ភ្នំពេញ

វចនានុក្រម សម្តេច ជួន ណាត

ភ្នំពេញ

ឈ្មោះក្រុងជារាជធានីនៃកម្ពុជរដ្ឋ ស្ថិតនៅជាប់តពីត្រើយខាងឯលិចនៃទន្លេចតុម្មុខ; ហៅតាមឈ្មោះភ្នំដីមួយតូចដែលមាននៅជាគោលក្នុងនោះ ។ តាមព្រះរាជពង្សាវតារប្រទេសកម្ពុជាថា កាលគ.ស. ១៤៣៤ ព្រះបាទពញាយ៉ាត ទ្រង់ចេញចាកចោលព្រះរាជវាំងបាសាណនៅខេត្តស្រីសន្ធរ មកតាំងព្រះរាជវាំងនៅទិសអាគ្នេយ៍នៃ ភ្នំដូនពេញ នាត្រើយ ខាងលិចទន្លេច្រាបឈាម, កាលនោះទ្រង់បានសន្មតតាំង គោរមនាមព្រះនគរជាដំបូងថា ” ក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីសោធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមាមហានគរ ” ឯឈ្មោះទន្លេច្រាបឈាម ទ្រង់បានបញ្ញត្តឲ្យហៅថា ” ទន្លេចតុម្មុខ ” វិញ ។ លុះមកដល់ គ.ស. ១៤៣៧ នៅពេលដែលធ្វើពិធីសម្ពោធក្រុងនេះ ព្រមទាំងធ្វើព្រះរាជពិធីរាជាភិសេកថ្វាយព្រះនាមទ្រង់ជាថ្មីផងនោះ ព្រះអង្គក៏បានឲ្យសន្មតនាមក្រុងជាថ្មីម្ដងទៀតដោយថែមពាក្យ ” ភ្នំដូនពេញ ” មកទៀត តែឲ្យខ្លីជាងមុនថា ” ក្រុងចតុម្មុខមហានគរភ្នំដូនពេញ ” ដូច្នេះវិញ ដើម្បីកុំឲ្យបាត់ឈ្មោះនិងកេរ្ដិ៍ដំណែលរបស់ ដូនពេញ; តមក គេហៅកាត់ខ្លីត្រឹមតែ ” ភ្នំពេញ ” ដរាបមកដល់សព្វថ្ងៃ ( ម. ព. ចតុម្មុខ និង ដូនពេញ ផង ) ។

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).