រឿង​ស្ដេច​ព្រាប​និង​បរិវារ

មាន​ស្ដេច​ព្រាប ១ នាំ​បរិវារ​ទៅ​រក​ស៊ី​នៅ​ទី​វាល​ស្រែ បាន​ឃើញ​លប់ ដែល​នាយ​ព្រាន​ដាក់​ហើយ បាចសាច​ស្រូវ​អង្ករ​ជា​នុយ ពួក​ព្រាប​ជា​បរិវារ​ទាំង​ឡាយ​ឃើញ​នុយ​ដូច្នោះ គិត​នាំ​គ្នា​នឹង​ចុះ​ស៊ី ។ ឯ​ស្ដេច​ព្រាប​គិត​ថា ស្រូវ​អង្ករ​នេះ ជា​របស់​រក​បាន​ដោយ​ក្រ ចុះ​ហេតុ​ម្ដេច ក៏​មនុស្ស​យក​មក​បាចសាច​ចោល​រាយ​ពាស​ដូច្នេះ ទំនង​ជា​នុយ​បញ្ឆោត ឲ្យ​ពួក​ព្រាប​ចុះ​ស៊ី ហើយ​គេ​នឹង​វាត់​ចាប់​ដោយ​លប់​នេះ​ឯង​ជា​ប្រាកដ ស្ដេច​ព្រាប​គិត​ដូច្នោះ​ហើយ ទើប​ពោល​ហាម​ព្រាប​ជា​បរិវារ មិន​ឲ្យ​ចុះ​ស៊ី​ស្រូវ​នោះ​ឡើយ ។

ឯ​ព្រាប​ជា​បរិវារ​ទាំង​ឡាយ​ពុំ​ស្ដាប់ ទើប​និយាយ​គ្នា​ថា ” យើង​ស្វែង​រក​អាហារ​សព្វ​ថ្ងៃ​នេះ បាន​ដោយ​កម្រ ឥឡូវ​នេះ មក​បាន​ឃើញ​អាហារ​ល្មម​បរិភោគ​ហើយ ៗ នាយ​យើង​ហាម​ឃាត់​មិន​ឲ្យ​ចុះ​ស៊ី​យ៉ាង​នេះ តើ​នឹង​ចាំ​ទៅ​រក​ឯណា​ទៀត​ឲ្យ​លំបាក ” ។

ស្ដេច​ព្រាប​ឮ​ដូច្នោះ​ក៏​ថា ” អ្នក​ទាំង​ឡាយ​គ្មាន​ប្រាជ្ញា ឃើញ​តែ​អាហារ​ក៏​ហើរ​ចុះ​ស៊ី ពុំ​ដឹង​ក្ដី​អន្តរាយ​ទៅ​ខាង​មុខ នឹង​បាន​ទុក្ខ​ដល់​អាត្មា ដូច​ពាក្យ​បុរាណ​ថា “ព្រោះ​ចំណី​ត្រូវ​ក្ដី​ច្រើន​ក្ដាត់” នៃ​អ្នក​ទាំង​ឡាយ​ស្រូវ​អង្ករ ដែល​គេ​រាយ​ពាស​វាល​នេះ គឺ​ជា​នុយ ដូច​ជា​ត្រី​ស៊ី​នុយ ជាប់​សន្ទូច​គេ​នោះ​ឯង​ហើយ ចូរ​អ្នក​ទាំង​ឡាយ​កុំ​ចុះ​ទៅ​ស៊ី​ស្រូវ​គេ​នោះ​ឡើយ ” ។

ឯ​ព្រាប​ទាំង​ឡាយ​ពុំ​ជឿ​ស្ដាប់​ស្ដេច​ព្រាប ហាម​ឡើយ នាំ​គ្នា​ចុះ​ទៅ​ស៊ី​ស្រូវ ក្នុង​លប់​នាយ​ព្រាន ឯ​ស្ដេច​ព្រាប​ឃាត់​បរិវារ​ពុំ​ស្ដាប់​ដូច្នោះ ក៏​គិត​ថា ” បើ​អញ​មិន​ចុះ​ទៅ​ផង មុខ​ជា​ព្រាប​អស់​នេះ នឹង​វិនាស​ដោយ​ដៃ​មនុស្ស​ពុំ​ខាន ណ្ហើយ​ចុះ​អាត្មា​ត្រូវ​ចុះ​ទៅ​ជា​មួយ​ផង​ចុះ ” គិត​ហើយ​ស្ដេច​ព្រាប​ក៏​ហើរ​ចុះ​ទៅ​ក្នុង​លប់​នោះ​ឯង ។

ឯ​នាយ​ព្រាន​ឃើញ​ព្រាប​ចុះ​ច្រើន​ហើយ ក៏​ទំលាក់​ខ្សែ​លប់​នោះ ចុះ​មួយ​​រំពេច ព្រាប​ទាំង​ឡាយ​ក៏​ត្រូវ​គេ​វេច​ក្នុង​សំណាញ់​នោះ​ជា​ម្ដង ទើប​ស្ដេច​ព្រាប​និយាយ​ថា “ម៉េច​អ្នក​ទាំង​ឡាយ​ឃើញ​ក្ដី​អន្តរាយ​ជីវិត​ពិត​ហើយ​ឬ បើ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​គិត​យ៉ាង​ណា ទើប​រក្សា​ជីវិត​បាន? ។

ឯ​ព្រាប​ទាំង​ឡាយ នាំ​គ្នា​ទទួល​ទោស​ខុស​ហើយ​ថា “យើង​ខ្ញុំ​ទាំង​ឡាយ​ពុំ​ដឹង​គិត​យ៉ាង​ណា​ទេ ទាល់​ចំណេះ​អស់​ហើយ លោក​មាន​ឧបាយ​យ៉ាង​ណា សូម​មេត្តា​ដោះ​ទុក្ខ​យើង​ខ្ញុំ​ឲ្យ​រួច​ជីវិត​ផង ” ។

ឯ​ស្ដេច​ព្រាប​ថា “ភ័យ​ម្ដង​នេះ ជា​ភ័យ​យ៉ាង​ធំ​បំផុត​កម្រ​នឹង​កែ​ខ្លួន​បាន បើ​ដូច្នេះ​អ្នក​រាល់​គ្នា​កុំ​ប្រមាទ ខំ​ឧស្សាហ៍​តាំង​សតិ​ឲ្យ​ខ្ជាប់​ចុះ អាស្រ័យ​ការ​ព្រមព្រៀង​ចិត្ត​គ្នា ខំ​តាំង​កំលាំង​ឲ្យ​ព្រម​គ្នា​ចុះ យើង​ប្រឹង​ស្ទុះ​ហើរ​ឡើង​ឲ្យ​ព្រម​គ្នា ដើម្បី​នឹង​ឲ្យ​លប់​នេះ​ដាច់​ឃ្លាត​ចាក​ទី “ ។

ឯ​ព្រាប​ទាំង​ឡាយ​ក៏​ធ្វើ​តាម ទើប​នាំ​គ្នា​ស្ទុះ​ហើរ​ព្រម​គ្នា ឯ​ខ្សែ​លប់​ក៏​ដាច់​ចាក​ទី ១ រំពេច ព្រាប​ទាំង​ឡាយ ក៏​ហើរ​នាំ​លប់​នោះ​ឡើង​ទៅ​អាកាស​បាន ហើយ​ហើរ​ទៅ​ដល់​ដំបូក​មួយ​ជា​លំនៅ​នៃ​ស្ដេច​កណ្ដុរ​ដែល​ជា​សំឡាញ់ នឹង​ស្ដេច​ព្រាប​អំពី​ដើម​មក ។ ថ្ងៃ​ដែល​ព្រាប​ទាំង​ឡាយ​ទៅ​ធ្លាក់​លើ​ដំបូក​នោះ ស្ដេច​កណ្ដុរ​បាន​ដឹង​ថា​ស្ដេច​ព្រាប​ព្រម​ទាំង​បរិវារ​ជាប់​លប់​ហើរ​មក​ធ្លាក់​ដូច្នោះ ក៏​នាំ​បរិពារ​នៃ​អាត្មា​ចេញ​ពី​ដំបូក​មក​កាត់​លប់​នោះ​ដាច់​ដាច នាំ​យក​ព្រាប​ទាំង​នោះ​ចេញ​អំពី​លប់​នោះ​បាន ឯ​ស្ដេច​ព្រាប​ព្រម​ទាំង​បរិវារ ក៏​បាន​រួច​ចេញ​ចាក​លប់​ហើយ​ប្រារព្ធ​ប្រស្រ័យ​ចរចា​ប្រាប់​សេចក្ដី​សុខ​ទុក្ខ​គ្នា តាំង​ពី​ដើម​ដល់​ចប់​គ្រប់​ប្រការ ស្ដេច​ព្រាប​ក៏​សរសើរ​គុណ​នៃ​ស្ដេច​កណ្ដុរ​ជា​កល្យាណ​មិត្រ​ផ្សេង ៗ ហើយ​ក៏​លា​គ្នា​ទៅ​កាន់​លំនៅ​ទីទៃ ៗ ហោង ។ រឿង​និទាន​នេះ បាន​គតិ​យ៉ាង​ណា ចូរ​សំដែង​ទៅ​មើល ? ។

កូន​សិស្ស​តប​ថា រឿង​ស្ដេច​ព្រាប​នោះ​បាន​គតិ គឺ​នាយ​ល្អ​នាយ​ប្រពៃ បុគ្គល​អ្នក​ស្វែង​រក​នាយ​ចៅហ្វាយ​ឲ្យ​បាន​ក្ដី​សុខ​នោះ គប្បី​ស្វែង​រក​នាយ​ចៅហ្វាយ​ដែល​ប្រកប​ដោយ​សតិ​បញ្ញា អាច​ជួយ​ដោះ​បាវ​ឲ្យ​រួច​ចាក​ក្ដី​ទុក្ខ​ទោស​បាន ដូច​យ៉ាង​ស្ដេច​ព្រាប​ដែល​ឃាត់​ពួក​បរិវារ​ពុំ​បាន ហើយ​ដឹង​ថា​អន្តរាយ ចំពោះ​ជា​នឹង​មាន​ដល់​ពួក​ព្រាប​ជា​បរិវារ​ប្រាកដ​ហើយ ពុំ​គិត​លះបង់​ចោល​បរិវារ​ឡើយ ស៊ូ​ប្រថុយ​អាត្មា​ចូល​ក្នុង​លប់​នាយ​ព្រាន​ជា​មួយ​គ្នា ហើយ​ដាស់តឿន​បរិវារ​ឲ្យ​ប្រឹង​ស្ទុះ​ហើរ​ផ្ដាច់​លប់​ដោយ​ព្រមព្រៀង​ចិត្ត​គ្នា បាន​រួច​ផុត​ក្ដី​ភ័យ​អន្តរាយ​នោះ​បាន ។

មួយ​ទៀត ឯ​លប់​រូប​សំណាញ់ គឺ​មនុស្ស​ធ្វើ​ដោយ​ធ្មៃ​ជា​ទម្ងន់ សត្វ​ព្រាប​អត្តភាព​តូច​កំលាង​តិច​អាច​ផ្ដាច់​នាំ​ហើរ​យក​ទៅ​បាន ទាំង​នេះ​ក៏​ព្រោះ​ក្ដី​សាមគ្គី​ព្រម​ចិត្ត​គ្នា តាំង​ព្យាយាម​ដោយ​កំលាំង​ស្មើ​គ្នា​វត្ថុ​ធំ​ពិត តែ​បើ​កំលាំង​ឬ​ព្យាយាម​ស្មើ​គ្នា​ហើយ វត្ថុ​ធំ​នោះ​អាច​នាំ​ទៅ​បាន គតិ​នេះ​ដូច​បទ​បាលី​មាន​ក្នុង​គម្ពីរ​លោក​នីតិ​ថា

ពហូនំ អប្បសារានំ
សាមត្តិយា ជយាជយេ
តិណេន យោត្តំ វត្តកេ
តេន នាកោបិ ពន្ធតិ ។

ជន​ប្រាស​ចាក​គុណ​គប់​គ្នា​ច្រើន តែ​ចំរើន​ដោយ​ក្ដី​សាមគ្គី អាច​ផ្ចាញ់​បាន​នូវ​ពួក​នៃ​ពៃរី ដោយ​រឹទ្ធិ​សាមគ្គី​ដ៏​ហាវ​ហាន ។ ខ្សែ​ពួរ​គឺ​ជន​វេញ​ដោយ​ស្មៅ​នាំ​យក​ទៅ​ចង​ព័ន្ធ​ដំរី​បាន រូប​តូច​ពិត​តែ​ចិត្ត​ស្មោះ​ស្មើ​ប្រាណ គង់​ផ្ចាញ់​បាន​រូប​ធំ​រលំ​អឺយ

មួយ​ទៀត បុគ្គល​អ្នក​ស្វែង​រក​នាយ​ចៅហ្វាយ​ល្អ​នោះ​ត្រូវ​រើស​នាយ​ល្អ​ប្រកប​ដោយ​សង្គហធម៌ ៥ ប្រការ គឺ ចាត់​ការងារ​ឲ្យ​បាវ​ធ្វើ​តាម​សមគួរ​ដល់​កំលាំង ១ ឲ្យ​អាហារ​នឹង​រង្វាន់​ដល់​បាវ ១, ជួយ​រក្សា​ព្យាបាល​ក្នុង​វេលា​បាវ​ឈឺចាប់ ១, បែងចែក​របស់​មាន​រស​ប្លែក​ឲ្យ​បាវ​បាន​បរិភោគ​ផង ១, លើកលែង​ការងារ​ក្នុង​សម័យ​កាល គឺ​បើក​បាវ​ឲ្យ​ទៅ​ធ្វើ​បុណ្យ​ទាន​តាម​ចិត្ត ១។

នាយ​ប្រកប​ដោយ​សង្គហធម៌ ៥ ប្រការ​នេះ ទើប​ហៅ​ថា​នាយ​ល្អ​នាយ​ប្រពៃ គប្បី​បាវ​ចូល​សេពគប់ ។ មួយ​ទៀត ក្នុង​គម្ពីរ​លោកនីតិ​សំដែង​ថា នសេវ ផរុសឹ សាមឹ ន ចសេវេយ្យ មច្ឆរឹ តតោអបត្តណ្ហំ សាមឹ នេវ និត្តហិតំ តេតោ

នាយ​អាក្រក់​មិន​គួរ​សេពគប់​នោះ មាន​អធិប្បាយ​ថា កុំ​សេព​ម្ចាស់​គ្រោតគ្រាត​ជាតិ​ប្រវ័ញ្ចន៍ កុំ​សេព​ម្ចាស់​កំណាញ់​គិត​កាញ់​ទុន កុំ​សេព​ម្ចាស់​មិន​លើក​តំកល់​គុណ កុំ​សេព​ម្ចាស់​យក​បុណ្យ​មក​សង្កត់ ។

មួយ​ទៀត​លោក​ខៃ​សេចក្ដី​ថា ម្ចាស់​កំណាញ់​ពេញ​កំណាច​លើស​ម្ចាស់​គ្រាត ម្ចាស់​ថយ​ជាតិ​មិន​លើក​លើស​កំណាញ់ ម្ចាស់​ផ្ទុញផ្ទាល់​ជួស​លើស​មិន​លើក​វិញ ម្ចាស់ ៤ នេះ​កុំ​ស្រឡាញ់​យក​ជា​ម្ចាស់ ។

ចប់​តម្រា​គតិ​នាយ​ល្អ ទី ១៦

🔸Last Updated កំណែចុងក្រោយ on May 4, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace