វគ្គ៧

ឆ្នាំ ១៩២៧-២៨ លោកស្រី ឡុង ជាភរិយាលោកអ្នកឧកញ៉ាមហាមន្រ្តី ប៉ុក ឌុច បាននិមន្ត ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត និងព្រះតេជព្រះគុណព្រះញាណបវរវិជ្ជា ល្វី ឯម ឲ្យប្រែរៀបរៀងព្រះវិន័យ បាតិមោក្ខសំវរសីល និងខ័ន្ធកវិន័យ (សម្រាប់ភិក្ខុ) ហើយពឹងលោកអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យកម្ពុជា ឲ្យចាត់ការសុំអនុញ្ញាតព្រមទាំងបោះពុម្ព លោកស្រីនឹងជាវយកទៅផ្សាយជាធម្មទាន ដើម្បីជូនកុសលដល់សពលោកអ្នកឧកញ៉ាមហាមន្រ្តី ប៉ុក ឌុច ជាស្វាមី។ សៀវភៅនេះកើតឡើង ក៏មានសេចក្តីចម្រើនដូចគិហិបដិបត្តិដែរ ប៉ុន្តែនៅតែមានគេនាំអោយកើតការចម្រូងជម្រះពុំអស់នឹងនិយាយ។
គួរអោយអស់សំណើច វត្តខ្លះភិក្ខុសាមណេរចូលចិត្តរៀន លោកគ្រូចៅអធិការពុំព្រមឲ្យរៀន។ លោកគ្រូទាំងនោះអស់ផ្លូវនិយាយពីរឿងខុសត្រូវ ទៅជានិយាយបំភ័យសិស្សថា៖ អាចារ្យ ឯម និងសង្ឃសត្ថា ណាត ចេះបាលីណាស់ អាចសូត្របាលីធ្វើអោយមនុស្សឆ្កួតបាន (មេធ្មប់) មើលចុះសៀវភៅដែលអាចារ្យ ឯម និងសង្ឃសត្ថាណាត ធ្វើសុទ្ធតែមានបញ្ចុះយ័ន្ត(1) គាថាស្រេច។ វត្តខ្លះមិនត្រឹមហាមតែភិក្ខុសាមណេរទេ ទោះបីសិស្សចាស់ដែលសឹកទៅ មានកូនមានចៅហើយក៏លោកហៅមកប្រាប់មិនឲ្យកាន់សៀវភៅនេះដែរ ខ្លាចត្រូវមន្តវិជ្ជានាំអោយឆ្កួត តពូជ។
ឆ្នាំ ១៩៣០ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះ មុនីវង្ស ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត បានទទួលការតែងតាំងក្នុងមុខងារជាចាងហ្វាងរងនៃសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ជាមួយនឹងព្រះតេជព្រះគុណព្រះសិរីសម្មតិវង្ស ល្វី ឯម ដែលបានទទួលការតែងតាំងជាចាងហ្វាងធំ នៃសាលានេះ។
មិនតែប៉ុណ្ណោះ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ទទួលបានការតែងតាំងជាសមាជិកជំនួយ នៃក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញទៀត ជាអង្គការរដ្ឋមួយដ៏សំខាន់ ដែលលោកបានផ្តើមបង្កើតឡើងជាមួយសហការីឆ្នើមៗ របស់លោក។
ឆ្នាំ ១៩៣១ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត និង ព្រះតេជព្រះគុណព្រះគ្រូសង្ឃវិជ្ជា ហួត តាត រដ្ឋាភិបាលបានចាត់អោយឲ្យនិមន្តទៅកាន់ក្រុងវៀងចន្ទ និងក្រុងហ្លួងព្រះបាងនៃប្រទេសលាវ ជាតំណាងព្រះសង្ឃប្រទេសកម្ពុជា និងសាលាបាលីជាន់ខ្ពស់ ដើម្បីរួបរួមសម្ពោធពុទ្ធសាសនបណ្ឌិត្យប្រទេសលាវផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរង នៅប្រទេសលាវផង។
ក្នុងឆ្នាំ ១៩៣១ ដដែលនេះ ព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្តេចព្រះ មុនីវង្សទ្រង់ប្រោសព្រះរាជទាននូវសមណស័ក្តិ ចំពោះព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថាជាព្រះសាសនសោភ័ណ, និងចំពោះព្រះតេជព្រះគុណព្រះគ្រូសង្ឃវិជ្ជាជាព្រះវិសុទ្ធិវង្ស (ទីរាជាគណៈកិត្តិយស)។
ឆ្នាំ ១៩៣២ ព្រះតេជព្រះគុណព្រះសាសនសោភ័ណ ជួន ណាត បានទទួលឥស្សរិយយស មេដាយអស្សរឹទ្ធិ នៃប្រទេសកម្ពុជា និង មេដាយអស្សរឹទ្ធិដំរី ១លាន នៃប្រទេសលាវ, បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំខាងការស្រាល់ជ្រើសរើសយកពាក្យពេចន៍ក្នុងផ្ទៃកវីនិពន្ធខ្មែរបុរាណ មកពន្យល់ន័យរបស់ពាក្យនោះៗ ។
ឆ្នាំ ១៩៣៣ ព្រះតេជព្រះគុណព្រះសាសនសោភ័ណ ជួន ណាត បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំពិនិត្យសៀវភៅ ដែលក្រសួងសិក្សាធិការជាតិបោះពុម្ពផ្សាយ។
ក្នុងឆ្នាំដដែលនេះ រដ្ឋាភិបាលចាត់លោកឲ្យនិមន្តទៅធ្វើទស្សនាចរណ៍ ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន ប្រទេសយៀកណាមខាងត្បូង។ ក្នុងឆ្នាំនេះដែរ លោកបាននិពន្ធសៀវភៅមួយក្បាល ឲ្យឈ្មោះថា នាគោបមាទិកថា(2) ។
ឆ្នាំ ១៩៣៤ លោកបានកសាងសាលាបាលីរងមួយខ្នងប្រក់ក្បឿង គ្រឿងឈើខ្ពស់ពីដី ចែកជា ៣ថ្នាក់ ក្នុងវត្តពោធិព្រឹក្ស។ លោកបានជាវសៀវភៅកច្ចាយនូបត្ថម្ភកៈ របស់លោកច្រើនក្បាល អំពីព្រះរាជបណ្ណាល័យកម្ពុជា យកទៅចែកក្នុងពិធីសម្ពោធឆ្លងបើកសាលារៀននេះ ក្នុងចំណោមឥស្សរជនមន្រ្តីបារាំង-ខ្មែរ ជាច្រើនរូប។
ឆ្នាំ ១៩៣៤ ដដែលនេះ ព្រះតេជព្រះគុណព្រះសាសនសោភ័ណ ជួន ណាត បានទទួលការតែងតាំងជាសមាជិកនៃក្រុមជំនុំជ្រើសរើសពាក្យខ្មែរប្រៀបធៀបនឹងពាក្យបារាំង សម្រាប់ប្រើក្នុងកិច្ចការរាជការ។
ឆ្នាំ ១៩៣៥ ព្រះតេជព្រះគុណព្រះសាសនសោភ័ណ ជួន ណាត បានជាវព្រះពុទ្ធរូបថ្មកែវមួយព្រះអង្គពីប្រទេសភូមា ដើម្បីតម្កល់ទុកក្នុងព្រះវិហារបេតុងអារម៉េសុទ្ធ ក្នុងវត្តពោធិព្រឹក្ស ដែលលោកបានកសាងរួចស្រេចក្នុងឆ្នាំនោះ។ គ្រានោះលោកបាននិពន្ធសៀវភៅមួយ ឲ្យឈ្មោះថា មហាបុរិសលក្ខណៈ ជូនព្រះរាជបណ្ណាល័យកម្ពុជាចាត់ការបោះពុម្ព ហើយលោកជាវសៀវភៅរបស់លោកនោះ ទៅចែកក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូប ព្រមទាំងសម្ពោធឆ្លងព្រះវិហារនោះផង។
តាំងពីលោកបានជាវដីបញ្ចូលជាដីវត្តពោធិព្រឹក្ស ក៏បានចាក់ដីលុបថ្លុកជង្ហុករាបស្មើល្អហើយ លោកក៏បានសាងសេនាសនៈផ្សេងៗ និងបានយកពូជរុក្ខជាតិជាច្រើនដែលមានប្រយោជន៍ជាគ្រឿងទព្វសម្ភារៈក៏មាន ជាគ្រឿងលម្អសួនច្បារក៏មាន ជាម្លប់សំរាប់កំសាន្តក៏មាន យកមកដាំក្នុងទីវត្តដូចជាៈ យកពូជឬស្សីដើមធំៗ ពីខេត្តក្រចេះ, យកឬស្សីកែវពណ៌លឿងៗ ពីខេត្តកំពង់ចាម, យកឬស្សីពីងពង់ពីខេត្តកំពង់ឆ្នាំង មកដាំណែនណាន់តាន់តាប់តាមមាត់ស្ទឹង។ យកដើមស្រល់ពីភ្នំដងរែក, យកពូជដកខឹមដើមធំៗ ផ្កាចង្កោមពណ៌ក្រហមពីប្រទេសលាវ និងដើមឈើច្រើនមុខសម្រាប់សួនច្បារ ពីស្រុកផ្សេងៗ មកដាំតែងជាសួនច្បារខាងត្បូងព្រះវិហារ, យកពូជចាមរី ពូជជ្រៃក្រឹមពីរបែបផ្សេងពីគ្នា ដាំក្បែរសាលាបាលីរង និងសាលាក្មេងរៀន ដើម្បីបង្កើតជាម្លប់, យកពូជម៉ាក់ប្រាងពីខេត្តកំពត ពូជម៉ាក់ប្រេងពីខេត្តបាត់ដំបង-សៀមរាប មកដាំឆ្លាស់គ្នានឹងដើមខ្នុរអមសងខាងផ្លូវខាងក្រោយព្រះវិហារ កាត់ទៅខាងជើង ហើយខាងមុខព្រះវិហារក្បែរមាត់ស្រះ តាមផ្លូវកាត់ទៅខាងជើង លោកដាំដើមដូងជាជួរៗ ។
ក្នុងវ័យជាបច្ឆិម ព្រះមហាថេរអង្គនេះ រឹតតែជាប់ព្រះហ្ឫទ័យនឹងរុក្ខជាតិកាន់តែខ្លាំងឡើងៗ ដូចជាកាលនិវត្តពីប្រទេសភូមា យកពូជដើមចំប៉ីសមក, និវត្តពីឥណ្ឌា យកព្រីង និងសាលព្រឹក្សមក, និវត្តពីប្រទេសបារាំង យកពូជបុ័ង (Pin) មក…។ លោកដាំក្នុងវត្តឧណ្ណាលោមផង ក្នុងវត្តពោធិព្រឹក្សផង ហើយចែកអោយដាំពាសវត្តអារាមស្ទើរគ្រប់ស្រុក គ្រប់ខេត្តនៃប្រទេសខ្មែរផងទៀត…។
ខាងក្រោមនេះ ជាបច្ចុប្បន្នភាពនៃវត្តពោធិព្រឹក្ស ដែលខ្ញុំបានថតក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០១២ នេះ…












(នៅមានតទៅ…វគ្គ៨)


ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ

👇កំណត់សម្គាល់លេខយោងៈ
- លោកអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យ ចូលចិត្តឲ្យជាងសរសេរតួអក្សរផ្កាប់ផ្ងាប្រទាក់គ្នាធ្វើជាក្បាច់ ដើម្បីគ្លីស្សេបោះពុម្ពដាក់ក្នុងសៀវភៅទាំងនោះជាគ្រឿងលម្អ, ប៉ុន្តែការនោះឲ្យផលទៅជានាំមតិមហាជនឲ្យយតល់ថា ជាយ័ន្តគាថាទៅវិញ។ ↩︎
- សៀវភៅនេះតូចស្តើងទេ ប៉ុន្តែអាចបំបាត់ពាក្យចាក់ដោតដែលចោទថា “បំបួសនាគជាសត្វតិរិច្ឆាន” នោះបាន។ ផ្សំគ្នានឹងសៀវភៅ បព្វជ្ជាខន្ធកសង្ខេប របស់សម្តេច ល្វី ឯម ផងអាចបំបាត់បានរហូតដល់ពាក្យចាក់ដោតថា “ពុករលួយឫសគល់” និងពាក្យថា “លិង្គថេនកៈ” ផងទៀត។ ↩︎

🔸កំណែចុងក្រោយ Last Updated on August 10, 2024 by Johnny ចន្នី