ព្យញ្ជនៈខ្ជាក់សេចក្តី

ព្យញ្ជនៈខ្ជាក់សេចក្តី

បទកាកគតិ

កើតកំណប់ ខំថ្ងៃយប់ គេងរិះរេ
ឃើញតម្លៃ ងើបមុនគេមិននៅទំនេរ
រូតរះរករៀន ។
ចេះចចារ ឈប់ប្រេះឆា ជួយជាស្ពាន
ឈានទៅមុខ ញឹមអៀនប្រៀនញឹកញាប់ជាប់ញាណ
ញ៉ាំងញាតិញញើត ។
ដាំដោះដូរ ឋិតថែគ្រូ ឌិនកំណើត
ធនវឌ្ឍនា នាំគ្នាកើតនែបនិត្យល្អឆើត
នោះនឹងមានន័យ ។
តបគុណទុក ថែម៉ែពុក ទៅមុខថ្ងៃ
ធនធំធាត់ នាំនិស្ស័យនិត្យនៅឋានថ្លៃ
និព្វាននាថនាយ ។
បោះបង់បាប ផលផ្តល់ឆាប់ ពិតមិនក្លាយ
ភោគផលផុស មានសប្បាយមូលមិត្តជិតឆ្ងាយ
មកមានមេត្តា ។
យល់គ្នីគ្នា រស់រមនា លះលោភា
វៀរវិវាទ ស៊ូសិក្សា ហាមហ៊ឺហា
ខ្លាចហិនហោច ។
ឡើងលូតលាស់ អង់អាចអស់រស់មានប្រយោជន៍
ប្រយែងប្រយ័ត្នស្អាតបាតមិនខ្លោចមិនខ្លាចជាខ្មោច
ប្រយោជន៍យឺនយូរ ។
ព្យញ្ជនៈសាមបីខ្ជាក់ធ្លាក់សេចក្តីមានន័យហៀរហូរ
ដូចខ្ជាក់កំណប់កប់ពីយារយូរគយគន់គិតគូរ
គុណគាប់ពេកក្រៃ ។
វប្បធម៌ភាសាសិល្បៈសាសនាជាតិជាថ្លាថ្លៃ
អាស្រ័យអក្ខរាចារឆ្លាក់ខ្ជាក់ន័យរួមផ្សំការច្នៃ
នៃអ្នកប្រសប់ ។
វប្បធម៌រលត់សូន្យឈឹងដូចយប់ងាយពើបជំពុប
ជួបក្តីអន្តរាយ ។
ខ្ញុំអ្នកសំណេរខិតខំសរសេរមិនថាយប់ថ្ងៃ
ប្រឹងប្រែងប្រុងប្រៀបរៀបចំកែច្នៃផ្ញើជូនចងដៃ
ជូនជនរួមជាតិ ។
សូមសព្វខេមរារួបរួមរក្សាការពារកុំឃ្លាត
លើកស្ទួយវប្បធម៌អក្សរសាស្រ្តជាតិជួយហើយជួយទៀត
ជាតិជាក់ជោគជ័យ ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តចាក់អង្រែក្រោម, ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace