បរាភវសូត្រ ទី៦

បរាភវសូត្រ ទី៦


សម្រង់ចេញពី គម្ពីរព្រះត្រៃបិដក ភាគ៥៤

[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះឯង ទេវតា ១ អង្គ កាល​ដែលរាត្រី​បឋមយាម​កន្លងទៅហើយ មានរស្មី​ដ៏រុងរឿង ញុំាងវត្ត​ជេតពន​ជុំវិញទាំងអស់ ឲ្យភ្លឺ​ស្វាងហើយ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយស្ថិត​ក្នុងទីសមគួរ។ លុះ​ទេវតានោះ ស្ថិតនៅ​ក្នុងទីសម​គួរហើយ ទើបក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដោយគាថា​ដូច្នេះថា។

[១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏ចំរើន (ដោយគិតថា)​ យើង​ទាំងទ្បាយ សូមសួរ​អំពីបុរស​បុគ្គល ដែលមាន​សេចក្តីវិនាស​ ចុះអ្វីជា​ប្រធាន​នៃសេចក្តី​វិនាស។

(ព្រះមានព្រះភាគ ត្រាស់ថា) បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយ​ បុរស​ដែលវិនាស ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយដែរ​ បុគ្គលអ្នក​ប្រាថ្នាធម៌ រមែងចំរើន អ្នកស្អប់ធម៌ រមែងវិនាស។

យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តីវិនាសទី ១ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ២ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស។

បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ពេញចិត្ត​ចំពោះធម៌​របស់ពួក​អសប្បុរស នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី​ ២ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស។

ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដ​តែខាង​ក្រោធក្តី នោះជា​ប្រធាន​នៃសេចក្តីវិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តី​វិនាសទី ៣ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៤ អ្វីជាប្រធាន​នៃសេចក្តីវិនាស។

បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លង​ហើយ នោះ​ជាប្រធាន​នៃសេចក្តីវិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៤ បពិត្រ​ព្រះមាន​ព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៥ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស។

បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូម​ដទៃក្តី ដោយពាក្យ​កុហក នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៥ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៦ អ្វីជាប្រធាន​នៃសេចក្តី​វិនាស។

បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរ​ច្រើន មានប្រាក់ សម្បូណ៌​ភោជន​ បរិភោគ​នូវភោជន​មានរសឆ្ងាញ់​តែម្នាក់ឯង នោះជា​ប្រធាននៃ​សេចក្តីវិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៦ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៧ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស។

ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាង​ទ្រព្យ​ក្តី រឹងត្អឹង​ដោយអាង​គោត្រកូល​ក្តី ហើយ​មើលងាយ​ញាតិរបស់​ខ្លួន នោះ​ជា​ប្រធាននៃ​សេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាស ទី ៧ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៨ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស។

ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់​ក្តី រមែងញុំាង​ទ្រព្យ ដែលខ្លួន​បានហើយ បានហើយ ឲ្យវិនាសទៅ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៨ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៩ អ្វីជា​ប្រធាននៃ​សេចក្តី​វិនាស។

ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូច​ចំពោះពួក​ស្រីពេស្យា ឬខូចចំពោះ​ប្រពន្ធនៃ​បុគ្គល​ដទៃ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៩ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១០ អ្វីជាប្រធាន​នៃសេចក្តីវិនាស។

បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមាន​ដោះក្បំ ដូចជាផ្លែទន្លាប់ រមែង​ដេកមិនលក់ ព្រោះ​សេចក្តី​ប្រច័ណ្ឌ​ចំពោះ​ស្រ្តីនោះ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១០ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ១១ អ្វីជា​ប្រធាន​នៃសេចក្តី​វិនាស។

បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរស​បែបនោះ​ដែរ ក្នុងឋានៈ​ជាធំ នោះជា​ប្រធាន​នៃសេចក្តី​វិនាស​។

យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១១ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១២ អ្វីជាប្រធាន​នៃសេចក្តី​វិនាស។

បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈ​តិច តែមាន​សេចក្តី​ប្រាថ្នាធំ ទៅប្រាថ្នា​រជ្ជសម្បត្តិ នោះជា​ប្រធាន​នៃសេចក្តី​វិនាស។

បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញ​ដ៏ប្រសើរ ពិចារណា​ឃើញច្បាស់ នូវសេចក្តី​វិនាស​ទាំងនុ៎ះ​ក្នុងលោក បណ្ឌិត​នោះ រមែងគប់​រកនូវ​លោក ដែលមាន​សេចក្តី​សុខដ៏ក្សេម​ក្សាន្ត [បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់​ព្រះនិព្វាន តែក្នុង​ទីនេះ អដ្ឋកថា​ប្រាប់ថា បានដល់​សេចក្តី​សុខ​ក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា។]។

ចប់ បរាភវសូត្រ ទី៦។

🔸🔸❁🙏❁🔸🔸


ប្រភព-Source: ឈូកក្រហម

🔸Last Updated កំណែចុងក្រោយ on August 15, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster). នត្ថិ សន្តិ បរំ សុខំ - មិនមានសេចក្តីសុខ​ដទៃក្រៅអំពីសេចក្តីស្ងប់ឡើយ។ No Other Happiness is Greater Than Peace