រឿង​តាថេន​និង​សិស្ស ៣ នាក់

ឯ​រឿង​ចៅ​សន​នោះ ដើម​ឡើយ​មាន​សាមណេរ ១ អង្គ អ្នក​ស្រុក​គេ​តែង​ហៅ​លោក​តា​ថេន ៗ នោះ​ជា​នេន​ខ្ជីខ្ជា លួច​មាន់​វត្ត​ស្ងោរ ផឹក​ស្រា ស៊ី​បាយ​ល្ងាច​តែ​រឿយ ៗ មាន​មនុស្ស ៣ នាក់​រួម​ចូល​ផឹក​ស៊ី​ជា​មួយ​ផង ។ លុះ​នៅ​យូរ​មក តា​ថេន​រក​ប្រាក់​នឹង​ទិញ​ស្រា​ពុំ​បាន ហើយ​គិត​ក្រែង​នៅ​យូរ​ទៅ អ្នក​ស្រុក​គេ​ដឹង​ថា​នេន​ផឹក​ស្រា​គេ​នឹង​បណ្ដេញ​បំបរ​ចាក​អារាម ទើប​និយាយ​ពិគ្រោះ​គ្នា​នឹង​មនុស្ស​ទាំង ៣ នាក់​នោះ​ថា​យើង​នៅ​ក្នុង​ស្រុក​ធំ​នេះ អត្តខាត់​ប្រាក់​ចាយ​ណាស់​ឧបាសក ឧបាសិកា ញោម​វត្ត​នេះ គេ​ក៏​ពុំ​មាន​សទ្ធា​ធ្វើ​បុណ្យ​ធ្វើ​ទាន​នឹង​យើង​ឡើយ ។ បើ​ដូច្នេះ គួរ​យើង​ចេញ​ទៅ​ស្រុក​ក្រៅ ដើរ​កែ​ខៃ​កុហក​បញ្ឆោត​អ្នក​ស្រុក​ស្រែ​ចម្ការ ដោយ​ឧបាយ​ផ្សេង​ៗ គឺ​អញ​ធ្វើ​ជា​លោក​ធុតង្គ​រុក្ខ​មូល ចៅ​ឯង ៣ នាក់​ធ្វើ​ជា​កូន​សិស្ស​ឧបដ្ឋាក​ដើរ​តាម​ក្រោយ ដើរ​និយាយ​បញ្ចុះ​បញ្ចូល​បបួល​ពួក​អ្នក​ព្រៃ ឲ្យ​គេ​ជឿ​ថា​អញ​វិសេស គេ​ក៏​នឹង​និមន្ត​ធ្វើ​បុណ្យ​ទាន បាន​ចតុប្បច្ច័យ​ហើយ សូម​យើង​កែ​ខៃ​ទិញ​បាយ​ទិញ​ស្រា​ផឹក​ទៅ​តាម​កាល ។ ឯ​មនុស្ស​ទាំង ៣ នាក់​នោះ​ក៏​យល់​ព្រម​តាម​តា​ថេន ក៏​រៀប​រក​ឆ័ត្រ​មុង​ធុតង្គ នូវ​គ្រឿង​បរិក្ខារ​បាន​ព្រម​ហើយ ទើប​នាំ​មនុស្ស ៣ នាក់​នោះ ចេញ​ចាក​ស្រុក​ធំ ដើរ​ទៅ​កាន់​ស្រុក​លើ តា​ថេន​ក៏​ក្លែង​ខ្លួន​ជា​លោក​សង្ឃ​ធុតង្គ​ដោយ​ព្រៃ ដល់​វេលា​ព្រឹក ក៏​ចូល​ទៅ​បិណ្ឌ​បាត​ក្នុង​ស្រុក​តាម​លំដាប់​ផ្លូវ ឯ​បណ្ដា​មហាជន​អ្នក​ស្រុក​ក្រៅ កាល​បើ​បាន​ឃើញ​តា​ថេន​នោះ​ហើយ ក៏​នឹក​ស្មាន​ថា​ជា​លោក​សង្ឃ​រុក្ខ​មូល​ដោយ​សុចរិត ទើប​នាំ​គ្នា​ដាក់​បាត​ប្រគេន​ចតុប្បច្ច័យ​ផ្សេង​ៗ អ្នក​ខ្លះ​និមន្ត​ឆាក​មហាបង្សុកូល អ្នក​ខ្លះ​និមន្ត​ដារ​ឆាន់​ធ្វើ​បុណ្យ​ផ្សេង ៗ តាម​សទ្ធា​អ្នក​កាន់​ព្រះពុទ្ធសាសនា ។ តា​ថេន​បាន​លាភ​សក្ការៈ​ហើយ ក៏​ធ្វើ​ជា​សង្រួម​ឥន្ទ្រិយ​ស្រគត់​ស្រគំ ពុំ​សូវ​និយាយ​ស្ដី​អ្វី​ច្រើន​ឡើយ ។ ឯ​មនុស្ស ៣ នាក់​នោះ​តែ​ទៅ​ដល់​ទី​ណា វា​ក៏​នាំ​និយាយ​សរសើរ​អួត​គុណ​តា​ថេន​ប្រាប់​អ្នក​ស្រុក​នោះ​ថា លោក​គ្រូ​យើង​នេះ លោក​វិសេស​ខាង​ផ្លូវ​ក្នុង​ពេក​ណាស់ ទាំង​ទឹក​មន្ត​ក៏​ពូកែ ចេះ​ទាំង​យឹត​មើល​ហួយ មើល​ប៉ោ​ក៏​ឆុត​ឆាប់​តែ​លោក​ជា​អ្នក​សន្ដោស មិន​មាន​សេចក្ដី​លោភោ​ទេ​បើ​អ្នក​ណា​ត្រូវ​ចិត្ត​លោក ៗ ក៏​ប្រោស​ឲ្យ​ទាន​បាន​សម្រេច​ប្រយោជន៍​គ្រប់​ប្រការ ពួក​យើង ៣ នាក់​ក៏​ឧស្សាហ៍​ដើរ​តាម​លោក​ទាំង​ម្ល៉េះ​នេះ ព្រោះ​ឃើញ​សិល្ប​វិជ្ជា​ការ​នោះ​មែន​ទែន​ណាស់ ។ ឯ​ពួក​មហាជន​ទាំង​ឡាយ កាល​បើ​បាន​ស្ដាប់​ពាក្យ​អ្នក​ទាំង ៣ នាក់​ស្រដី​អួត​តា​ថេន​ដូច្នោះ​ហើយ ក៏​ជឿ​តាម ទើប​នាំ​គ្នា​និមន្ត​តា​ថេន​សូត្រ​បូជា​ព្រះ​គ្រោះ​ខ្លះ សូម​ទឹក​មន្ត​ខ្លះ​សូម​ខ្សែ​ក​ខ្សែ​ចង្កេះ​ខ្លះ តា​ថេន​ក៏​បាន​លាភ​សក្ការៈ​បរិបូណ៌​ដោយ​ពួក​អ្នក​ក្រៅ​រាប់​អាន តែ​ដល់​ពេល​យប់​ស្ងាត់​ចៅ ៣ នាក់ វា​ទៅ​លួច​ទិញ​ស្រា​ទិញ​បាយ​មក​លៀង​គ្នា​ក្នុង​ព្រៃ តាម​វិស័យ​កិរិយា​ពាល ។

ឯ​តា​ថេន​នឹង​អ្នក ៣ នាក់​វា​ប្រព្រឹត្ត​ការ​កោង​យ៉ាង​នេះ​រៀង ៗ ទៅ​តាម​ផ្លូវ ។ លុះ​ថ្ងៃ ១ តា​ថេន​នាំ​គ្នា​ទាំង ៣ នាក់​ដើរ​ទៅ​ដល់​ភូមិ​គោក ១ ទើប​ចូល​ទៅ​កាន់​ភូមិ​នោះ ហើយ​ទៅ​អង្គុយ​ក្រោម​ម្លប់​ដើម​ស្វាយ​ខាង​ជើង​ភូមិ ។ ឯ​ចៅ ៣ នាក់​វា​នាំ​គ្នា​ចូល​ទៅ​ក្នុង​ភូមិ​និយាយ​ឃោសនា​ប្រាប់​អ្នក​ស្រុក​ថា លោក​ធុតង្គ​និមន្ត​មក​គង់​នៅ​ខាង​ជើង​ភូមិ​នោះ​ឯង បើ​បង​ប្អូន​ត្រូវ​ការ​ប្រាថ្នា​ការ​អ្វី ៗ ក៏​អញ្ជើញ​យក​ទឹក​តែ ស្ករ​ស ស្លា​បារី​ទៅ​ប្រគេន​លោក​ចុះ លោក​និមន្ត​មក​នេះ គឺ​មក​ចង់​ប្រោស​សត្វ​ហើយ អ្នក​ណា​ចង់​បាន​ខ្សែ​ក​ខ្សែ​ចង្កេះ ទឹក​មន្ត​ការ​ពារ​រោគ​អាសន្ន​កម្ម​ផ្សេង ៗ ក៏​សូម​អញ្ជើញ​ទៅ​រក​លោក​ឲ្យ​ឆាប់​ចុះ ។ ឯ​បណ្ដា​មហាជន​ប្រុស​ស្រី​នៅ​ទី​ភូមិ​នោះ, លុះ​ឮ​ថា​លោក​ធុតង្គ​រុក្ខមូល​វិសេស​មក​ដូច្នោះ​ហើយ ខ្លះ​ក៏​បាន​ស្លា​បារី ខ្លះ​ក៏​បាន​ទឹក​ក្ដៅ តឹក​ត្រជាក់​នាំ​គ្នា​ទៅ​រក​តា​ថេន ដល់​ហើយ​ក៏​ថ្វាយ​បង្គំ​សួរ​ទទួល​បដិសណ្ឋារៈ​ប្រគេន​ទឹក​ស្រង់​ទឹក​ឆាន់ ស្លា​ម្លូ​ភេសជ្ជៈ​តាម​សទ្ធា ហើយ​សំពះ​សួរ​ថា ព្រះ​ករុណា​ម្ចាស់​និមន្ត​មក​ពី​ស្រុក​ណា ព្រះ​ករុណា ។

តា​ថេន​ឆ្លើយ​ថា “ចំរើន​ពរ អាត្មា​ភាព​នេះ​នៅ​ក្នុង​ក្រុង ចេញ​មក​ធុតង្គ​យូរ​ខែ​ហើយ នៅ​តែ​ក្នុង​ព្រៃ​មិន​ដែល​ចូល​ស្រុក​ណា​ទេ​ញោម ទើប​តែ​ថ្ងៃ​នេះ មាន​ហេតុ​ជា​ការ​មិន​ស្រួល នៅ​ភូមិ​ស្រុក​ញាតិ​ញោម​នេះ បាន​ជា​អាត្មា​ភាព​ខំ​ឧស្សាហ៍​ដើរ​មក​នេះ” ។ ឯ​ពួក​អ្នក​ស្រុក​នោះ លុះ​ឮ​តា​ថេន​ថា​ដូច្នោះ​ហើយ ក៏​កើត​សេចក្ដី​សង្ស័យ​ឡើង​គ្រប់​គ្នា ទើប​នាំ​គ្នា​សួរ​តប​ថា “ករុណា​ម្ចាស់, មាន​ពុទ្ធដីកា​នេះ​យល់​ប្លែក​ពេក​ណាស់” ចុះ​លោក​ម្ចាស់ យល់​ហេតុ​ភូមិ​យើង​នេះ​មិន​ស្រួល​យ៉ាង​ណា ? តា​ថេន​ថា “ញាតិ​ញោម​អើយ, អាត្មា​អង្គុយ​ធម៌​យប់​មិញ​នេះ ក៏​ឃើញ​ហេតុ​អន្តរាយ នឹង​កើត​មាន​ដល់​ញាតិ​ញោម ក្នុង​ភូមិ​នេះ​ទាំង​អស់​គ្នា​គឺ​ឃើញ​ថា ភូមិ​នេះ​នៅ​តែ ៧ ថ្ងៃ​ទៀត នឹង​មាន​អសនីបាត គឺ​រន្ទះ​បាញ់​មក​ត្រូវ​ភូមិ​នេះ ដល់​នូវ​សេចក្ដី​វិនាស​សូន្យ​ទាំង​ភូមិ​ជា​ម្ដង អាត្មា​គិត​អាណិត​ដល់​ញាតិ​ញោម​រាល់​គ្នា​ណាស់ បាន​ជា​ខំ​ឧស្សាហ៍​មក​នេះ ប្រាថ្នា​នឹង​ប្រាប់​សេចក្ដី​នោះ ឲ្យ​ញាតិ​ញោម​បាន​ដឹង​ខ្លួន​ជា​មុន ថា​បើ​ញោម​ឯ​ណា​ចង់​ឲ្យ​រួច​អំពី​កាឡកិណី សេចក្ដី​វិនាស​នោះ ​មាន​តែ​រើ​ផ្ទះ​សំបែង​ចេញ​អំពី​ទី​ចាស់​ទៅ​តាំង​នៅ​ភូមិ​ក្រៅ​ជា​ថ្មី​ទៀត នោះ​ទើប​បាន​ផុត​ភ័យ​អំពី​អសនីបាត​នោះ​បាន” ។ ឯ​បណ្ដា​​មហាជន​ទាំង​ឡាយ​នោះ លុះ​ឮ​តា​ថេន​ថា​ដូច្នោះ​ហើយ ក៏​កើត​សេចក្ដី​ភិត​ភ័យ​ទាំង​អស់​គ្នា ទើប​តប​ថា” សូម​ទាន​ករុណា​ម្ចាស់ បើ​ដូច្នោះ សេចក្ដី​ភ័យ​នោះ​នឹង​មាន​ដល់​យើង​ខ្ញុំ​ហើយ តែ​ថា ការ​ដែល​ថា​រើ​ផ្ទះ​សំបែង​អំពី​ភូមិ​នេះ​ចេញ​ទៅ​នោះ យល់​ថា​ជា​ការ​លំបាក​ណាស់ បើ​​ដូច្នោះ ករុណា​ម្ចាស់ នឹង​មាន​ឧបាយ​កល​ល្មម​ឧបទេស​កែ​ខៃ​សេចក្ដី​អន្តរាយ​អំពី​រន្ទះ​នោះ ជា​បាន​ខ្លះ​ឬ​ទេ?” ឱ ញាតិ​ញោម​ចង់​គិត​កែ​ខៃ​ឧបទេស​នោះ ចាំ​អាត្មា​អង្គុយ​ធម៌​មើល​សិន” ថា​ហើយ តា​ថេន​តាំង​អុជ​ទៀន​ធូប ហើយ​តាំង​សមាធិ​អង្គុយ​ធ្មេច​ភ្នែក​បាន​តិច ក៏​បើក​ភ្នែក​ហើយ​ថា” បាន​ញោម តែ​ត្រូវ​ខាត​ទុន​ខ្លះ​ទើប​អាច​ធ្វើ​បាន” ។ ករុណា​ម្ចាស់​មិន​អី​ទេ ទោះ​បង់​ខាត​ធន​ធាន​ប៉ុន្មាន ៗ ក៏​មិន​ថា​ដែរ ធ្វើ​ម្ដេច​ឯង​ដល់​នូវ​សេចក្ដី​វិនាស​ហើយ សូម​និមន្ត​លោក​គ្រូ​ម្ចាស់​បង្គាប់​ចុះ” ។ តា​ថេន​ក៏​ធ្វើ​ជា​មាយា​ហើយ​ប្រាប់​ថា “ឱ​ញាតិ​ញោម​អើយ អាត្មា​នេះ​ជា​សង្ឃ​ផង នឹង​បង្គាប់​បញ្ជា​ទៅ ក៏​ដូច​ជា​មិន​គួរ​នឹង​ភេទ​ឯង​ជា​សមណៈ​នោះ​សោះ ត្បិត​ភ្លើង​រន្ទះ​នោះ តាម​បាលី​ថា​អសនី គឺ​ថា​អសុរា​ប្រែ​ថា​យក្ខ​ខ្មោច ៗ នោះ​វា​គាប់​ចិត្ត​តែ​នឹង​ស្រា បាយ សាច់ ញាំ​ភ្លា មាន់​ស្ងោរ​រៀប​បូជា​ពលិការ​វា ហេតុ​នោះ​បាន​ជា​ថា​អាត្មា​ទាល់​ណាស់ ព្រោះ​ឯង​ជា​លោក​សង្ឃ” ។ “ករុណា​ម្ចាស់ កុំ​ព្រួយ​ព្រះហឫទ័យ​ឡើយ និមន្ត​បង្គាប់​ចុះ យើង​ខ្ញុំ​នឹង​ធ្វើ​តាម” ។ តា​ថេន​បាន​ឱកាស​ដូច្នោះ​ហើយ​ក៏​ឲ្យ​ធ្វើ​រោង​ពិធី ១ ខ្នង​នៅ​ក្រៅ​ភូមិ​ហើយ​ឲ្យ​ធ្វើ​រាជវ័តិ ទង់ ឆ័ត្រ ស្លាធម៌ បាយសី ជម​ចារ គ្រឿង​ចំអាប​បង្អែម​ផ្សេង ៗ យក​ទៅ​តាំង​នៅ​រោង​ពិធី ។

ឯ​មនុស្ស​ទាំង​ឡាយ ក៏​នាំ​គ្នា​ធ្វើ​តាម​ពាក្យ​តា​ថេន​នោះ​សព្វ​ប្រការ ឯ​តា​ថេន​ក៏​នាំ​គ្នា ៣ នាក់​ចូល​ទៅ​ក្នុង​រោង ហើយ​យក​អម្បោះ​ចង​ព័ទ្ធ​សីមា ៧ ជាន់​ហើយ​ប្រាប់​អ្នក​ស្រុក​ថា ញាតិ​ញោម​ទាំង​អស់​នេះ សុទ្ធ​សឹង​ជា​មនុស្ស​មាន​គ្រោះ​ធំ ត្រូវ​តែ​នៅ​ក្រៅ​រោង​ពិធី​នេះ តា​ថេន​ថា​ហើយ ទើប​សរសើរ​សំបុត្រ​បិទ​នៅ​មាត់​ទ្វារ​នោះ​ថា កុំ​ឲ្យ​នរណា​ចូល​ក្នុង​រោង​ពិធី​នេះ​ឡើយ ថា​បើ​នរណា​កាត់​អម្បោះ​សីមា​កន្លង​ចូល​ដល់​ក្នុង​រោង​ហើយ អ្នក​នោះ​នឹង​ទៅ​ជា​ឆ្កួត​ឈឺ​ស្លាប់ កើត​វិបត្តិ​ផ្សេង ៗ ។ បណ្ដា​អ្នក​ស្រុក​ធ្វើ​តាម​តា​ថេន​ហាម​ទាំង​អស់ នាំ​គ្នា​ហាម​កូន​ចៅ​ក្មេង​តូច​ធំ កុំ​ឲ្យ​ចូល​ទៅ​ក្នុង​រោង​ពិធី​នោះ ។

ឯ​តា​ថេន​បាន​ឱកាស​ស្ងាត់​ហើយ ក៏​នាំ​គ្នា​ទាំង ៣ នាក់​ស៊ី​បាយ ផឹក​ស្រា​តាម​អំពើ​ពាល លុះ​ស្រវឹង​ស្រា​ខ្លាំង ក៏​តាំង​និយាយ​កោក ៗ ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​គឹកកង​ក្នុង​រោង លុះ​ដល់​នៅ​បាន​ពីរ​បី​ថ្ងៃ មាន​ក្មេង​ប្រុស​ម្នាក់​អាយុ ១៤ ឬ ១៥ ឆ្នាំ ឈ្មោះ​ចៅ​សន​ក្មេង​នោះ​វា​ទៅ​ឃ្វាល​ក្របី​នៅ​វាល​ស្រែ ។ ដល់​ពេល​ថ្ងៃ​ល្ងាច​ត្រជាក់ ចៅ​សន​វា​ដេញ​ក្របី​ទៅ​ផ្ទះ បរ​ទៅ​ខាង​រោង​ពិធី​នោះ បាន​ឮ​សំឡេង​ចៅ​ពាល​ទាំង ៤ នាក់​ផឹក​ស៊ី​ប្រកែក​គ្នា​កោកកាក​ដូច្នោះ​ហើយ ចៅ​សន​គិត​ថា​សំឡេង​យ៉ាង​នេះ ទំនង​ជា​មនុស្ស​ស្រវឹង​ស្រា​យ៉ាង​ជា​លោក​សង្ឃ​នោះ​ផឹក​ស្រា​ទេ​ដឹង បើ​ដូច្នេះ គួរ​អញ​លប​ទៅ​មើល​ឲ្យ​ជាក់​ច្បាស់ ទោះ​វា​ឆ្កួត​ឬ​ឈឺ​ចាប់​យ៉ាង​ណា​ក៏​តាម​ចុះ អញ​ប្រថុយ​លប​មើល គិត​ហើយ​ក៏​ដើរ​លប​ចូល​ទៅ​ដល់​ប្រប​ជញ្ជាំង​រោង ហើយ​លួច​បើក​ស្លឹក​ត្នោត ដែល​បាំង​នោះ​គន់​មើល​ទៅ​ក្នុង​រោង ក៏​ឃើញ​ចៅ​ពាល​ទាំង ៤ នាក់ អង្គុយ​ដំកង់​គ្នា​ស៊ី​បាយ​ផឹក​ស្រា​ដោយ​អំពើ​ពាល ។ ចៅ​សន​ឃើញ​ច្បាស់​ហើយ​ក៏​នឹក​ថា យី​អា​ដែង​អស់​ទាំង​នេះ ផឹក​ស្រា​ស៊ី​បាយ​ល្ងាច​ទេ​តើ, ពុទ្ធោ ៗ ឱ​ម៉ែ​ឪ​អញ​ទៅ​ជឿ​អា​ពួក​នេះ​ឆ្កួត​ទទេ ទាំង​អ្នក​ស្រុក​ក៏​ជឿ​ចុះ​ចូល​វា​ឲ្យ​វា​បញ្ចោត​អស់​ខ្លួន​មែន​ហើយ បើ​ដូច្នោះ គួរ​អញ​ទៅ​ប្រាប់​ម៉ែ​ឪ​ឲ្យ​គាត់​បាន​ដឹង​ផង​ចុះ គិត​ហើយ​ក៏​ដើរ​ថយ​ចេញ​ម្នីម្នា រត់​ត្រង់​ទៅ​ផ្ទះ បាន​ឃើញ​ម្ដាយ​នៅ​លើ​ផ្ទះ ចៅ​សន​ក៏​ប្រាប់​ថា​ម៉ែ ៗ ម៉ែ​ឯង​ទៅ​ជឿ​អី​លោក​សង្ឃ​ធុតង្គ​នោះ មិន​ពិត​ជា​លោក​សង្ឃ​ល្អ​ទេ វា​ក្លែង​ក្លាយ​ទេ​ម៉ែ ខ្ញុំ​បាន​ឃើញ​វា​ផឹក​ស្រា ស៊ី​បាយ​ល្ងាច​អំបាញ់​មិញ​នេះ​ឯង ។

ឯ​នាង​ជា​ម្ដាយ​បាន​ឮ​ពាក្យ​កូន​ប្រាប់​ដូច្នោះ​ហើយ​ក៏​ពុំ​មាន​សតិសម្បជញ្ញៈ នឹង​ត្រិះ​រិះ​ឲ្យ​ច្បាស់​លាស់​ដោយ​ជឿ​ពាក្យ​តា​ថេន​ថា នរណា​កាត់​សីមា​ចូល​ក្នុង​រោង​ពិធី​លោក អ្នក​នោះ​នឹង​ឆ្កួត​ប្រាកដ ទើប​កើត​ភិត​ភ័យ​តក្កមា​ហើយ​សួរ​ថា “ចៅ​សន​ឯង​ចូល​ទៅ​ក្នុង​រោង​ពិធី​លោក​ឬ​អី?” ។ ចៅ​សន​ថា “បាទ​ខ្ញុំ​បាទ​លួច​លប​ចូល​ទៅ​ឃើញ​វា​កំពុង​តែ​ផឹក​ស៊ី​ទាំង ៤ នាក់​ណា​ម៉ែ” ។ ម្ដាយ​ថា “ឱ កូន​អើយ លោក​បាន​ហាម​ទាំង​អស់​គ្នា​ថា កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​សីមា​រោង​ពិធី​លោក ឥឡូវ​កូន​ឯង​ចូល​ទៅ​នោះ ត្រូវ​ដូច​លោក​ថា អ្នក​ណា​ចូល​ហើយ​អ្នក​នោះ​នឹង​ឆ្កួត​មិន​ខាន ឥឡូវ​ឯង​ឆ្កួត​ហើយ​តើ​កូន​គួរ​អី​ទៅ​ថា​លោក​សង្ឃ​ផឹក​ស្រា​នោះ លោក​ជា​អ្នក​ដើរ​ធុតង្គ​វិសេស​ណាស់” ។ ចៅ​សន​ប្រកែក​ថា “ម៉ែ​ឯង​មិន​ជឿ​ខ្ញុំ​ឬ ខ្ញុំ​បាន​ឃើញ​ច្បាស់​នឹង​ភ្នែក​ហើយ​អា​ដែង​ទាំង ៤ នាក់​នោះ វា​មក​ក្លែង​បញ្ឆោត​គេ​យក​លាភ​ទេ អ្នក​ណា​ទៅ​ជឿ​វា​ក៏​គង់​នឹង​ខូច​ខ្លួន” ។ ឯ​នាង​ម្ដាយ​មិន​ស្ដាប់ ចេះ​តែ​ថា អា​ឯង​ទៅ​ចូល​ក្នុង​សីមា​លោក វា​ឆ្កួត​មែន​ហើយ ។ ឯ​បណ្ដា​ពួក​ញាតិ​នៅ​ជិត​ខាង បាន​ឮ​ចៅ​សន​នឹង​ម្ដាយ​ប្រកែក​គ្នា​ដូច្នោះ​ហើយ​សឹង​ឆោឡោ​ឡើង​ទៅ​សួរ​ថា ម្ដេច​ទៅ​ចៅ​សន​វា​ចូល​ទៅ​ក្នុង​សីមា​លោក​នោះ​ឬ​អី ? នាង​ម្ដាយ​ក៏​ប្រាប់​ទៅ​ថា​អើ​ឯង​អើយ វា​ចូល​ទៅ​ក្នុង​សីមា​លោក ឥឡូវ​វា​ឆ្កួត​វរ​ណាស់​ទៅ តាំង​តែ​ជេរ​លោក​សង្ឃ​នោះ​ផ្សេង​ៗ ។

ឯ​ពួក​ញាតិ​ក៏​នាំ​គ្នា​ស្ដី​បន្ទោស​ចៅ​សន ហើយ​ថា​ឆ្កួត​មែន​ហើយ ធ្វើ​ម្ដេច​នឹង​រក​គ្រូ​ឯ​ណា​នឹង​មើល​បាន ។ ឯ​ចៅ​សន​ឮ​ពួក​ញាតិ​បន្ទោស​ដូច្នោះ​ហើយ ក៏​ខឹង​ណាស់ តាំង​ជេរ​ដាស​ពាស​ទៅ ដល់​ប្រកែក​នឹង​គេ​មិន​ឈ្នះ វា​ក៏​យំ​ផង ព្រោះ​ដោយ​សារ​ក្មេង ឯ​ពួក​ញាតិ​ក៏​រឹត​តែ​ជឿ​ថា ចៅ​សន​ឆ្កួត​មែន គឺ​ពី​ដើម​គ្រាន់​តែ​ថា លោក​សង្ឃ​ផឹក​ស្រា ឥឡូវ​វរ​ខ្លាំង​តាំង​យំ​ជេរ​គេ​ឯង​តែ​ផ្ដាស មិន​ស្គាល់​ចាស់​ក្មេង​ផង ឯ​នាង​ជា​ម្ដាយ​នោះ​ក៏​ភិត​ភ័យ ទើប​រត់​ទៅ​ឯ​រោង​ពិធី​តា​ថេន ដល់​ហើយ​ស្រែក​ហៅ​ទៅ​ថា “ឱ​ករុណា​ម្ចាស់ សូម​មេត្តា​ប្រោស​សត្វ សូម​ទាន​និមន្ត​ចេញ​មក​ខាង​ក្រៅ​រោង​សិន ត្បិត​សត្វ​កើត​វិបត្តិ​ហើយ ព្រះ​គុណ​ម្ចាស់” ។ ឯ​តា​ថេន​ឮ​នាង​សិកា​និមន្ត​ចេញ​ដូច្នោះ ក៏​ស្ទុះ​ម្នីម្នា​ជូត​មាត់​ជូត​ក​ស្អាត​ហើយ តាំង​គ្រង​ចីវរ​ជា​បរិមណ្ឌល​ពាក់​ផ្គាំ កាន់​ឈើ​ច្រត់​ដើរ​លប ៗ ចេញ​មក​ក្រៅ​ហើយ​សួរ “កើត​អី​ញោម បាន​ជា​ភិត​ភ័យ​រលះ​រលាំង​យ៉ាង​នេះ” ។ នាង​សិកា​នោះ ក៏​អង្គុយ​លុត​ជង្គង់​ប្រណម្យ​ដៃ​ទូល​ថា “ករុណា​ម្ចាស់, ឥឡូវ​នេះ​ចៅ​សន​កូន​ខ្ញុំ​ករុណា​វា​ចូល​មក​ក្នុង​សីមា​លោក​ម្ចាស់ ឥឡូវ​កើត​វរ​ទៅ​ជា​ឆ្កួត​ពុំ​ដឹង​អី ចេះ​តែ​ស្រែក​យំ​ជេរ​គេ​ឯង​ពាស ទៅ​ជេរ​ត្រូវ​ទាំង​លោក​ម្ចាស់​ផង” ។

តា​ថេន​ឆ្លើយ​ថា “ញោម, អាច​ក្ដី​បាន​ហាម​ហើយ​ថា កុំ​ឲ្យ​ប្រហែស ឲ្យ​ហាម​កូន​ហាម​ចៅ​កុំ​ឲ្យ​វា​ចូល​មក​ក្នុង​សីមា​ពិធី​នេះ ក្រែង​វា​កើត​ហេតុ ឥឡូវ​មែន ៗ ដូច​ពាក្យ​អាច​ក្ដី​ថា ចុះ​ឥឡូវ​នេះ វា​នៅ​ឯ​ណា​កូន​ញោម​នោះ” ។ “ករុណា​ម្ចាស់​វា​នៅ​ឯ​ផ្ទះ​ខ្ញុំ​ករុណា​ឯ​នោះ” ។ “អើ​បើ​ដូច្នោះ ញោម​ទៅ​នាំ​ខ្លួន​វា​មក​ឯ​រោង​ពិធី​នេះ “អាច​ក្ដី​នឹង​មើល​រោគ​ឆ្កួត​នោះ​ណា៎​ញោម នែ​ញោម ពាក្យ​ចាស់​លោក​ថា បន្លា​មុត​តោង​យក​បន្លា​ជោះ ទឹក​ចូល​ត្រចៀក​តោង​យក​ទឹក​ចាក់ រោគ​ឆ្កួត​កើត​មក​ពី​រោង​ពិធី តោង​មក​មើល​រក្សា​ឯ​រោង​ពិធី​ទើប​សះ​ស្បើយ​បាន” ។ ឯ​នាង​សិការ​នោះ ក៏​សំពះ​លា​តា​ថេន​វិល​ទៅ​ពឹង​បង​ប្អូន​ប្រុស ៗ ៣-៤ នាក់ ឲ្យ​ជួយ​ចាប់​យក​ខ្លួន​ចៅ​សន​មក​ប្រគល់​ឲ្យ​តា​ថេន ។ ឯ​ចៅ​សន​នោះ​ត្រូវ​គេ​មក​ចាប់​ដឹក​នាំ​ទៅ​ដូច្នោះ ក៏​រឹត​តែ​ខឹង​នឹង​ពួក​ញាតិ តាំង​បម្រះ​ននៀល​ជេរ​គេ​ជេរ​ឯង ហើយ​យំ​ទៅ​តាម​ភាសា​ក្មេង តែ​ធន់​ពុំ​បាន​នឹង​កម្លាំង​មនុស្ស​ចាស់​គេ​ក៏​នាំ​គ្នា​ចាប់​សែង​ព​នាំ​ទៅ​ដល់​រោង​ពិធី​នោះ ។ ឯ​តា​ថេន​ក៏​បបួល​គ្នា​ទាំង ៣ នាក់​ចេញ​មក​ក្រៅ​រោង​ហើយ​ទទួល​យក​ចៅ​សន​ចូល​ទៅ​ក្នុង​រោង​តា​ថេន ៗ ក៏​ប្រាប់​ទៅ​ថា ញោម​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​អ្នក​មាន​គ្រោះ នឹង​នៅ​ជិត​រោង​ពិធី​នេះ​ពុំ​បាន ក្រែង​ខ្មោច​ព្រាយ​អស់​នី​នោះ​វា​ចូល​រូប អាត្មា​នឹង​ស្រោច​ទឹក​មន្ត​ចៅ​សន​ហើយ​ខ្មោច​ដែល​នៅ​ក្នុង​រូប​ចៅ​សន វា​នឹង​ស្រែក​ជា​ខ្លាំង​ពុំ​ខាន បើ​ដូច្នេះ ចូរ​ញាតិ​ញោម​ទាំង​អស់​គ្នា ចៀស​ចេញ​ទៅ​ផ្ទះ​វិញ​ឲ្យ​ឆាប់ ពុំ​នៅ​យូរ​ក្រែង​ខ្មោច​វា​ចូល​ឯ​រូប​ចៅ​សន​នេះ​មិន​អី​ទេ តែ​ស្អែក​ខាន​ស្អែក​គង់​នឹង​ជា​មិន​ខាន ។ ឯ​ពួក​ញាតិ​ចៅ​សន​ឮ​តា​ថេន​ថា​ដូច្នោះ ក៏​នាំ​គ្នា​សំពះ​លា​លោក​តា​ថេន​វិល​ទៅ​ផ្ទះ​ទី​ទៃ ៗ ទៅ ។ ឯ​តា​ថេន​ចូល​ទៅ​ក្នុង​រោង​ពិធី​ហើយ​ឲ្យ​គ្នា ៣ នាក់​នោះ​ចង​ចៅ​សន​ខ្ជាប់​នឹង​សសរ​រោង តាំង​កាន់​រំពាត់​ផ្ដៅ​ទាំង ៤ នាក់ ហើយ​កំហែង​សួរ​ចៅ​សន​ថា អើ​អា​សន​អា​ឯង​ថា “ឃើញ​អញ​ផឹក​ស្រា​មែន ឬ​ដូច​ម្ដេច ? ចៅ​សន​ឆ្លើយ​ថា “អើ​មែន, ខ្ញុំ​ឃើញ​លោក​តា​ឯង​ផឹក​ស្រា ស៊ី​បាយ​ល្ងាច​ប្រាកដ​ទាំង ៤ នាក់” ។ ពួក​ទាំង​នោះ​ក៏​កើត​ទោ​សោ ហើយ​វាយ​ចៅ​សន ៤-៥ រំពាត់ ចៅ​សន​ក៏​ស្រែក​យំ​ដោយ​សំឡេង​ខ្លាំង ។ ទាំង ៤ នាក់​ក៏​សាក​សួរ​ទៀត​ថា “ដូច​ម្ដេច​អាសន​ឯង​ថា ពួក​យើង​ផឹក​ស្រា​មែន ឬ​ដូច​ម្ដេច ? ចៅ​សន​ថា “អើ​អា​ឯង​ផឹក​ស្រា​មែន​អញ​ឃើញ​ច្បាស់​នឹង​ភ្នែក​អញ​ហើយ” ។ អា ៤ នាក់​ក៏​រឹត​តែ​វាយ​ខ្លាំង​លើស​មុន ។ ចៅ​សន​បាន​នូវ​សេចក្ដី​វេទនា ឈឺ​ចាប់​ពន់​ពេក​ណាស់ ដល់​ក្រោយ​ទើប​គិត​ថា ឱ​អញ​នេះ​ជា​មនុស្ស​ក្មេង​ម្នាក់​ឯង គេ​ឆ្កួត​ពេញ​ស្រុក​ទៅ​ហើយ តែ​ឯង​មិន​ធ្វើ​ឆ្កួត​តាម​គេ​នោះ អា​ដែង​ពួក​ពាល​នេះ វា​នឹង​វាយ​អញ​ដល់​សេចក្ដី​ស្លាប់​មិន​ខាន​ឡើយ” ។

ណ្ហើយ​ចុះ​តោង​ធ្វើ​ជា​ឆ្កួត​តាម​វា​ទៅ​ចុះ ទើប​រក្សា​ខ្លួន​សុខ​បាន ចៅ​សន​គិត​ដូច្នោះ​ហើយ ទើប​ដៃ​សំពះ​តា​ថេន ហើយ​សា​សព្ទ​ប្រាប់​ទៅ​ថា “ករុណា​ម្ចាស់ ខ្ញុំ​ព្រះ​ករុណា​នេះ ឆ្កួត​ពិត​មែន​ហើយ សូម​ទាន​ប្រោស​អត់​ទោស​ខ្ញុំ ៗ ឆ្កួត​មិន​ដឹង​ខ្លួន​មិន​ដឹង​ប្រាណ​ទេ​ព្រះ​គុណ” បាន​ជា​ថា​ព្រះ​គុណ​ផឹក​ស្រា​នោះ គឺ​ព្រះ​គុណ​ពុំ​មែន​ឆាប់​ស្រា​ទេ ខ្ញុំ​ឆ្កួត​មែន​ហើយ ឥឡូវ​ខ្ញុំ​ដឹង​ខ្លួន​ជា​សះ​ស្បើយ​ហើយ រាង​ចាល​ហើយ ពី​នេះ​ទៅ​ទៀត ខ្ញុំ​មិន​ថា​ព្រះ​គុណ​ផឹក​ស្រា​ទេ​ទាន” ។ តា​ថេន​ថា “អើ​បើ​ឯង​លែង​ថា​អញ​ផឹក​ស្រា រាង​ចាល​ហើយ​អញ​ក៏​លែង​វាយ​ឯង​តែ​ត្រឹម​នេះ” ។ “ករុណា ខ្ញុំ​ព្រះ​ករុណា​លែង​ថា​ព្រះ​គុណ​ឆាន់​ស្រា​ហើយ អំពី​ថ្ងៃ​នេះ​ត​ទៅ ករុណា​ម្ចាស់” ។ “អើ​បើ​មែន​ដូច្នោះ​អញ​ក៏​លែង​វាយ​ឯង បើ​ឯង​នៅ​តែ​ថា​អញ ៗ ក៏​វាយ​ឯង​ទាល់​តែ​ស្លាប់” ។ ថា​ហើយ​តា​ថេន​ក៏​ឲ្យ​ស្រាយ​ចំណង​ចៅ​សន​ឃាត់​ខាំង​ចៅ​សន​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​រោង ។ ឯ​ចៅ​សន​សោត​ទាល់​ចំណេះ ក៏​នៅ​បំរើ​អា ៤ នាក់​នោះ​ទៅ​តាម​អធ្យាស្រ័យ លុះ​ថ្ងៃ​គំរប់ ៧ ជា​ពេល​យប់​ស្ងាត់​ចៅ​សន​ក៏​ដេក​លក់​ទៅ ។ ឯ​ចៅ​ពាល ៤ នាក់​នោះ​តាំង​រើ​គ្រឿង​កំណល់​ពិធី​យក​ប្រាក់ យក​សំពត់​ផ្ដិល ជើង​ពាន វេច​ជា​សម្ពាយ​ហើយ ក៏​នាំ​គ្នា​លប​រត់​ចេញ​ចាក​ស្រុក​នោះ​ទៅ​កាន់​ស្រុក​ដទៃ​ទៅ ។ លុះ​វេលា​ព្រឹក​ចៅ​សន​ភ្ញាក់​ឡើង ស្រាប់​តែ​ស្ងាត់​ឈឹង​ទាំង​រោង​មើល​ទៅ​គ្រឿង​តាំង​ពិធី​នោះ ក៏​បាត់​អស់​រលីង​គ្មាន​សល់​ដល់​តិច​ឡើយ ចៅ​សន​ក៏​ដឹង​ថា តា​ថេន​លួច​របស់​ទ្រព្យ​រត់​ទៅ​អស់​ហើយ ទើប​ចៅ​សន​ដើរ​ចេញ​ចាក​រោង​ចូល​ទៅ​ផ្ទះ​អាត្មា ។ ឯ​បណ្ដា​ញាតិ​មិត្ត​ឃើញ​ចៅ​សន​ដើរ​មក​ដូច្នោះ​ហើយ ក៏​សួរ​ថា “ដូច​ម្ដេច​ទៅ​ជី​សន​អើយ​រោគ​នោះ​បាន​ស្រាក​ស្រាល ធូរ​ខ្លួន​ប្រាណ​ខ្លះ​ហើយ​ឬ​ដូច​ម្ដេច​ទៅ ។ ចៅ​សន​ក៏​តប​ថា “នៅ​ឡើយ​ទេ​តែ​ថា​ឥឡូវ​នេះ​អំពើ​ចំ​កួត​នោះ វា​នៅ​លើ​អ្នក​ស្រុក​ទាំង​អស់​គ្នា អើ​ឯង​ជា ៗ សោះ គេ​ឆ្កួត​ពេញ​ទាំង​ស្រុក ក៏​ត្រឡប់​ថា​ឯង​ឆ្កួត​វិញ អើ​មីង​មា​យាយ​តា​ទាំង​អស់​គ្នា​ទៅ​ជឿ​អា​មនុស្ស​ពាល​នោះ​ទុក​ជា​គ្រូ​ថា លោក​ធុតង្គ​រុក្ខ​មូល​វិសេស​ណាស់ ឥឡូវ​គ្រឿង​ប្រដាប់​ដែល​តាំង​ពិធី​ព្លីការ​នោះ លោក​ធុតង្គ​ទោះ​បន្លុង​ឆាក​យក​ទៅ​អស់​ហើយ​ឲ្យ​អញ្ជើញ​ទៅ​មើល​ចុះ” ថា​ហើយ​ចៅ​សន​ក៏​ដើរ​ត្រង់​ទៅ​ផ្ទះ ។

ឯ​បណ្ដា​អ្នក​ស្រុក បាន​ឮ​ចៅ​សន​ថា​ដូច្នោះ​ហើយ​ខ្លះ​ក៏​សង្ស័យ​ថា ក្រែង​ពិត​ដូច​ពាក្យ​ចៅ​សន​ថា​ឬ​ទើប​នាំ​គ្នា​ទៅ​ឯ​រោង​ពិធី ស្រាប់​តែ​ឃើញ​ស្ងាត់​ឈឹង​សូន្យ ក៏​ចូល​ទៅ​ក្នុង​រោង យល់​របស់​ទ្រព្យ​ខ្លួន​នោះ វិនាស​អស់​ទៅ ដោយ​ដៃ​មនុស្ស​ពាល​ទាំង ៤ នាក់​នោះ​ឯង ហើយ​ទើប​នាំ​គ្នា​មក​ផ្ទះ​ទីទៃ ៗ កើត​សេចក្ដី​វិប្បដិសារី​រលឹក​ទោស​អាត្មា ឃើញ​ថា​ជា​មនុស្ស​ឥត​បញ្ញា ទៅ​ជឿ​ពាល​ឲ្យ​វា​បញ្ឆោត​បាន គឺ​ខ្លួន​ឆ្កួត​ប្រាកដ​ចៅ​សន​គ្នា​ជា​សោះ​ក៏​នាំ​គ្នា​ជឿ​ថា​ឆ្កួត​វិញ ។

ចប់​និទាន​តា​ថេន​តែ​ប៉ុណ្ណេះ ។

🔸Last Updated កំណែចុងក្រោយ on May 4, 2023

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).