ព្រះរាជជីវប្រវត្តិ របស់​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ​(វគ្គ១២)

​វគ្គ១២

តាំងពី​ព្រះអង្គបាន​ទទួល​ព្រះឋានៈជា​សម្តេច​ព្រះសង្ឃរាជមក ទ្រង់​មាន​ព្រះរាជ​ករណី​កិច្ច​កាន់​តែ​មមាញឹក​ឡើង គឺ​ព្រះអង្គ​ទ្រង់​ប្រឹង​ខាង​ការ​ស្ថាបនា​​សមិទ្ធិផល​ផ្សេងៗ ជា​ពិសេស​គឺ មហាស្រះ ជិត​មន្ទីរ​ពេទ្យ​ ក្នុង​សង្កាត់​រកាកោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

សម្តេច​ព្រះសង្ឃរាជ​ជា​អម្ចាស់ ទ្រង់​បាន​ជាវ​ដី​មួយ​មួយ​កន្លែង​ដើម្បី​ស្ថាបនា​មហាស្រះ​មួយ​​ដ៏ធំ មាន​បណ្តោយ​​ប្រវែង ៨០០ម ទទឹង ៥០០ម ។ ទ្រង់បាន​ផ្តើម​ជីក​មហា​ស្រះ​នេះ តាំង​ពី​ឆ្នាំ​១៩៦៧ ដោយ​ពឹង​ផ្អែក​លើ​សាលា​ខេត្ត​គំពង់​ស្ពឺ រហូត​មក​ដល់​ឆ្នាំ​១៩៦៩ នេះ ទើប​សម្តេច​ព្រះ​ប្រមុខ​រដ្ឋ ព្រះបាទ​នរោត្តម សីហនុ ទ្រង់​ត្រាស់​ព្រះរាជបញ្ជា​ទៅ​លោក​អនុរដ្ឋ​លេខា​ធិការ ប៉ាវ អ៊ិត អោយ​រក​គ្រឿង​ចក្រ​ មាន​ត្រាក់ទ័រ​ជា​ដើម បាន​ចំនួន​ច្រើន​គ្រឿង ទៅ​ជីក​បង្ហើយ​មហា​ស្រះ​នោះ។ មិន​តែ​ប៉ុណ្ណោះ ឯកឧត្តម រឿម សុផុន ក៏​បាន​ចាត់​លោក និន នេរ៉ុម ឲ្យ​ទៅ​ជួយ​ដែរ ទើប​មហា​ស្រះ​នោះ បាន​ការ​ល្មម​តម្កល់​ទឹក​ទុក​បាន​ខួប​ប្រាំង​ខួប​វស្សា។ ក្នុង​វស្សានរដូវ​ឆ្នាំ​១៩៦៩ កន្លែង​ដែល​ជ្រៅ​ជាង​គេ មានទឹក​ជម្រៅ ៤ម, ឯ​កន្លែង​ដែល​រាក់​ជាងគេ មាន​ទឹក​ជម្រៅពី ២ម-៣ម ។ លោក​ ប៉ាវ អ៊ិត បាន​ចាត់​អោយ​ចាក់​គ្រួស​ក្រហម​លើ​ខ្នង​ផ្លូវ​ព័ទ្ធ​ជុំវិញ​មហា​ស្រះ​នោះ ព្រម​ទាំង​នាំ​ពូជ​ឫស្សី​ដើម​ធំៗ ពី​ខេត្តកំពង់​ចាម មក​ដាំ​ជុំវិញ​មហាស្រះ​ផង, ប៉ុន្តែ​ឫស្សី​នេះ​ប្រហែល​មិន​រស់​ទេ ព្រោះ​ដី​ត្រង់​កន្លែង​នោះ សម្តេច​ធ្លាប់​យក​ពូជ​​ឫស្សី​ពីខេត្តក្រចេះ មក​ដាំ​ពុំ​រស់​ទៅ​ហើយ។

ក្នុង​គ្រា​សម្តេច​ទៅ​គង់​ទំនុក​បំរុង​បាយ​ទឹក ដល់ពួក​អ្នក​ជីក​មហាស្រះ​នោះ​អស់​រយៈ​ពេល​ ៧ខែ ទ្រង់​ចាត់​​ឲ្យ​ធ្វើ​អាគារ​មួយ​ខ្នងជូន​រាជការ ជាសាលា​សង្កាត់​រកាកោះ ហើយមួយ​ខ្នង​ទៀត​ជា​សាលាសម្នាក់ ជិតៗ​គ្នា​នឹង​សាលា​សម្នាក់មុនៗ…។

ឯសមិទ្ធិ​ផ្នែក​ខាង​ពុទ្ធសាសនា មិនត្រឹង​តែ​វត្តឧណ្ណាលោម​ទេ វត្តឯទៀតៗ ក៏សម្តេច​​ខំប្រឹង​កសាង​ដែរ ដូចជា៖

  • វិហារបេតុងអារម៉េមួយ ក្នុង​វត្ត​កន្សែងសម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
  • កសាង​បន្ថែម​នូវ​ទី​សេនាសនៈ ព្រមទាំង​តុប​តែង​លម្អ​វត្តជោតញ្ញាណ ក្រុងព្រះសីហនុ។
  • បាន​ឧបត្ថម្ភ​ក្នុង​ការ​កសាង​វត្តនារាយណ៍មួយ​ទាំងមូល នៅ​ជិត​ភ្នំនារាយណ៍ ព្រំប្រទល់​ខេត្តតាកែវ និងខេត្តកំពត។
  • កសាងវត្តមុនីរង្សី (ហៅវត្តឃ្លាំង) ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
  • កសាង​វត្តជោតញ្ញាណ ក្នុងខេត្តកោះកុង។
  • វិហារ​មួយខ្នង នៅ​ក្នុង​បរិវេណ​មន្ទីរ​ពេទ្យ​ព្រះសង្ឃ ដែល​មាន​គហបតី តាន់ ហុងអាន ជា​អ្នក​បរិច្ចាគ​ប្រាក់​កសាង។

ផ្នែកខាង​ធម្មវិន័យ ក៏សម្តេច​ខំ​ប្រឹង​ប្រែង​ណាស់គឺ៖

  • ​ទ្រង់​បាន​ដឹក​នាំ​អោយ​តាំងសាលាធម្មវិន័យ មាន​ថ្នាក់ត្រី ទោ ឯក ស្ទើរ​គ្រប់​វត្ត​ ក្នុង​ប្រទេស​កម្ពុជា។
  • ​សម្តេច​បាន​បង្កើត​ការអប់រំកុមារ សិស្ស​វត្តឧណ្ណាលោម ដោយ​ការ​ឲ្យ​ប្រជុំរាល់សប្តាហ៍ ក្នុង​ព្រះវិហារ​ថ្នាក់​ក្រោម​បំផុត។
  • អនុសំវច្ឆរមហាសន្និបាត (ការប្រជុំ​មន្រ្តី​សង្ឃ​នៅ​រាជធានី និង​ខេត្តក្រៅ​មួយ​ឆ្នាំម្តង) ក្នុង​វត្តឧណ្ណាលោម ដែល​ពី​ដើម​ធ្លាប់​ប្រជុំ ៣ថ្ងៃ ឡើងមក ៥ថ្ងៃ រួច​ឡើង​រហូត​ដល់​ ៧យប់ ៧ថ្ងៃ ដើម្បី​ទ្រង់​បាន​ឳកាស​ពន្យល់​ធម៌វិន័យ ព្រះរាជដំបូន្មាន ព្រមទាំង​ពន្យល់​របៀប​ធ្វើការ​មាន​របៀប​ដូចៗ​គ្នា។ ទាំងថ្ងៃ​ទាំងយប់​នៃ​អនុសំវច្ឆរ​មហាសន្និបាត​ម្តងៗ ឮតែ​ព្រះ​សូរ​សៀង​​កកោក​​តាម​​ឧឃោ​សនស័ព្ទ ដែល​មាន​ព្រះសង្ឃ​ទាំង​ពាន់ៗ ចាំ​ស្តាប់​មិន​ចេះ​ឆ្អែត​ឆ្អន់។ ព្រះអង្គ​ឥត​ធុញ​ទ្រាន់​ក្នុង​ការ​នេះ​សោះ ព្រមទាំង​ឥត​ត្អូញ​ថា អស់​ព្រះកាយ​ពល​ឡើយ។ ព្រះជន្ម ៨៦ឆ្នាំ​ហើយ ប៉ុន្តែ​ព្រះ​សូរ​សៀង​​នៅ​ក្អេង ច្បាស់ទែង​ដូច​ជា​ស្ថិត​ក្នុង​មជ្ឈិមវ័យ។
  • ការនិពន្ធ​សៀវភៅធម៌វិន័យ សុទ្ធតែ​ទ្រង់​សរសេរ​ផ្ទាល់ព្រះហស្ថ​របស់​ព្រះ​អង្គ បាន​សៀវភៅ​ច្រើន​ក្បាល​ជាង​កាល​ទ្រង់​ឋិត​នៅ​ក្នុង​មជ្ឈិមវ័យ​ទៅ​ទៀត។
  • ការពន្យល់​អក្សរសាស្រ្ត ក៏ទ្រង់​ខំប្រឹង​ណាស់ ស្តេច​ទ្រង់​និមន្ត​ទៅ​កាន់​វិទ្យុ​ជាតិ​រាល់​ថ្ងៃ​ពុធ ដើម្បី​ដោះ​ស្រាយ​អក្សរ​សាស្រ្ត តាម​សំណួរ​ដែល​គេ​សួរ​ដោយ​ផ្ទាល់​ក៏​មាន គេ​ផ្ញើ​សំណួរ​មក​សមាគម​អ្នកនិពន្ធ​ខ្មែរ​ក៏មាន ទ្រង់​អាច​ដោះស្រាយ​​ផ្សាយ​តាម​វិទ្យុ​ជាតិ បំភ្លឺ​សាធារណជន​ទួទៅ​បាន​ភ្លាមៗ ។
  • ជា​ពិសេស សម្តេចព្រះសង្ឃ​រាជ​ជា​អម្ចាស់ ទ្រង់​យក​ព្រះរាជហឫទ័យ​ទុក​ដាក់​ណាស់​ចំពោះ វចនានុក្រមខ្មែរ ដែល​ជា​ស្នា​ព្រះហស្ថ​ពី​ដើម​របស់​ព្រះអង្គ  គឺ​ទ្រង់​ខំ​រក​ពាក្យ​បំពេញ​បន្ថែម​ទៀត ទ្រង់​ឆ្លៀត​ខំ​ធ្វើ​ការ​នេះ​ទាំងយប់​ទាំង​ថ្ងៃ ពុំ​សូវ​មាន​ពេល​ផ្ទំ​សោះ ព្រះហស្ថ​មាន​ដង​ប៉ាកា​ជាប់​ជានិច្ចលើក​លែង​តែ​ពេល​ផ្ទំ​ស្កល់ និង​ពេល​សោយ​ព្រះស្ងោយ​ចេញ, ក្រៅពីនេះ ទ្រង់​គង់​សរសេរ​លើ​ក្រឡា​ព្រះបន្ទំ​ទើសៗភ្លឺ ទើ​បី​មាន​ព្រះរាជ​ដំណើរ​ទៅ​តាម​រថ​យន្ត​ក្តី លើ​អាកាស​យាន​ក្តី ក៏​ទ្រង់​សរសេរ​ដែរ គឺ​ថា​ នឹក​ឃើញ​ត្រង់​ណា សរសេរ​ត្រង់​នោះ មិន​បាច់​មាន​តុ​កៅអីទេ ទល់​គ្នា​នឹង​ថ្ងៃ​ចាប់​អាពាធ​ក្នុង​ទី​បំផុត​ ក៏​ទ្រង់​អាពាធ​ដោយ​មាន​ដង​ប៉ាកកា​ជាប់​នឹង​ព្រះហស្ថ​ដែរ។

(នៅមានតទៅ…វគ្គអវសានកថា)

មហាស្រះ​សម្តេចសង្ឃ នាពេលបច្ចុប្បន្
មហាស្រះ​សម្តេចសង្ឃ នាពេលបច្ចុប្បន្ន នៅស្រែបន្ទាយ ឃុំរកាកោះ ដែលមានបណ្តោយ ៨០០ម ទទឹង ៥០០ម បានកសាងចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩…

មហាស្រះ​សម្តេចសង្ឃ នាពេលបច្ចុប្បន្ន នៅស្រែបន្ទាយ ឃុំរកាកោះ ដែលមានបណ្តោយ ៨០០ម ទទឹង ៥០០ម បានកសាងចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩…

ប្រភពអត្ថបទៈ ខេមរៈវប្បធម៌

ព្រលឹងជាតិរស់ ប្រជារីករាយ

🔸Last Updated កំណែចុងក្រោយ on August 10, 2024