វគ្គ៣
ឆ្នាំ ១៩១០ ភិក្ខុ ជួន ណាត កំពុងមានកិត្តិស័ព្ទ និងសេចក្តីរាប់អានពីសំណាក់ជនច្រើនគ្នា ក៏លោកគ្រូព្រះសក្យវង្ស នុត រាជាគណៈត្រី (ទី៣) សព្វព្រះទ័យចង់តម្កុំតម្កើងអោយសមនឹងកិត្តិស័ព្ទ ក៏ប្រាប់ថា ខ្ញុំករុណាសុំលោកជួយធ្វើការខ្ញុំ, ខ្ញុំសូមតាំងលោកជាបាឡាត់សាក្យបុត្តីយ៍ ។
ព្រះបាឡាត់ សាក្យបុត្តីយ៍ ជួន ណាត បានឡើងសមណសក្តិជាឋានានុក្រម ដែលជាកាំជណ្តើរទីមួយ អាចឡើងទៅជារាជាគណៈបាន។ ក្នុងពេលភា្លមៗនេះ ក៏ល្បីទូទ័រឡើងដល់អ្នកធម៌អ្នកអាថ៌ច្រើនគ្នា គេក៏ជួយអនុមោទនា។ សូម្បីព្រះសង្ឃសមាទានធុតង្គនៅក្នុងព្រៃ ក៏សព្វព្រះទ័យកាត់មករកជួបដែរ។ ព្រះបាឡាត់ សាក្យបុត្តីយ៍ ជួន ណាត សន្ទនាជាមួយនឹងលោកតាធុតង្គមួយព្រះអង្គត្រង់ធម៌សមាធិកម្មដ្ឋាន ក៏មានព្រះទ័យទន់ទៅរកការធុតង្គ ប្រុងប្រៀបព្រះអង្គជាស្រេចថា នឹងទៅគង់នៅក្នុងព្រៃភ្នំជាមួយនឹងលោកតាអង្គនេះ។
ប្រហែលគំនិតនេះ ប្រទាំងគ្នានឹងឧបនិស្ស័យដែលធ្លាប់សន្សំមកទេដឹង បានជាក្នុងបច្ឆិមយាមរាត្រីមួយ ព្រះបាឡាត់សាក្យបុត្តីយ៍ បានឃើញសុបិននិមិត្តថា៖ លោកបានឡើងលើភ្នំមួយខ្ពស់ ទៅដល់ជំនីរភ្នំដែលមានដើមឈើធំៗ ស្លឹកលាស់ត្រសាយត្រសុំ ម្លប់ត្រឈឹងត្រឈៃដីត្រជាក់ ក៏ស្ម័គ្រព្រះទ័យចង់គង់នៅក្នុងទីនោះ។ ស្រាប់តែមានគំនិតមួយទៀតថា ត្រូវឡើងអោយផុតកំពូលភ្នំនេះ។ លោកក៏ខំឡើងរហូតដល់ផុតកំពូលភ្នំ ក្រឡេកមើលទៅទិសជុំវិញទាំងអស់ ឃើញអ្វីៗ ឥតសល់ចន្លោះទេ(1) ។
ព្រឹកឡើង លោកតើនពីសឹង គង់លើសំណឹងរំពឹងសុបិនដែលបានឃើញនោះ យល់សេចក្តីថា “មិនគួរផ្អាកការសិក្សាព្រះត្រៃបិដកទេ, ឯគំនិតដែលគិតទៅធ្វើធុតង្គនោះ ជាការប្រពៃហើយ, ប៉ុន្តែបានត្រជាក់ស្រួលខ្លួនតែម្នាក់ឯង” ។
តមក ព្រះបាឡាត់ សាក្យបុត្តីយ៍ ជួន ណាត សង្វាតសំភីក្នុងការទតគម្ពីរសាស្រ្តាបាលី យល់សេចក្តីកាន់តែជ្រៅទៅជាលំដាប់ ដែលសន្មត់ថា ជាអ្នកប្រាជ្ញខាងបាលី និងព្រះពុទ្ធសាសនាបានពេញលក្ខណៈ។
ក្នុងឆ្នាំ ១៩១២ ព្រះបាឡាត់ សាក្យបុត្តីយ៍ ជួន ណាត បានឃើញសុបិននិមិត្តចម្លែកម្តងទៀតថា៖ លោកបានឡើងគាល់សម្តេចព្រះមហាសង្ឃរាជ ព្រះបរមនាម ទៀង ។ សម្តេចមានព្រះរាជឳង្ការថាៈ លោកបាឡាត់ ណាត ចេះអានបាលីត្រឹមត្រូវណាស់, ភាសាខ្មែរក៏ ណាត ចេះនិយាយច្បាស់, ទេសក៏ពិរោះ, តើអណ្តាតលោកយ៉ាងណា? ហាមាត់ឡើង សុំមើលអណ្តាតផង…។ លោកក៏ហាព្រះឳស្ឋឡើង។ សម្តេចព្រះមហាសង្ឃរាជ ទ្រង់ខាកស្តោះដាក់ព្រះឳស្ឋលោក។ លោកខំស្តោះចេញយ៉ាងណា ក៏កំហាកនោះពុំព្រមចេញសោះ ទាល់តែលេបចូលទៅក្នុងពោះបាត់វិញទៅ ដោយកិរិយាខ្ពើមឆ្អើមដ៏ក្រៃលែង(2) ។
បន្ទាប់ពីនោះមក ថ្ងៃទី ២២ ខែសីហា ឆ្នាំ១៩១២ សម្តេចព្រះមហាសង្ឃរាជ ទៀង មានព្រះរាជឳង្ការអោយនិមិន្តព្រះបាឡាត់សាក្យបុត្តីយ៍ឡើងគាល់។ លោកក៏ឡើងទៅក្រាបបង្គំគាល់សម្តេច ក្នុងចំណោមព្រះរាជាគណៈត្រៀបត្រា។ សម្តេចមានព្រះរាជឳង្ការសរសើរគុណសម្បត្តិរបស់ព្រះបាឡាត់សាក្យបុត្តីយ៍ ជាអនេកប្រការ ហើយទ្រង់ក៏តាំងជា ព្រះគ្រូសង្ឃសត្ថា (ឋានានុក្រមថ្នាក់ទី១ សម្រាប់សម្តេចព្រះមហាសង្ឃរាជ) ជាគូគ្នានឹងព្រះគ្រូ ហួត តាត ដែលកាលពី ១៥ថ្ងៃមុន ត្រូវបានសម្តេចព្រះមហាសង្ឃរាជ ទៀង តាំងជា ព្រះគ្រូសង្ឃវិជ្ជា រួចហើយ។
កិត្តិស័ព្ទនេះ ល្បីខ្ចខ្ចាយសាយភាយពេញទាំងវត្តឧណ្ណាលោម ព្រមទាំងគេហដ្ឋាននៃឧបាសក ឧបាសិកាជើងវត្ត។ ហេតុដូច្នេះ បានជាវេលាព្រឹកស្អែកឡើងនោះ មានទាយក ទាយិកាច្រើនគ្នា បានយកចង្ហាន់ទៅថ្វាយសម្តេចព្រះមហាសង្ឃរាជផង ប្រគេនលោកគ្រូព្រះគ្រូសង្ឃសត្ថាផង ដោយមានអំណរចំពោះការតែងតាំង និងការទទួលតំណែងថ្មីនេះ។ គ្រានោះ ពួកចិននៅផ្សារមាត់ទន្លេមកច្រើននាក់។ មានឧបាសិកាចិនម្នាក់ឈ្មោះចែ ណយ បានរ៉ាប់រងប៉ាក់ផ្លិតឌិនមួយ សម្រាប់ងារព្រះគ្រូសង្ឃសត្ថា ហើយបវារណាធ្វើចង្ហាន់ប្រគេនរាល់ព្រឹកតទៅ។ លោកឧកញ៉ាមន្រ្តីរាជឫទ្ធិ យក់ ដែលកន្លងមកបានជា ឧកញ៉ាជំនះសង្រ្គាម ចៅហ្វាយស្រុក ខេត្តក្រគរ ក៏អញ្ជើញមកថា៖ លោកណាឆាន់ចង្ហាន់ខ្ញុំ លោកនោះបានជាអ្នកប្រាជ្ញ…។ល។
(នៅមានតទៅ…វគ្គ៤)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
👇កំណត់សម្គាល់លេខយោងៈ
- គម្ពីរសារត្ថសង្គហបាលីមានចែងសេចក្តីថា ការយល់សប្តិកើតឡើងដោយហេតុបួនយ៉ាងគឺ៖ ១- ដោយការពុលអាហារ(មិនទៀងទេ), ២- ដោយការកម្រើកធាតុ គឺពុំស្រួលខ្លួន(មិនទៀងទេ), ៣- ដោយទេវតាពន្យល់ ចែកចេញជាពីរយ៉ាង គឺទៀង និងមិនទៀង។ បើទេវតាស្រឡាញ់ ហើយចង់អោយដឹងផលអនាគត ទើបពន្យល់អោយឃើញការទៀង, បើទេវតាខឹង ស្អប់, ទេវតាពន្យល់បង្វែងគំនិតអោយថ្លោះការ, ៤- ដោយបុព្វនិមិត្ត គឺផលបុណ្យដែលសាងពីអតីតបម្រុងអោយផលនោះ តែងយលសប្តិឃើញមុនជាការពិតប្រាកដណាស់ ដូចព្រះសិទ្ធត្ថជាម្ចាស់ ដែលឃើញបុព្វនិមិត្តមុនពេលបានត្រាស់ដូច្នោះ។ ឯសុបិន្តនិមិត្តរបស់ព្រះតេជព្រះគុណព្រះបាឡាត់សាក្យបុត្តីយ៍ ជួន ណាត នេះ ខ្ញុំយល់ថា ជាបុព្វនិមិត្តពិតប្រាកដ… (ឈឹម ស៊ុម) ។ ↩︎
- ព្រះថេរៈអង្គខ្លះ ដែលទើបបានឮសម្តេចព្រះសង្ឃរាជ ជួន ណាត មានព្រះបន្ទូលពីសុបិននេះ ក៏យល់ថា សម្តេចទើបនឹកឃើញ។ ប៉ុន្តែគ្រួសាររបស់ខ្ញុំ មានម្តាយក្មេកខ្ញុំជាដើមថា សុបិននេះសម្តេចបានឃើញក្នុងគ្រារៀបទទួលងារជាព្រះគ្រូសង្ឃសត្ថា ព្រោះកាលនោះ សម្តេចបានជម្រាបលោកតា ជួន មុនគេ ហើយលោកតា ជួន បានព្យាករណ៍សុបិននោះផង (ឈឹម ស៊ុម)។ ↩︎
🔸Last Updated កំណែចុងក្រោយ on August 10, 2024