ព្រៃឫស្សី

សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។

🔸ងប់នឹង​ល្បែងតែង​ហិនហោច។


ព្រៃឫស្សី

សូរសព្ទសាសងសរសើរសង្សារចង់ចូលចរចាចាប់ចិត្តចាំចង
បបោសបីបាច់បើបានបៀតបងដណ្តឹងដប់ដងដុនដាបដិតដាម។
លួចលាក់លលេងលិចលង់លបលោតរហេតរហូតរហេមរហាម
រសាប់រសល់រសេមរសាម  ដឹងដល់ដៀមដាមដោះដៃដេញដោល។
បែកបាក់បាត់បង់បបួលបែរបន់តាមតែតូចតន់តឹងតែងតែលតោល
ចចេសចូលចាប់ចុះចាញ់ចាកចោលបំបរបំបោលបំបែកបំបាក់ ។
ស្នូរស្នស្នាមស្នាស្នេហ៍ស្នងស្និទ្ធស្នាលអ៊ីអ៊ំអុចអាលអល់អែកអន់អាក់
ថ្លើមថ្លៃថ្លាថ្លែងថ្លោះធ្លោយថ្នាំងថ្នាក់ប្រឹងប្រែងប្រើប្រាក់ប្រែប្រួលគូព្រេង។
រឿងរ៉ាវរៀបរាប់ចប់ឥតខ្លឹមសាររឿងរ៉ាវស្នេហាវិលវល់វង្វេង
បើរស់អត់សីលគ្មានធម៌ទប់ជ្រែងទោះអាយុវែងវែងតែវេលា ។
សែសិបប្រាំបីវ័យវឌ្ឍនាការប្រាំងទល់វស្សាឈឺពុំសូវជា
បើស្អែកមិនស្លាប់យើងបានជួបគ្នាស្តាប់ធម៌សន្ទនាចម្រើនបារមី។
ចូលសែប្រាំបួនជួនជួបគុណគាប់បុណ្យធំជាទ្រព្យជួនខួបឆ្នាំថ្មី
នៅវត្តវេឡុវន័ហៅព្រៃឫស្សីលងព្រះចេតិយឆ្លងខ្លោងទ្វារផ្លូវ។
ខ្ញុំកើតមិនទាន់វេឡុវន័ស្រុកព្រះតែបានប្រទះវេឡុវន័ឥឡូវ
ចំថ្ងៃកំណើតហើយចែកសៀវភៅអានឱ្យចប់ទៅហើយទុកឱ្យគង់។
ព្រោះការចេះចាំទោះច្រើនឬតិចអាចភ្លាំងភ្លាត់ភ្លេចក្លាយទៅជាល្ងង់
បើមានគម្ពីរទុកជួយទ្រទ្រង់បើភ្លេចក៏គង់នៅមានទីអាង។
សំណល់សំណៅសំណេរសំណព្វពេលខ្លះមានភ័ព្វក្លាយជាសំណាង
អ្នកប្រាជ្ញមានក្បួនទុកជាទីអាងរក្សាភ័ស្តុតាងទុកមិនឱ្យបាត់។
ដូចស្តេចមានទ័ពទុកជាកម្លាំងពេលមានចោរខ្មាំងទ័ពចេញកម្ចាត់
បណ្ឌិតមានបុណ្យទុកជាសម្បត្តិអប់រំហ្វឹកហាត់សតិបញ្ញា។
រីឯធម្មជាតិលើភពផែនដីភ្លឺដោយរស្មីនៃដួងសុរិយា
សូមឱ្យសព្វសត្វមានចិត្តភ្លឺថ្លាដោយមានបញ្ញាជាដួងរស្មី។
ខ្យល់ជំនោរធ្លាក់ត្រជាក់សព្វសាយត្រជាក់ផ្លូវកាយនៃជនប្រុសស្រី
សូមឱ្យសព្វសត្វត្រជាក់ហឫទ័យដោយទឹកមន្តនៃទឹកចិត្តមេត្តា។
សូមកុំចាញ់បោករៀងសង្សារវដ្តសូមកុំភ្លាំងភ្លាត់ផុងភក់តណ្ហា
សូមផ្លោះរំលងឆ្លងភពអន្ធការផុតវដ្តសង្សារដល់ត្រើយនិព្វាន។

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).