រឿងនាងកញ្ចនា

រឿងនាងកញ្ចនា

បទពាក្យប្រាំពីរ

នេះនឹងតាក់តែងថ្លែងដំណាលអតីតកាលពីព្រេងព្រឹទ្ធ
ត្រកូលព្រាហ្មណ៍មួយមានជីវិតរស់នៅថេរថិត បីអង្គា ។
ប្តីប្រពន្ធមួយមានកូនស្រីកបកល្យាណី សមសោភា
នាមនាងកញ្ចនាស្រស់ស្រឹង្គាកិរិយាឫក្សពារគាប់បញ្ចពិធ ។
ជាទីមេត្រីនៃញាតិផងល្អល្អះហ្មត់ហ្មងទាំងកាយចិត្ត
កេសាក្រអូបក្រអួនពិតធម្មជាតិប្រសិទ្ធឱ្យធីតា ។
អ្នកស្រុកហៅនាងសក់ក្រអូបក្លិនរំសាយស្រូបសព្វនាសា
ប្លែកពីនារីគ្រប់អាត្មានោះពិតទេវតាប្រោសប្រទាន ។
តាំងពីចាកផ្ទៃនៃមាតាកេសាកញ្ចនាមិនដែលពាន
អប់ប្រេងក្រអូបនោះក៏គ្មានតែក្លិនធរមានក្រអូបសាយ ។
នាងជាបរិស័ទពុទ្ធសាសនាមានកតញ្ញុតាផ្លូវចិត្តកាយ
ដឹងគុណម៉ែពុកញាតិជិតឆ្ងាយសប្បុរសស្រស់ស្រាយដោយសទ្ធា។
ក្រោយមកឳពុកក៏ស្លាប់ទៅទុកនាងឱ្យនៅរស់កំព្រា
ជាមួយអ្នកម្តាយចាស់ជរារងទុក្ខវេទនាពន់ប្រមាណ ។
កម្មអកុសលផ្តល់ទារុណត្រូវម្តាយឈឺធ្ងន់រោគរំខាន
ដំបៅរលួយពេញទាំងប្រាណព្យាបាលឥតស្រាន្តស្រាកសោះឡើយ។
អាសូរធីតាកញ្ចនាស្រីថែទាំម្តាយថ្លៃគ្មានកន្តើយ
ប្រឹងប្រែងស្វះស្វែងឥតល្ហែល្ហើយយប់ថ្ងៃត្រាណត្រើយគ្មានទំនេរ
រកថ្នាំសង្កូវរកពេទ្យហ្មព្យាបាលបន្តប្រឹងរិះរេ
ទោះប្តូរជីវិតឥតគ្នាន់គ្នេរឱ្យតែព្រះមេលោកបានជា ។
ស្វះស្វែងរកគ្រូរកឱសថស្តោះផ្លុំវះដុតដំបៅងា
ធ្វើម្តេចឱ្យម្តាយសះស្បើយជាសឹងហ៊ានបូជាប្តូរជីវិត ។
ជំងឺនោះប្លែកចម្លែកណាស់ទោះខំប្តូរផ្លាស់ថ្នាំស័ក្តិសិទ្ធិ
គ្រូផងទាំងឡាយទាល់គំនិតអស់លទ្ធភាពពិតជួយមិនបាន ។
រីនាងកញ្ចនាធីតាពៅដល់នៅសោកសៅឥតស្រាកស្រាន
អាសូរម្តាយចាស់រោគរំខានដំបៅពេញប្រាណមើលមិនជា។
ថ្ងៃយប់ឱនឱបអ្នកមានគុណទឹកភ្នែកជោរជន់ស្រក់ហូរហៀរ
មិនគួរកម្មកាចមកផ្តន្ទាឱ្យរងកំព្រាដូច្នេះឡើយ ។
ព្រឹកព្រាងនួននាងលាងដំបៅដោយទឹកឧណ្ហក្តៅមិនកន្តើយ
ជូតដុសរបួសម្តាយត្រាណត្រើយសម្អាតឱ្យស្បើយក្លិនអាក្រក់ ។
ពេលនោះអព្ភូតហេតុកើតឡើងដូចមានខ្យល់ប៉ើងមកផ្លុំបក់
ធ្វើឱ្យរបូតស្រាយផ្នួងសក់ធ្លាក់ដក់ក្រាលគ្របលើដំបៅ ។
ភ្លាមនោះម្តាយនាងពោលឡើងថាត្រជាក់ណាស់ណាម៉ែលែងក្តៅ
កូនបានថ្នាំអ្វីស្អំដំបៅម្តាយបាត់ផ្សាក្តៅលែងឈឺចាប់។
កញ្ចនាត្រេកអរពន់ពេកក្រៃឆ្លើយប្រាប់ម្តាយថ្លៃយ៉ាងប្រញាប់
ថ្នាំនេះនៅជាប់ខ្លួនកូនស្រាប់កូននឹងប្រញាប់ស្អំជូនម៉ែ ។
កញ្ចនាដឹងថាសក់នេះពិតជាថ្នាំស័ក្តិសិទ្ធិខ្លាំងពូកែ
ក្លាយជាឱសថព្យាបាលម៉ែបានជាល្ហើយល្ហែជាក់មិនខាន ។
មិនថាថ្ងៃយប់ឥតទំនេរកញ្ចនារិះរេឥតស្រាកស្រាន្ត
សម្អាតកេសាសក់កល្យាណមិនឱ្យខកខានព្យាបាលម្តាយ ។
នាងគ្របដណ្តប់សព្វដំបៅដុសលាងក្នុងក្រៅសព្វទាំងកាយ
យកសក់ដាក់ស្អំរបួសម្តាយដំបៅទាំងឡាយក្លាយសះស្បើយ។
ក្រោយមកអ្នកម្តាយចាកគ្រោះភ័យជំងឺអប្រិយបានល្ហែល្ហើយ
ឱសថស័ក្តិសិទ្ធិសក់ត្រាណត្រើយជួយម្តាយបានស្បើយអស់រោគា។
ថ្ងៃមួយកញ្ចនាសញ្ជឹងគិតផ្តួចនូវគំនិតគិតភាវនា
នឹកដល់ឳពុកសូន្យជន្មាពុំបានបូជាជូនកុសល ។
គិតហើយក៏ឆ្លើយប្រាប់មាតាម៉ែអើយកញ្ចនាហាក់កង្វល់
ចិត្តចង់ធ្វើបុណ្យផ្សាយកុសលឧទ្ទិសមគ្គផលជូនបិតា ។
នឹងធ្វើចង្ហាន់យកទៅវត្តវេរប្រគេនភត្តដោយជ្រះថ្លា
ឧទ្ទិសវិញ្ញាណក្ខន្ធបិតាទទួលផលា-អានិសង្ស ។
ម្តាយបានឮហើយអរអនេកជាមួយទឹកភ្នែកលើកកំបង់
ទទួលសាធុដោយចិត្តផ្ចង់ឃើញកូនត្រាប់ត្រង់ពុទ្ធោវាទ ។
ព្រលឹមព្រឹកព្រាងស្វាងរស្មីកញ្ចនាពិសីរៀបចំស្អាត
មានបាយសម្លតាមក្បួនខ្នាតបង្គំឱហាតជូនអ្នកម្តាយ ។
មួយចំណែកទៀតយកទៅវត្តជាបរិក្ខារភត្តគ្រឿងដង្វាយ
ប្រគេនព្រះសង្ឃគង់មិនឆ្ងាយអារាមរៀងអាយនៅក្បែរផ្ទះ។
ក៏តាំងបង្គំលាម្តាយទៅទាន់ចង្ហាន់ក្តៅឆាប់រូតរះ
ប្រគេនព្រះសង្ឃឱនសំពះឧទ្ទិសថ្វាយព្រះដោយជ្រះថ្លា ។
ព្រះភិក្ខុសង្ឃទ្រង់ធ្វើកិច្ចភត្តាសម្រេចដោយមេត្តា
ឧទ្ទិសកុសលដល់ដូនតាឱ្យបានផលាជាកុសល ។
លុះចប់ភត្តកិច្ចស្រេចបាច់ហើយធីតាត្រាណត្រើយបង្គំគាល់
សម្មាសម្ពុទ្ធដោយកង្វល់ទូលសួរសព្វឆ្ងល់ពីបិតា ។
បពិត្រព្រះអង្គដ៏ចម្រើនសូមទ្រង់ជួយក្រើនខ្ញុំកូណា
ចង់ដឹងវិញ្ញាណក្ខន្ធបិតាកើតទីឋានណាសូមសម្តែង ។
ព្រះពុទ្ធជាម្ចាស់ត្រាស់តបថាម្នាលនាងកញ្ចនាកុំខ្វល់ក្រែង
បិតានាងបានកើតជាក់ស្តែងអម្បាញមិញឯងសុគតិភព ។
ដោយអានិសង្សនាងបូជានូវគ្រឿងបរិក្ខាមានសព្វគ្រប់
ឧទ្ទិសជូនដល់បានជាម្លប់វិញ្ញាណចាប់ភពផុតកម្មពៀរ ។
ថ្ងៃមុនលោកកើតជាតិរច្ឆាននៅគេហដ្ឋានក្បែរភរិយា
និងកូនសំណប់ស្រស់ពុំងាកំណើតនោះជាសត្វតុកកែ ។
ធីតាឮហើយរន្ធត់ចិត្តក្តុកក្តួលពេកពិតយំត្អូញត្អែរ
ហេតុម្តេចលោកកើតជាតុកកែកម្មផលម្តេចប្រែដាក់ទោសា ។
តាំងតែពីតូចលុះដឹងក្តីលោកគ្មានសាងអ្វីខុសសិក្ខា
សីលប្រាំចាំជាប់គាប់មាត្រាហេតុអ្វីបិតាក្លាយតិរច្ឆាន ។
ព្រះពុទ្ធជាម្ចាស់ត្រាស់តបវិញចូរកុំទោរម្នេញទប់ចិត្តប្រាណ
ហៃនាងត្រងត្រាប់ស្តាប់ឱ្យបានយើងនឹងប្រមាណប្រមើលប្រាប់។
ហេតុដែលបិតានាងស្លាប់ទៅកំណើតនាំផ្លូវភ្លាត់អួអ័ព្ទ
ពុំមែនដោយសាទោសអន្ធកប្បប្រព្រឹត្តខុសច្បាប់ធម៌ទាំងបី ។
ទីមួយនោះដោយកាយទុច្ចរិតប្រព្រឹត្តបាណាតិបាតក្តី
អទិន្នាទានាគួចរំពៃនោះនៃកាមេសុមិច្ឆា ។
ទីពីរវចីទុច្ចរិតប្រព្រឹត្តអាក្រក់ដោយវាចា
នោះមានមុសាបិសុណាសម្ផប្បលាផរុស្សវាទ ។
ទីបីនោះដោយមនោទុច្ចរិតអាក្រក់ដោយចិត្តប្រព្រឹត្តឃ្លាត
មានអភិជ្ឈានិងព្យាបាទនោះទៀតមិច្ឆាទិដ្ឋិផង ។
អំពើទុច្ចរិតទាំងបីយ៉ាងដែលលើកតិកតាងមកនេះម្តង
ពុំមែនជាហេតុនាំមួហ្មងបិតានួនល្អងភ្លាត់ភ្លាំងឡើយ ។
ហេតុដែលនាំលោកឱ្យទៅកើតយោនយកកំណើតមិនបានស្បើយ
ជាសត្វតុកកែនោះឯងហើយនាងអើយព្រោះដោយចិត្តជំពាក់។
បណ្តាលមកពីជីវន្តចិត្តចូរនាងរិះគិតស្តាប់ឱ្យជាក់
បិតានាងមានចិត្តជំពាក់សុខទុក្ខធុរៈកូនប្រពន្ធ ។
នឹកថាអំណឹះអត់ពីអញភរិយាសម្លាញ់រងទុក្ខធ្ងន់
ជាមួយកូនស្រីភ័យទារុណលំបាកពេកពន់ជាក់ពុំខាន់ ។
ដោយហេតុជីវន្តលោកឥតល្ហែទើបកើតតុកកែនៅក្បែរប្រាណ
យំស្រែកដង្ហោយពុំដែលក្សាន្តនាគេហដ្ឋានខ្លួនសព្វថ្ងៃ ។
ក្រោយបានសណ្តាប់ពុទ្ធដីកាពន្យល់ពិស្តារសព្វសេចក្តី
កញ្ចនារន្ធត់ស្លុតស្មារតីទឹកភ្នែកស្រស់ស្រីស្រក់ឥតស្រាន្ត ។
ក៏ពោលខ្សឹកខ្សួលអួលឱរ៉ាឱះឱ!បិតាម្ចាស់ត្រើយត្រាណ
គុណលោកលើសលន់ពន់ប្រមាណកូនពុំនឹកស្មានដល់ម៉្លេះឡើយ ។
កាលលោកនៅរស់លោកប្តូរផ្តាច់ចិញ្ចឹមបីបាច់គ្មានពេលស្បើយ
រហូតលោកចែកឋានទៅហើយវិញ្ញាណនៅឡើយមិនចង់ឃ្លាត។
គ្រានោះព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់ពន្យល់ដល់នាងនាថ
បញ្ឈប់សោយសោកបន្តទៀតអំណឹះត្រូវឃ្លាតពិចារណា ។
ម្នាលនាងតោងចាំចំណាំទុកគុណម្តាយឳពុកច្រើនកប្បការ
ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ថាមាតាបិតាជាព្រះព្រហ្ម ។
មួយទៀតលោកហៅបុព្វទេវាជាបុព្វាចារ្យថ្លៃឧត្តម
ជាអាហុនេយ្យបុគ្គលធំជាកន្លោងស្តម្ភព្រះក្នុងផ្ទះ ។
លុះបានស្តាប់នូវពុទ្ធដីកានៃព្រះសម្មាសម្ពុទ្ធត្រាស់
ធីតាក៏ក្រាបថ្វាយសំពះបង្គំលាព្រះមកផ្ទះវិញ ។
កាលបានជួបភ័ក្រ្តអ្នកមានគុណធីតាជូនបុណ្យឥតទោរម្នេញ
កុសលដែលនាងបានបំពេញបង្វិលតបវិញជូនមាតា ។
អ្នកម្តាយរីករាយក្នុងហឫទ័យលើកដៃទទួលសាធុកា
សូមអានិសង្សដ៏ថ្លៃថ្លាបានដល់បុព្វកាញាតិសន្តាន ។
រួចហើយធីតាក៏រ៉ាយរ៉ាប់ជំរាបប្រាយប្រាប់តាមលំអាន
រឿងហេតុបិតាដែលចែកឋានធ្លាក់ប្រាណទៅកើតជាតុកកែ ។
ម្តាយស្តាប់បានហើយសែនក្តួលក្តុកឱរ៉ាចាប់ចុកសឹងគ្មានល្ហែ
ដឹងច្បាស់ធ្លាប់ឃើញសត្វតុកកែធ្លាប់យំត្អូញត្អែរក្បែរដំណេក ។
ភ្លាមនោះក៏ស្ទុះគន់រូតរះរុករកពេញផ្ទះក្រែងពួនដេក
តុកកែនោះពិតធំអនេកតែគួរសង្វេគពុំឃើញឡើយ ។
កូនស្រីក៏ស្តីប្រាប់មាតាតុកកែនោះណាលោកបានស្បើយ
ប្តូរកំណើតថ្មីទៅបាត់ហើយដល់ឋានត្រាណត្រើយសុគតិភព។
ចាប់ពីថ្ងៃនេះតរៀងទៅតុកកែលែងនៅទាំងថ្ងៃយប់
សម្លេងស្រែកយំនោះក៏ឈប់ត្បិតពុកចាប់ភពថ្មីសុខសាន្ត ។
ធីតាឱនឱបអង្វរម្តាយសូមឈប់ខ្វល់ខ្វាយទប់ចិត្តប្រាណ
គិតដល់សុខភាពទើបស្រាកស្រាន្តក្រែងឈឺរំខានមកជាថ្មី ។
ចំណេរកាលក្រោយកន្លងមកស្រស់ពៅពន្លកកញ្ចនាស្រី
ដោយអំណាចសាងបុណ្យបារមីកិត្តិស័ព្ទឮល្បីសព្វទិសា ។
ជាពុទ្ធបរិស័ទដ៏ប្រសើរញាតិមិត្តស្មោះស្មើគ្រប់អាត្មា
ប្រកបគុណធម៌កាយកិរិយាពេញគ្រប់លក្ខិណាល្អលើសស្រី។
កេរ្តិ៍ឈ្មោះពីរោះឮខ្ទរខ្ទារដល់ព្រះរាជាក្សត្រផែនដី
ទ្រង់ក៏ស្រាវជ្រាវតាមព្រះទ័យពិនិត្យស្រស់ស្រីនាងកញ្ចនា ។
លុះបានឃើញជាក់ជួបភ័ក្រ្តពិតអង្កេតពិនិត្យសព្វសាវតា
នាងពិតស្រីសួគ៌ទេពកញ្ញាគន់គាប់លក្ខិណាទាំងកាយចិត្ត។
ជាស្រីមានចិត្តកតញ្ញុតាប្រណិប័តន៍សាសនាដោយសុចរិត
ជាទីបេតីនៃញាតិមិត្តប្រាកដបញ្ចពិធកល្យាណី ។
លុះព្រះរាជាទ្រង់សណ្តាប់នាម៉ឺនរ៉ាយរ៉ាប់ប្រាប់សេចក្តី
ព្រះអង្គទ្រង់សព្វព្រះហឫទ័យប៉ងដណ្តឹងស្រីតាមផ្លូវច្បាប់ ។
ក៏ចាត់រៀបចំព្រះទីនាំងតាមក្បួនរាជវាំងចេញប្រញាប់
នាំនូវភស្តុភាយ៉ាងចំណាប់បំពេញតាមច្បាប់ជាផ្លូវការ ។
ទ្រង់ក៏សូមរាជានុញ្ញាតទទួលឱវាទព្រះចេស្តា
ដើម្បីចូលស្តីតាមមាត្រាយកនាងកញ្ចនាជាស្នំឯក ។
រីព្រះមាតានិងបិតាយល់សព្វហេតុការណ៍មិនចម្លែក
ទ្រង់សព្វព្រះទ័យមួយចំណែកក៏ចាត់បែងចែកអស់មន្ត្រី ។
រៀបចំទីនាំងដឹកភស្តុភានាំបណ្ណាការប្រញាប់ខ្មី
ហែហមតាមក្បួនប្រពៃណីចូលដណ្តឹងស្តីស្រីកញ្ញា ។
ហើយដង្ហែនាងចូលរាជវាំងដោយព្រះទ័យតាំងក្បាច់រចនា
មកអភិសេករាជបុត្រានិងនាងកញ្ចនាជាមហេសី ។
នេះឯងថ្លាថ្លែងដោយសង្ខេបទៅតាមបទបែបនិទានស្តី
ក្រោយមកកញ្ចនាស្រស់ពិសីក្លាយជាមហេសីព្រះរាជា ។
នោះដោយអំពើធ្វើតបគុណនិស្ស័យផលបុណ្យមហិមា
បានបូជាព្រះដោយជ្រះថ្លាកុសលបានជាប្រសើរហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តចាក់អង្រែក្រោម, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).