ដកស្រង់ចេញពី គតិលោកភាគទី៥
មានលោកសង្ឃអង្គ ១ ជាចៅអធិការ នាំក្មេងពីរនាក់ជាកូនសិស្សចេញចាកអារាមទៅព្រៃ ដើម្បីនឹងទិញឈើធ្វើកុដិ កូនសិស្សក៏ស្ពាយកញ្ចប់ចង្ហាន់យកទៅ ដើម្បីឆាន់ពេលថ្ងៃត្រង់។
លុះទៅដល់ត្រពាំង ១ មានទឹកដ៏ថ្លាស្អាត មានរុក្ខជាតិដុះជិតជុំ ម្លប់ត្រសុំសប្បាយ ជួនពេលថ្ងៃត្រង់ លោកសង្ឃនោះ ចូលឈប់ប្រារព្ធនឹងឆាន់បាយ ទើបក្មេងទាំង ២ នាក់ ក៏ចាត់ចែងកចង្ហាន់កញ្ចប់នោះប្រគេន ឯម្ហូបនោះមានតែត្រីកន្ត្រប់អាំង ១ ។ លោកចៅអធិការក៏តាំងឆាន់ ឯក្មេងទាំង ២ នាក់វាអង្គុយគាល់លោកឆាន់ វានឹកក្នុងចិត្តវាថា លោកគ្រូប្រហែលជាឆាន់ត្រីកន្ត្រប់នេះ តែ ១ ចំហៀងខាងលើ ឯចំហៀងខាងក្រោមសោត គង់តែលោកនឹងទុកឲ្យយើងកូនសិស្សពីរនាក់ ក្មេងគិតដូច្នោះហើយ វាក៏ខ្សឹបប្រាប់គ្នាវាឲ្យដឹងជាសញ្ញា។
ឯលោកចៅអធិការ លុះឆាន់បាយអស់ត្រីអាំង ១ ចំហៀងហើយក៏នៅឆ្ងាញ់ ទើបប្រែត្រឡប់ត្រីកន្ត្រប់ឆាន់ខាងចំហៀងក្រោមទៀត ។
ឯកូនសិស្ស ឃើញលោកគ្រូត្រឡប់ត្រីអាំងឆាន់ចំណែកខ្លួនវាដូច្នោះ វាក៏នាំគ្នាក្រោកឈរឡើងហើយវាថា វ៉ឺយគ្នាយើង ឥឡូវនេះប្រែហើយ នៅផងពុំបានទេ អាដែង ។
ក្នុងខណៈនោះ មានក្របីព្រៃ ១ ដើរមកផឹកទឹកត្រពាំង បានឃើញមនុស្សនៅនោះ វាក៏បោលចូលមកវ័ធ ។
ឯកូនសិស្សទាំងពីរនាក់ បានឃើញក្របីព្រៃបោលដេញមកដូច្នោះ ទើបវានាំគ្នារត់ចោលលោកគ្រូ ហើយវាឡើងដើមឈើ ត្រាតែដល់ចុង ផុតអន្តរាយនឹងក្របី ឯលោកចៅអធិការកំពុងតែឆាន់ឆ្ងាញ់ ស្រាប់តែក្របីព្រៃមកជិត ក៏ភិតភ័យតក់ស្លុតក្រោកឡើងនឹងរត់ ហើយស្រែកហៅកូនសិស្សឲ្យជួយដោយរួសរាន់ណាស់។
ឯកូនក្មេងនៅលើចុងឈើ វានាំគ្នាស្រែកទៅថាផែនដីប្រែហើយ នរណាឡើយនឹងទៅជួយ ត្រីកន្ត្រប់តូចមួយ ឆាន់អស់នៅសល់តែឆ្អឹង ចូលលោកគ្រូខំប្រឹងរត់ទៅតែឯង តាមយថាកម្មរៀងខ្លួនចុះ យើងមិនចុះទៅជួយទេ ។
ឯលោកនោះ រត់មិនរួចពីក្របី ៗ ក៏វ័ធដល់នូវមរណកាលកណ្ដាលព្រៃនោះហោង ។
រឿងនិទាននេះ បានសេចក្ដីជាគតិយ៉ាងណា ចូរថាទៅមើល ?
កូនសិស្សតបថា រឿងនិទាននេះ បានគតិដូចពាក្យសុភាសិតច្បាប់ចាស់ថា ” បានស្ករនឹងទឹកឃ្មុំពួនក្នុងផ្ទះស៊ីម្នាក់ឯង ” ។ បុគ្គលទាំងឡាយក្នុងលោកនេះ សឹងមានអាហារជាថ្នាំកែរោគឃ្លាន គឺគំលាននេះជារោគធំបំផុត បុគ្គលណាចង់រស់រស់តែឯង មិនគិតដល់អ្នកដទៃផង បុគ្គលនោះ លុះមានក្ដីភ័យឯណាមួយ មកដល់ខ្លួនហើយ នឹងស្រែករកឲ្យគេជួយ គេក៏ពុំមកជួយឡើយ ហៅថាពុំដឹងប្រមាណក្នុងការបរិភោគ ។ អ្នកមានបញ្ញាគួរត្រិះរិះតទៅទៀតចុះ ។
ចប់តម្រាគតិបរិភោគអាហារមិនគិតគេ ទី ១១ តម្រាប្រែ ផែនដីក្របីវ័ធស្លាប់ អញ្ជើញអ្នកស្ដាប់ កុំត្រាប់យកជាគតិ ។
🔸Last Updated កំណែចុងក្រោយ on May 4, 2023