រឿង​កំណើត​សត្វ​ឆ្មា

អតីតេ ក្នុង​កាល​នោះ​មាន​មហា​ឥសី​មួយ​អង្គ គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ វុឌ្ឍីបព៌ត តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ ជា​អង្វែង​ឆ្នាំ​មក ។ នៅ​កន្លែង​នោះ មាន​ស្រះ​បួន​គឺ​ទិស បូព៌ា ១ ទក្សិណ ១ បស្ចិម ១ និង​ឧត្តរ ១ ។ ស្រះ​នោះ​មាន​ទឹក​រង​ថ្លា មាន​ដុះ​ឈូក​ក្រហម​ឈូក​ស និង​បុប្ផា​ផង​ទាំង​ពួង ជា​ទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប ឯ​មាត់​ច្រាំង​ក៏​ជ្រាល មុខ​គួរ​ឲ្យ​សប្បាយ​ពេក​ណាស់ ។ ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍ ព្រះ​ឥសី​ក៏​ធ្លាប់​តែ​ទៅ​ស្រង់​ទឹក​រាល់​ដង​ផង ។ មាន​សម័យ​ថ្ងៃ​មួយ ព្រះ​ឥសី​គង់​ចម្រើន​មេត្តា​ភាវនា​ដោយ​ញាណ​ឈាន​លោកិយ សព្វ​គ្រប់​ទៅ​ឃើញ​ថា: ឱ ! មាន​ទេព​ធីតា​មក​ចាប់​កំណើត ក្នុង​ផ្កា​ឧត្បល ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្តរ បាន​អាយុ ៩ ថ្ងៃ​ហើយ តើ​អា​ត្មា​អញ​ក៏​ខាន​ទៅ​ស្រង់​ទឹក​ឯ​ស្រះ​នោះ ៩ ថ្ងៃ​ហើយ​ដែរ ។ ព្រះ​ឥសី​ក៏​ដាក់​ស្មឹង​ស្មាធិ៍​គិត​ថា អា​ត្មា​អញ​គួរ​ទៅ​យក​មក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ចុះ គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង់​ដំណើរ តម្រង់​ទៅ​ទិស​ឧត្តរ ដល់​ស្រះ​ហើយ ព្រះ​ឥសី​ឈរ​សម្លឹង​មើល​គ្រប់​ផ្កា​ឃើញ​ផ្កា​ឧត្បល​មួយ​ធំ​ខ្ពស់ ឃើញ​នាង​ទេពធីតា​អង្គុយ​ក្នុង​ផ្កា​នោះ ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក ហើយ​និមន្ត​ត្រឡប់​មក​កាន់​អាស្រម​វិញ ចិញ្ចឹម​ថែ​រក្សា​ជា​សុខ​សប្បាយ ។ លុះ​ដល់​នាង​ធំ ក៏​ឲ្យ​ឈ្មោះ​ថា “ ឧត្តរ​បុប្ផា ” លុះ​បាន​អាយុ ១៥ វស្សា លោក​តា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក អាណិត​ចៅ​ស្រី ព្រោះ​ពេញ​រូប​រាង​ទៅ​ហើយ នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង ឯក​ឯង​អផ្សុក​វិតក្ក​ចិត្ត ដូច្នេះ​គួរ​អញ​យក​បុប្ផា​មួយ​ទៀត​មក​ជប​ឲ្យ​កើត​ជា​គ្នា គ្រាន់​បាន​ជា​ពីរ​នាក់ ។ ព្រះ​ឥសី​គិត​ហើយ ឈ្វេង​យល់​ថា ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប​ជា​មនុស្ស​ទៅ ឃើញ​ថា​ជា​ជាតិ​ផ្កា​ដូច​គ្នា ដូច្នេះ​ចាំ​យក​ជាតិ​ពី​នាង​ផ្ទាល់​វិញ ។ ឥសី​គិត​ហើយ​ក៏​ហៅ​នាង ឧត្តរ​បុប្ផា​មក​ផ្ដាំ​ថា បើ​កាល​ណា​នាង​ធំ​ពេញ​រាង​ហើយ មាន​រដូវ ចូរ​នាង​ផ្ដិត​សំឡី​ឲ្យ​ទុក​ឲ្យ​តា ៗ នឹង​ជប​ឲ្យ​បាន​គ្នា​គ្រាន់​នឹង​លេង​ពីរ​នាក់ ។ នាង​ឧត្តរ​បុប្ផា បាន​ឮ​លោក​តា​មាន​ពុទ្ធដីកា​ហើយ ក៏​ត្រេក​អរ​ពន់​ពេក លុះ​ដល់​គម្រប់​ពេល​មាន​រដូវ​កាល​ណា​ហើយ នាង​ក៏​យក​ទៅ​ថ្វាយ​លោក​តា​តាម​បណ្ដាំ ។

លោក​តា​ប្រាប់​ទៅ​នាង​ថា៖ អើ​ចៅ ! ថ្ងៃ​ស្អែក​នេះ​ចៅ​នឹង​បាន​គ្នា​ជា​ពីរ​នាក់ គ្រាន់​និយាយ​លេង​សោះ​អផ្សុក​ហើយ ។ វេលា​យប់​នោះ នាង​ដេក​ពុំ​លក់​សោះ ទន្ទឹង​ចាំ​តែ​ព្រឹក​ឆាប់ នឹង​អាល​បាន​គ្នា​ជា​ពីរ​នាក់ ។ លុះ​ព្រឹក​ឡើង លោក​តា​ក៏​បិទ​ទ្វារ​កុដិ តាំង​វាយ​ភ្នែន​សង្រួម​ភាវនា​វេទមន្ត​ជប​បាន​ឆ្មា​ញី​មួយ​សម្បុរ​បី អំពី​លោហិត​រដូវ​ដែល​នាង​ផ្ដិត​ឲ្យ​ទៅ​នោះ ។ រួច​ស្រេច​ហើយ ឥសី​ហៅ​នាង​ឧត្តរ​បុប្ផា​មក ហើយ​លើក​ឆ្មា​ហុច​មក​ឲ្យ​នាង ប្រាប់​នាង​ថា “ នេះ​ជា​គ្នា​របស់​នាង​ហើយ សត្វ​នេះ​ឈ្មោះ​ថា ឆាម៉ា ” ។ សត្វ​នោះ​ចេះ​និយាយ​គួរ​សម​ជាមួយ​នាង នាង​ក៏​ទទួល​យក​មក​ថែ​រក្សា​ដោយ​សេចក្ដី​ស្រឡាញ់​ពេញ​ចិត្ត ទុក​ដូច​ជា​កូន ឬ​ប្អូន​ឱប​ដល់​ឱរា​បី​យក​ទៅ​ក្នុង​បន្ទប់ ទៅ​ណា​មក​ណា តែង​យក​ទៅ​តាម និយាយ​គ្នា​បី​ដូច​មនុស្ស​ដូច្នោះ ។ លុះ​ដល់​នាង​អាយុ​បាន ១៧ ឆ្នាំ ទើប​ឥសី​ដាក់​កំណត់​ច្បាប់​មាត្រា ឲ្យ​នាង​កាន់​កុំ​ឲ្យ​ភាន់​ច្រឡំ សម្រាប់​ជា​ច្បាប់​ត​ទៅ​កូន​ចៅ​ស្រី ៗ ឯ​ក្រោយ​ទៀត គឺ​ថា​ជាតិ​ជា​ស្រី​ទាំង​អម្បាល​ម៉ាន មិន​ត្រូវ​ទាត់​សត្វ​ឆាម៉ា​នេះ​នឹង​ជើង ឬ​វាយ​នឹង​អម្បោស ឬ​មួយ​នឹង​ត្របុត​ត្រី​អាំង ។ កុំ​ថា​តែ​ទាត់​ធាក់ សូម្បី​តែ​ដើរ​កន្លង​ក៏​មិន​បាន​ដែរ ត្បិត​សត្វ​នេះ​កើត​ឡើង​ដោយ​លក្ខណ៍​ស្រី ។ បើ​ស្រី​ណា​ទាត់​ធាក់ ឬ​ដើរ​កន្លង​សត្វ​នេះ ហៅ​ថា​ស្រី​ហីន​លក្ខណ៍ ហើយ​បើ​ប្រព្រឹត្តិ​ច្រើន​ដង​ទៅ ហៅ​ថា​ស្រី​ខាត​លក្ខណ៍ ។ ត​មក​ប្រមាណ ១៤ ខែ សត្វ​ឆាម៉ា​ក៏​កើត​បាន​កូន​ឈ្មោល​មួយ​ឡើង​ទៀត ។ គឺ​ជា​ឆាម៉ា​ទាំង​ពីរ​នេះ​ហើយ ជា​កំណើត​ឆ្មា​ទាំង​អស់ ។

និយាយ​ពី​ស្ដេច​មួយ​អង្គ​នាម​សោទត្ត ព្រះ​រាជ​បិតា​លើក​រាជ​សម្បត្តិ ឲ្យ​កូន​នេះ​សោយ​រាជ្យ​សម្បត្តិ​ឲ្យ​កូន​នេះ​សោយរាជ្យ ពី​ព្រះ​ជន្ម​បាន ២១ ព្រះ​វស្សា នៅ​នគរ​ឈ្មោះ​តក្ក​សីលា ។ ស្ដេច​ថ្មី​នោះ​សោយ​រាជ្យ​ឡើង​ពុំ​មាន​មហេសី​ទេ ត្រអាល​ក្រសាល​តែ​នឹង​ស្រី​ស្នំ​បរិពារ ។ លុះ​អង្វែង​ទៅ ស្ដេច​ទ្រង់​ផ្ទំ​វេលា​យប់​មួយ លោក​នឹក​ភ្នក​ព្រះ​ទ័យ​ចង់​ចេញ​ទៅ​លេង​ព្រៃ ។ លុះ​ភ្លឺ​ស្វាង​កាល​ណា ស្ដេច​ក៏​ចេញ​ចុង​ព្រះ​រាជ​រោង ឲ្យ​នាម៉ឺន​មុខ​មន្ត្រី​គាល់​ដូច​សព្វ​ដង ។ លុះ​ជួប​ជុំ​មន្ត្រី​អស់​ហើយ ស្ដេច​ក៏​មាន​បន្ទូល​ប្រាប់​ថា “ យើង​ចង់​ទៅ​លេង​ព្រៃ​នៅ​ថ្ងៃ​ខាន​ស្អែក ចូរ​រៀប​ចំ​ពល​ថ្មើរ​ជើង​និង​សេះ​ដំរី រៀបចំ​ស្បៀង​អាហារ​ក្រយា​ស្ងោយ​គ្រាន់​គ្រប់​គ្នា​កុំ​ឲ្យ​ខ្វះ” ។ នាម៉ឺន​ទទួល​ព្រះ​រាជ​ឱង្ការ​កាល​ណា ក៏​រៀប​ចំ​ប្រដាប់​ឥត​មាន​ខ្វះ ពល​ថ្មើរ​ជើង ពល​សេះ​ដំរី រួច​ស្រេច​ហើយ ក៏​ចូល​ក្រាប​បង្គំ​ទូល​ព្រះ​អង្គ​ជ្រាប ។ លុះ​ដល់​កំណត់​ថ្ងៃ​ហើយ វេលា​ព្រឹក​ស្ដេច​ក៏​យាង​ចេញ​ទៅ ដោយ​មាន​នាម៉ឺន​សេនា​ទាហាន​ហែ​តាម លុះ​បាន​បួន​ថ្ងៃ​ក៏​បាន​ទៅ​ដល់ ព្រៃ​ហេមវន ស្ដេច​ក៏​មាន​ព្រះ​ឱង្ការ​ឲ្យ​បោះ ព្រះ​ពន្លា​មួយ​នៅ​ទី​នោះ ។ អស់​ទាំង​សេនា​ទាហាន​ក៏​ធ្វើ​ជំរំ​គ្រប់ ៗ តាម​មុខ​របស់​ខ្លួន​ស្រេច ហើយ​ស្ដេច​មាន​បន្ទូល​បើក​អំណាច​ឲ្យ​អស់​សេនា​លេង​ល្បែង-ភ្លេង​ច្រៀង​រាំ​តាម ចិត្ត​ឲ្យ​សប្បាយ​ក្នុង​ព្រៃ​នោះ ។ នៅ​ពេល​យប់​ស្ដេច​ក៏​ចូល​ផ្ទំ ក្នុង​ព្រះ​ពន្លា​ជ័យ លុះ​អាធ្រាត្រ​ស្ងាត់​ឮ​សូរ​តែ​មាត់​បក្សី​គ្រប់​ភាសា​យំ មុខ​គួរ​ឲ្យ​ស្រងេះស្រងោច លន្លង់​លន្លោច​ក្នុង​ព្រះ​ទ័យ​មមៃ​នឹក​គិត​គ្រប់​សព្វ លុះ​ភ្លឺ​ស្វាង​ព្រះ​សុរិយា​កាល​ណា ស្ដេច​ក៏​មាន​ព្រះ​រាជ​ឱង្ការ បង្គាប់​ទៅ​រាជ​អាមាត្យ ឲ្យ​រៀប​ទីន័ង​អស្សតរ​ថ្វាយ ព្រះ​អង្គ​នឹង​ត្រេច​មើល​ព្រៃ​កម្សាន្ត​ព្រះ​ទ័យ​ជា​មួយ​នឹង​អាមាត្យ​ពីរ​នាក់ បី​នឹង​ស្ដេច ។ រួច​ហើយ​ចេញ​ទៅ ល្ងាច​ត្រឡប់​មក​ព្រះ​ពន្លា​ជ័យ​វិញ ។ គ្រប់​បី​ថ្ងៃ​នៅ​វេលា​ព្រឹក ១ ស្ដេច​ក៏​បរ​ទីន័ង​ទៅ​ដល់​ស្រះ​កំណើត​នៃ​នាង​ឧត្តរ​បុប្ផា ទ្រង់​ទត​ទៅ​ឃើញ ទឹក​ក៏​រង​ថ្លា ឃើញ​បុប្ផា​និង​មច្ឆា​គ្រប់​បែប ហែប​ហែល​ជ្រួល ច្រវាត់​មុខ​គួរ​ឲ្យ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​ចុះ​ស្រង់ ។ ទើប​ស្ដេច​មាន​បន្ទូល ទៅ​រាជ​អាមាត្យ​ទាំង ២ ថា យើង​ងូត​ទឹក​ស្រះ​នេះ​ឲ្យ​ត្រជាក់​កាយ​សប្បាយ​ចិត្ត​សឹម​បន្ត​ដំណើរ​ទៅ ទើប​ឈប់​លែង​ពាជី​ឲ្យ​ស៊ី​ស្មៅ រួច​ផ្លាស់​ព្រះ​ពស្ត្រ​ស្រង់​ទៀត ព្រម​ទាំង​រាជ​អាមាត្យ ទឹក​ក៏​ត្រជាក់​ធ្វើ​ឲ្យ​មាន​កម្លាំង​មែន ។ រួច​ហើយ​ឡើង​ផ្លាស់​ព្រះ​ពស្ត្រ​ស្រេច ស្ដេច​ក៏​យាង​ទត​តាម​ឆ្នេរ​ស្រះ​ទៅ ឃើញ​មាន​ផ្លូវ​ទក់​ៗ ព្រះ​អង្គ​នឹក​ថា “យី ! ព្រៃ​នេះ​សម​សាន្ត​ឋាន​ស្ងាត់​ណាស់ ម្ដេច​ឡើយ​ក៏​មាន​ផ្លូវ​មនុស្ស​ដើរ​ដូច្នោះ” ។ រួច​ស្ដេច​ក៏​មាន​បន្ទូល​ទៅ​នឹង​អាមាត្យ​ថា នៅ​ចាំ​យើង​ទី​នេះ​ចុះ យើង​ដើរ​ទៅ​មើល​ត្រង់​នោះ​បន្តិច ។ ស្ដេច​យាង​តាម​ផ្លូវ​ព្រះ​ឥសី​នោះ​ទៅ ៗ បន្តិច​បាន​ក្រឡេក​ឃើញ​អាស្រម ស្ដេច​នឹក​ក្នុង​ព្រះ​ទ័យ​ថា រោង​នេះ​ជា​រោង​អី ? ជា​ផ្ទះ​ព្រាន​ព្រៃ​ទេ ឬ​អ្វី ? ព្រះ​អង្គ​ចេះ​តែ​យាង​ចូល​ទៅ ឯ​ព្រះ​ឥសី​កំពុង​ឆាន់ នាង​ឧត្តរ​បុប្ផា​អង្គុយ​គាល់​លោក​តា ។ លុះ​ស្ដេច​យាង​ដល់​ទទួល​នាង​នោះ​ក្រឡេក​ភ្នែក​មក​ឃើញ នាង​ក៏​ស្ទុះ​ចូល​ទៅ​ក្នុង​បន្ទប់ ។ ព្រះ​ឥសី​សួរ​ទៅ​នាង​ថា ម្ដេច​ក៏​ស្ទុះ​រត់​ចូល​ក្នុង? នាង​និយាយ​តិច ៗ ទូល​ឥសី​ថា “មាន​មនុស្ស​ពី​ណា​ដើរ​ចូល​មក”។ ព្រះ​ឥសី​ក៏​បែរ​ព្រះ​ភក្ត្រ​ទត​យល់​ដូច​នាង​ទូល​មែន។ ឯ​ព្រះ​រាជា លុះ​យល់​ច្បាស់​ដូច្នេះ​ហើយ ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​ឥសី, ឥសី​ក៏​ឈប់​ឆាន់ សួរ​ទៅ​ស្ដេច​ថា នែ​ចៅ​មក​ពី​ណា បាន​ជា​ចូល​មក​ដល់​ទី​នេះ ? ” ទើប​ស្ដេច​ទូល​ឥសី​ថា “ ខ្ញុំ​ព្រះ​ករុណា​មក​ពី​នគរ​តក្ក​សីលា ” ឥសី​ឈ្វេង​យល់​មួយ​រំពេច​ថា នេះ​ជា​ស្ដេច ទើប​ព្រះ​អង្គ​សួរ​ទៅ​ទៀត​ថា “ ស្ដេច​ចៅ​មក​ទី​នេះ​ប្រាថ្នា​អ្វី ” ។ ព្រះ​បាទ​សោទត្ត ទូល​ឥសី​តាម​ដំណើរ ឯ​ឥសី​ឈ្វេង​យល់​ថា ស្ដេច​អង្គ​នេះ​ត្រូវ​ជា​គូរ​នាង​ឧត្តរ​បុប្ផា លោក​ក៏​ហៅ​ចៅ​ស្រី​ឲ្យ​ចេញ​មក​ថ្វាយ​បង្គំ​ព្រះ​រាជា ។ ហេតុ​តែ​នាង​ជា​ស្រី​មាន​លក្ខណ៍ ក៏​ចេញ​មក​ថ្វាយ​បង្គំ​ព្រះ​រាជា​តាម​ពុទ្ធ​ដីកា ។ ព្រះ​អង្គ​ក្រឡេក​យល់​នាង នាង​ក៏​យល់​ព្រះ​ភក្ត្រ​ព្រះ​អង្គ​ច្បាស់ ហើយ​ចាប់​ចិត្ត​ទៅ​វិញ​ទៅ​មក ទើប​ព្រះ​ឥសី​មាន​ពុទ្ធ​ដីកា​ថា “ ស្ដេច​ចៅ​នេះ​ហើយ​ដែល​ជា​គូ​នឹង​នាង តាំង​តែ​អំពី​អតីត​ជាតិ​មក​ម្ល៉េះ ” ។ គ្រា​នោះ​ឥសី​សួរ​រក​សេនា​រេហ៍ពល ព្រះ​បាទ​សោទត្ត​ក៏​ទូល​ថា ព្រះ​អង្គ​យក​តែ​អាមាត្យ​ពីរ​នាក់​មក​តាម​ទេ ឥឡូវ​ឲ្យ​ឈប់​ចាំ​នៅ​ឯ​មាត់​ស្រះ​ខាង​ទិស​ឧត្តរ​ឯ​ណោះ ត្រង់​ថា​ខ្ញុំ​ករុណា​ត្រូវ​ជា​គូ​ស្រករ​នឹង​នាង​នេះ ក៏​ស្រេច​តែ​លោក​តា បើ​សព្វ​ព្រះ​ទ័យ​យ៉ាង​ណា ខ្ញុំ​ព្រះ​ករុណា​ទទួល​ធ្វើ​តាម​ទាំង​អស់ ។ ឥសី​បញ្ជា​ទៅ​វិញ​ថា “ បើ​ដូច្នេះ សូម​ស្ដេច​ចៅ​ថយ ទៅ​រៀប​ចំ​សង់​រោង​បី​ល្វែង ហើយ​រក​ផ្កា​ឲ្យ​បាន ៧ ពណ៌​យក​មក​ចង​ផ្គុំ​ជា​បី​បាច់ ទុក​ឲ្យ​តា​ទៅ​ប្រសិទ្ធី​ពរ​ជ័យ​ឲ្យ​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​សុខ​សប្បាយ​ត​ទៅ ” ។

ស្ដេច​ស្ដាប់​ព្រះ​ពុទ្ធ​ដីកា​ហើយ ក៏​រួស​រាន់​ថ្វាយ​បង្គំ​លា យាង​មក​ដល់​ទី​កន្លែង​ស្រះ​ដែល​ឲ្យ​អាមាត្យ​ចាំ ហើយ​បបួល​អាមាត្យ​ត្រឡប់​ទៅ​កាន់​ពន្លា​ជ័យ​វិញ ដល់​ហើយ​បញ្ជា​នាម៉ឺន​សេនា​គ្រប់​ក្រុម ឲ្យ​រៀប​ចំ​សង់​រោង​បី​ល្វែង តាម​បង្គាប់​ឥសី ។ បាន​រួច​ស្រេច ក៏​ឲ្យ​ក្បួន​ទ័ព​ព្រម​ទាំង​ភ្លេង​ដូរ្យតន្ត្រី​ពីរោះ​ល្វឹង​ល្វើយ ទៅ​ដង្ហែ​នាង​ឧត្តរ​បុប្ផា​ពី​អាស្រម​ឥសី និមន្ត​ទាំង​ព្រះ​ឥសី​ឡើង​គង់​ព្រះ​វរ​សលៀង​ដង្ហែ​មក​កាន់​ព្រះ​ពន្លា ។ ដល់​ហើយ​ព្រះ​តាបស​តាំង​សូត្រ​ទិព្យ​មន្ត ព្រះ​ឥសី​ក៏​បាច​ផ្កា​ទាំង ៧ ពណ៌​នោះ​ថ្វាយ​ពរ​ជ័យ​ដល់​គូ​ស្រករ​ថ្មី ។ បី​ថ្ងៃ​ត​មក ទើប​ព្រះ​អង្គ​និង​នាង​ជាយា​ថ្វាយ​បង្គំ​លា​លោក​តា នាង​ក៏​ស្រក់​ទឹក​ភ្នែក​នឹក​អាល័យ​លោក​តា ព្រោះ​តាំង​ពី​កើត​មក ពុំ​ដែល​បែក​ទៅ​ណា​សោះ ឥឡូវ​មិន​ដឹង​ជា​កាល​ណា​នឹង​បាន​មក​ថ្វាយ​បង្គំ​វិញ​ទេ ។

គ្រា​នោះ ឥសី​បាន​ផ្ដាំ​នាង​ថា៖ បើ​នាង​ទៅ​ដល់​ប្រាសាទ​ហើយ មុន​នឹង​ឡើង​ទៅ​លើ​ប្រាសាទ នាង​ត្រូវ​ឱប​សត្វ​ឆាម៉ា ហើយ​ដើរ​ព័ទ្ធ​ប្រទក្សិណ​ប្រាសាទ ៣ ជុំ រួច​សឹម​ឡើង​ទៅ​នៅ​ក្នុង​ប្រាសាទ​នោះ ទើប​នាង​បាន​សុខ មាន​សិរី​សួស្ដី ។ នាង​ស្ដាប់​សព្វ​គ្រប់​ហើយ ក៏​លា​ចេញ​ទៅ លុះ​ទៅ​ដល់​ព្រះ​រាជ​វាំង​ហើយ មុន​នឹង​ចូល​ក្នុង​ព្រះ​រាជ​ដំណាក់​ព្រះ​នាង​បាន​ធ្វើ​តាម​បណ្ដាំ​ឥសី​ឥត​ឲ្យ​ឆ្គង ក៏​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន​រហូត​ទៅ ។

🔸ទំនង​ជា​ដោយ​សារ​រឿង​នេះ​ទេ​ដឹង បាន​ជា​ខ្មែរ​យើង​មាន​ទំនៀម​មួយ ក្នុង​ពេល​ធ្វើ​ពិធី​ឡើង​ផ្ទះ​ថ្មី គឺ​គេ​និយម​ឱប​ឆ្មា​មួយ ហើយ​ដើរ​ប្រទក្សិណ​ផ្ទះ​បី​ជុំ ហើយ​ស្រេច ទើប​គេ​ឡើង​នៅ ។

🔸Last Updated កំណែចុងក្រោយ on June 29, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).