វគ្គ១

លោកយាយ យក់ ក្រោយរៀបអាពាហ៍ពិពាហ៍ហើយ៥ឆ្នាំ ក្នុងថ្ងៃពេញបូណ៌មី នៃខែជេស្ឋ ឆ្នាំវក ឆស័ក ព.ស ២៤២៦ គ.ស ១៨៨៣ ក្នុងវេលាបច្ឆិមយាមរាត្រី អរុណរង្សីក្រហមព្រឿងនាទិសបូព៌ បានឃើញសុបិននិមិត្តថា៖ ខ្លួនគាត់កំពុងបែរមុខទៅទិសខាងកើត សម្លឹងមើលពន្លឺអរុណ ស្រាប់តែឃើញមនុស្សស្លៀកពាក់សម្នាក់ ហាក់ដូចជាចេញពីព្រះអាទិត្យ មកស្ថិតនៅចំពោះមុខគាត់ យកចិញ្ចៀនមួយវង់ មកបញ្ច្រកម្រាមដៃគាត់។ ឯចិញ្ចៀននោះប្លែកត្រកាលណាស់ មានត្បូងមួយគ្រាប់ធំភ្លឺជាងគេនៅចំកណ្តាល ហើយខ្ពស់ជាងត្បូងឡោមព័ទ្ធជុំវិញដែលមានពន្លឺដែរ សុទ្ធតែ ពណ៌លឿងទាំងអស់(1)។
ព្រឹកឡើងលោកយាយ យក់ បានជំរាបលោកតា ជួន តាមដំណើរសុបិនដែលបានឃើញ។ លោកតា ជួន កាត់សុបិនថា យើងប្រហែលជាបានកូនប្រុស មានអាយុវែង។ ពេលនោះ គេសម្គាល់ថាមានទារកចាប់ផ្ទៃ ព្រោះគេចំណាំតាមទំលាប់ចាស់ៗ ដែលធ្លាប់មានផ្ទៃពោះ។ តមក លោកយាយ យក់ ចង់ពិសារតែផ្លែម្នាស់ទុំ ។
ចំណេរកាលមកជាង ៩ខែ ទារកក្នុងផ្ទៃលោកយាយ យក់ បានប្រសូត្រមក ក្នុងថ្ងៃអង្គារ៍ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស ២៤២៦ ត្រូវនឹងខែមីនា គ.ស ១៨៨៣ មានលក្ខណៈពេញលេញជាមនុស្សប្រុស បិតាបានអោយឈ្មោះ ណាត ។
តមកដល់ឆ្នាំកុរ នព្វស័ក ព.ស ២៤២៩ ត្រូវនឹង គ.ស ១៨៨៦ លោកតា ជួន លោកយាយ យក់ ប្រសូត្របានកូនប្រុសម្នាក់ទៀត អោយឈ្មោះ នុត ។
ក្នុងគ្រានោះ ស្រុកខ្មែរកើតកលិយុក គឺចម្បាំងបារាំង-ខ្មែរ មិនទាន់ស្ងប់នៅឡើយ។ ហេតុដូច្នេះ អ្នកគង្វាលគោដែលលោកតា ជួន បានជួលមកអោយឃ្វាលគោហ្វូង ខ្លះត្រូវកងទ័ពកេណ្ឌទៅច្បាំង ខ្លះរផាត់រទាំងទៅតាមអំពើចិត្ត ឥតនរណាឃ្វាលគោ ក៍កុមារទាំងពីរនាក់ ម្នាក់មានអាយុ ៨ឆ្នាំ ម្នាក់មានអាយុ ៤ឆ្នាំ នាំគ្នាដេញគោហ្វូងទៅឃ្វាលនៅក្បែរវត្តសុរភី ។ លោកគ្រូចៅអធិការវត្តនេះ ព្រះនាម ស្វាយ ចេះក្បួនខ្នាតច្រើន មានចំណេះវិជ្ជាច្រើន បានឃើញកុមារទាំងពីរនាក់ ក៍តែងគន់មើលរាល់ៗ ថ្ងៃ ដោយក្តីសង្ស័យពុំប្រាកដជាកូននរណា ដែលមានអាកប្បកិរិយាប្លែកពីក្មេងឯទៀតគឺ ពេលខ្លះបោចវល្លិវេញខ្សែ, ពេលខ្លះបេះស្លឹកសង្កែវេចនឹងក្រមា, ពេលខ្លះដើរដកប្រស់ស្វា, ពេលខ្លះបេះស្លឹកថ្នឹង, លោកចង់ដឹង ក៍ទៅឈរសម្លឹងកុមារទាំងពីរកំពុងងូតទឹក ទើបសួរអ្នកជិតខាងថា ក្មេងពីរនាក់នេះ កូនអ្នក ជួន ឬ? ឈ្មោះ សម បានពិតទូលលោកគ្រូថា កូនលោកបង ជួន ។ មួយថ្ងៃក្រោយមក លោកគ្រូ ស្វាយ និមន្តទៅផ្ទះលោកតា ជួន ឯភូមិកម្រៀង។ លោកសំណេះសំណាលពីនេះពីនោះ ហើយថា កូនអ្នក ជួន អាបងនោះ ជាមនុស្សប្លែកពីគេណាស់ កូននេះប្រែឈាមមួយថ្ងៃ បីដង បុរាណហៅថា “ឈាមក្ងោក” កម្រមានណាស់មនុស្សដូច្នេះ។ ប៉ុន្តែយើងជាតិជារាស្រ្ត និយាយតាមក្បួនអោយអស់សេចក្តីពុំបានទេ។

កន្លងមួយឆ្នាំ ពីនោះមក លោកតា ជួន អោយលោកយាយ យក់ រៀបចង្ហាន់ពីរផ្នែក រែកទៅវត្តពោល្យំ (អានថាៈ ពោ-ល-យំ) បច្ចុប្បន្ន គឺវត្តពោធិព្រឹក្ស ដើម្បីនាំកូនទាំងពីរ អោយនៅរៀនឯវត្តនោះ ក្នុងសំណាក់លោកគ្រូពីរព្រះអង្គ ដោយពុំទាន់កំណត់ថា កូនណាអោយនៅនឹងលោកគ្រូណាទេ។ លុះរែកចង្ហាន់នាំកូនទាំងពីរទៅដល់វត្ត បានចូលទៅកុដិលោកគ្រូសូត្រ ខឹម មុន ព្រោះលោកគ្រូជាញាតិ សូមអោយលោករើសយកកូនទាំងពីរណាមួយទុកបង្រៀនចុះ។
លោកគ្រូសូត្រ ខឹម
រូពភាព
លោកគ្រូសូត្រ ខឹម ថា រាល់តែគ្រាដែលគេយកកូនមកអោយអាត្មាបង្រៀន អាត្មាតែងយល់សប្តិឃើញមុន, ប៉ុន្តែច្រើនតែយល់សប្តិឃើញបានចាន បានចប បានពូថៅ, ឯល្ងាចមិញនេះ អាត្មាយល់សប្តិឃើញថា បានកែវមួយដុំធំធ្ងន់ភ្លឺចិញ្ចាចល្អណាស់ មានផ្កាចម្ប៉ាមួយនៅក្នុងនោះផង, បើតាមសុបិននេះ អាត្មាទទួលយកអា នុត ចុះ ព្រោះវាមានសាច់សល្អ ដូចកែវដែលអាត្មាយល់សប្តិឃើញពីល្ងាច។

ឯអា ណាត បងឯងយកទៅផ្ញើនឹងលោកគ្រូ ម៉ម ចុះព្រោះជិតភ្លឺនេះ អាត្មាយល់សប្តិឃើញមួយផ្នែកទៀតថា៖ លោកគ្រូ ម៉មដុតភ្លើងជាភ្នក់ៗ ជុំវិញរបងវត្ត ឆេះឡើងភ្លឺទ្រលោម ហើយដុត ១ភ្នក់ទៀតនៅចំកណ្តាលវត្ត ឆេះឡើងភ្លឺទល់អាកាស ជះពន្លឺភ្លឺជាងភ្នក់ភ្លើងជុំវិញរបងវត្តដែលឆេះស្រាប់(2)។
លោកគ្រូសូត្រ ម៉ម
រូបភាព
លោកតា ជួន បានផ្ទុកផ្តាក់កុមារ នុត អោយនៅនឹងលោកគ្រូសូត្រ ខឹម ហើយនាំកុមារ ណាតអោយទៅនៅសិក្សាក្នុងសំណាក់លោកគ្រូសូត្រ ម៉ម ក្នុងវត្តជាមួយគ្នា និងក្នុងថ្ងៃជាមួយគ្នាទៀត។
កុមារទាំងពីរខំប្រឹងរៀនប្រណាំងគ្នា អស់វេលា ៤ឆ្នាំ មានចំណេះផ្សេងពីគ្នាខ្លះ គឺកុមារណាត ចេះធម៌អាថ៌ ចេះទេសមហាជាតក ដោយសារលោកគ្រូសូត្រ ម៉ំម ជាគ្រូដើម ជាអ្នកល្បីល្បាញខាងទេសមហាជាតក មានសិស្សពីខេត្តផ្សេងៗ កាត់មកហាត់ទេសមហាជាតកជាប្រក្រតី ព្រោះលោកគ្រូសូត្រនេះ ជាសិស្សចម្បងរបស់លោកវិសេសដួង ។ ពេលលោកគ្រួសូត្រ ម៉ម និមន្តទៅទេសក្នុងទីណាៗ តែងយកកុមារ ណាតជាប់ទៅជាមួយផង។ ជួនកាល លោកទេសដល់កណ្ឌចូឡពន មហាពន កុមារបាព៌ ដល់ពេលលោកគ្រូឆាន់, លោកគ្រូក៍អោយកុមារ ណាត ទេសជួសលោកក៍មាន។
ឯកុមារ នុត ចេះសរសេរអក្សរល្អដូចគ្នា ប៉ុន្តែផ្សេងគ្នាត្រង់មិនចេះទេស ចេះតែលេខខ្មែរ លេខចិន ពូកែជាង…។
រូបភាពទាក់ទងនិងអត្ថបទនេះ





(នៅមានតទៅ…វគ្គ២)


ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ

👇កំណត់សម្គាល់លេខយោងៈ
- សុបិននិមិត្តនេះ ចាស់ៗ ដែលដឹង ធ្លាប់បាននិយាយពាសស្រុក ពាសខែត្រ រហូតមកដល់សព្វថ្ងៃ។ ប៉ុន្តែប្លែកគ្នាខ្លះ ត្រង់អ្នកខ្លះនិយាយថា “បានចិញ្ចៀនដប់ ពាក់គ្រប់ម្រាមទាំងដប់” នេះជាពាក្យក្លាយទេ។ ↩︎
- សុបិន្តនេះ ចាស់ៗ ច្រើនគ្នាបានដឹង ហើយនិយាយតៗ គ្នាមកដល់ពេលនេះ។ អ្នកខ្លះមកនិយាយប្រាប់ខ្ញុំទៀត អ្នកខ្លះសរសេរមកអោយខ្ញុំផង ដូចលោកម៉ិច ប៊ុន តំណាងរាស្រ្តក្នុងរដ្ឋសភាជាដើមថា ដឹងពីព្រះសព ខឹម ។ ↩︎

🔸កំណែចុងក្រោយ Last Updated on August 10, 2024 by Johnny ចន្នី