រឿង ទេវតាសេកសាយ

កាល​ពី​ព្រេង​នាយ មាន​មនុស្ស​កម្សត់​ពីរ​នាក់​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​មួយ ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែក​សោយ ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែក​សោយ​ក្មេង​នោះ ឪពុក​ម្ដាយ​ក៏​ស្លាប់​ចោល​អស់​ទៅ ។ ក្មេង​នោះ​នៅ​ជា​មួយ​នឹង​ជីដូន ៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស មាន​ទេវតា​មួយ​អង្គ​ទៀត ជា​ទេវតា​ល្អ ជួយ​ឲ្យ​ចម្រុង​ចម្រើន​យស​ស័ក្ដិ​ភោគ​សម្បត្តិ ។ ទេវា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង​ចូល​មក​រក្សា​មនុស្ស​នោះ​កាល​ណា ម្ដាយ​អាពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រ​លំបាក​ពន់​ពេក ហើយ​ថា​រឹទ្ធិ​អ្នក​ឯង​ពូ​កែ​មែន » ។ ទេវតា​អាក្រក់​និយាយ​តប​ទៅ​វិញ​ថា « អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូ​កែ​ទេ? » ។ ទេវតា​ល្អ​ឆ្លើយ​ថា « ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្ដង» ។ ទេវតា​អាក្រក់ ព្រម​បើក​អំណាច​ឲ្យ​ទេវតា​ល្អ​ថែរក្សា​ហើយ​ហោះ​ទៅ ។ ទេវតា​បណ្ដាល​ឲ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​ឧស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោ​គិត​ថា «ឱ អញ បើ​អញ​រស់​នៅ គ្រាន់​អញ​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​ជី​ដូន​អញ បើ​ប្រសិន​ជា​អញ​ស្លាប់​ទៅ តើ​បាន​អ្នក​ណា​នឹង​រក​ស៊ី​ចិញ្ចឹម​ជី​ដូន​អញ​ទៀត បើ​ដូច្នេះ អញ​គិត​ទៅ​និយាយ​បបួល​យាយ​អញ​ទៅ​នៅ​ធ្វើ​ខ្ញុំ​សេដ្ឋី គ្រាន់​តែ​សុំ​បាយ​គេ​ស៊ី ប្រហែល​ជា​គេ​ព្រម​ហើយ» គិត​តែ​ប៉ុណ្ណេះ​ក៏​លែង​កាប់​ឧស ត្រឡប់​ទៅ​វិញ ទៅ​ដល់​និយាយ​ប្រាប់​ជីដូន​តាម​ដំណើរ​សព្វ​គ្រប់ ដែល​ខ្លួន​គិត​កាល​ទៅ​កាប់​ឧស ។ ជីដូន​បាន​ស្ដាប់​ហើយ​ក៏​ចូល​ចិត្ត​ព្រម​តាម​ចៅ បុរស​កម្សត់​ទាំង​ពីរ​នាក់ គឺ​ជីដូន​និង​ចៅ ក៏​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ​មហាសេដ្ឋី ដល់​ចូល​ទៅ​ក្នុង​កំពែង​របង​ហើយ ទៅ​អង្គុយ​បត់​ជើង​នៅ​មាត់​ជណ្ដើរ​មហាសេដ្ឋី ។ លុះ​បន្តិច​ទៅ មហាសេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​គ្នា ចេញ​មក​ក្រៅ​ក្រឡេក​ទៅ​ឃើញ​អ្នក​ទាំង​ពីរ​នាក់​អង្គុយ​ក៏​សួរ​ថា «ឯង​មក​នេះ​មាន​ប្រាថ្នា​អ្វី?» ។ បុរស​កម្សត់​នោះ​ឆ្លើយ​ជម្រាប​ទៅ​សេដ្ឋី​ថា «ខ្ញុំ​ពីរ​នាក់​ជីដូន​និង​ចៅ​នេះ មក​សុំ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​លោក គ្រាន់​តែ​យក​បាយ​ចិញ្ចឹម​ជីវិត» ។ មហាសេដ្ឋី​ស្ដាប់​ហើយ​ឆ្លើយ​ថា « អើ​ឯង​នៅ​ចុះ » ។ បុរស​នោះ​ជម្រាប​ទៅ​មហា​សេដ្ឋី​ថា «សូម​លោក​មេត្តា​ឲ្យ​ខ្ញុំ​នៅ​បម្រើ​ខាង​លើ​ផ្ទះ​បាយ​ហើយ​និង​ផ្ទះ​ធំ» ។ មហាសេដ្ឋី​ព្រម ទើប​យាយ​ចាស់​នោះ សុំ​គ្រាន់​តែ​ដេញ​មាន់​ទា​ កុំ​ឲ្យ​ស៊ី​ស្រូវ កាល​ណា​គេ​យក​ស្រូវ​ទៅ​ហាល ។ បុរស​នោះ ខំ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេដ្ឋី​មិន​ឲ្យ​ទាស់​ចិត្ត​បន្តិច​សោះ ។ មហាសេដ្ឋី​មាន​ចិត្ត​អាណិត​ស្រឡាញ់​រាប់​អាន ។ លុះ​យូរ​ទៅ​ប្រមាណ​ជា ៣-៤ ឆ្នាំ បុរស​នោះ​ សុំ​មហាសេដ្ឋី​ទៅ​នៅ​ឃ្វាល​ក្របី​វិញ ដល់​នៅ​ឃ្វាល​ក្របី ផ្លាស់​អស់​ខ្សែ​ពួរ​ចាស់ៗ​ទាំង​ប៉ុន្មាន ជួស​ជុល​ក្រោល​ឲ្យ​ស្អាត​ល្អ​ឡើង ក្របី​ទាំង​អស់​ចំនួន ១០០ ក្បាល ។ ដល់​យូរ​ទៅ មហាសេដ្ឋី​ប្ដី​ប្រពន្ធ​និយាយ​គ្នា​ថា «តាំង​ពី​អា​នេះ​ទៅ​ឃ្វាល​ក្របី យើង​មិន​ដែល​ទៅ​មើល​វា​ម្ដង​សោះ ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​ទៅ​មើល​វា​ម្ដង» ក៏​នាំ​ប្ដី​ប្រពន្ធ​ទៅ លុះ​ទៅ​ដល់​មើល​ទៅ​ក្របី ខ្សែ​ពួរ និង​ក្រោល ពេញ​ចិត្ត​ទាំង​អស់ ក៏​ត្រឡប់​មក​វិញ​និយាយ​គ្នា​ថា «អានេះ​ជា​មនុស្ស​ល្អ កាល​ដែល​យើង​ឃើញ​មុន មិន​ដែល​មាន​ប្រដាប់​សម្រាប់​ក្របី​ថ្មី យ៉ាង​នេះ​ទេ ឥឡូវ​នេះ​មាន​ព្រម អានេះ​ជា​មនុស្ស​ចិត្ត​ត្រង់​នឹង​ចៅហ្វាយ​នាយ» ។ បុរស​នោះ​ទៅ​ឃ្វាល​ក្របី​រាល់​ថ្ងៃ មាន​កាល​ថ្ងៃ​មួយ​នោះ ពេល​ល្ងាច​ដេញ​ក្របី​ត្រឡប់​មក​ក្រោល​វិញ មក​ដល់​ត្រពាំង​មួយ ដេញ​ក្របី​ចុះ​ទៅ​ត្រពាំង​ទឹក ទៅ​ជាន់​ដុំ​មាស​នៅ​ក្នុង​ត្រពាំង​នោះ បែរ​ទៅ​ខាង​ណា ក៏​សុទ្ធ​តែ​ដុំ​មាស ពេញ​ត្រពាំង​ទាំង​អស់ ។ បុរស​នោះ​ថា «ដុំ​ថ្ម​អ្វី​ក៏​ច្រើន​ម្ល៉េះ ប៉ះ​ជើង​ស្ទើរ​ស្លាប់​ហើយ » ថា​ហើយ​ក៏​យក​ដុំ​មាស​មួយ​ដុំ​មក គិត​ថា «អញ​យក​ដុំ​ថ្ម​នេះ​ទៅ​ផ្ញើ​យាយ​អញ ព្រោះ​ថ្ម​នេះ​ល្អ» ។ បុរស​នោះ ដេញ​ក្របី​មក​ចូល​ក្រោល រួច​ហើយ​ក៏​យក​ដុំ​មាស​នោះ​ទៅ​ឲ្យ​ជីដូន​ៗ បាន​ឃើញ​ដុំ​មាស​ហើយ សួរ​ថា «ចៅ​យក​ពី​ណា​មក យក​ទៅ​វិញ​ទៅ​យាយ​មិន​ហ៊ាន​យក​ទេ ដុំ​មាស​ធំ​ម្ល៉េះ » ។ បុរស​ដឹង​ជា​ដុំ​មាស​ដូច្នោះ​ហើយ ក៏​យក​ទៅ​ទុក​ក្នុង​ត្រពាំង​វិញ ចំណាំ​កន្លែង​ទុក រួច​ត្រឡប់​មក​វិញ ។

ថ្ងៃ​ក្រោយ​មក​ ព្រះ​មហាក្សត្រ ទ្រង់​ល្បង​ចិត្ត​ពួក​សេនាបតី ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​អាមាត្យ​ថា « អ្នក​ឯង​ទៅ​ប្រាប់​សេនាបតី​ទាំង​៤ ថា « ល្ងាច​នេះ ឲ្យ​ដេក​ចាំ​ព្រះ​បរម​រាជ​វាំង​នៅ​ចុង​ព្រះ​រាជ​រោង» ។ អាមាត្យ​នាំ​យក​ព្រះ​បន្ទូល​ទៅ​ជម្រាប​សេនាបតី​ទាំង ៤ តាម​ដំណើរ ។ សេនាបតី​ទាំង​នោះ ក៏​រៀប​ខ្លួន​មក​ដេក​តាម​ព្រះ​រាជឱង្ការ​ពេល​មក​ដេក​នោះ មិន​គិត​ប្រុង​ប្រយ័ត្ន​សោះ គិត​តែ​ពី​ដេក​ទាល់​ភ្លឺ ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្ដេច​ទ្រង់​យាង​មក​ទត​សេនាបតី​ទាំង ៤ នោះ ឃើញ​ដេក​ទាំង​អស់​គ្នា ក៏​ទ្រង់​យាង​ត្រឡប់​ទៅ​ក្រឡា​ព្រះ​បន្ទំ​វិញ ដល់​ព្រឹក​ឡើង ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ចាប់​សេនាបតី​ទាំង​នោះ យក​ទៅ​កាប់​ចោល​ទៅ ។ លុះ​ល្ងាច​ក្រោយ​ទៀត ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​ហៅ​មហាសេដ្ឋី​ទាំង ៤ ឲ្យ​មក​ដេក​ដូច​មុន​ទៀត ។ មហាសេដ្ឋី​ដែល​ជា​ចៅហ្វាយ​បុរស​កម្សត់​នោះ ភ័យ​ណាស់ ព្រោះ​មិន​ដឹង​ជា​មាន​រឿង​អ្វី បាន​ជា​ស្ដេច​ឲ្យ​សម្លាប់​សេនាបតី​ទាំង ៤ មុន​នោះ ឥឡូវ​ដល់​មក​ខ្លួន​ទៀត គិត​ថា​មុខ​ជា​ស្លាប់​ហើយ កូន​ប្រពន្ធ​ទាំង​ប៉ុន្មាន​យំ​សោក​ទាំង​អស់​គ្នា ។ លុះ​បន្តិច​ទៅ ឮ​ទៅ​ដល់​បុរស​កម្សត់​ៗ ក៏​ឡើង​មក​សួរ​ថា « ហេតុ​ម្ដេច បាន​ជា​យំ​សោក​យ៉ាង​នេះ? » ។ មហាសេដ្ឋី​ប្រាប់​ទៅ​តាម​រឿង ។ បុរស​ថា « បើ​ដូច្នេះ ខ្ញុំ​សូម​ទៅ​ដេក​ជំនួស » ។ មហាសេដ្ឋី​ឮ​ដូច្នោះ​ហើយ ក៏​អរ​ណាស់ ឲ្យ​រក​សំពត់​អាវ​ល្អ​ៗ យក​មក​ឲ្យ​បុរស​កម្សត់​នោះ​ស្លៀក​ដោយ​គិត​ថា មុខ​ជា​ស្លាប់​ហើយ ។ លុះ​បុរស​រៀប​ខ្លួន​ស្រេច នឹង​ទៅ​ដេក​ចាំ​វាំង ជា​មួយ​ពួក​មហាសេដ្ឋី​ឯទៀត តែ​ពេល​ទៅ បុរស​នោះ​យក​ទាំង​ដាវ​មួយ​ទៅ​ផង ទៅ​ដល់​ហើយ​ក៏​ដេក ។ ពួក​មហាសេដ្ឋី​ឯទៀត គេ​អង្គុយ​និយាយ​គ្នា​លេង លុះ​ដល់​យប់​ជ្រៅ ទើប​នាំ​គ្នា​ដេក​អស់​ទៅ ។ បុរស​នោះ ដឹង​ថា​គេ​ដេក​ស្ងាត់ ក៏​ក្រោក​ឡើង​អង្គុយ​ម្នាក់​ឯង ។ លុះ​យប់​ជ្រៅ​ស្ងាត់ ស្ដេច​ទ្រង់​ចេញ​មក​ដូច​មុន​ទៀត មក​ដល់​ចុង​ព្រះ​រាជ​រោង បុរស​នោះ​ក្រឡេក​ឃើញ​ទាញ​ដាវ​បាន ដេញ​កាប់​ធ្វើ​ជា​កាប់​ផុត​ៗ ស្ដេច​រត់​រួច​ទៅ ។ ក្នុង​ ១ យប់​នោះ ស្ដេច​ចេញ​មក ៣ ដង ។ បុរស​ដេញ​កាប់​ទាំង ៣ ដង​ស្ដេច​ទ្រង់​រត់​ទៅ​វិញ ។ លុះ​ព្រឹក​ឡើង ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល ឲ្យ​ចាប់​សេដ្ឋី​ទាំង ៣ នាក់ ដែល​ដេក​នោះ យក​ទៅ​កាប់​ចោល ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ហៅ​បុរស​កម្សត់​នោះ​ទៅ ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​បុរស​កម្សត់​ថា «ឯង​ជា​សេដ្ឋី​ឈ្មោះ​អ្វី?» ។ បុរស​កម្សត់​ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​កូន​មហាសេដ្ឋី​ឈ្មោះ​នោះ» ។ ស្ដេច​មាន​ព្រះ​បន្ទូល​ឲ្យ​ទៅ​ហៅ​មហាសេដ្ឋី ដែល​ជា​ចៅហ្វាយ​បុរស​កម្សត់​នោះ​មក​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ថា «នេះ​ជា​កូន​អ្នក​មែន​ឬ​អ្វី? » ។

មហាសេដ្ឋី​ក្រាប​ទូល​ឆ្លើយ​ទទួល​ថា «កូន​មែន» ។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​កូន​មហាសេដ្ឋី​ឯង អញ​សុំ​ធ្វើ​ជា​កូន​អញ» ។ មហាសេដ្ឋី​ក៏​ថ្វាយ​បុរស​នោះ​ទៅ​ស្ដេច ហើយ​ក្រាប​បង្គំ​លា​ទៅ​ផ្ទះ​វិញ ។ ស្ដេច​មាន​ព្រះ​រាជបុត្រី​មួយ​ព្រះ​អង្គ ទ្រង់​ក៏​រៀប​ផ្សំ​ផ្ដុំ​នឹង​បុរស​កម្សត់​នោះ ជា​ប្ដី​ប្រពន្ធ​ទៅ ហើយ​អភិសេក​ឲ្យ​ឡើង​សោយ​រាជ្យ​យូរ​ទៅ ស្ដេច​បុរស​នឹក​ឃើញ​ទៅ​ដល់​មាស ដែល​នៅ​ក្នុង​ត្រពាំង ក៏​ត្រាស់​បង្គាប់​ទៅ​មហាសេដ្ឋី​ឪពុក ឲ្យ​ទៅ​ដឹក​មាស​មក​ដាក់​ឃ្លាំង​ទុក ។

មាន​មួយ​ថ្ងៃ ស្ដេច​បុរស​នោះ ចង់​ចេញ​ទៅ​កាន់​ចុង​ព្រះ​រាជ​រោង ឲ្យ​សេនាបតី​គាល់ ក៏​ទៅ​ទូល​ស្ដេច​ឪពុក​ៗ ទ្រង់​ហាម​ថា « ឯង​ជាតិ​ជា​រាស្ត្រ បើ​ចេញ​ទៅ​ត្រូវ​យក​មហេសី​ទៅ​ផង » ។ ស្ដេច​បុរស​ទ្រង់​យាង​ចេញ​ទៅ​កាន់​ចុង​ព្រះ​រាជ​រោង ជា​មួយ​អគ្គមហេសី ពួក​នាហ្មឺន​ទាំង​ពួង​គាល់​ត្រៀប​ត្រា ។ វេលា​នោះ ទេវតា​អាក្រក់ ដែល​រក្សា​បុរស​នោះ​អំពី​ដើម ត្រឡប់​មក​វិញ​ក៏​ជួប​ទេវតា​ល្អ ហើយ​និយាយ​ថា «ឥឡូវ​នេះ​អ្នក​រក្សា​មនុស្ស​នេះ តាំង​ពី​នៅ​លំបាក ទាល់​តែ​បាន​ធ្វើ​ជា​ស្ដេច​ថែម​ទៀត នោះ​ឃើញ​ថា​អំណាច​អ្នក​ពូកែ​មែន បើ​បើ​ដូច្នេះ​អ្នក​ចេញ​ទៅ ឲ្យ​ខ្ញុំ​រក្សា​ម្ដង» ។ ទេវតា​ល្អ ប្រគល់​ស្ដេច​កម្សត់​ឲ្យ​ទៅ​ទេវតា​អាក្រក់​ហើយ​ហោះ ទៅ ។ ពេល​នោះ មាន​ភ្លៀង​ផ្គរ ទេវតា​អាក្រក់​ក៏​បណ្ដាល​ចិត្ត​ស្ដេច​បុរស​នោះ​មួយ​រំពេច ស្ដេច​នោះ​មិន​បាន​គិត លោ​មាន​ព្រះ​បន្ទូល​ចំពោះ​ពួក​នាហ្មឺន ដែល​គាល់​ត្រៀប​ត្រា​ថា អញ​ឮ​ផ្គរ​លាន់ ស្រណោះ​កាល​នៅ​ឃ្វាល​ក្របី​ពី​ដើម​ណាស់ » គ្រាន់​តែ​ប៉ុណ្ណោះ មហេសី​ឮ​ក៏​ស្ទុះ​ទៅ​រក​ព្រះ​បិតា​ហើយ​ក្រាប​ទូល​ថា «ព្រះ​វរបិតា មិន​គួរ​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​អា​មនុស្ស​ឃ្វាល​ក្របី​នេះ សោះ​ខ្ញុំ​ម្ចាស់​លែង​យក​ហើយ ព្រោះ​វា​និយាយ​ចំមុខ​នាហ្មឺន ដែល​គាល់​ត្រៀប​ត្រា​ថា « ឮ​ផ្គរ​លាន់ ស្រណោះ​កាល​នៅ​ឃ្វាល​ក្របី​ពី​ដើម ខ្ញុំ​ម្ចាស់​ខ្មាស​ពួក​នាហ្មឺន​សព្វ​មុខ​មន្ត្រី​ណាស់ ខ្ញុំ​ម្ចាស់​មិន​យក​ជា​ប្ដី​ទេ​» ។ ស្ដេច​បិតា​ឮ​ដូច្នោះ ក៏​ឲ្យ​ចាប់​ស្ដេច​នោះ​យក​ទៅ​ដាក់​គុក​ទៅ ។ ដាក់​គុក​បាន​ពាក់​កណ្ដាល​ថ្ងៃ ទេវតា​ល្អ​ដែល​រក្សា​មុន​នោះ​ត្រឡប់​មក​វិញ ហើយ​និយាយ​ទៅ​នឹង​ទេវតា​អាក្រក់​ថា «អ្នក​មាន​រឹទ្ធិ​ណាស់ ចូល​មក​រក្សា​ភ្លាម ស្ដេច​បុរស​បាន​ជាប់​គុក​ភ្លាម ដូច្នេះ​អ្នក​អញ្ជើញ​ទៅ​ចុះ ទុក​ឲ្យ​ខ្ញុំ​រក្សា​វិញ» រួច​ហើយ​ទេវតា​ល្អ​ក៏​បណ្ដាល​ចិត្ត​ស្ដេច​បុរស​ៗ​នឹក​ឃើញ​ភ្លាម​ថា « អញ​មិន​គួរ​ភ្លាត់​សំដី​ឲ្យ​ទាល់​តែ​ជាប់​គុក​សោះ ប៉ុន្តែ​គ្មាន​អ្នក​ណា​ដឹង​ថា អញ​ជាប់​គុក​នៅ​ឡើយ​ទេ​ដូច្នេះ​អញ​បង្គាប់​ទៅ​សេដ្ឋី​ឪពុក​អញ ឲ្យ​យក​មាស​ដែល​មក​ពី​ក្នុង​ត្រពាំង​នោះ ដំ​ធ្វើ​ជា​រូប​ក្របី ១០០ ដាក់​ជើង​ពាន​មាស ១០០ យក​មក​ឲ្យ​អញ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ពី​ព្រឹក» គិត​តែ​ប៉ុណ្ណោះ​ក៏​ប្រើ​មេ​គុក​ឲ្យ​ទៅ​ប្រាប់​សេដ្ឋី​ថា «ស្ដេច​មាន​ព្រះ​បន្ទូល​ថា ឲ្យ​យក​មាស​ដំ​ធ្វើ​រូប​ក្របី ១០០ ដាក់​លើ​ជើង​ពាន​មាស ១០០ ហើយ​យក​ទៅ​ថ្វាយ​ស្ដេច​ដល់​កន្លែង​ទ្រង់» ។ សេដ្ឋី​ឮ​ហើយ ក៏​ហៅ​ជាង​ទាំង​ពួង ឲ្យ​ធ្វើ​ក្នុង​មួយ​យប់​ឲ្យ​ហើយ​លុះ​ព្រឹក​ឡើង ឲ្យ​ខ្ញុំ​ស្រី​សេដ្ឋី ១០០ នាក់ ទូល​យក​ទៅ​ថ្វាយ​ស្ដេច​ក្នុង​ព្រះ​រាជវាំង ។ ស្ដេច​បិតា​ក្មេក​ទត​មក​ឃើញ ឲ្យ​អមាត្យ​រត់​ទៅ​មើល ។ អាមាត្យ​មក​ក្រាប​ទូល​វិញ​ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ហៅ​អ្នក​ទូល​ក្របី​នោះ​មក​ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «នាង​ឯង​រាល់​គ្នា យក​ក្របី​មាស​នេះ​ទៅ​ណា?» ។ ស្រី​ទាំង​នោះ​ថា « ខ្ញុំ​ម្ចាស់​យក​មក​ថ្វាយ​ព្រះអង្គ» ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ឲ្យ​ហៅ​ព្រះ​រាជបុត្រី​ថា​មហេសី​ស្ដេច​កម្សត់ ឲ្យ​ចេញ​មក​មើល ហើយ​មាន​ព្រះ​បន្ទូល​ថា «កូន​អើយ ! ដែល​ប្ដី​ឯង​វា​ថា​ស្រណោះ​កាល​ឃ្វាល​ក្របី​នោះ មិន​មែន​ក្របី​សត្វ​ទេ គឺ​រូប​ក្របី​មាស​នេះ​ឯង កូន​មើល​ក្របី​នេះ​ចុះ ណ្ហើយ​កូន​កុំ​ខឹង​នឹង​ប្ដី យក​ប្ដី​វិញ​ទៅ » មាន​ព្រះបន្ទូល​តែ​ប៉ុណ្ណោះ​ក៏​ទ្រង់​ឲ្យ​ទៅ​ដោះ​ស្ដេច​បុរស​កម្សត់​មក ហើយ​ទ្រង់​អភិសេក​នឹង​នាង​ជា​ព្រះ​រាជបុត្រី​ឲ្យ​ឡើង​សោយ​រាជ​សម្បត្តិ ជា​សុខ​សប្បាយ​រៀង​ទៅ ព្រម​ទាំង​យាយ​ជីដូន​នៃ​បុរស​នោះ​ផង ។

រិទ្ធិ​នៅ​ទេវតា ប្រាជ្ញា​នៅ​មនុស្ស

🔸Last Updated កំណែចុងក្រោយ on March 28, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).