ពាក្យពុកផ្តាំទុកតាមព្យញ្ជនៈ

ពាក្យពុកផ្តាំទុកតាមព្យញ្ជនៈ

បទពាក្យប្រាំពីរ

ពាក្យពុកផ្តាំទុកតាមតួ កូនល្អ កាន់កាប់សព្វកិច្ចការ
កូនកុំ កោងកាចកាងឫស្យាកូនត្រូវ ការពារកេរ្តិ៍ម៉ែពុក ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ខិតខំសន្សំសុខ
កូនកុំ ខិលខូចនាំកើតទុក្ខកូនត្រូវ ខំទុកខាងមុខឆ្ងាយ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ គិតគូរគួរគន់ម្តាយ
កូនកុំ គិតខ្លីស្តីរាយមាយកូនត្រូវ គិតឆ្ងាយទើបគប្បី ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ឃើញឃោរឃាតអប្រិយ
កូនកុំ ឃុបឃឹតពិតចង្រៃកូនត្រូវ ឃ្មាតខ្មីឆ្ងាយឃោរឃៅ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ងាករេបែររកផ្លូវ
កូនកុំ ងងឹតគិតង៉ែង៉ូវកូនត្រូវ ងើបងូតជូតខ្លួនឯង ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ចូរចេះចាប់ចាត់ចែង
កូនកុំ ចរចាចាកកោតក្រែងកូនត្រូវ ចាត់ចែងចាំតាមចាស់ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ឆ្លើយឆ្លងគួរឆ្លាតឆ្លាស
កូនកុំ ឆោតឆៅឆ្លើយផ្តេសផ្តាសកូនត្រូវ ឆ្លាក់ឆ្លាស់កុំឆ្លេឆ្លា ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ជួយជាតិជួយសាសនា
កូនកុំ ជិះជាន់ញាតិសាច់សាកូនត្រូវ រក្សាជាតិសាសន៍ឯង ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ឈានឈោងកុំតោងឆ្វេង
កូនកុំ ឈូឆរឆោតវង្វេងកូនត្រូវ ឈប់លេងល្បែងអប្រិយ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ញញឹមសមប្រិមប្រិយ
កូនកុំ ញៀនញ៉ាមតៀមស្រាស្រីកូនត្រូវ ឃ្មាតខ្មីច្នៃការងារ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ដើរដេកដឹងវេលា
កូនកុំ ដុកដាន់ដាក់ដូនតាកូនត្រូវ ដឹងការណាគប្បី ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ឋិតថេរលើឋានថ្មី
កូនកុំ ធុញថប់តបគុណថ្លៃកូនត្រូវ រំពៃថែឋានដើម ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ប្រឌិតគិតឱ្យឆ្នើម
កូនកុំ ឌឺដងអ្នកផងឆ្អើមកូនត្រូវ ដាំដើមដាក់ដល់ដី ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ធំធាត់វិវឌ្ឍន៍ថ្មី
កូនកុំ ធុញថប់ស្អប់ក្រក្រីកូនត្រូវ សួរស្តីន័យធូរស្តាប់ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ណែនណាន់តាន់ចំណាប់
កូនកុំ ចំណាយចាយចែវច្បាប់កូនត្រូវ ចំណាប់ចាប់ចំណាន ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ តបគុណកុំតឹងតាន
កូនកុំ តោះតើយអង្គើយខានកូនត្រូវ ស្គាល់ដានស្ពានជីវិត ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ថ្លាថ្លែងចូរថ្លឹងគិត
កូនកុំ ថ្លាថ្លែងខ្វែងគំនិតកូនត្រូវ ប្រៀងប្រិតរឹតតឹងរ៉ឹង ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ទន់ភ្លន់ធន់រឹងប៉ឹង
កូនកុំទាស់ទែងរឹងទទឹងកូនត្រូវ យល់ដឹងទោសទាស់គ្នា ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ធំធាត់មានធូរធារ
កូនកុំ ធ្លុះធ្លាយចាយខ្ជីខ្ជាកូនត្រូវ ធានាថែទ្រព្យធន ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ និត្យនៅត្រូវគយគន់
កូនកុំ និន្ទាឈ្នានីសជនកូនត្រូវ គិតគន់មុននិន្ទា ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ បោះបង់បាបវេរា
កូនកុំ បំបាត់កេរ្តិ៍មេបាកូនត្រូវ រក្សាបទបណ្តាំ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ផូរផង់ផ្ចង់ចងចាំ
កូនកុំ ផ្តាច់ផ្តិលពាក្យផ្តែផ្តាំកូនត្រូវ ផ្សែផ្សាំផ្សះផ្សាចិត្ត ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ពោលពាក្យចូរពោលពិត
កូនកុំ ពោលពាក្យប៉ះពាល់មិត្រកូនត្រូវ ពោលពិតពេញប្រពៃ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ មានភ័ព្វភប់ភក្តី
កូនកុំ ភូតភរនាំភិតភ័យកូនត្រូវ ភក្តីស្តីចរចា ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ មាំមួនមានមេត្តា
កូនកុំ មើលងាយមិត្រមីងមាកូនត្រូវ ម្នីម្នាមើលថែម៉ែ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ត្រូវយល់យើងជាខ្មែរ
កូនកុំ យាយីជិះជាន់គេកូនត្រូវ រិះរេយល់គល់ច្បាប់ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ រស់រៀនមានរបៀប
កូនកុំ រឹងរូសហួសសុភាពកូនត្រូវ រាបទាបរស់ទន់ភ្លន់ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ លះបង់ចិត្តលោភលន់
កូនកុំ លួចលាក់ឆាបឆក់ប្លន់កូនត្រូវ រូសរាន់គេចលិចលង់ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ វាងវៃថ្លៃផូរផង់
កូនកុំ វង្វេងភ្លេចពូជពង្សកូនត្រូវ ស្មោះត្រង់នឹងវត្តវ៉ា ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ តស៊ូសូត្រសិក្សា
កូនកុំ សូញសាញក្រាញសាលាកូនត្រូវ ឧស្សាហ៍សាងសុខសាន្ត ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ហាត់ពត់លត់ដំប្រាណ
កូនកុំហឺហាហួសប្រមាណកូនត្រូវ ក្លាហានហ៊ានពុះពារ ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ ឡើងបុណ្យឡើងការងារ
កូនកុំ ឡិមឡុមឡិបកិបគ្នាកូនត្រូវ លុះលាការកោងកាច ។
ពាក្យពុកផ្តាំទុកតាមតួ កូនល្អ អត់ឱនឱ្យមានប្រាជ្ញ
កូនកុំ អេចអូចដូចមាត់ដាច់កូនត្រូវ អង្គអាចឱ្យអស់អត្ថ ។
ពាក្យពុកផ្តាំទុកទាំងអស់នេះកូនគួរត្រិះរិះឱ្យមធ្យ័ត
នឹងបានជាទ្រព្យគាប់ពេកក្តាត់ទុកជាសម្បត្តិសម្បែងធន ។
ច្នេះហើយសូមអស់កូនប្រុសស្រីគប្បីឃ្មាតខ្មីកុំទម្រន់
គិតគូរលៃលករាវរកទុនជាសម្បត្តិធនអង្វែងហោង ៕


និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ

វត្តចាក់អង្រែក្រោម, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩

🔸Last Updated កំណែចុងក្រោយ on August 9, 2024

Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace