វីរសមណៈសង្ឃ ម៉ឹង សែស

ជីវប្រវត្តិវីរសមណៈសង្ឃ ម៉ឹង សែស
វិរសមណ ម៉ឹង សែស
ព្រះឧបលិវង្ស ម៉ឹង សែស ចន្ទធម្មោ

អតីតក្រុមជំនុំប្រែព្រះត្រៃបិដក

គ.ស. ១៨៩០ – ១៩៧០

~ជីវប្រវត្តិព្រះឧបាលិវង្ស ម៉ឹង សែស~

       ព្រះឧបាលិវង្ស ម៉ឹង សែស គណៈមហានិកាយ ជាអ្នកប្រាជ្ញសង្ឃមួយអង្គទៀតរបស់កម្ពុជាដែលមួយជីវិតដើម្បីព្រះពុទ្ធ
សាសនា និងសន្តិភាព។ព្រះអង្គបានបំពេញកិច្ចការងារគ្រប់យ៉ាង ជាគំរូល្អទាំងខាងការសិក្សាការបដិបត្តិ ការស្ថាបនា និងសង្គមកិច្ច ហើយដោយសារការចេះដឹងភាសាបាលីនិងធម៌វិន័យជ្រៅជ្រះរបស់ព្រះអង្គ ទើបបានទទួលឯតទគ្គៈពីក្រុមជំនុំព្រះត្រៃបិដក ជាឃ្លាំងសព្ទ និងជាឃ្លាំងអដ្ឋកថាដីកាយោជនាផ្សេងៗសម្រាប់សង្គីតិកាចារ្យពិគ្រោះសាកសួរ។

       បើតាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបង្ហាញថា កុមារម៉ឹង សែស កើតនៅថ្ងៃអង្គារ ២រោចខែអាសាធឆ្នាំថោះត្រីស័ក ព.ស.២៤៣៤ គ.ស.១៨៩០ នៅភូមិព្រៃម្លូ ឃុំក្រពុំឈូក ស្រុករមេញ ខេត្តតាកែវ ដែលមានបិតានាម ខែក ម៉ឹង និងមាតានាម អ៊ុង ម៉ី ទីជាឧកញ្ញ៉ាពិភក្តិស្នេហាពិស្ណុលោក បាឡាត់ខេត្តទ្រាំង កម្ពុជាក្រោម។

       កុមារនេះបានរៀនលេខអក្សរក្នុងសំណាក់បិតា រហូតដល់ចេះមើលអាន និងសរសរបាន។លុះដល់អាយុ១៧ឆ្នាំ បានបួសជាសាមណេរក្នុងសំណាក់លោកគ្រូចៅអធិការព្រះនាមធីវ វត្តព្រៃម្លូ ឃុំក្រពុំឈូក ស្រុករមេញ ខេត្តតាកែវ។សាមណេរអង្គនេះបានទៅរៀនបរិយត្តិធម៌ក្នុងសំណាក់លោកគ្រូចៅអធិការ គឹម វត្តអង្គពន្លឺកុង ស្រុកទូកមាស ខេត្តកំពត ចំនួន៣ឆ្នាំ។

       មកដល់អាយុ២០ឆ្នាំពេញបរិបូរណ៍ក៏បានបំពេញជាភិក្ខុក្នុងពទ្ធសីមាវត្តព្រៃម្លូដដែលនេះ ដោយមានលោកគ្រូព្រះបទុម វង្សា ទា ធម្មជោតោ ចៅអធិការវត្តព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ជាព្រះឧប្ឈាយ៍ លោកគ្រូ ចន្ទត្ថេរោ ធីវ ចៅអធិការវត្តព្រៃម្លូ និងព្រះគ្រូរតនបាមោក្ខ វិសុទ្ធិវង្សា ប៉ា សុវណ្ណជោតោ ជាឧបសម្បទាចារ្យ។បន្ទាប់ពីបានបំពេញភិក្ខុហើយ ព្រះអង្គបាននិមន្តទៅរៀនបរិយត្តិធម៌ក្នុងសំណាក់ព្រះគ្រូមង្គលកេសរហង្ស មេគណខេត្តតាកែវ ហើយក្រោយមកទៀតក៏បាននិមន្តទៅរៀននៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់លោកគ្រូឧកញ៉ា សុធម្មមេធា អ៊ុង លោកគ្រូព្រះបាឡាត់ រស់ ចៅអធិការវត្តស្វាយជ្រុំ លោកគ្រូព្រះពុទ្ធឃោសាចារ្យ ហ៊ុយ និងលោកគ្រូព្រះមហាវិមលធម្ម ថោង ចាងហ្វាងសាលាបាលីជាន់ខ្ពស់។

       ព.ស.២៤៥៦ ព្រះអង្គបានប្រឡងដេញប្រយោគ ក្នុងវិហារព្រះកែវមរកត ក្រុងភ្នំពេញ ហើយនៅពេលនោះបានជាប់ជាមហា៤ប្រយោគ។ បន្ទាប់ពីនោះមកព្រះអង្គបានទទួលសមណសក្តិជាលំដាប់ ហើយរឹតតែមានការមមាញឹកក្នុងកិច្ចការងារទាំងឡាយ។ក្នុង ព.ស.២៤៥៩ បានធ្វើជាអាចារ្យបង្រៀនព្រះបរិយត្តិធម៌ក្នុងវត្តជ័យនាទី ឃុំចុងកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលព្រះមហាវិមលធម្ម ថោង ចាត់តាំងព្រះអង្គជាព្រះអាចារ្យ ដោយសញ្ញាបត្រ លេខ៧ ចុះថ្ងៃអង្គារ ៣ រោច ខែបុស្ស ឆ្នាំរោង អដ្ឋស័ក ព.ស.២៤៥៩នោះ។ព្រះអង្គបង្រៀននៅទីនោះអស់រយៈ៦ឆ្នាំ ដោយយកព្រះទ័យប្រឹងប្រែងបង្ហាត់សូត្រធម៌ឱ្យបានត្រឹមត្រូវ ព្រមទាំងរៀបចំសៀវភៅភាណវារៈ ធម្មសារោវាទកថា និងពោធិបក្ខិយធម៌ជាដើម បោះពុម្ពផ្សព្វផ្សាយ។

       ប្រាំមួយក្រោយមក ព្រះអង្គត្រឡប់ទៅធ្វើជាចៅអធិការវត្តព្រៃម្លូវិញចំនួន៩ឆ្នាំ ដោយបានបង្រៀនអក្សរសាស្ត្រនិងបរិយត្តិធម៌ដល់សិស្សានុសិស្សជាច្រើន ព្រមទាំងកសាងសមិទ្ធិរៀបចំវត្ត ឱ្យមានរបៀបរៀបរយសមគួរដល់ការគោរបូជានៃពុទ្ធសាសនិក។នៅថ្ងៃ២រោច ខែចេត្រ ឆ្នាំមមែ ត្រីស័ក ព.ស.២៤៧៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៣១ ព្រះអង្គបានចូលជាក្រុមជំនុំប្រែព្រះត្រៃបិដក ក្នុងពុទ្ធសាសនបណ្ឌិត្យ ក្រុងភ្នំពេញ។មិនយូរប៉ុន្មានគឺ៣ឆ្នាំក្រោយមក បានទទួលបដិញ្ញាណ គឺសញ្ញាបត្រពីមេទ័ពគីសា ដោយហេតុបានទេសនាប្រដៅពួកពិជ័យសង្គ្រាម។ព.ស.២៤៨៤ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ប្រគេនគ្រឿងឥស្សរិយយសមេដាយ មុនីសារភណ្ឌ។

       ចំណែកស្នាដៃកសាង និងការតែងនិពន្ធ ក្នុងសៀវភៅដដែលបានបញ្ជាក់ថា ព្រះអង្គបានកសាងព្រះចេតិយ១ ព្រះវិហារវត្តព្រៃម្លូតម្កល់អដ្ឋិធាតុព្រះចៅអធិការ ធីវ និងលោកគ្រូសូត្រ អ៊ុង។សាងបល្ល័ង្ក និងព្រះពុទ្ធរូបធំក្នុងព្រះវិហារ និងកសាងខឿនវិហារវត្តព្រៃម្លូ។ដទៃពីសៀវភៅ ដែលព្រះអង្គរៀបរៀងកាលនៅវត្តជ័យនាទី ខេត្តកំពង់ចាមនោះ ព្រះអង្គនៅបានរៀបរៀងសៀវភៅសំខាន់ៗជាច្រើនទៀតមានចំនួន១៧ជំណងជើង រួមមានអភិធានប្បទីបិកា សង្ឃកម្មកថា ភាគ១ ភាគ២ ព្រហ្មចរិយកថា លោកធម៌ អំពីចក្កវាឡ សុបិននិមិត្ត១៦របស់ព្រះបាទកោសករាជ ធម្មគោរព សត្ថាទេវមនុស្សានំ វិវាទមូល សិប្បកម្មកថា១០ សុភាសិតប្រដៅកូនប្រុសស្រី ពោធិបក្ខិយធម៌៣៧ប្រការ កឋិនបឋមបរិហារ អភិធម្មកថាសង្ខេប បុគ្គលបួនពួក លោកគតិវិន័យ គីរីមានន្ទសូត្រ និងសៀវភៅវិជ្ជាចរណកថា។

       ព្រះឧបាលិវង្ស ម៉ឹង សែស អនិច្ចធម្មនៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំច ទោស័ក ព.ស.២៥១៤ ត្រូវនឹងថ្ងៃទី១១
ខែមិថុនា ឆ្នាំ ១៩៧០ វេលាម៉ោង១៩ និង២៥នាទី ក្នុងព្រះ មិថុនា ឆ្នាំ ១៩៧០ វេលាម៉ោង១៩ និង២៥នាទី ក្នុងព្រះជន្មាយុ៨០ព្រះវស្សា ដោយជរាពាធ ក្នុងកុដិវត្តមហាមន្ត្រី

ប្រភពៈ ជីវិតសកល-Free Life

🔸Last Updated កំណែចុងក្រោយ on June 24, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace