រកសប្បុរសថាមិនដឹងនៅឯណា | រកផ្ទះអាចារ្យថាមិនស្គាល់ |
រកអ្នកទ្រង់សីលថាទៅមិនដល់ | ស្ដាប់ធម៌ថារវល់បោកភួយមុង។ |
ថ្ងៃសីលថារវល់ជាប់ដេរកាត់ | ថ្ងៃអាទិត្យថារវល់ឆាស្ងោរហុង |
៨កើតថាជាប់ទៅទីក្រុង | ពេញបូណ៌ថាបុ្រងទៅចំការ។ |
៨រោចថារវល់ក្រែមជាប់មាត់ | ខែដាច់ថាមិនដឹងទៅវត្តណា |
ពេលថ្ងៃថារវល់ចាត់ចែងការ | ពេលយប់នោះថាសំរាកកាយ។ |
នៅក្មេងថាទាស់ឯងក្រមុំ | ចាស់ជំនុំថាទាស់ឯងមេម៉ាយ |
ទៅវត្តក្រែងមាត់គេចំណាយ | ថាមាននិស្ស័យនិងលោកសង្ឃ។ |
មានប្ដីថាទាស់និងពុកវា | រីឯតាថាយាយមិនស្រួលអង្គ |
ចំណែកមីងថាចោលកូនឱ្យរហង់ | រីឯបងថាគ្មានមនុស្សចាំផ្ទះ។ |
ចូលឆ្នាំភ្ជុំបិណ្ឌគេទៅវត្ត | ប្រតិបត្តិទានសីលថ្វាយបង្គំព្រះ |
ឯងឯណេះថាបានដាច់ឆ្នាំចាស់ | ម្ដងណេះគិតលះឱ្យអស់ដៃ។ |
ដល់ផ្លូវចូលវត្តហ្វ្រាំងមិនស៊ី | ហុងដាមីគីធីអាកៃ |
ថាទៅវត្តនោះគ្មានតម្លៃ | ឯកភ្នំៗសំពៅសប្បាយជាង។ |
បណ្ដោយជីវិតតាមខ្សែញាក់ | តណ្ហាជាអ្នកស្លាក់រូបរាង |
បើបានចូលវត្តអែបខាងៗ | ព្រោះខ្លាចតឺនុយឯងមិនសម។ |
មើលអ្វីនិយាយអ្វីចេះតែបាន | ទោះម៉ោងប៉ុន្មានមិនចាប់ខំ |
អានច្បាប់ឬស្ដាប់ព្រះសទ្ធម្ម | តែមួយម៉ោងយ៉ាប់ទ្រាំអ្វីម្ល៉េះណា |
ខែប្រាំងប្រឹងមិនរួចថ្ងួចថាត្រក | ខូចខុសខាតខកដល់វស្សា |
ឆ្នាំវកថាចិត្តមិនជ្រះថ្លា | ឆ្នាំរកាថាបញ្ហាមិនរសាយ។ |
បែបហ្នឹងកុំបឿងបានឋានសួគ៌ | គាប់គួរដាក់ទុកញាតិអបាយ |
ហៃអស់ពួកយើងផងទាំងឡាយ | ខ្វល់ខ្វាយដូរម៉ូតម្ដងមើល៍!។ |
កំណាព្យនិពន្ធដោយៈ ធម្មាចារ្យ ឆឹង កាន
🔸Last Updated កំណែចុងក្រោយ on September 13, 2024
Facebook Comments