បានមកស្រុកព្រះ
បានមកស្រុកព្រះសប្បាយណាស់ | ទាំងក្មេងទាំងចាស់គួរជ្រះថ្លា |
អ្នកដែលធ្លាប់កាចប្រែរាបសា | ខឹងខុសយ៉ាងណាចេះអត់ទ្រាំ។ |
ព្រោះតែព្រះគុណបុណ្យបារមី | នៃព្រះជិនស្រីប្រោសរៀបចំ |
សម្តែងព្រះធម៌ដ៏ឧត្តម | ដឹកនាំសត្វលោកឱ្យផុតភ័យ។ |
ទោះជាបាត់អង្គព្រះទ្រង់ញាណ | ស្តេចទ្រង់និព្វានទៅហើយក្តី |
សល់តែព្រះស្តូបព្រះចេតិយ | យើងខ្ញុំប្រុសស្រីសូមវន្ទា។ |
សូមថ្វាយបង្គំព្រះពុទ្ធស្ថាន | ដែលមានប៉ុន្មានឋាននានា |
លង្កានេប៉ាល់ទាំងឥណ្ឌា | យកជាពំនឹងពឹងតទៅ។ |
បានជាអារម្មណ៍ជាប់ក្នុងចិត្ត | ជាគតិនិមិត្តដិតជាប់នៅ |
ហែហមថ្នមចិត្តជាប់តាមផ្លូវ | ក្នុងដំណើរទៅព្រះនិព្វាន។ |

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon

Facebook Comments