(ឧទ្ទិសកថា)
ខ្ញុំធ្លាប់បានរកមើលក្នុងគេហទំព័រនានា ជាខេមរភាសាញឹកញាប់ណាស់ អំពីព្រះរាជជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ។ សូម្បីតែនៅក្នុងភូមិវើតប្រេសនេះ ក៏មានញាតិមិត្តយើងខ្លះ បានចុះផ្សាយជាបន្តបន្ទាប់អំពីព្រះរាជជីវប្រវត្តិរបស់ព្រះអង្គ ហូរហែមកហើយដែរ។ តែខ្ញុំអានមើលទៅ គឺមិនសូវពិស្តារដូចសៀវភៅមួយក្បាលដែលបានបោះពុម្ពក្នុង ព.ស ២៥១៣ ត្រូវនឹង គ.ស ១៩៧០ មានចំណងជើងថា៖ ព្រះរាជប្រវត្តិពិស្តារ និង កាព្យលោកធម៌ របស់សម្តេចព្រះសង្ឃរាជ (ជ.ណ ជោតញ្ញាណោ) និពន្ធដោយលោកសាស្រ្តាចារ្យ ឈឹម ស៊ុម ដែលត្រូវជាកូនប្រសារអ្នកឧកញ៉ាសោភ័ណមន្រ្តី ជួន នុត (ប្អូនប្រុសតែមួយគត់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត) ។
លោកសាស្រ្តាចារ្យ ឈឹម ស៊ុម ដែលត្រូវជាក្មួយប្រសាររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បាននិពន្ធ និងបោះពុម្ពផ្សាយសៀវភៅនេះឡើង ដើម្បីចែកជូនជាធម្មទាន ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៃសម្តេចព្រះសង្ឃរាជ ជួន ណាត ជាអម្ចាស់ ដែលនៅក្នុងអារម្ភកថា និងឧទ្ទិសកថា ដាក់កាលបរិច្ឆេទ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ១៩៦៩ ហើយសៀវភៅនេះបានសរសេរចប់នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ១៩៧០ គឺមុនពីរខែ នៃការធ្វើរដ្ឋប្រហារទំលាក់សម្តេចព្រះនរោត្តម សីហនុ ដោយក្រុមលោកសេនាប្រមុខ លន់ នល់ ។
ថ្មីៗនេះ ខ្ញុំបានប្រទះភ្នែកឃើញសៀវភៅ ព្រះរាជជីវប្រវត្តិពិស្តារ និង កាព្យលោកធម៌ របស់សម្តេចព្រះសង្ឃរាជ (ជ.ណ ជោតញ្ញាណោ) ជាថ្មីម្តងទៀត ដែលត្រូវបានក្រុមចៅទួតចៅលួត ចៅលា របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ធ្វើការបោះពុម្ពផ្សាយ និងចែកជាធម្មទានឡើងវិញ…។
ដោយយល់ឃើញថា មានប្រយោជន៍ដល់សាធារណជន ដើម្បីស្វែងយល់បន្ថែមទៀតអំពីព្រះរាជជីវប្រវត្តិរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ខ្ញុំសូមធ្វើការដកស្រង់យកចេញពីក្នុងសៀវភៅដែលជាស្នាដៃនិពន្ធរបស់លោកសាស្រ្តាចារ្យ ឈឹម ស៊ុម យកមកចុះផ្សាយនៅក្នុងផ្ទះស្រុកស្រែរបស់ខ្ញុំ ជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ ដោយរក្សាទុកនូវពាក្យពេចន៍ ឃ្លាប្រយោគដើមទាំងស្រុង… ហើយពាក្យ “ខ្ញុំ” នៅទីនេះ សំដៅទៅលើស្មេរ គឺលោកសាស្រ្តាចារ្យ ឈឹម ស៊ុម មិនមែនខ្ញុំជាម្ចាស់ផ្ទះ “ស្រុកស្រែ” ទេបាទ!…
👉សូមអញ្ជើញអស់លោកអ្នក ស្វែងយល់បន្ថែមទៀត អំពីព្រះរាជជីវប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ (ជ.ណ ជោតញ្ញាណោ) ទាំងស្រុងដូចតទៅ៖
អារម្ភកថា និង ឧទ្ទិសកថា
ក្រោយថ្ងៃដែលសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ទ្រង់សោយទីវង្គតទៅ មិនយូរប៉ុន្មាន ខ្ញុំ(ឈឹម ស៊ុម) បានទទួលចុតហ្មាយមួយច្បាប់លេខ ៨៣៤ព.ប របស់លោកអគ្គនាយកនៃវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យ សុំអោយខ្ញុំធ្វើព្រះរាជជីវប្រវត្តិពិស្តារ នៃសម្តេចព្រះសង្ឃរាជជាអម្ចាស់ ដោយមានប្រាប់គម្រោងការស្រេចមកផង។ ប៉ុន្តែ ក្នុងគម្រោងការនោះ ខ្ញុំទាល់ខ្លះ គឺត្រង់ព្រះគុណសម្បត្តិនៃសម្តេច, ចរិតលក្ខណៈ, ចរិយាប្រចាំថ្ងៃ និងប្រចាំព្រះអង្គសម្តេច ដែលជាលក្ខណៈ និងចរិយាប្លែកពីមនុស្សឯទៀត។ ព្រះគុណសម្បត្តិជាដើមនេះ ខ្ញុំក៍ធ្លាប់ឃើញ ដឹងឮផ្ទាល់ដូចអស់លោកឯទៀតដែរ។ ប៉ុន្តែបើខ្ញុំសរសេរ ទោះបីឥតបំផ្លើសក៏ដោយ ក៍ខ្ញុំនឹកឃើញមុនថា “គង់មានជនជាបរបក្ស រិះគន់ខ្ញុំពុំខាន” ព្រោះខ្ញុំជាក្មួយពីកំណើត ហើយជាក្មួយប្រសារបង្កើតផង។ ហេតុដូច្នេះ ខ្ញុំសរសេរដោយពិស្តារតែត្រង់កន្លែងខ្លះដែលគេពុំសូវដឹង ហើយនឹងកន្លែងខ្លះ ទោះបីគេដឹងហើយ ប៉ុន្តែគេពុំសរសេរ ឬខ្ញុំខានសរសេរពុំកើត។ ឯត្រង់កន្លែងដែលខ្ញុំថាទាល់នោះ ខ្ញុំសូមអោយព្រះតេជព្រះគុណព្រះមុនីកោសល សូរ ហាយ សរសេរអោយខ្ញុំ។
ឯបុព្វប្រវត្តិ និងព្រះរាជជីវប្រវត្តិក្នុងសៀវភៅនេះ ខ្ញុំបានដឹងពីលោកឧកញ៉ាសោភ័ណមន្រ្តី ជួន នុត ជាឪពុកក្មេកខ្ញុំផង និងអំពីសម្តេចព្រះសង្ឃរាជជាអម្ចាស់ផង ដែលលោក-ព្រះអង្គជ្រាបអំពីលោកតា ព្រហ្ម ជួន ។ មិនតែប៉ុណ្ណោះ ខ្ញុំបានឃើញឯកសារខ្លះដែលគេប្រាប់ខ្ញុំថា លោកតាបាឡាត់ មាស មានស្រុកកំណើតនៅគងពិសី ជាចៅលោកតា ម៉ុក បានសរសេរទុកជាង ៧០ឆ្នាំ មកហើយផង, ខ្ញុំដឹងអំពីសម្តេច ល្វី ឯម និងសម្តេចព្រះសង្ឃនាយកព្រះនាម ហួត តាត ខ្លះផង។ ក្រៅពីនេះ ខ្ញុំបានមើលព្រះរាជជីវប្រវត្តិរបស់សម្តេចជាអម្ចាស់ ដែលព្រះតេជព្រះគុណឃោសទ្ធម្ម ប៉ុណ្យ សុម្ភាជ បានរៀបរៀង ហើយខ្ញុំបានបោះពុម្ពដាក់ទស្សនាវដ្តីអក្សរសាស្រ្តលេខ ១១ ឆ្នាំ ១៩៦៥ ផង។ ព្រះរាជជីវប្រវត្តិដែលខ្ញុំសរសេរនេះ ច្បាស់លាស់ជាងនោះ ព្រោះកាលនោះ សម្តេចព្រះសង្ឃរាជជាអម្ចាស់ ទ្រង់គង់ព្រះជន្មនៅឡើយ ទ្រង់ពុំព្រមអោយផ្សាយព្រះរាជជីវប្រវត្តិរបស់ព្រះអង្គទេ។ ប៉ុន្តែ ទាល់នឹងរាជការតម្រូវការ ទើបទ្រង់អនុញ្ញាតអោយព្រះតេជព្រះគុណព្រះឃោសទ្ធម្ម សរសេរសង្ខេបខ្លីៗ ដើម្បីជូនរាជការប៉ុណ្ណោះ។ ឯសេចក្តីពិស្តារ ម្តងទ្រង់ដំណាលពីត្រង់នេះ ម្តងទ្រង់ដំណាលពីត្រង់នោះអោយខ្ញុំស្តាប់។ ខ្ញុំកត់ត្រាទុកច្រើនដងច្រើនគ្រា ផ្សំគ្នាកើតចេញជាព្រះរាជជីវប្រវត្តិពិស្តារនេះឡើង។ កាលបរិច្ឆេទក្នុងព្រះរាជជីវប្រវត្តិនេះ ខ្ញុំពិនិត្យកត់ត្រាដោយហ្មត់ចត់ ឥតអោយភ័ន្តច្រឡំទេ។
ក្រៅពីបុព្វប្រវត្តិ និងព្រះរាជជីវប្រវត្តិ ខ្ញុំបានដាក់ កាព្យលោកធម៌ បន្តនៅខាងចុងទៀត ព្រោះកាព្យលោកធម៌នេះ ជាព្រះរាជនិពន្ធដំបូងបំផុតនៃសម្តេចព្រះសង្ឃរាជជាអម្ចាស់ ដែលទ្រង់ព្រះរាជទានសិទ្ធិអោយខ្ញុំកាន់កាប់ជាព្រះកេរ្តិ៍ ក្នុងគ្រាដែលទ្រង់មានព្រះបន្ទូលតែពីរនាក់នឹងខ្ញុំ អំពីរឿងផ្ទាល់ព្រះអង្គ កាលទ្រង់គង់ក្នុងយុវភាពនៅឡើយ។
លុះខ្ញុំរៀបរៀងសៀវភៅនេះចប់ហើយ ខ្ញុំពុំបានយកទៅជូនលោកអគ្គនាយកនៃវិជ្ជាឋានពុទ្ធសាសនបណ្ឌិត្យទេ ព្រោះខ្ញុំដឹងថា “អ្នកនិពន្ធឆើតៗទាំងឡាយ ដែលលោកអគ្គនាយកសុំអោយធ្វើព្រះរាជជីវប្រវត្តិនេះមានច្រើនរូប បើធ្វើបានមួយចប់ម្នាក់ៗ យកទៅប្រជុំគ្នា ប្រាកដជានឹងជម្រុះចោលខ្លះ យកខ្លះទៅបោះពុម្ព នាំអោយអ្នកនិពន្ធខ្លះមានការស្រពោនស្រពាប់”, ទើបខ្ញុំនិយាយថា សូមអោយព្រះតេជព្រះគុណព្រះមុនីកោសល ធ្វើតែមួយព្រះអង្គឯងទៅ, ឯរបស់ខ្ញុំ ខ្ញុំនឹងចំណាយប្រាក់ខ្លួនឯងបោះពុម្ពផ្សាយ ជាមួយក្រុមគ្រួសារខ្ញុំប៉ុណ្ណោះ។
ឥឡូវសៀវភៅរបស់ខ្ញុំនេះបានបោះពុម្ពហើយ ខ្ញុំនឹងប្រគេនចែកជូនពុទ្ធសាសនិកជន ទាំងបុព្វជិត ទាំងគ្រហស្ថ ជាមួយនឹងសៀវភៅ អរិយសច្ចកថាសង្ខេប ដើម្បីថ្វាយជាព្រះរាជកុសលចំពោះព្រះអង្គសម្តេចព្រះសង្ឃរាជជាអម្ចាស់ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពរបស់ព្រះអង្គ។
បពិត្រសម្តេចព្រះសង្ឃរាជជាអម្ចាស់ ជាឪពុកធំ ជាជីតា! ខ្ញុំព្រះអង្គទាំងឡាយជាព្រះភាគិនេយ្យ(ក្មួយ) ជាព្រះជនត្តា(ចៅ) គ្រប់គ្នា កាលឋិតនៅក្នុងតរុណភាពជាកុមារា-កុមារី មានមាតាបិតាជាអ្នកឃុំគ្រង, កន្លងមក បើមានការក្រ-ងាយ បានសម្តេចជាអម្ចាស់ហាក់ដូចជាបន្ទាយ ហើយជាម្លប់ដ៏ត្រជាក់សែនមហាត្រជាក់! ឥឡូវនេះទ្រង់សោយទីវង្គតបាត់ព្រះភ័ក្រ្ត ទូលព្រះបង្គំគ្រប់គ្នា មានការស្តាយក្រៃលែង ស្តាយរកសំដីនិយាយអោយស្មើនឹងចិត្តពុំបាន ព្រោះ ខានបានស្តាប់ព្រះឳវាទផ្ទាល់ទៀតហើយ!
បពិត្រសម្តេចជាអម្ចាស់! បើសម្តេចទ្រង់ស្តេចយាងទៅកាន់ប្រទេសណា ដែលទូលព្រះបង្គំគ្រប់គ្នា ល្មមផ្ញើភ័ស្តុភារបានទៅរ៉ា នឹងផ្ញើទៅថ្វាយផ្ទាល់, ឥឡូវព្រះរាជដំណើររបស់ព្រះអង្គនេះ ទូលព្រះបង្គំដឹងពុំដល់ ស្គាល់ពុំបាន គឺពុំដឹងជាព្រះវិញ្ញាណរបស់ព្រះអង្គទៅគង់នៅក្នុងទីឋានណា, ហេតុដូច្នេះបានជា ទូលព្រះបង្គំគ្រប់គ្នា មានក្តីសង្ឃឹមតាមជំនឿថា “មានតែផលនៃធម្មទាន ទើបអាចបញ្ជូនអោយទៅរកព្រះវិញ្ញាណដែលជាអរូបដូចគ្នាបាន” ហើយក៍នាំគ្នាបរិច្ចាគធនធាន បោះពុម្ពសៀវភៅពីរមុខគឺ៖ សៀវភៅអរិយសច្ចកថាសង្ខេប ១មុខ, សៀវភៅព្រះជីវប្រវត្តិពិស្តារ និងកាព្យលោកធម៌ របស់សម្តេចជាអម្ចាស់ ១មុខ, ចែកប្រគេន-ជូន ចំពោះបុព្វជិត និងគ្រហស្ថ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៃសម្តេចជាអម្ចាស់។
សូមផលនៃធម្មទាននេះ ជួយទ្រទ្រង់អង្គសម្តេចដែលត្រាច់ទៅចាប់ព្រះជាតិថ្មីក្នុងសុគតិភព! សូមសម្តេចទ្រង់ទទួលសោយនូវទិព្វសម្បត្តិក្នុងពិភពតុសិត សមដូចព្រះរាជបំណងដែលទ្រង់ប៉ងប្រាថ្នា នូវព្រះប្រាជ្ញាសព៌ជតាញាណ ក្នុងកាលជាអនាគតកុំខានឡើយហោង។
ថ្ងៃទី ២០-១១- ៦៩
ក្រុមព្រះញាតិវង្ស
ព្រះរាជជីវប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត (បុព្វប្រវត្តិ)
ព្រះរាជប្រវត្តិពិស្តារ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
(បណ្ឌិតមហា ឈឹម ស៊ុម តែង)
បុព្វប្រវត្តិ
ក្នុងកាលកន្លងទៅហើយ ប្រទេសកម្ពុជាយើងមានក្រុងឪដ្តុង្គមានជ័យ ជារាជធានី។ ក្នុងរជ្ជកាលនៃព្រះមហាក្សត្រិយានីអង្គ ម៉ី មានអ្នកចម្បាំងបីនាក់ ឈ្មោះ ម៉ា ១ មាស១ ម៉ុក ១ បងប្អូននឹងគ្នា (ពុំដឹងមានងារការដូចម្តេចទេ)។ មន្រ្តីធំៗឯទៀត និងជនទាំងបីនាក់នេះ ក្តៅក្រហាយនឹងរាជការរបស់ព្រះមហាក្សត្រិយានីអង្គ ម៉ី ទើបនាំគ្នាទៅតវ៉ាសុំព្រះអង្គ ឌួង ពីប្រទេសសៀមមកសោយរាជ្យ។ ក្រោយមក ព្រះអង្គ ឌួង តាំងលោកតា ម៉ា ជាឧកញ៉ាមហាទេព, តាំងលោកតា មាស ជាឧកញ៉ាចក្រី, តាំងលោកតា ម៉ុកជាឧកញ៉ាយោមរាជ។ មន្រ្តីជាន់ខ្ពស់ទាំងនេះ ជាមនុស្សធ្លាប់ច្បាំង ហើយបើទោះជាលោកមហាទេព មានមុខតំណែងខាងវាំងក្តី លោកយោមរាជ មានមុខតំណែងខាងតុលាការក្តី ក៍នៅតែធ្វើការរួមនឹងលោកចក្រី ខាងសឹកសង្រ្គាមដែរ ពុំព្រមផ្អាកការច្បាំងរាំងជល់សោះ។
កាលដើមឡើយ ពុំប្រាកដជាក្នុងឆ្នាំណា លោកតា ម៉ា បានអញ្ជើញប្រក់ព្រំទ័ពនៅខេត្តបាទី, កណ្តាលស្ទឹង និងគងពិសី បានឃើញដីទំនេរមួយកន្លែងត្រង់ភូមិកំរៀង(1) នៅប្របមាត់ស្ទឹងតូច ព្រំខេត្តកណ្តាលស្ទឹង និងគងពិសី ជាដីអណ្តែត ព្រោះខែវស្សាមានទឹកព័ទ្ធជុំវិញដូចជាកោះ។
លោកតា ម៉ា មានភរិយា ៣, ឈ្មោះ អែម ១ អ្នករាជធានីឪដុង្គ បានកូនស្រីម្នាក់ឈ្មោះអិម, ឈ្មោះ អ៊ុក ១ អ្នកភូមិព្រែកតាអុង (ល្វាឯម) បានកូនស្រីពីរនាក់ ឈ្មោះ អ៊ុម ១ ឈ្មោះ សារី ១ ដែលបានឋានៈជាអ្នកម្នាង សារី របស់ព្រះបាទសម្តេចព្រះ នរោត្តម, ឈ្មោះ… (ភ្លេច) ១ អ្នកភូមិអង្រ្កងសេដ្ឋី (ខាងលិចបន្ទាយលង្វែក) បានកូនប្រុសស្រីច្រើន (ចាំពុំអស់) កូនប្រុសម្នាក់ឈ្មោះ ឳម មានប្រពន្ធពីរ, ប្រពន្ធទីមួយ បានកូនប្រុសឈ្មោះ សាន កូនស្រីឈ្មោះ កង នៅភូមិអង្រ្កងសេដ្ឋី។
តទៅនេះ នឹងថ្លែងពីភូមិកម្រៀង ត្រង់កន្លែងផ្ទះលោកតាមហាទេព ម៉ា ។ ភូមិនេះមានវឌ្ឍនភាពស្តុកស្តម្ភដោយផលដំណាំ ព្រោះ ភូមិនោះតាំងនៅប្របមាត់ស្ទឹង ជាដីមានជីរជាតិល្អ ហើយជាទីជយភូមិ ដែលសត្រូវពុំហានមើលងាយផង។ ក្នុងឆ្នាំណាមួយពុំប្រាកដ លោកតាមហាទេព ម៉ា បានអោយកូនស្រីឈ្មោះ អិម ដែលបានប្តីឈ្មោះព្រហ្ម ជាអ្នកភូមិពពែជ្រៃលាស់ ហើយត្រូវជាក្មួយលោកស្រាប់ផងនោះ ទៅនៅជាម្ចាស់ភូមិកម្រៀង។ មិនតែប៉ុណ្ណោះ មានបងប្អូនលោកតា ព្រហ្ម ហើយជាក្មួយៗ លោកតាមហាទេព ម៉ា ច្រើនគ្នា បានទៅនៅភូមិជិតគ្នានោះដែរ ខ្លះនៅភូមិរកាកោះ ដូចលោកតា ម៉ា ជាញោមលោកគ្រូព្រះពុទ្ធឃោសចារ្យ ម៉ា កេត ជាដើម, ខ្លះនៅភូមិស្វាយ ដូចលោកឧកញ៉ានេត្រឧទ័យ យស លោកយាយ វ៉ែន ដែលជាបិតាមាតាលោកយាយ គំ និងលោកអ្នកឧកញ៉ាមន្រ្តីរាជឫទ្ធិ យក់ ជាដើម។
ផ្ទះលោកតា ព្រហ្ម នៅភូមិកម្រៀង មានដំបូកមួយធំ មានដើមស្នាយត្រសាយត្រសុំដុះលើដំបូកនោះ។ គល់ស្នាយមានរូងធំចំលើកំពូលដំបូក ល្មមលាក់វត្ថុសំខាន់ៗ បាន។ លោកតាមហាទេព ម៉ា ក្នុងគ្រាជរា លោកបានយកក្បួនខ្នាត មន្តអាគម យ័ន្តគាថា និងអាវតេជៈ គ្រឿងវត្ថុសក្តិសិទ្ធិ របៀបក្បួនចម្បាំងខ្មែររបស់លោក ទៅទុកក្នុងរូងស្នាយនោះ។ លោកបានផ្តាំលោកតា ព្រហ្ម និងលោកយាយ អិម ថា កុំអោយរំលាយដំបូកនេះ ត្រូវគោរពទីនេះ នឹងបានសុខចំរើន។ ជាមួយនេះ លោកតាមហាទេពម៉ា បានប្រគល់ដាវពិសិដ្ឋមួយ ដែលធ្លាប់មានជោគជ័យ អោយដល់លោកតា ព្រហ្មដោយមានបណ្តាំថា រក្សាអោយគង់ គ្រាន់រក្សាទឹកដី។ នៅត្រង់គល់ដាវពិសិដ្ឋនេះ មានសរសេរអក្សរចិនដាក់ថា៖ ប្រាក់សុទ្ធ ២តម្លឹង ៣ហ៊ុន ។
ភូមិកម្រៀងជំនាន់នោះ ជាទីដែលគេតែងគោរព គឺជនដែលសញ្ជរទៅមកតាមផ្លូវមុខភូមិនោះ តែងបើកមួក ហើយដំបូកនោះ ជាទីធ្វើសក្ការៈនៃអ្នកភូមិ(2) ។
លោកតាមហាទេព ម៉ា ទទួលអនិច្ចកម្មទៅ ក្នុងក្រុងឪដុង្គមានជ័យ ក្នុងឆ្នាំណាមិនប្រាកដ។ អដ្ឋិធាតុរបស់លោក គឺភរិយា និងបុត្រាបុត្រីព្រមព្រៀងគ្នា នាំយកទៅបញ្ចុះក្នុងចេតិយ ដែលរួមគ្នាកសាងនៅវត្តសេដ្ឋី ។ ចេតិយនេះ សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានជួសជុលជាថ្មី ហើយសម្តេចទ្រង់សព្វព្រះរាជហឫទ័យ ទ្រង់ទៅបង្សុកូលញឹកៗ ។
☸️ថ្លែងពីលោកតា ព្រហ្ម លោកយាយ អិម ជាកូនលោកមហាទេព ម៉ា នៅភូមិកម្រៀងឯណោះ ជាមនុស្សខ្សត់កូន។ លុះកន្លងកាលដ៏យូរឆ្នាំ មកដល់ឆ្នាំជូត ព.ស ២៣៩៤ ត្រូវនឹង គ.ស ១៨៥១ ត្រូវលើខែបុស្ស ថ្ងៃព្រហស្បត៏ ទើបបានកូនប្រុសមួយ អោយឈ្មោះថា ជួន ។
លោកតា ព្រហ្ម ជួន
រូបថត
☸️លោកតា ជួន ជាកូនប្រុសទោលតែមួយ ឥតបងប្អូនជាគម្រប់ពីរទេ។ គ្រាដែលលោកមានជន្មាយុ ២៨ឆ្នាំ ចាកសិក្ខាបទពីភិក្ខុមក ទើបមាតាបិតារៀបអាពាហ៍ពិពាហ៍ ជាមួយញាតិធីតាឈ្មោះ យក់ នៅភូមិបឹងនរាគជេន្រ្ទ ។
លោកយាយ យក់
រូបថត
លោកតា ព្រហ្ម ជួន គ្មានបុណ្យសក្តិជាមន្រ្តីទេ។ ប៉ុន្តែកាលជាបព្វជិត ល្បីខាងទេសមហាជាតក ស្មូត្រ សរសេរអក្សរល្អ អានពាក្យច្បាស់ និយាយក្បោះក្បាយ មិនច្រឡំតួអក្សរសិថិល ជាធនិត ។ លុះផ្លាស់ភេទពីបព្វជិតមកជាគ្រហស្ថ ល្បីខាងចេះច្បាប់ អាចធ្វើពាក្យក្តីបាន។
ជាពិសេស លោកតា ព្រហ្ម ជួន ជាមនុស្សពូកែសម្តី (វាគ្មិន) ប្រាជ្ញាវៃ អាចសងពាក្យ (ដាក់ផ្លែផ្កា) ចំពោះអ្នករាប់អានស្មោះ ឬអ្នកមើលងាយ បានភ្លាមៗ ។ លោកតា ព្រហ្ម ជួន គឺអ្នកស្រុកជិតខាង ចូលចិត្តយកធ្វើមេបា ឬអ្នកមហា ក្នុងពិធីមង្គលការកូនប្រុសស្រីណាស់…។
រូបភាពទាក់ទងនឹងអត្ថបទនេះ
(នៅមានតទៅ…វគ្គ១)
ព្រះរាជប្រវត្តិពិស្តារ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត
ប្រភពអត្ថបទៈ ខេមរៈវប្បធម៌
ព្រលឹងជាតិរស់ ប្រជារីករាយ
👇កំណត់សម្គាល់លេខយោងៈ
- កំរៀង ជាឈ្មោះដើមស្វាយមួយប្រភេទស្រដៀងនឹងស្វាយព្រៃ ប៉ុន្តែស្លឹកតូចៗ ផ្លែល្អិតៗ ធុំក្លិនដូចស្វាយ បរិភោគពុំកើត ព្រោះសាច់ផ្លែតិចណាស់។ ↩︎
- កាលឆ្នាំ ១៩០៨ ដែលលោកតាជួន ទៅនៅភ្នំពេញហើយ ឈ្មោះ ឳក បានជាវភូមិនោះយក។ ឳក ក៍ជ្រេះដំបូកនោះទាល់តែរលំដើមស្នាយ។ បន្ទាប់គ្នានឹងដើមស្នាយរលំ ព្រទ្យរបស់ ឳក ក៍រលាយ, កូន ឳក ឈ្មោះ ម៉ន ឆ្កួត, កូនស្រីម្នាក់ ខ្វាក់ភ្នែកទាំងពីរ, ខ្លួន ឳក ស្លាប់។ ↩︎
🔸Last Updated កំណែចុងក្រោយ on August 10, 2024