បរិភោគ៤យ៉ាង

បរិភោគ៤យ៉ាង


☸️ការបរិភោគ ប្រើប្រាស់នូវបច្ច័យនេះ ចែកចេញតាមប្រភេទ​របស់​បុគ្គល ​អ្នកបរិភោគ​ប្រើប្រាស់ មាន ៤យ៉ាងគឺ:

👉១. ថេយ្យបរិភោគ បរិភោគដោយការលួច បានដល់បរិភោគរបស់ភិក្ខុទ្រុស្តសីល។

👉២. ឥណបរិភោគ បរិភោគដោយបំណុល បានដល់បរិភោគរបស់​ភិក្ខុដែល​មានសីល តែ​មិន​បាន​ពិចារណា។

👉៣. ទាយជ្ជបរិភោគ បរិភោគនូវមត៌កដែលត្រូវបាន បានដល់ការបរិភោគរបស់សេក្ខបុគ្គល ៧ពួក។

👉៤. សាមិបរិភោគ បរិភោគរបស់ជនជាម្ចាស់ បានដល់បរិភោគរបស់ព្រះខីណាស្រព។

☸️អធិប្បាយ

១. ថេយ្យបរិភោគ ភិក្ខុដែលទ្រុស្តសីល ហើយនៅបំបាំងខ្លួន ពួនសម្ងំបរិភោគនូវ​បច្ច័យ​របស់​​ទាយក​ជាមួយនឹងសង្ឃ ហៅថា លួចបច្ច័យ​របស់ទាយកមកបរិភោគ ព្រោះថា ទាយក​ដែល​គេបូជានូវបច្ច័យមក គេចំពោះរកតែលោកដែលមានសីល ដោយគេប្រាថ្នាចង់​បាន​ផល​​ច្រើន គេមិនបានចំពោះរកភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុ​ដែល​ទ្រុស្តសីល នៅក្លែង​បំភាន់យក​បច្ច័យរបស់គេមកបរិភោគ ទើបបានឈ្មោះថា លួចយក​នូវ​បច្ច័យ​របស់​ទាយក​មកបរិភោគ មិនត្រឹមតែប៉ុណ្ណោះសោត បានឈ្មោះថា បានលួច​បច្ច័យ​របស់​ភិក្ខុ​ដែល​មានសីលទាំងប៉ុន្មាន មកបរិភោគទៀតផង ព្រោះបច្ច័យដែលទាយកគេ​ឲ្យ​មក​ដោយ​សទ្ធា​នោះ ព្រះមានព្រះភាគទ្រង់អនុញ្ញាតទុកឲ្យភិក្ខុដែលមានសីលតែម្យ៉ាង ព្រះអង្គ​មិន​បាន​អនុញ្ញាតទុកឲ្យដល់ភិក្ខុដែលទ្រុស្តសីលនោះឡើយ ហើយភិក្ខុដែលទ្រុស្តសីលនោះ មក​នៅបំបាំងរាំងមុខស្កាត់យកបច្ច័យទាំងនោះមកបរិភោគ ទើបបានឈ្មោះថា លួច​យក​នូវ​បច្ច័យ​របស់ភិក្ខុដែលមានសីល មកបរិភោគ។

២. ឥណបរិភោគ ភិក្ខុដែលមានសីលបរិសុទ្ធហើយ តែបរិភោគប្រើប្រាស់នូវបច្ច័យ មិនបាន​ពិចារណាក្នុងកាលទាំង៣ ដោយបច្ចវេក្ខណៈទាំង ៤ ឯណានីមួយសោះ បែបនេះ​ហៅថា បរិភោគ​ដោយបំណុល ទុកដូចជាជំពាក់បំណុលរបស់ទាយក មិនអាចនឹង​រលាស់ខ្លួនឲ្យរួច​អំពី​សំសារទុក្ខទៅបាន ប្រៀបដូចបុគ្គលដែលជំពាក់បំណុលរបស់អ្នក​ដទៃ ក៏មិនងាយ​នឹង​ទៅ​​កាន់ប្រទេសណាដែលខ្លួនត្រូវការទៅនោះ តាមសេចក្តីគាប់ចិត្ត​របស់​ខ្លួន​នោះបាន​ឡើយ ហេតុនោះ ភិក្ខុដែលមានសីលបរិសុទ្ធ គប្បីពិចារណា​ក្នុងចីវរបច្ច័យ​ឲ្យរាល់​ប្រយោគ​ដែល​ប្រើប្រាស់ ក្នុងបិណ្ឌបាតបច្ច័យឲ្យរាល់ពំនូត ក្នុងសេនាសនបច្ច័យ ឲ្យរាល់វារៈ​ដែល​ចូល​ទៅ ឯក្នុងគិលានភេសជ្ជបច្ច័យ ឲ្យពិចារណាទាំងក្នុងកាល​ដែលបានទទួលផង ក្នុង​កាល​ដែលបរិភោគផង។

៣. ទាយជ្ជបរិភោគ សេក្ខបុគ្គល ៧ពួក ទុកថាជាបុត្ររបស់ព្រះមានព្រះភាគ ដែល​ត្រូវ​ទទួល​នូវមត៌ករបស់ព្រះអង្គ បច្ច័យទាំង ៤ ដែលទាយកគេឲ្យដោយសទ្ធា ទុកថាជា​មត៌ក​ដែល​ព្រះអង្គប្រទានទុកឲ្យដល់បុត្រ ព្រោះហេតុនោះ កិរិយាបរិភោគនូវបច្ច័យ ៤ របស់​សេក្ខបុគ្គល ៧ពួក ហៅថា បរិភោគនូវមត៌កដែលលោកត្រូវការបាន។ ឯបរិភោគរបស់​ភិក្ខុ​ដែល​មានសីលហើយ បានពិចារណានោះ នឹងហៅថា អានណ្យបរិភោគ គឺបរិភោគ​មិន​មាន​បំណុល​ដូច្នេះ ក៏បាន ព្រោះជាបដិបក្ខដល់ឥណបរិភោគ ឬនឹងហៅថា ទាយជ្ជបរិភោគ​ដូច្នេះ​ផង ក៏បាន ព្រោះភិក្ខុដែលមានសីល លោកប្រកបដោយសីលសិក្ខា ហាក់​ដូចជា​សេក្ខបុគ្គល​ដែរ។

៤. សាមិបរិភោគ​ ព្រះខីណាស្រពទាំងឡាយ លោកកន្លងផុតហើយនូវភាពដែលជាខ្ញុំ​នៃ​តណ្ហា លោកបាននាមថា ជាម្ចាស់នៃបច្ច័យ ព្រោះលោកបរិភោគរបស់បុគ្គលណា អាច​ញុំាង​សេចក្តីប្រាថ្នារបស់​បុគ្គលនោះឲ្យពេញបរិបូណ៌បាន។

ក្នុងបរិភោគទាំង ៤ យ៉ាងនេះ សាមិបរិភោគ ប្រសើរជាងគេបំផុត ទាយជ្ជបរិភោគ ប្រសើរ​បន្ទាប់ ឯថេយ្យបរិភោគ និងឥណបរិភោគ មិនប្រសើរឡើយ។

សូមអនុមោទនា !!!

🔸🔸❁🙏❁🔸🔸


ប្រភព-Source: ឈូកក្រហម

🔸Last Updated កំណែចុងក្រោយ on September 14, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).