ព្រះបរមសាស្តា ទ្រង់ប្រារឰនូវភិក្ខុមួយរូប ។ ភិក្ខុឣង្គនេះ បានឮព័ត៌មាន ពីពួកភិក្ខុដែលបានពោលសរសើរអំពីឧបាសិកាម្នាក់ ឈ្មោះថា មាតិកមាតា ក្នុងសំណាក់ព្រះសាស្តាថា “មហាឧបាសិកានេះ ជាឣ្នកដឹងចិត្តរបស់ឣ្នកដទៃ គាត់បានប្រគេនចង្ហាន់បិណ្ឌបាត្រ តាមសមគួរ បម្រើតាមសេចក្តីត្រូវ ការចង់បានអ្វី គាត់ធ្វើតាមទាំង ឣស់” លុះឮដូច្នេះហើយ ក៏មានចិត្តចង់ទៅនៅ ក្នុងទីនោះតែម្តង ។
ពេលដែលពួកភិក្ខុទាំងនោះ បាននិមន្តទៅនៅទីនោះហើយ, មហាឧបាសិកា ក៏បានឧបត្ថម្ភទំនុកបំរុងលោក ដោយបច្ច័យ ៤ តាមសេចក្តីត្រូវការរបស់លោក មិនឲ្យមានការខ្វះខាតអ្វីឡើយ ។ ហេតុនេះហើយ បានជាធ្វើឲ្យភិក្ខុមួយរូបនេះ លោកមានការខ្មាសឣៀនយ៉ាងខ្លាំង ចំពោះមហាឧបាសិកានោះ ដោយនឹកគិតថា “ឣាត្មាឣញ នេះ ជាបុថុជ្ជននៅឡើយទេ កម្រណាស់ នឹងហាមចិត្តឲ្យបានល្អ បើ ឣាត្មាឣញ គិតនូវរឿងអ្វីមួយដែលមិនល្អហើយ, មហាឧបាសិកានេះ នឹងមើលងាយមើលថោក ដល់ឣាត្មាឣញ មិនខានឡើយ” ហើយនិមន្តចេញឣំពីទីនោះ ទៅគាល់ព្រះសាស្តា បានក្រាបទូលការនឹកគិត របស់ខ្លួន ថ្វាយព្រះឣង្គទ្រង់ជ្រាប ។
ព្រះសាស្តា ទ្រង់ត្រាស់បញ្ជា ឲ្យភិក្ខុរូបនោះ ត្រឡប់ទៅនៅ ក្នុងទីនោះវិញ ទ្រង់បានត្រាស់ទូន្មាន ប្រៀនប្រដៅ ឲ្យលោកខិតខំព្យាយាមរក្សាចិត្ត របស់ខ្លួនឲ្យបានល្អ ហើយទ្រង់ត្រាសនូ់វព្រះគាថា នេះ ថា ៖
ទុន្និគ្គហស្ស លហុនោ | យត្ថ កាមនិបាតិនោ |
ចិត្តស្ស ទមថោ សាធុ | ចិត្តំ ទន្តំ សុខាវហំ ។ |
ប្រែថា👇
☸️ការទូន្មានចិត្ត ដែលសង្កត់សង្កិនបាន ដោយលំបាក ជាធម្មជាតរហ័ស មានប្រក្រតីធ្លាក់ចុះទៅ តាមសេចក្តីប្រាថ្នា ក្នុងឣារម្មណ៍ណាមួយ រមែងជាគុណញ៉ាំងប្រយោជន៍ឲ្យសម្រេច (ព្រោះថា) ចិត្ត ដែលគេហ្វឹកហ្វឺនបានហើយ រមែងនាំមកនូវសេចក្តីសុខ ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។
ចំនួនវគ្គក្នុងគម្ពីរធម្មបទ
គម្ពីរធម្មបទ មានទាំងអស់ ៤២៣ បទ ការរាប់ជាបទ រាប់តាមចំនួនគាថា គឺ គាថា ១ គាថា ឬគាថា ១ គាថា ជាមួយនឹងកន្លះគាថា រាប់ជា ១ បទ ក្នុងអដ្ឋកថាធម្មបទ លោករួបរួមទុកជារឿងៗ មានឈ្មោះរឿងប្រាកដតាមសភាវធម៌ ឬបុគ្គលដែលទ្រង់ប្រារព្ធ រឿងខ្លះមិនប្រាកដបុគ្គលដោយជាក់ច្បាស់ លោកក៏ប្រើពាក្យថា បុគ្គលម្នាក់ ភិក្ខុមួយរូប រួមទាំងអស់ ៣០២ រឿង ក្នុងមួយរឿងៗ ចាត់ជាពួក ជាក្រុម ហៅថា វគ្គ រួមជា ២៦ វគ្គ វគ្គនីមួយៗ មានឈ្មោះប្រាកដតាមអំណាចខ្លឹមសារនៃធម្មបទនោះៗ និងរឿងនោះៗ ពោលគឺធម្មបទណា រឿងណា ដែលមានសេចក្តីសម្ពន្ធគ្នា ទាក់ទងគ្នា ដូចគ្នា ស្រដៀងគ្នា ឬក៏ផ្ទុយពីគ្នា លោកក៏ចាត់ធម្មបទនោះៗ និងរឿងនោះៗ ជាពួក ជាក្រុម ជាមួយគ្នា ឬវគ្គជាមួយគ្នា, វគ្គនៃធម្មបទនោះ មាន ២៦ វគ្គ គឺ៖
១. យមកវគ្គ មាន ១៤ រឿង ២០ គាថា ១៤. ពុទ្ធវគ្គ មាន ៩ រឿង ១៦ គាថា ២. អប្បមាទវគ្គ មាន ៩ រឿង ១២ គាថា ១៥. សុខវគ្គ មាន ៨ រឿង ១២ គាថា ៣. ចិត្តវគ្គ មាន ៩ រឿង ១១ គាថា ១៦. បិយវគ្គ មាន ៩ រឿង ១២ គាថា ៤. បុប្ផវគ្គ មាន ១២ រឿង ១៦ គាថា ១៧. កោធវគ្គ មាន ៨ រឿង ១៤ គាថា ៥. ពាលវគ្គ មាន ១៥ រឿង ១៧ គាថា ១៨. មលវគ្គ មាន ១២ រឿង ២១ គាថា ៦. បណ្ឌិតវគ្គ មាន ១១ រឿង ១៤ គាថា ១៩. ធម្មដ្ឋវគ្គ មាន ១០ រឿង ១៧ គាថា ៧. អរហន្តវគ្គ មាន ១០ រឿង ១០ គាថា ២០. មគ្គវគ្គ មាន ១២ រឿង ១៦ គាថា ៨. សហស្សវគ្គ មាន ១៤ រឿង ១៦ គាថា ២១. បកិណ្ណកវគ្គ មាន ៩ រឿង ១៦ គាថា ៩. បាបវគ្គ មាន ១២ រឿង ១៣ គាថា ២២. និរយវគ្គ មាន ៩ រឿង ១៤ គាថា ១០. ទណ្ឌវគ្គ មាន ១១ រឿង ១៧ គាថា ២៣. នាគវគ្គ មាន ៨ រឿង ១៤ គាថា ១១. ជរាវគ្គ មាន ៩ រឿង ១១ គាថា ២៤. តណ្ហាវគ្គ មាន ១២ រឿង ២២ គាថា ១២. អត្តវគ្គ មាន ១០ រឿង ១២ គាថា ២៥. ភិក្ខុវគ្គ មាន ១២ រឿង ២៣ គាថា ១៣. លោកវគ្គ មាន ១១ រឿង ១២ គាថា ២៦. ព្រាហ្មណវគ្គ មាន ៤០ រឿង ៤០ គាថា

