញ
ព្រះមហាឃោសនន្ទ ទ្រង់បានដើរតួនាទីយ៉ាងសំខាន់បន្ទាប់ពីការរលំទៅនៃរបបខ្មែរក្រហម ដោយព្រះអង្គបានជួយស្តាឡើងវិញទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ នៅឆ្នាំ ១៩៨០ ព្រះអង្គជាតំណាង ប្រជាជនកម្ពុជាភៀសខ្លួន នៅឯអង្គការសហប្រជាជាតិ ។
នៅឆ្នាំនោះផងដែរ ព្រះអង្គ និងរួមនិងលោកឪពុក Peter Lawrence Pond បានរួមគ្នាបង្កើត បេសកកម្មអន្តរសាសនាដើម្បីសន្តិភាពនៅកម្ពុជា (Inter-Religious Mission for Peace in Cambodia) ។ រូបលោកទាំងពីរបានប្រមែប្រមូល ព្រះសង្ឃនិងដូនជីដែលនៅរស់រានមានជីវិតដើម្បីបន្តជំនឿរបស់ពួកគាត់តទៅទៀត ដើម្បីទៅគ្រប់គ្រងវត្តអារាមនានាដែលនៅពាសពេញប្រទេស ។
នៅខែមិថុនា ១៩៨០ រដ្ឋាភិបាលថៃបានសម្រេចចិត្តបណ្ដេញជនភៀសសឹកកម្ពុជារាប់ពាន់នាក់មកប្រទេសកម្ពុជាវិញ ។ ព្រះមហាឃោសនន្ទ និង ឪពុក Pond (Father Pond=In the Catholic Church all priests are called father, the title is a sign of respect for the office.) បានចាត់ចែងធ្វើការតវ៉ានិងការបណ្ដេញចេញនេះពីជុំរុំនៅឯ សាកែវ (ស្រះកែវ) ។
នៅឆ្នាំ ១៩៨៨ ព្រះមហាឃោសនន្ទ ត្រូវបានជ្រើសរើសជា ព្រះសង្ឃរាជ ដោយក្រុមសង្ឃភៀសព្រះកាយមួយក្រុមនៅ ក្រុងប៉ារីស៍ ។ ព្រះអង្គព្រមទទួលតំណែងនេះជាបណ្ដោះអាសន្នតែប៉ុណ្ណោះ ទម្រាំដល់ពេលដែលមានការបង្កើតឋានន្តរសក្ដិព្រះសង្ឃសាជាថ្មីនៅប្រទេសកម្ពុជា ។ នៅពេលនោះផងដែរ ព្រះសង្ឃ ទេព វង្ស គឺជា ព្រះសង្ឃរាជ នៅប្រទេសកម្ពុជា ដែលត្រូវបានផ្ដល់តំណែងដោយសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានវៀតណាមនៅពីក្រោយខ្នង ។
ធម្មយាត្រា
ធម្មយាត្រា លើកទី ៦ (ភ្នំបាណន់)
នៅឆ្នាំ ១៩៩២ ឆ្នាំដំបូងដែលអង្គការសហប្រជាជាតិចាប់ផ្ដើមជំនួយដល់កិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសកម្ពុជា ព្រះមហាឃោសនន្ទ បានចាប់ផ្ដើម ធម្មយាត្រា ដើម្បីស្តាឡើងវិញនូវសេចក្ដីសង្ឃឹម និងជំនឿចិត្តនៃប្រជាជនកម្ពុជា ។
ក្នុងរយៈពេល ១៦ថ្ងៃ ពួកគេបានធ្វើដំណើរដោយថ្មើរជើងចម្ងាយ ២០០ គ.ម កាត់តំបន់ដែលមានពាសពេញទៅដោយមីន ។ ធម្មយាត្រា បានក្លាយជាយាត្រាប្រចាំឆ្នាំដែល ព្រះមហាឃោសនន្ទ បានដឹកនាំជាច្រើនដង បើទោះជាមានគ្រោះថ្នាក់ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពខ្មែរក្រហមក្ដី ។
នៅឆ្នាំ ១៩៩៥ ធម្មយាត្រា មានអ្នកចូលរួមជាច្រើនរយនាក់ដែលក្នុងនោះ មានព្រះសង្ឃ ដូនជី និងអ្នកកាន់សីលជាតិកម្ពុជាប្រមាណជាជាង ៥០០ នាក់ ។ ក្នុងនោះដែរ The Interfaith Pilgrimage for Peace and Life ក៏បានចូលរួមដែរ ។ ក្រុមទាំង២នេះ បានផ្ដើមដើរចេញពីទល់ដែនថៃរបស់ដល់ទល់ដែនវៀតណាម ដោយឆ្លងកាត់ឧបសគ្គជាច្រើនផងដែរ ។
ព្រះអង្គតែងតែត្រូវបានគេហៅដោយគោរពថា «គន្ធីកម្ពុជា(៣)» ។ ព្រះអង្គ ត្រូវបានប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក ក្លៃបន ផេល (Claiborne Pell) ដាក់ឈ្មោះដើម្បីទទួល ពានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ។ ព្រះអង្គ ក៏ត្រូវបានដាក់ឈ្មោះបន្តបន្ទាប់គ្នានៅឆ្នាំ ១៩៩៥, ១៩៩៦, និង ១៩៩៧ ដោយសារកិច្ចការប្រឹងប្រែងបង្រួបបង្រួមសន្តិភាពនៅប្រទេសកម្ពុជាឡើងវិញ ។
ព្រះអង្គក៏មានតួនាទីជាទីប្រឹក្សា សហគមន៍ពុទ្ធសាសនិកដើម្បីសន្តិភាព (Buddhist Peace Fellowship) ហើយគង់នៅរវាង វត្តសំពៅមាស និងវត្តនៅឯ Philadelphia រដ្ឋ Pennsylvania, USA ។ បើទោះជាព្រះអង្គបានកសាងវត្តជាង ៥០ក្ដី ព្រះអង្គមិនគ្រប់គ្រងវត្តមួយណានោះទេ ។ ជាអ្នកដេលធ្វើដំណើរជាប់ជាប្រចាំ នៅពេលខ្លះសូម្បីតែសិស្សគណរបស់ព្រះអង្គក៏មិនដឹងថា ព្រះអង្គគង់នៅឯណាដែរ ។
ព្រះមហាឃោសនន្ទ សុគតនៅ North Hampton រដ្ឋ Massachusetts, USA នៅថ្ងៃ ១២ មីនា ឆ្នាំ២០០៧ ក្រោមការសោកស្ដាយយ៉ាងធំធេងពីពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេស ។

លក្ខណៈពិសេស ១១ ចំណុច សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ត្រូវពិភពលោកទទួលស្គាល់
នៅ
ដោយ KC Virak
សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរស្គាល់ព្រះអង្គ។ លក្ខណៈពិសេស ១១ របស់ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ មានដូចតទៅ៖
១. ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានការស្នើព្រះនាមដើម្បី “ទទួលពានរង្វាន់ណូប៊ែលសន្តិភាព” ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច (លោក Claiborne Pell) ចំនូន ៤ដង

២. ជាព្រះសង្ឃខ្មែរដែលនិយាយភាសាបរទេសបានច្រើនជាងព្រះសង្ឃខ្មែរណាៗទាំងអស់
៣. ជាព្រះសង្ឃខ្មែរទី១ ដែលបានចាត់ជា “ព្រះរស់របស់ផែនដី” ក្នុងចំណោមព្រះរស់ទាំង៥រូប នៅចុងសតវត្សទី២០ នៅក្នុងសៀវភៅ Buddha and Wisdom
៤. ជាព្រះសង្ឃខ្មែរទី១ ដែលចូលធ្វើការនៅអង្គការសហប្រជាជាតិក្នុងឋានៈជា “ទីប្រឹក្សាយោបល់” ផ្នែកសេដ្ឋកិច្ច និងវប្បធម៌

៥. ជាព្រះសង្ឃខ្មែរទី១ ដែលសម្ដែងធម៌ក្នុងសមរភូមិ (១៩៩៤) ដែលកំពុងច្បាំងគ្នា រវាងខ្មែរក្រហម និងទ័ពរដ្ឋាភិបាល ឱ្យមនុស្សប្រមាណ ១០០០នាក់ស្ដាប់ នៅភូមិគីឡូ៣៨ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៦. ជាព្រះសង្ឃខ្មែរទី១ ដែលមានសមានទាននូវការ “មិននិយាយ” នៅជីវិតចុងក្រោយរហូតដល់ពេលសុគត
៧. ជាព្រះសង្ឃខ្មែរទី១ ដែលទទួលបានពានរង្វាន់សន្តិភាព “Niwano” ពីប្រទេសជប៉ុន និង ពានរង្វាន់ “Thorolf Rafto” ពីប្រទេសណ័រវេ

៨. ជាព្រះសង្ឃខ្មែរទី១ ដែលបានលះបង់ពេញមួយជីវិតរបស់ព្រះអង្គសម្រាប់ខ្មែរ ហើយត្រូវបានជនជាតិខ្មែររបស់ព្រះអង្គមិនស្គាល់ “ព្រះអង្គថាជានរណា?”
៩. ជាព្រះសង្ឃខ្មែរ ដែលពិភពលោកស្គាល់ព្រះអង្គច្រើនជាងជនជាតិខ្មែរស្គាល់ព្រះអង្គ
១០. ជាក្រុមព្រះសង្ឃខ្មែរទី១ (មហាអាំ សួន មហាវ៉ា យ៉ាវ និង មហាមាស ចន) ទៅរៀនព្រះពុទ្ធសាសនា នៅវិទ្យាស្ថាននាវលន្ទា ប្រទេសឥណ្ឌា ក្នុងឆ្នាំ១៩៥៥

១១. ជាព្រះសង្ឃខ្មែរទី១ ផ្ដើមធ្វើ “ធម្មយាត្រា” នៅកម្ពុជា ដើម្បីសន្តិភាព និង អហិង្សា។
គួរបញ្ជាក់ថា សម្តេចព្រះមហាឃោសនន្ទវ៉ា យ៉ាវ ប្រសូតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩១៣ នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ។ សម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ បានសុគតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៧ បន្សល់មហាសោកស្តាយសម្រាប់ជនរួមជាតិខ្មែរ និងមនុស្សជាតិដែលស្ញប់ស្ញែងព្រះអង្គចំពោះបុព្វហេតុសន្តិភាព៕

🔸កំណែចុងក្រោយ Last Updated on June 23, 2024 by Johnny ចន្នី