វគ្គ១១
ឆ្នាំ ១៩៦១-៦២ សម្តេចបានស្ថាបនាស្ពានបេតុងអារម៉េពីរអន្លើរ ត្រង់ព្រំវត្តពោធិព្រឹក្ស ហើយបានស្ថាបនាមន្ទីរពេទ្យមួយខ្នង ដោយបេតុងអារម៉េប្រក់ក្បឿង ឲ្យឈ្មោះថា គិលានដ្ឋាន ចម្រើនសុខភាព ត្រង់ភូមិស្រែបន្ទាយ សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានឈ្មោះ យ៉ា ប្រពន្ធឈ្មោះ ប៊ូ បានថ្វាយដី។ អាគារនេះស្តុកស្តម្ភ ប្រកបដោយសម្ភារៈគ្រប់យ៉ាងឥតខ្វះ និងមានកំពែងឥដ្ឋព័ទ្ធជុំវិញ ទទឹង ៥២ម បណ្តោយ ១០០ម ។ កំពែងឥដ្ឋនោះ មានសួនច្បារជាគ្រឿងលម្អនៅខាងមុខ, មានដំណាំគ្រឿងគ្រៅតាំងពីស្លឹកគ្រៃ ជី ម្ទេសជាដើម ដែលដាំជាសង្កាត់ដូចសួនច្បារដែរ នៅខាងក្រោយ, មានរោងដាក់ជីសម្រាប់ដំណាំផ្សេងៗ, មានអណ្តូងទឹក ព្រមទាំងស្នប់បូមគ្រប់គ្រាន់។ ក្នុងអាគារធំខ័ណ្ឌជាកន្លែងសម្រាប់គ្រូពេទ្យ ព្រមទាំងគ្រួសារស្នាក់នៅ មានគ្រែ មានពូក មានតុកៅអី និងទូដាក់ឥវ៉ាន់សម្រាប់ក្រូពេទ្យប្រើប្រាស់។ ខណ្ឌមួយសង្កាត់ទៀត សម្រាប់គ្រូពេទ្យព្យាបាលជម្ងឺ និងមួយសង្កាត់ទៀត សម្រាប់គ្រូពេទ្យពិនិត្យរោគ។ បន្ទប់ទាំងពីរនេះ មានសម្ភារៈសម្រាប់ពេទ្យ សម្រាប់អ្នកជម្ងឺគ្រប់គ្រាន់។ ផ្ទះបាយ មានបាស្សាំងតម្កល់ទឹកភ្លៀងពេលលើដំបូល។ ក្នុងបន្ទប់ចង្ក្រាន មានចង្ក្រានចានឆ្នាំង រហូតដល់កន្ត្រងប្រហុក។
កាលគិលានដ្ឋានចម្រើនសុខភាព នេះហើយស្រេច សម្តេចបានគ្រួសកិនផ្លូវលំចម្ងាយ ៣គ.ម ទល់នឹងស្ពានបេតុងអារម៉េព្រំវត្តពោធិព្រឹក្ស ទ្រង់បានអោយជីកអណ្តូងមានប្រដាប់យោងទឹក ១៦កន្លែង និងអណ្តូងប្រើស្នប់បូមទឹក ៣កន្លែង រាប់តាំងពីក្នុងមន្ទីរពេទ្យតាមផ្លូវគ្រួសក្រហម រហូតដល់វត្តពោធិព្រឹក្ស ហើយទ្រង់ធ្វើបុណ្យសម្ពោធឆ្លង ១យប់ ១ថ្ងៃ គឺចូលបុណ្យនៅថ្ងៃ ១០កើត ខែមេឃ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥០៤ គ.ស ១៩៦៣ ។
តមកសម្តេចបានស្ថាបនាមន្ទីរពេទ្យឆ្មបមួយខ្នងទៀត ទន្ទឹមគ្នានឹងអាគារមុន ហើយបានស្ថាបនាអាគារមួយខ្នងទៀតដោយបេតុងអាម៉េដែរ សម្រាប់ស្រ្តីមានគក៌សម្នាក់។ បានស្ថាបនាអាគារមួយខ្នងទៀត ខាងជើងស្រះទល់មុខនឹងមន្ទីរពេទ្យនេះ ឲ្យឈ្មោះថា អាស្រមមនោរម្យ សម្រាប់បព្វជិតសម្នាក់, បានដាំផលព្រឹក្ស ដែលបានពូជពីស្រុកផ្សេងៗចំនួនច្រើនមុខ ជាប្រយោជន៍ដល់មន្ទីរពេទ្យនេះ។
ក្នុងគ្រាជាមួយគ្នានេះ សម្តេចបានឧបត្ថម្ភលើកផ្លូវលំមួយទៀត តអំពីផ្លូវមុន បែកគ្នាពីត្រឹមព្រំខាងត្បូងនៃវត្តពោធិព្រឹក្ស បត់កាត់មុខវត្តទៅជើង ចម្ងាយ ៣គ.ម ទៀតដល់ស្ទឹងធំ។ ផ្លូវនេះក៏បានចាក់គ្រួសក្រមដោយអន្លើដែរ។
ឆ្នាំ ១៩៦២ ដដែល សម្តេចបានទទួល មេដាយមហាសិរីវឌ្ឍន៍ នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំ ១៩៦៣ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រគេនព្រះឋានៈសម្តេចជា សម្តេចព្រះសង្ឃរាជថ្នាក់ទី១ ។ នៅក្នុងឆ្នាំនោះ សម្តេចទ្រង់និពន្ធប្រវត្តិនៃវត្តឧណ្ណាលោម។
ឆ្នាំ ១៩៦៣ ដដែល សមាគមអ្នកនិពន្ធខ្មែរមានលោក ហ៊ែល ស៊ុំផា ជាប្រធាន និងក្រសួងឃោសនាការជាតិ បាននិមន្តសម្តេចព្រះសង្ឃរាជជាអម្ចាស់ ទៅធ្វើការសម្ភាសន៍អក្សរសាស្រ្តរាល់ថ្ងៃពុធ នៅបន្ទប់វិទ្យុជាតិ ក្រុងភ្នំពេញ ចាប់តាំងពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១៩៦៣ ជាប់រហូតមកដល់ឆ្នាំ១៩៦៩ ជាទីបំផុត ដែលមានអ្នកស្នេហាអក្សរសាស្រ្តជាតិចូលស្តាប់ ចូលក្រាបបង្គំទូលសួរកកកុញជានិច្ច។ ជាពិសេស មានសហជីវិន គុយ ឡូត ជាអ្នកបំរើខ្ជាប់ក្នុងមុខការនេះ រហូតដល់អវសានកាល។
ឆ្នាំ ១៩៦៤ សមាគមអ្នកនិពន្ធខ្មែរបានថ្វាយព្រះឋានៈ ចំពោះសម្តេចព្រះសង្ឃរាជជាព្រះអគ្គនិពន្ធអក្សរសាស្រ្តខ្មែរ ។ ក្នុងឆ្នាំដដែលនេះ សម្តេចបានប្រែរៀបរៀងសៀវភៅ ប្រជុំធម៌កិច្ចវត្តព្រឹកល្ងាច ហើយទ្រង់តែងសៀវភៅ វរប្បសិទ្ធិគាថា មួយទៀត ជាគាថាប្រសិទ្ធិពរសម្រាប់សូត្រក្នុងវត្តជោតញ្ញាណ ក្រុងព្រះសីហនុ មានសេចក្តីប្រែជាសម្រាយផង។
ឆ្នាំ ១៩៦៥ សម្តេចបាននិពន្ធសៀវភៅ មានកថា សៀវភៅ អនុស្សរណធម៌ និងសៀវភៅ ឧបស្សយានិសង្ស, បានឧបត្ថម្ភសាលាសម្នាក់មួយ ដោយបេតុងអារម៉េសុទ្ធ នៅត្រង់ជិតស្ទឹងធំ ចុងផ្លូវលំដែលបែកចូលទៅវត្តពោធិព្រឹក្ស។ សាលានេះ ឯកឧត្តមស៊ុម ហៀង ចំណាយប្រាក់កសាង ព្រមទាំងបានជាវសៀវភៅឧបស្សយានិសង្ស ដើម្បីចែកជាធម្មទានក្នុងពិធីបុណ្យឆ្លងសាលានេះ។
ឆ្នាំ ១៩៦៦ សម្តេចបាននិពន្ធសៀវភៅ កម្មជារបស់ខ្លួនរាល់ប្រាណ និងសៀវភៅពិធីច្រូចទឹក ។
ឆ្នាំ ១៩៦៧ សម្តេចបាននិពន្ធសៀវភៅ បឋមកឋិនសិក្ខាបទ ជាវិន័យប្បញ្ញតិ្តខាងការប្រើប្រាស់ស្បង់ចីពរសម្រាប់ពួកភិក្ខុ។
នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ១៩៦៧ ដដែល ទ្រង់បានទទួលសញ្ញាប័ត្រ បណ្ឌិតអក្សសាស្រ្ត ពេញលក្ខណៈអំពីសម្តេចព្រះប្រមុខរដ្ឋ ក្នុងនាមមហាវិទ្យាល័យអក្សរសាស្រ្ត និងមនុស្សសាស្រ្ត នៃសកលវិទ្យាល័យភូមិន្ទ ក្រុងភ្នំពេញ។
ក្នុងឆ្នាំដដែលនេះ សម្តេចបានផ្តើមកសាងឧបដ្ឋានសាលាក្នុងវត្តឧណ្ណាលោម សំរាប់ប្រើក្នុងពេលប្រជុំ, ប្រគេនភត្តាហារនាឳកាសបុណ្យទានធំៗ និងភ្ជុំបិណ្ឌ។ ឧបដ្ឋានសាលានេះ គហបតី លី ស៊ុនងន, មហាឧបាសិកា តាន់ ស៊ីប៊ី, ប្រធានគណៈកម្មការវត្តនេះចេញប្រាក់ ព្រមទាំងចាត់ការសាងដោយខ្លួនឯង។
ឆ្នាំ ១៩៦៨ សម្តេចបាននិពន្វសៀវភៅវិន័យមួយឈ្មោះថា ចីវក្ខន្ធកៈពិស្តារ ជាវិន័យចែងយ៉ាងច្បាស់អំពីការកាត់ដេរស្បង់ចីពរ ។
ឆ្នាំ ១៩៦៩ សម្តេចបាននិពន្ធសៀវភៅ វឌ្ឍកីសូករជាតក ជាជាតកមួយ ទាក់ទងនឹងព្រះរាជប្បវេណី ពិធីធ្វើរាជាភិសេក ក្នុងព្រះបរមរាជវាំង។ សៀវភៅនេះ ជាស្នាព្រះហស្ថយ៉ាងឯក ដែលទ្រង់ប្រែពីបាលី ព្រាងសេចក្តីពីខ្មែរ ដោយព្រះលាយលក្ខណ៍អក្សរផ្ទាល់ព្រះហស្ថជាតួអក្សរច្រៀង ពេញតួទាំងអស់ ល្អគួរអោយសរសើរ ឥតមានជួសចម្លងជាពីរច្បាប់ទេ។
ក្នុងឆ្នាំនេះ ទ្រង់ចាត់អោយរុះកំពែងចាស់នៃវត្តឧណ្ណាលោម ដើម្បីធ្វើជាថ្មីឡើងវិញ រចនាដោយកង់ធម្មចក្រ និងក្លោងទ្វារគ្រប់ច្រកទាំងអស់ រចនាដោយក្បាច់អង្គរ…។
ស្ពានបេតុងអារម៉េ ឆ្លងពីភូមិរកាកោះ ទៅវត្តពោធិព្រឹក្ស ដែលបានសម្ពោធអោយប្រើប្រាស់នៅ ព.ស ២៥០៤ គ.ស ១៩៦២
ផ្លូវលំប្រវែង ៣គ.ម ចូលពីភូមិកំរៀង ទៅវត្តពោធិព្រឹក្ស ដែលបានកសាងក្នុង ព.ស ២៥០៤ គ.ស ១៩៦២ ដែរ
សាលាសំណាក់របស់សម្តេចសង្ឃ ដែលជួយឧបត្ថម្ភដោយឯកឧត្តម ស៊ុម ហៀង កសាងឡើងក្នុង ព.ស ២៥០៧ គ.ស ១៩៦៥
(នៅមានតទៅ…១២)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
🔸Last Updated កំណែចុងក្រោយ on August 10, 2024