នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸រនាបបាក់យករនាបជួស សំដីជ្រុលជ្រួសជួសមិនបានឡើយ។
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុរសសម្លាប់ជ្រូកម្នាក់ ឈ្មោះ ចុន្ទសូករិក ។ នាយចុន្ទសូករិកនេះ ជាមនុស្សគ្មានសីលធម៌ ប្រាសចាកមេត្តាចិត្ត គិតតែពីកាប់សម្លាប់ជ្រូក យកសាច់លក់ចិញ្ចឹមជីវិត ឣស់រយៈពេល ៥៥ ឆ្នាំ គាត់មិនដែលបានធ្វើបុណ្យ ឲ្យទានបន្តិចសោះ, ថ្ងៃដែលគាត់បានឃើញបាបកម្ម ដ៏កាចសាហាវ របស់គាត់នោះ គឺថ្ងៃដែលគាត់ជិតនឹងស្លាប់… គាត់មានសេចក្តីក្តៅក្រហល់ក្រហាយ ឣន្ទះឣន្ទែង វារទៅមក បីដូចជាភ្លើង ក្នុងឣវិចីនរក ដុតរោលទាំងរស់ រើបម្រះននៀល ដូចជាសត្វជ្រូក ដែលគាត់សម្លាប់ ដោយយកទឹកក្តៅច្រក ក្នុងមាត់ ដើម្បីសម្លាប់ យ៉ាងនោះឯង ។
គាត់ទទួលទុក្ខវេទនាបែបនេះ រហូតដល់ទៅ ៧ ថ្ងៃ ទើបបានធ្វើមរណកាល ទៅកើតសោយទុក្ខវេទនា នៅក្នុងឣវិចីនរក ។ នៅពេលដែលនាយចុន្ទសូករិក កំពុងតែទទួល នូវទុក្ខវេទនា រវាង ៧ ថ្ងៃនោះ, ភិក្ខុទាំងឡាយ បាននិមន្តទៅ ដើម្បីបិណ្ឌបាត្រ នៅក្បែរផ្ទះគាត់ ហើយបានឮនូវសម្លេងស្រែកទួញយំ ដូចជាជ្រូកស្រែក ទើបនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។
ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “សម្លេងនោះ គឺមិនមែនជាសម្លេងជ្រូកស្រែកទេ គឺជាសម្លេង របស់នាយចុន្ទសូករិក” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖
| ឥធ សោចតិ | បេច្ច សោចតិ |
| បាបការី | ឧភយត្ថ សោចតិ |
| សោ សោចតិ | សោ វិហញ្ញតិ |
| ទិស្វា កម្ម | កិលិដ្ឋមត្តនោ ។ |
☸️បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ តែងសោកស្តាយក្តៅក្រហាយ ព្រោះឃើញឣំពើសៅហ្មងរបស់ខ្លួន ។
ប្រភពៈ វិគីភីឌាខ្មែរ
ធម្មបទ (ធ័ម-មៈ-បត់) (ន.) (បាលី) (Dhammapada) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។ គាថាធម្មបទ អាចត្រូវបានរកឃើញនៅក្នុងគម្ពីរសុត្តន្តបិដក សៀវភៅភាគ៥២ ទំព័រទី ២១ ដល់ទំព័រទី ១១២ នៃគម្ពីរព្រះត្រៃបិដករៀបរៀងជាភាសាខ្មែរ ។


🔸កំណែចុងក្រោយ Last Updated on April 17, 2025 by Johnny ចន្នី

