រឿង តា​ព្រហ្ម​នៅ​វត្ត​នគរ​បាជ័យ(១) នៅ​ខេត្ត​កំពង់​ចាម

តាម​ដង​ផ្លូវ​ជាតិ​លេខ ៧ ពី​ក្រុង​ភ្នំ​ពេញ​ទៅ​កំពង់ចាម ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រ ពី​ទី​ប្រជុំ​ជន​កំពង់ចាម មាន​ផ្លូវ​មួយ​ចូល​ទៅ​ខាង​លិច ប្រមាណ​ជា ៣០០ ម៉ែត្រ​ប៉ុណ្ណោះ មាន​កំពែង​ថ្ម​បាយ​ក្រៀម ប្រកប​ដោយ​ក្លោង​ទ្វារ​បាក់​បែក​រុះ​ធ្លាក់​អស់​ជា​ច្រើន ។ បរិវេណ​កំពែង​នេះ អ្នក​ស្រុក​ហៅ​ថា ” វត្ត​នគរ​បាជ័យ ” ឬ​ហៅ​ខ្លី​កាត់​ថា ” វត្ត​នគរ​ៗ ” ។ បើ​ចូល​តាម​ផ្លូវ​ពី​ខាង​កើត​ត្រង់​ទៅ​លិច​មិន​ឆ្ងាយ​ប៉ុន្មាន ក៏​បាន​ទៅ​ដល់​កំពែង​មួយ​ទៀត ដ៏​មាន​រោង​ទង​ត​ភ្ជាប់​ជុំ​វិញ និង​មាន​ខ្លោង​ទ្វារ​ជា​បួន​ទិស ។ ខ្លោង​ទ្វារ​និង​រោង​ទង​នេះ នៅ​គង់​ត្រង់​ល្អ​នៅ​ឡើយ ដោយ​អន្លើ​ៗ តែ​មាន​អន្លើ​ខ្លះ​បាក់​បែក​ជ្រុះ​ធ្លាក់​ទៅ​ហើយ​ដែរ ។ ចូល​ផុត​ពី​នេះ​ទៅ​បាន​ទៅ​ដល់​ខ្លោង​ទ្វារ​ទី ៣ ដែល​មាន​​ភ្ជាប់​ទាំង​រោង​ទង​ស្រឡះ​ស្រឡំ ហើយ​នៅ​ទ្រង់​ស្អាត​បាត​នៅ​ឡើយ បាក់​ធ្លាក់​តែ​កំពូល​ចុង​បំផុត​ប៉ុណ្ណោះ ។ នៅ​ចំ​កណ្ដាល​រោង​ទង ដែល​មាន​ខ្លោង​ទ្វារ​បែរ​ទៅ​រក​ទិស​ធំ​ទាំង​ ៤ មាន​ប្រាង្គ​មួយ​ធំ ទទឹង​ពី​ម្ខាង​ទៅ​ម្ខាង ខាង​បាត​ក្រោម​ប្រមាណ​ជា ១៥ ម៉ែត្រ រាង​បួន​ជ្រុង​ស្មើ កំពូល​លើ​ស្រួច​រៀវ មាន​សណ្ឋាន​ជា​ចេតិយ(២) ។ ក្នុង​ប្រាង្គ​នេះ មាន​ព្រះ​ពុទ្ធ​រូប ៤ អង្គ បែរ​ព្រះ​ភក្ត្រ​តាម​ចន្លោះ​ទ្វារ​ឆ្ពោះ​ទៅ​ទិស​ធំ​ទាំង​បួន ។

នៅ​ចន្លោះ​កំពែង​ជាន់​ទី ២ និង​ទី ៣ ខាង​ត្បូង​មាន​វិហារ​តូច​ៗ ពីរ ឯ​ខាង​ជើង​ក៏​មាន​ពីរ​ដែរ ។ បណ្ដា​វិហារ​តូច​ទាំង​បួន​នេះ មាន​វិហារ​មួយ​នៅ​ខាង​ឦសាន​ប្រាង្គ​តម្កល់​ព្រះ​ពុទ្ធ​រូប​បួន​អង្គ គង់​បែរ​ព្រះ​ភក្ត្រ​ទៅ​កាន់​ទិស​ធំ​ទាំង​បួន ហើយ​ព្រះ​បិដ្ឋិ(៣) ផ្អែក​ទៅ​នឹង​ចេតិយ​ធំ​មួយ​នៅ​ចំ​កណ្ដាល ។ ពី​ខាង​កើត​ចំ​នៃ​វិហារ​នេះ មាន​គុហា​តូច​មួយ​ទៀត​តម្កល់​រូប​បដិមា ៣ អង្គ​, ពីរ​អង្គ​ឈរ​កាន់​ដំបង​បញ្ឈរ​ទំនង​ជា​សេនា មួយ​អង្គ​អង្គុយ​ពែន​ជើង​លើ​អាសនៈ​ខ្ពស់ ដៃ​ប្រណម្យ​ឆ្ពោះ​ចំ​មក​រក​ចេតិយ ដែល​ពោល​ខាង​លើ ។ រូប​ភាព​ចម្លែក​នេះ​ហើយ ដែល​មាន​រឿង​និទាន​មួយ​ដំណាល​តៗ​គ្នា ជា​អង្វែង​ហើយ​មក​ថា ៖

អំឡុង​ជា​យូរ​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ នៅ​ប្រទេស​កម្ពុជា​មាន​ស្ដេច​ក្រាញ់(១) មួយ​ព្រះ​អង្គ ជា​ព្រះ​អនុរាជ បាន​យាង​ជ្រើស​រើស​រក​ទី​កន្លែង​សាង​ឧទ្យាន និង​ព្រះ​រាជ​ដំណាក់ ដើម្បី​ទុក​ជា​ទី​កម្សាន្ត លំហែ​ព្រះ​ចិន្ដា​ក្នុង​គ្រា​ដែល​ទ្រង់​អផ្សុក​ព្រះ​ទ័យ​ម្ដងៗ ។ ព្រះ​អង្គ​បាន​យាង​មួយ​អន្លើ ដោយ​ពពួក​សេនាមាត្យ មុខ​មន្ត្រី សឹង​តែ​សព្វ​ទី​នៅ​ក្នុង​អាណា​ខេត្ត ដែល​នៅ​ក្នុង​បន្ទុក​ព្រះ​អង្គ​ត្រួតត្រា ។ ថ្ងៃ​មួយ ក្បួន​ដង្ហែ​ស្ដេច​ក្រាញ់​បាន​មក​ដល់​ព្រែក​មួយ​នៅ​ជាប់​នឹង​ដង​ទន្លេ​ធំ ដែល​សព្វ​ថ្ងៃ​ជា​ទីក្រុង​កំពង់​ចាម ហើយ​ដែល​ពេល​នោះ​មាន​បណ្ដា​ជន​ជា​ច្រើន​កំពុង​រក​របរ​ចិញ្ចឹម​ជីវិត​ដោយ​ធ្វើ ធ្នោះ ព្រួល សម្រះ ចាប់​ត្រី​ក្នុង​ព្រែក​នោះ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​បង្គាប់​ដល់​កង​យោធា​ឲ្យ​បោះ​ជំរំ សង់​ព្រះ​ពន្លា​នៅ​ទៀប​មាត់​ព្រែក​នោះ ដោយ​ទីនោះ​មាន​ខ្យល់​អាកាស​ល្អ ព្រម​ទាំង​វិចិត្រ​ទៅ​ដោយ​ធម្មជាតិ​គួរ​ជាទី​រីករាយ​ផង ។ ព្រះ​អនុរាជ​ទ្រង់​ឆ្មៀង​ព្រះ​នេត្រ​ទត​ឧទកធារា អប់​សុគន្ធរស​សុស​សាយ ដោយ​មាន​ស្រី​ស្នំ​ក្រមការ គាល់​ហ្វៅ​ត្រៀបត្រា ។

វេលា​នោះ​នាង ពៅ ដែល​ជា​ម្ចាស់​ធ្នោះ​ក្នុង​ព្រែក​នោះ បាន​ដឹង​ថា ព្រះ​អនុរាជ​យាង​មក​បោះ​ពន្លាជ័យ នៅ​ក្បែរ​កន្លែង​ខ្លួន​ដូច្នោះ ក៏​ម្នីម្នា​ចាត់​ចែង​អស់​ពួក​បាវព្រាវ ឲ្យ​រៀប​ចំ​ព្រះ​ក្រាយ​ស្ងោយ​ ព្រមទាំង​វត្ថុ​ដ៏​ប្រណីត​ផ្សេងៗ នឹង​នាំ​យក​ទៅ​ថ្វាយ​ព្រះអង្គ ។ រៀប​ចំ​ជា​ស្រេច​នារី​នេះ​ក៏​ប្រោះ​ព្រំ​អស់​រូប​រាង​កាយ ឲ្យ​ក្រអូប​ទៅ​ដោយ​ក្លិន​ខ្លឹម​ចន្ទន៍ ហើយ​ស្លៀក​ពាក់​យ៉ាង​សមរម្យ ដើរ​ល្វាសល្វន់​ពី​មុខ​ពួក​ស្រី​បម្រើ ។ ដៃ​នាង​ទ្រ​នូវ​ពាន​គ្រឿង​ព្រះ​ស្រី យូរ​ៗ​គេ​ឃើញ​មាន​ពន្លឺ​ខ្សែ​មាស​ពេជ្រ​រំលេច​ពណ៌​ផ្លេកៗ ដេញ​រស្មី​ព្រះ​អាទិត្យ​ម្ដងៗ ។ លុះ​ទៅ​ដល់​ហើយ នាង ពៅ ព្រម​ទាំង​ពួក​ស្រី​បម្រើ ក៏​ឱន​ក្បាល​ក្រាប​វន្ទា​ព្រះ​ចេស្ដា​ដោយ​ពោល​ពាក្យ​ក្រាប​បង្គំ​ទូល​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ! ខ្ញុំ​ម្ចាស់​ទើប​នឹង​បាន​ដឹង​ថា ព្រះ​អង្គ​យាង​មក​ក្រសាល​ព្រះ​កាយ​នៅ​ទី​នេះ ទើប​ខ្ញុំ​ម្ចាស់​រៀប​អស់​គ្រឿង​ដង្វាយ​ទាំង​នេះ នាំ​មក​ថ្វាយ​ព្រះ​អង្គ សូម​ប្រោស​ព្រះ​រាជានុញ្ញាត​ទទួល​ដោយ​អនុ​គ្រោះ ” ។

ព្រះ​រាជា​ត្រាស់​តប​ថា ” នាង ! ខ្ញុំ​រីករាយ​ណាស់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ខ្ញុំ​យ៉ាង​នេះ ខ្ញុំ​អនុញ្ញាត​ឲ្យ​នាង​លើក​គ្រឿង​ដង្វាយ​ទាំង​នេះ​មក​ចុះ ” ។

កាល​បើ​ឮ​ព្រះ​រាជានុញ្ញាត​យ៉ាង​នេះ​ហើយ នាង ពៅ ក៏​លើក​អស់​គ្រឿង​បណ្ណាការ​ទាំង​នោះ មក​ដាក់​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អនុរាជ ហើយ​ឱន​ក្បាល​ក្រាប​បង្គំ​ម្ដង​ទៀត ដោយ​វាចា​ថា ” ខ្ញុំ​ម្ចាស់​សូម​ក្រាប​បង្គំ​លា ” ។

ព្រះ​រាជា​ទ្រង់​ញញឹម​ហើយ​ត្រាស់​តប​វិញ​ថា ” ទៅ​ចុះ​នាង ! តែ​ចូរ​នាង​ឧស្សាហ៍​មក​លេង​ទី​នេះ ឲ្យ​ញឹកញាប់​ហ្នា៎ ! ” ។

នាង​ទទួល​ថា ” ពរ​ម្ចាស់ ” ។

ហើយ​នាង​ក្រមុំ ព្រម​ទាំង​ស្រី​បម្រើ​ក៏​វារ​ថយ លុះ​ត្រា​តែ​ផុត​ពី​ទី​ព្រះ​គំនាល់​មក ទើប​តម្រង់​ទៅ​កាន់​លំនៅ​អាត្មា​​តែ​រៀង​ខ្លួន​ទៅ ។

ក្រោយ​ដែល​ក្រមុំ​នេះ​លា​ចេញ​ផុត​ទៅ ព្រះ​អនុរាជ​ទ្រង់​សោយ​ព្រះ​ក្រយា​ស្ងោយ​ដោយ​ព្រះ​ទ័យ​រីករាយ​ពន់​ពេក ។ ព្រះ​អង្គ​ទ្រង់​ស្ងើច​ក្នុង​ព្រះ​ចិន្ដា​នឹង​រូប​ឆោម​លោម​ពណ៌​របស់​កញ្ញា ពៅ ដែល​ល្អ​ស័ក្ដិ​សម​ឥត​ខ្ចោះ នឹង​រក​នារី​ណា ដែល​តាំង​ពី​ព្រះ​អង្គ​បាន​យល់​មក ប្រៀប​ឲ្យ​ស្មើ​ពុំ​បាន​ឡើយ ។ ដោយ​សារ​ធ្នូ​ព្រះ​កាមទេព(១) បាន​តម្រង់​បាញ់​កូន​សរ​មក​ចំ​ដួង​ហឫទ័យ​ព្រះ​អង្គ បាន​ជា​ក្នុង​រាត្រី​នោះ ព្រះ​អង្គ​ទ្រង់​ផ្ទំ​មិន​លក់​ស្កប់​ស្កល់​សោះ ។

លុះ​ព្រឹក​ព្រាង​ស្វាង​ព្រះ​សុរិយា​កាល​ណា ព្រះ​អនុរាជ​បាន​ត្រាស់​បង្គាប់​ឲ្យ​ហ្លួង​វិចិត្រ​វោហារ​ជា​មហាមាត្រ ទៅ​ស្ដី​ដណ្ដឹង​នាង​នារី​នោះ​មក​ធ្វើ​ជា​ព្រះ​ស្នំ​ព្រះ​អង្គ ។ គ្រា​នោះ ព្រះ​រាជ​បម្រើ​បាន​ប្រញាប់​ប្រញាល់​រហ័សរហួន តម្រង់​ទៅ​កាន់​លំនៅ​របស់​នាង ពៅ ដែល​ឪពុក​ម្ដាយ​នាង​បាន​ចែក​ឋាន​ចោល​ជា​យូរ​ឆ្នាំ​ទៅ​ហើយ ។ នាង​ក៏​រៀប​ចំ​កន្លែង​ដ៏​សម​គួរ​ដើម្បី​ទទួល​ព្រះ​រាជ​បម្រើ ។ ចំណែក​ហ្លួង​វិចិត្រ​វោហារ​ក៏​ចាប់​រ៉ាយរ៉ាប់​សព្វ​សេចក្ដី​​ជម្រាប​នាង ព្រម​ទាំង​ពោល​សរសើរ​ដល់​ភ័ព្វ​វាសនា​នាង ដែល​នឹង​ត្រូវ​បាន​ឡើង​ឋានៈ​ជា​ព្រះ​ស្នំ​ឯក​ក្នុង​គ្រា​ឆាប់ៗ​នេះ ។

នាង​ក្រមុំ​គ្មាន​យល់​ទាស់​ទេ ព្រម​តាម​ពាក្យ​រាជ​បម្រើ ។ ដូច្នេះ​ហើយ​ជា​ព្រះ​អនុរាជ​អង្គ​នេះ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​នាង​នេះ​ខ្លាំង​ណាស់ ។ រាល់​ៗ ល្ងាច ព្រះ​អង្គ​តែង​យាង​មក​ក្រសាល​ខាង​ក្រៅ​ព្រះ​ពន្លា ដែល​មាន​វង់​ភ្លេង​មហោរី​ពីរោះ បាន​ប្រគំ​ថ្វាយ​ជា​ទី​កម្សាន្ត​ព្រះ​ទ័យ​ព្រះ​ទ័យ​ព្រះ​អង្គ ។ គ្រា​នោះ ព្រះ​ស្នំ​ឯក​នេះ​បាន​ចូល​ទៅ​ជិត​បម្រើ​ព្រះ​អង្គ​ជា​ប្រក្រតី ។

មិន​យូរ​ប៉ុន្មាន ព្រះ​អនុរាជ​ចាត់​ឲ្យ​ពួក​ជាង​រចនា ចាត់​ចាំង​សាង​បន្ទាយ​ដោយ​ថ្ម​បាយ​ក្រៀម មាន​កំពែង​បី​ជាន់ ហើយ​ឲ្យ​មាន​ទី​ព្រះ​លាន និង​ទី​យាម​ល្បាត​ព័ទ្ធ​ជុំ​វិញ ។ ចាប់​តាំង​ពី​សាង​បន្ទាយ​ហើយ​ស្រេច ព្រះ​អង្គ​បាន​នាំ​ពួក​បរិវារ​ទៅ​ប្រថាប់​ក្នុង​ទី​នោះ​ជា​សុខ​ក្សេមក្សាន្ត ។ ព្រះ​អនុរាជ​បាន​ប្រកាស​សន្មត​ឈ្មោះ​បន្ទាយ​នេះ ថា ” នគរ​បាជ័យ ” ព្រះ​យក​តាម​ព្រះ​នាម​ព្រះ​អង្គ​ដែល​អ្នក​ស្រុក​ធ្លាប់​ស្គាល់​ច្បាស់​ថា ” ព្រះ​បាទ​បាជ័យបាអារ្យ ” ។

ចំនួន ២ ឆ្នាំ ត​មក ព្រះ​ស្នំ​ឯក ពៅ មាន​គភ៌​គម្រប់ ១០ ខែ ក៏​ប្រសូតិ​បាន​ព្រះ​រាជ​ឱរស​មួយ​អង្គ មាន​ព្រះ​ភក្ត្រ​ញញឹម​ប្រិមប្រិយ​គួរ​ជា​ទី​បេតី​នឹង​ជា​អ្នក​មាន​ប្រាជ្ញា​វាងវៃ ។ ព្រះ​បិតា​សព្វ​ព្រះ​ទ័យ​នឹង​ព្រះ​រាជ​បុត្រ​នេះ​ណាស់ រាល់​ៗ​ថ្ងៃ ព្រះ​អង្គ​តែង​ប្រលែង​លេង​ជា​មួយ​នឹង​ព្រះ​រាជ​បុត្រ​សំឡាញ់ ។

លុះ​ព្រះ​រាជ​កុមារ​ចម្រើន​ព្រះ​ជន្ម​បាន ៤ ឆ្នាំ ស្ដេច​ជា​ព្រះ​បិតា​ក៏​ទ្រង់​ព្រះ​តម្រិះ​ចង់​ឲ្យ​ព្រះ​រាជ​បុត្រ​បាន​ជា​អ្នក​ប្រាជ្ញ​មួយ​អង្គ ព្រម​ទាំង​ឲ្យ​ស្គាល់​វឌ្ឍន​ធម៌​នៃ​អារ្យ​ប្រទេស​នានា​ផង ។ ព្រះ​អនុរាជ ក៏​ចាត់​ឲ្យ​ព្រះ​រាជ​បម្រើ​ជូន​ព្រះ​អយ្យ​បុត្រ​ទៅ​ផ្ញើ​ឲ្យ​សិក្សា​នៅ​ឯ​មហា​ប្រទេស​ចិន ព្រោះ​គ្រា​នោះ​មាន​តែ​ប្រទេស​ចិន​មួយ​ទេ ដែល​ពូ​កែ​ខាង​វិទ្យា​សាស្ត្រ​ជាង​ប្រទេស​ឯ​ទៀត​ៗ ក្នុង​អាស៊ី​ទ្វីប ។ រាជ​កុមារ​ក្រាប​បង្គំ​លា​ព្រះ​បិតា​និង​ព្រះ​មាតា ដោយ​បាន​ទទួល​ពរ​សព្ទសាធុការ​ជា​ច្រើន​ផង ។ សំពៅ​ធំ​ដែល​នាំ​យក​ព្រះរាជ​បុត្រ​របស់​ស្ដេច​ក្រាញ់ បាន​ចេញ​ប្រទេស​កម្ពុជា​ឆ្លង​កាត់​មហា​សាគរ តម្រង់​ទៅ​ដល់​ដែន​ចិន ។

ក្រោយ​ព្រះ​រាជ​បុត្រ​ចេញ​ផុត​ទៅ ព្រះ​ម្នាង ពៅ ពុំ​រីករាយ​សោះ ទឹក​មុខ​ព្រះ​ម្នាង​ដែល​ធ្លាប់​តែ​ស្រស់​ញញឹម​ប្រិមប្រិយ ក៏​ប្រែ​ក្លាយ​ទៅ​ជា​ស្រពោន បី​ដូច​បុប្ផា​ត្រូវ​កម្ដៅ​ព្រះ​សុរិយា​ក្នុង​គិម្ហៈ​រដូវ ។ ចំណែក​ព្រះ​អនុរាជ​ជា​ព្រះ​ស្វាមី​ព្រះ​ម្នាង ក៏​ពុំ​សូវ​ស្រួល​ព្រះ​កាយ​ដូច​ធម្មតា​ដែរ ចេះ​តែ​មាន​ព្រះ​រោគ​ផ្សេងៗ ញាំ​ញី​ព្រះ​អង្គ​សឹង​តែ​រាល់​ថ្ងៃ នាំ​ឲ្យ​ព្រះ​អង្គ​មាន​ព្រះ​កាយ​ពល​ទន់​ខ្សោយ​ជា​លំដាប់ ។ ហេតុ​នេះ​ហើយ បាន​ជា​ពេល​ក្រោយ ២ ឆ្នាំ ព្រះ​អង្គ​បាន​សោយ​ទិវង្គត​ទៅ ។ ពិធី​បុណ្យ​រំលាយ​ព្រះ​សព​ក៏​បាន​ចាត់​ចែង​ឡើង ដោយ​រាជ​បរិវារ​របស់​ទ្រង់ មាន​ទាំង​ស្ដេច​ក្រាញ់ ដែល​នៅ​ត្រួតត្រា​អាណា​ខេត្ត​នានា​បាន​យាង​មក​ជួប​ជុំ​ជួយ​ញ៉ាំង​ពិធី​បុណ្យ​នោះ​ឲ្យ​បាន​ជា​ឧឡារិក​ផង ។

លុះ​ពិធី​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ ស្ដេច​ក្រាញ់​ថ្មី​ដែល​ចូល​មក​កាន់​កាប់​ខេត្ត (កំពង់​ចាម) នោះ បាន​ទៅ​តាំង​ទី​កន្លែង​នៅ​ឯ​ត្បូង​ឃ្មុំ ដែល​សព្វ​ថ្ងៃ​បាន​ទៅ​ស្រុក ជា​ទី​ប្រជុំ​ជន​មួយ​យ៉ាង​ស្ដុកស្ដម្ភ ក្នុង​ខេត្ត​កំពង់​ចាម ។ ម្ល៉ោះ​ហើយ​បន្ទាយ​ចាស់​ដែល ព្រះ​បាទ​បាជ័យបាអារ្យ សាង​នោះ ក៏​នៅ​ទំនេរ​គ្មាន​មនុស្ស​អ៊ូអែ​ដូច​មុន គ្រាន់​ជា​បុរាណដ្ឋាន​សម្រាប់​អ្នក​ទស្សនា ។ ចំណែក​ព្រះ​ស្នំ​ពៅ ក៏​ឈប់​នៅ​ក្នុង​បន្ទាយ​នោះ​ដែរ ព្រះ​នាង​ត្រឡប់​ទៅ​នៅ​ឯ​លំនៅ​ចាស់​របស់​ព្រះ​នាង​វិញ ។

និយាយ​ពី​រាជ​កុមារ​ដែល​នៅ​ឯ​ប្រទេស​ចិន ថ្ងៃ​មួយ​ទ្រង់​បាន​ទទួល​ដំណឹង​ថា “ព្រះ​មាតា​ព្រះ​បិតា​សោយ​ទិវង្គត​អស់​ទៅ​ហើយ ទាំង​បន្ទាយ​ជា​កេរ្តិ៍​ដំណែល​ពី​ព្រះ​បិតា​សាង​នោះ ក៏​គេ​បោះ​បង់​ចោល​ដែរ ថែម​ទាំង​មាន​ស្ដេច​ក្រាញ់​ថ្មី​បាន​តាម​ព្យាបាទ​ព្រះ​រាជវង្ស​នេះ​ផង​ព្រោះ​ថា កាល​ព្រះ​បិតា​គ្រប់​គ្រង​អាណា​ខេត្ត​នេះ បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រួសារ​គេ បាន​ជា​គេ​ត្រូវ​តែ​សង​សឹក​ក្នុង​គ្រា​នេះ​វិញ ” ។

ដំណឹង​ទាំង​នេះ ជា​ពាក្យ​មិន​ពិត​ឡើយ គឺ​ពពួក​នាហ្មឺន​ចិន​គេ​នាំ​គ្នា​និយាយ​កុហក​ទ្រង់ ដើម្បី​កុំ​ឲ្យ​ទ្រង់​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ ដោយ​គេ​យល់​ថា ព្រះ​អង្គ​ជា​កុមារ​មួយ​មាន​ប្រាជ្ញា​ឈ្លាសវៃ ដល់​ថ្ងៃ​ក្រោយ​នឹង​បាន​ជា​បណ្ឌិត​មួយ​ខាង​វិទ្យាសាស្ត្រ និង​យុទ្ធ​សាស្ត្រ ដ្បិត​ព្រះ​អង្គ​តែង​មាន​ព្រះ​ទ័យ​ក្លាហាន​ជា​និច្ច ។

ទ្រង់​ទទួល​ដំណឹង​អកុសល​នេះ​ហើយ ព្រះ​រាជ​កុមារ​ស្លុត​ព្រះ​ចិន្ដា តែ​ខំ​ទប់​ព្រះ​កាយ​ដោយ​ក្ដី​ក្លាហាន ប៉ុន្តែ​ទ្រង់​មិន​ភ្លេច​ទេ មាតុ​ភូមិ​ជា​ទី​សព្វ​ព្រះ​ទ័យ​បំផុត​របស់​ទ្រង់ ទ្រង់​សង្វាត​សិក្សា​វិជ្ជា​គ្មាន​ហ៊ាន​សម្រាក​ផ្ដេសផ្ដាស​ឡើយ ។ ក្នុង​រវាង​ព្រះ​ជន្ម​ម្ភៃ​វស្សា ព្រះ​អង្គ​បាន​ឡើង​ឋានៈ​ជា​ទី​ប្រឹក្សា របស់​បញ្ជា​ការ​សឹក​នៅ​ប្រទេស​ចិន ។ គ្រា​ផុត​ពេល​ប្រជុំ​ប្រឹក្សា ទ្រង់​តែង​ព្យាយាម​ចូល​ទៅ​សិក្សា​ក្នុង​ដំណាក់​អាចារ្យ​ទិសាបាមោក្ខ​មួយ ដែល​ល្បី​ឈ្មោះ​ជាង​គេ​ជា​យូរ​ឆ្នាំ​មក​ហើយ ។

អំឡុង ១០​ឆ្នាំ ត​មក​ទៀត ទ្រង់​បាន​ជា​បណ្ឌិត​ខាង​វិទ្យាសាស្ត្រ និង​យុទ្ធ​សាស្ត្រ ហើយ​បាន​ជា​ទីប្រឹក្សា​របស់​ព្រះ​ចៅ​ក្រុង​ចិន ។ កិត្តិនាម​របស់​ទ្រង់​ល្បី​ខ្ចរខ្ចាយ​ពេញ​តែ​មហា​ប្រទេស​នោះ ។ ប្រជា​ជាតិ​ចិន​ទាំង​ប្រុស​ស្រី​នាំ​គ្នា​គោរព​រាប់​អាន​ព្រះ​អង្គ មិន​ដែល​ពោល​ប្រទូស្ត​អ្វី​ឡើយ ។ ដូច្នេះ​ហើយ​បាន​ជា​គេ​សន្មត​ព្រះ​នាម​ព្រះ​អង្គ​តាម​ភាសា​ចិន​ថា សាមប៉ាវកុង ប្រែ​ថា “ព្រឹទ្ធាចារ្យ​ចេះ​សង្គ្រោះ​បី​យ៉ាង ឬ​អ្នក​ប្រាជ្ញ​បី​ប្រការ” ។ វេលា​នោះ​ទ្រង់​បាន​ខំ​បំពេញ​ករណីយ​កិច្ច នៅ​ក្នុង​ប្រទេស​ចិន​យ៉ាង​ពេញ​កម្លាំង​ព្រះ​កាយ ដែល​បណ្ដា​ជន​ជាតិ​ចិន គ្មាន​នរណា​មួយ​អាច​ស្មាន​ថា ព្រះ​អង្គ​លះ​បង់​ប្រទេស​ចិន​ឡើយ ។

លុះ​ដល់​ព្រះ​ជន្ម ៣០ វស្សា ទ្រង់​បាន​ចូល​ទៅ​គាល់​ព្រះ​ចៅ​ក្រុង​ចិន សុំ​ព្រះ​រាជានុញ្ញាត ដើម្បី​នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុក​ក្រៅ​ពិនិត្យ​អស់​កិច្ចការ​របស់​ទ្រង់ ។ ព្រះ​ចៅ​ក្រុង​ចិន​ក៏​ទ្រង់​ព្រះ​រាជានុញ្ញាត​តាម​សេចក្ដី​សុំ​របស់ សាមប៉ាវកុង ។ ទ្រង់​គ្មាន​ត្រូវ​ការ​នឹង​រេហ៍ពល​ហែហម​តាម​ការពារ​ព្រះ​អង្គ​ឡើយ ។ ទ្រង់​ព្រះ​ពស្ត្រ (សំលៀកបំពាក់) ដូច​ជា​អ្នក​ស្រែ​សុទ្ធ​វិស័យ ។ ពួក​នាហ្មឺន​ធំ​ទាំង​ឡាយ នាំ​គ្នា​កោត​សរសើរ​កល​ល្បិច​របស់​ព្រះ​អង្គ ដែល​ចេះ​ក្លែង​ព្រះ​កាយ ដើម្បី​ស៊ើប​សួរ​សុខទុក្ខ​របស់​រាស្ត្រ​នៅ​និគម​ជនបទ នឹង​ធ្វើ​អង្កេត​របស់​ពពួក​រាជការ តើ​ធ្វើ​តាម​បញ្ញត្តិ​ច្បាប់ ដោយ​ចេះ​ត្រា​ប្រណី​ប្រជានុរាស្ត្រ​ឬ​ទេ ? ។

ឱ​កាស​នោះ ជា​បរិយាកាស​ដ៏​ទូលាយ​ល្អ​ក្រៃ​ពេក បើក​ព្រះ​ហឫទ័យ​ឲ្យ​នឹក​ដល់​ស្រុក​កំណើត​របស់​ទ្រង់ ។ លុះ​ស្ដេច​យាង​ទៅ​ដល់​កូន​ភូមិ​តូច​មួយ ទ្រង់​បាន​ចូល​ទៅ​កាន់​ព្រះ​អ្នក​ស្រុក ហើយ​ទ្រង់​ថ្លែង​ប្រាប់​គេ​ថា “ព្រះ​អង្គ​ចេះ​ទាយ-គន់​គូរ​មើល​ព្រេង​វាសនា ឬ​វាសនា​អនាគត​បាន​យ៉ាង​ឆុត ” ។ ពួក​អ្នក​កាល​បើ​បាន​ដឹង​ដូច្នេះ​ហើយ ក៏​នាំ​គ្នា​ទាំង​ហ្វូង​ទាំង​ប្រុស​ស្រី មក​រក​សុំ​ទាយ​ពី​ទ្រង់ ។ ដោយ​ព្រះអង្គ​ម្ចាស់​នេះ ចេះ​ស្ទាត់​ខាង​ហោរា​សាស្ត្រ​មែន​ទែន ទំនាយ​ទាំង​នោះ​ក៏​ត្រូវ​គ្មាន​លំអៀង ។ គេ​នាំ​គ្នា​និយាយ​សរសើរ​ពី​មាត់​មួយ​ទៅ​មាត់​មួយ អ្នក​ស្រុក​កាន់​តែ​ឮ​ដំណឹង​សុស​សាយ​ទៅ​ទៀត ។ យប់​មួយ ទ្រង់​ផ្ទំ​នៅ​ក្នុង​ខ្ទម​តូច​មួយ ជា​មួយ​នឹង​តា​ចាស់​ម្នាក់ ហើយ​ទ្រង់​ព្រះ​តម្រិះ​ថា “ព្រះ​មាតា​ព្រះ​បិតា​អញ​សុគត​អស់​ហើយ ប៉ុន្តែ​អញ​ត្រូវ​តែ​ត្រឡប់​ទៅ​ឃើញ​មុខ​ប្រជាជាតិ​ខ្មែរ ជា​ជន​រួម​ជាតិ និង​កេរ្តិ៍​ដំណែល​ព្រះ​មាតា​បិតា​អញ​វិញ ” ។ ដោយ​ព្រះ​អង្គ​នឹក​មាតុ​ភូមិ​ពេក​ក៏​ទ្រង់​ជ្រប់​ព្រះ​ភក្ត្រ​ស្រពាប់​ស្រពោន តែ​ទ្រង់​នឹក​ទៅ​គ្មាន​ឃើញ​ថា ប្រទេស​កម្ពុជា​នោះ​បែប​ណា​ទេ សូម្បី​តែ​វឌ្ឍនធម៌​ខ្មែរ​ក៏​ពុំ​ជ្រាប​ថា យ៉ាង​ដូច​ម្ដេច​បន្តិចបន្តួច​សោះ ព្រោះ​ទ្រង់​ចេញ​ទៅ​កាល​ទ្រង់​នៅ​ក្មេង​ណាស់ មិន​ទាន់​ស្គាល់​ព្រះ​ភក្ត្រ​ព្រះ​មាតា​នៅ​ឡើយ ។

ដោយ​ទ្រង់​ព្រះ​តម្រិះ​សព្វ​គ្រប់​ដូច្នេះ​ហើយ បាន​ជា​​មហា​បណ្ឌិត​នេះ​លួច​រត់​ចេញ​ចាក​ប្រទេស​ចិន មិន​ឲ្យ​ជន​ណា​ម្នាក់​បាន​ដឹង​បន្តិច​សោះ ។ ទ្រង់​បាន​ស្រូត​រូត​មក​ដល់​ប្រទេស​ខ្មែរ ហើយ​ទ្រង់​បាន​ជ្រក​លាក់​ព្រះ​អង្គ​នៅ​ភូមិ​តូច​តាច ដើម្បី​ខំ​ហាត់​រៀន​ភាសា​ខ្មែរ ។ ដោយ​ព្រះ​អង្គ​មាន​ជាតិ​ជា​ខ្មែរ​ស្រាប់ មិន​យូរ​ប៉ុន្មាន ទ្រង់​ក៏​បាន​ចេះ​ភាសា​ខ្មែរ​ស្ទាត់​ដូច​ខ្មែរ​ធម្មតា ហើយ​បាន​សន្មត​នាម​ព្រះ​អង្គ​ប្រាប់​អ្នក​ភូមិ​នានា​ថា​ឈ្មោះ “ព្រហ្ម” ដើម្បី​ឲ្យ​គេ​ជឿ​ថា​ពិត​ជា​ខ្មែរ​មែន ។ ចំនួន ៧ ខែ ព្រះ​អង្គ​ម្ចាស់ ព្រហ្ម ក៏​បាន​ទៅ​ដល់​ស្រុក (កំពង់​ចាម) តែ​ទ្រង់​ឥត​បាន​នឹកនា​ស៊ើប​សួរ​រក​ញាតិ​អ្វី​បន្តិច​ទេ ដ្បិត​ទ្រង់​ជ្រាប​ថា​ខ្ចាត់​ភ្លាត់​ព្រាត់​ប្រាស​គ្នា​អស់​ទៅ​ហើយ នឹង​ដោយ​ខ្លាច​អំណាច​ស្ដេច​ក្រាញ់​ថ្មី​ផង ។ នាយ ព្រហ្ម បាន​សុំ​នៅ​ស្នាក់​នឹង​ផ្ទះ​យាយ​ចាស់​ម្នាក់ ដែល​គាត់​បាត់​ញាតិ​សន្ដាន​អស់​​នៅ​ត្រឹម​តែ​បាវ​ព្រាវ​ពីរ​បី​នាក់​ប៉ុណ្ណោះ ។ យាយ​នោះ​ទោះ​បី​គាត់​មាន​អាយុ​ជាង ៥០ ឆ្នាំ​ទៅ​ហើយ តែ​រូប​រាង​គាត់​តែ​ស្អាត​បាត​ស្បែក​ពុំ​ទាន់​ជ្រួញ​ជ្រីវ សក់​ពុំ​ទាន់​ស្កូវ ធ្មេញ​ពុំ​ទាន់​បាក់​នៅ​ឡើយ ។

ដោយ​សារ​ជួយ​ឧបត្ថម្ភ​ដ៏​ស្មោះ ក៏​បណ្ដាល​ឲ្យ​ព្រះ​អង្គ​ម្ចាស់ ព្រហ្ម នឹក​កួច​ប្រតិព័ទ្ធ​លើ​រូប​ដូន​ចាស់​នេះ​ជា​ខ្លាំង បាន​ពឹង​គេ​ឲ្យ​ស្ដី​ដណ្ដឹង ។ យាយ​នេះ​ក៏​ឥត​ប្រកែក​ឡើយ ដោយ​គាត់​មិន​ចង់​នៅ​តែ​ឯកឯង នាំ​តែ​នឹក​ដល់​កូន​សំឡាញ់​គាត់​ដែល​ឃ្លាត​ចាក​ទៅ និង​សាច់​សាលោហិត​ដែល​ធ្លាប់​បាត់​បង់​អស់ ។

ដូន​ចាស់​និង​តា​កំលោះ​នេះ នៅ​សុខសាន្ត​ជាមួយ​គ្នា​រហូត​មក ។ ថ្ងៃ​មួយ យាយ​កើត​ក្ដី​អផ្សុក ក៏​ឲ្យ​តា​វាយ​លេខ​គន់គូរ​រក​កូន​ប្រុស​គាត់ ដែល​ឃ្លាត​ទៅ​ស្រុក​ចិន​តាំង​ពី​អាយុ ៤ ឆ្នាំ ។

តា​ស្ដាប់​សំដី​យាយ​ចប់ នឹក​ឆ្ងល់​ពន់ពេក​ក៏​សួរ​ថា ” យាយ ! កូន​យាយ ឃ្លាត​ចាក​យាយ​ពី​ឆ្នាំ​ណា ? តើ​ប្ដី​យាយ​មុន​មុខ​ងារ​គាត់​ជា​អ្វី ? ” ។

យាយ​ឱន​មុខ​ជ្រប់ និយាយ​តិចៗ​ថា ” ឱ​តា​អើយ ! កូន​ប្រុស​ខ្ញុំ​ឃ្លាត​ចាក​ខ្ញុំ​ទៅ​ជាង ៣០ ឆ្នាំ ហើយ ឯ​ប្ដី​ខ្ញុំ​មុន​នោះ​មិន​មែន​តូច​តាច​ទេ គឺ​ជា​ស្ដេច​ក្រាញ់​មួយ​អង្គ​ត្រួតត្រា​ខេត្ត​នេះ ហើយ​បាន​ទាំង​សាង​បន្ទាយ​ថ្ម​មួយ​យ៉ាង​ឆើត ទុក​​នៅ​មក​ដល់​សព្វ​ថ្ងៃ​នេះ​ផង ចូរ​តា​មើល​ចុះ​ទី​បឹង​ក្បែរ​ផ្ទះ​យើង​នេះ​ហើយ ដែល​ព្រះ​ស្វាមី​ធ្លាប់​នាំ​ខ្ញុំ​ជិះ​ទូក​លេង​កម្សាន្ត​រាល់​ល្ងាច ហើយ​ដែល​ព្រះ​អង្គ​បាន​ឲ្យ​ឈ្មោះ​ទីនេះ​ថា ” ទន្លេ​អុំ “(១) ។

នាយ ព្រហ្ម ស្ដាប់​ចប់​ក៏​ស្លុត​ស្មារតី ហើយ​ឱន​ក្បាល​លុត​ជង្គង់​ចុះ​លើក​ដៃ​ទាំង​ពីរ សំពះ​ប្រណម្យ ចំណែក​យាយ​ក៏​ទៅ​ជា​ស្រឡាំងកាំង ។ នាយ ព្រហ្ម និយាយ​ឡើង​ថា” ឱ​អ្នក​មាន​គុណ​កូន​អើយ ! សូម​ឲ្យ​កូន​សុំ​ខមាទោស​យ៉ាង​ធ្ងន់​ទៅ​ចុះ គឺ​ថា​ខ្ញុំ​នេះ​ហើយ ដែល​ជា​កូន​បាន​ឃ្លាត​ទៅ​ប្រទេស​ចិន​​តាំង​ពី​អាយុ ៤ ឆ្នាំ ហើយ​កូន​បាន​ឮ​គេ​ថា ព្រះ​បិតា​មាតា​សុគត​អស់​ទៅ​យូរ​ឆ្នាំ​ហើយ កូន​គ្មាន​ដឹង​ថា ព្រះ​មាតា​នៅ​គង់​ព្រះ​ជន្ម​ដូច្នេះ​សោះ ” ។

យាយ ពៅ ឮ​ហើយ​ស្ទុះ​ឱប​ប្ដី​នេះ​ម្ដង​ទៀត តែ​រក​តែ​ហា​មាត់​ថា អ្វី​មួយ​ម៉ាត់​ក៏​ពុំ​រួច ។

នាយ ព្រហ្ម និយាយ​ទៀត​ថា ” បើ​ព្រះ​មាតា​ចង់​ដាក់​ទណ្ឌ​កម្ម​កូន​យ៉ាង​ណា ក៏​កូន​សុខ​ចិត្ត​រ៉ាប់​រង​តាម​ទាំង​អស់ សូម​មាន​ប្រសាសន៍​មក​ចុះ ” ។

យាយ​ឆ្លើយ​វិញ​ថា “បើ​កូន​ឯង​ចង់​ឲ្យ​រដោះ​ចាក​ទោស​ល្មើស​នេះ ចូរ​កូន​ធ្វើ​តាម​ពាក្យ​ម្ដាយ​ដូច​តទៅ​នេះ ៖ បើ​កាល​ណា​ម្ដាយ​ស្លាប់​ទៅ​ត្រូវ​កូន​ឯង​សាង​ចេតិយ ១​នៅ​ក្នុង​បន្ទាយ​នគរ​បាជ័យ ហើយ​យក​សព​ម្ដាយ​ទៅ​ដាក់​ក្នុង​នោះ នឹង​ព្រះ​ពុទ្ធ​រូប ៤ អង្គ តម្កល់​នៅ​ក្បែរ​សព​ម្ដាយ​នោះ​ផង​, លុះ​កាល​ណា​កូន​ឯង​ទៀត​ស្លាប់​ទៅ​ទៀត ត្រូវ​ផ្ដាំ​ឲ្យ​គេ​ជា​សិស្ស​គណ សាង​ដោយ​ថ្ម​ជា​រូប​កូន​ឯង​មួយ​មាន​បាត​ដៃ​សំពះ​ប្រណម្យ​ទៅ​រក​ចេតិយ​ម្ដាយ លុះ​ត្រា​តែ​ផុត​សាសនា​ព្រះ​សមណ​គោតម បើ​កូន​ធ្វើ​យ៉ាង​នេះ ពៀរ​វេរា​ជា​កំហុស​នឹង​បាន​រដោះ​ជា​មិន​ខាន ” ។

នាយ ព្រហ្ម ឱន​ក្បាល​ទូល​ថា ” សូម​កុំ​ព្រួយ​ព្រះ​មាតា ! កូន​ធ្វើ​បាន​ទាំង​អស់ ” ។

ចាប់​តាំង​ពី​ពេល​នោះ​មក ជន​ទាំង​ពីរ​នាក់ ក៏​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​តាម​ឋានៈ​ជា​កូន​និង​ម្ដាយ​រហូត​មក ។ បាន​ប្រហែល​ពីរ​ឆ្នាំ យាយ ពៅ ក៏​ស្លាប់​ទៅ កូន​ប្រុស​នោះ ក៏​ចាត់​ចែង​សាង​ចេតិយ បញ្ចុះ​សព​ម្ដាយ​ព្រម​ទាំង​សាង​ព្រះ​ពុទ្ធ​រូប ៤ អង្គ តម្កល់​ជុំវិញ​ចេតិយ​នោះ ដែល​សព្វ​ថ្ងៃ​គេ​ឃើញ​មាន​សង់​វិហារ​មួយ​គ្រប​លើ​ចេតិយ​តូច​នោះ​ផង ។

មិន​យូរ​ប៉ុន្មាន ដោយ​នឹក​អាល័យ​ម្ដាយ​ពេក តា ព្រហ្ម ក៏​មាន​ជំងឺ​ធ្ងន់​ស្លាប់​ទៅ​ដែរ តែ​មុន​នឹង​ស្លាប់​គាត់​បាន​ផ្ដាំ​ពពួក​សិស្ស​គណ​ឲ្យ​សាង​រូប​ថ្ម​មួយ​ជា​ជំនួស​ខ្លួន នៅ​អង្គុយ​បែរ​មុខ​ទៅ​ខាង​លិច​សំពះ​តម្រង់​ទៅ​សព​ម្ដាយ ដែល​គេ​ឃើញ​រូប​នោះ​នៅ​រហូត​ដល់​សព្វថ្ងៃ ។

និយាយ​ពី​ព្រះ​ចៅ​ក្រុង​ចិន​វិញ កាល​បើ​បាត់​បណ្ឌិត សាមប៉ាវកុង ហើយ​ក៏​ចាត់​នាហ្មឺន​ជា​ច្រើន​រូប​ស៊ើប​សួរ​រក មាន​នាហ្មឺន​ម្នាក់​បាន​ធ្វើ​ដំណើរ​រហូត​មក​ដល់​ប្រទេស​ខ្មែរ ប៉ុន្តែ​ទម្រាំ​នាហ្មឺន​នេះ​មក​ដល់ លោក​បណ្ឌិត ព្រហ្ម​បាន​ទទួល​អនិច្ចកម្ម​ទៅ​ហើយ ។ នាហ្មឺន​នោះ បាន​ធ្វើ​គារវកិច្ច​ចំពោះ​មុខ​រូប​ថ្ម​នេះ ហើយ​បាន​ចារឹក​ឈ្មោះ​បដិមាករ​នេះ ជា​អក្សរ​ចិន​ថា សាមប៉ាវកុង ទុក​រហូត​មក ។

សព្វ​ថ្ងៃ​នេះ អ្នក​ស្រុក​បាន​សង់​គុហា​មួយ​ដោយ​បាយអ​គ្រប​ពី​លើ​បដិមាករ​នេះ ។ រាល់​ពេល​រដូវ​បុណ្យ​ខ្មែរ ឬ​បុណ្យ​ចិន មាន​មនុស្ស​ជា​ច្រើន​រយ​នាក់ បាន​ចូល​ទៅ​អុជ​ធូប​ទៀន​បូជា​ដល់​បដិមាករ​នោះ ហើយ​មាន​ជន​ខ្លះ​ទៀត បាន​ធ្វើ​ជា​កិច្ច​បូល​ស្នែង​ក្របី និង​បូល​ដោយ​រលាក់​ចង្កើះ ហើយ​ពោល​ថា ឆុត​ពូកែ​ណាស់ ទុក​ជា​មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា ឬ​ចង់​ដឹង​ពី​ផល​អ្វី​មួយ គេ​អាច​ទាយ​ត្រូវ​ភ្លាម ។

មិន​តែ​ប៉ុណ្ណោះ កាល​ពី​រវាង ព. ស. ២៤៧០ ប្លាយ មាន​ពួក​អ្នក​ជំនួញ​នៅ​ក្រុង​កំពង់​ចាម បាន​នាំ​គ្នា​ទៅ​បង្វិល​រូប​ថ្ម​នោះ ឲ្យ​បែរ​មុខ​មក​ខាង​ត្បូង​ឲ្យ​ត្រូវ​តាម​ទំនង​ផ្លូវ​ចូល តែ​ដល់​បែរ​មុខ​រូប​តា ព្រហ្ម នេះ​ទៅ​ ស្រុក​នោះ​ក៏​កើត​ជំងឺ មាន​អ្នក​ស្រុក​ស្លាប់​ជា​ច្រើន ។

កាល​នោះ ខ្មោច​តា ព្រហ្ម បាន​ចូល​រូប​យាយ​ដាម ជា​រូប​បញ្ជាន់ នៅ​ភូមិ​សណ្ដាន់ ឃុំ​អម្ពិល ស្រុក​កំពង់​សៀម ខេត្ត​កំពង់ចាម ប្រាប់​អ្នក​ស្រុក​ថា ” កុំ​បែរ​មុខ​រូប​អញ​ទៅ​ឯ​ណា អញ​ត្រូវ​បែរ​មុខ​ទៅ​ខាង​លិច សំពះ​ឆ្ពោះ​ទៅ​ចេតិយ​ខ្មោច​ម្ដាយ​អញ ” ។

ក្រោយ​ពី​ខ្មោច​តា ព្រហ្ម ចូល​មក​នោះ អ្នក​ស្រុក​គេ​បំបែរ​មុខ​រូប​តា ព្រហ្ម ទៅ​ទិស​ខាង​លិច​ដូច​ដល់​សព្វ​វិញ នៅ​រហូត​ដល់​សព្វ​ថ្ងៃ ។

🔸Last Updated កំណែចុងក្រោយ on March 28, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).