បកិណ្ណកកាព្យ

គ្រប់វិនាទីដែលឈានទៅមុខនាំយកសុខ-ទុក្ខទៅគ្រប់ដង្ហើម
រុក្ខាក្រៀមស្វិតត្បិតឃ្លាតសន្សើមអ្នកភ្លេចរឿងដើមព្រោះមានរឿងថ្មី។
កន្លង់ឃ្លាតផ្កាព្រោះអស់ទឹកដមស្នេហ៏លែងថ្នាក់ថ្នមព្រោះអស់ភក្តី
ភ្លេចពាក្យសម្បត់ព្រោះក្បត់សម្តីច័ន្ទឃ្លាតរាត្រីព្រោះតែរាហ៊ូ។
សមុទ្ទមិនស្ងាត់ព្រោះមានរលកបុព្វេសាងមកទើបបានជាគូ
អស់ក្តីសង្ឃឹមព្រោះឃ្លាតតស៊ូអ្នករៀនឃ្លាតគ្រូព្រោះមានឧបសគ្គ។
ចិត្តធ្លាប់ស្មោះសល្អជាអនេកប្រែប្រួលថ្ងៃស្អែកក៏ព្រោះតែប្រាក់
លោភលន់វង្វេងព្រោះតែមោហៈខូ​ចខាត់គ្រោះថ្នាក់ព្រោះតែកំហឹង។
កើតក្តីលំអៀងព្រោះមិនលំអិតធ្ងន់តែម្ខាងពិតត្បិតព្រោះមិនថ្លឹង
បោះបង់ចោលសាច់ព្រោះតែហេតុឆ្អឹងអ្នកកើតក្រោធខឹងព្រោះឃ្លាតខន្តី។
ដើរដួលមិនក្រោកព្រោះឃ្លាតព្យាយាមពលចាញ់សង្រ្គាមព្រោះគ្មានអីឆី
ឥតធម៌មេត្តាឃ្លាតត្រាប្រណីធ្លាក់អវិចីព្រោះឃ្លាតកុសល។
គ្មានក្តីសុខស្ងប់ព្រោះស្អប់ធម្មាគ្មានការបូជាព្រោះមិនជឿផល
ចិត្តវល់ងាយមាយព្រោះមិនតម្កល់ឃ្លាតចាកមគ្គផលព្រោះតែប្រមាទ។
ទិដ្ឋិចាក់ស្រេះព្រោះឃ្លាតបញ្ញាជាខ្ញុំតណ្ហាព្រោះចិត្តមិនស្អាត
មិនធ្វើ ទាន-សីលព្រោះតែមិនឆ្លាតធម៌មិនសង្វាតព្រោះតែស្រវឹង។
មិនរួចពីទុក្ខព្រោះអវិជ្ចាជាប់ ជាតិ-ជរាព្រោះតែមិនប្រឹង
សម្បុរអាក្រក់ព្រោះតែក្រោធខឹងវិញ្ញូចេះដឹងព្រោះថ្លឹងបានស្មើ។
ធម៌កើតពីចិត្តព្រោះចិត្តប្រធានបានសួគ៌និព្វានព្រោះចិត្តប្រសើរ
ចិត្តស្ងប់យល់ជាក់ត្រៃលក្ខណ៍ដំណើរចិត្តមិនហោះហើរតាមលោកធម៌។
ម្លប់ឈើត្រជាក់តែងទាក់អ្នកជ្រកចិត្តមានជម្រកព្រោះមិនញាប់ញ័រ
ចេញផុតពីព្រៃមិនភ័យជាប់ជ័រព្រោះចិត្តយល់ធម៌ៗទ្រទ្រង់ចិត្ត។
រីជនក្នុងលោកប្រុស-ស្រីឯណាអ្នកមានប្រាជ្ញាជ្រះថ្លាពិសិដ្ឋ
ញាំងប្រាណអោយឆ្ងាយអបាយទុច្ចរិតផលតែងថេឋិតសោយសិដ្ឋសួគ៌ា។
អ្នកស្វែងរកផ្លូវត្រឹមត្រូវសុចរិតព្យាយាមប្រព្រឹត្តិតាមក្រឹត្យធម្មា
ព្រះពុទ្ធឳវាទស្អាតមានសទ្ធាតែងនាំអង្គារួចចាកអបាយ។
ត្បិតសត្តបានសុខស្រណុកលោកីយ៍ព្រោះស្អាតផ្លូវបី វចី-ចិត្ត-កាយ
បរិសុទ្ធជ្រះថ្លាកន្តារវែងឆ្ងាយសោយសុខសប្បាយក្នុងលោកទាំងពីរ។
ស្រូវមានផលល្អអាស្រ័យខេត្តាអ្នកធ្វើឧស្សាហ៍បោចស្មៅដាក់ជី
ទប់ភ្លឺឲ្យមាំថែទាំវារីកបដោយកិច្ចពីរនោះទើបប្រសើរ។
ធម្មប្រទីបហើយនិងជីវិតជាគូគ្នាពិតស្និទ្ធតាមដំណើរ
ជីវិតមានធម៌ពិតជាប្រសើរលំអានដំណើរនៃជនបណ្ឌិត។
ជនស្អប់ផ្លូវល្អព្រោះក្របញ្ញាស្អប់ការសិក្សាព្រោះខ្លីគំនិត
ខ្លៅមិនចេះដឹងប្រឹងធ្វើបណ្ឌិតអ្នកមានទ្រព្យពិតព្រួយចិត្តរក្សារ។
សម្បត្តិជិតឆ្ងាយទាំងឡាយក្នុងលោកក្រាស់ក្រែលគគោកភោគច្រើនយ៉ាងណា
មិនអាចប្រៀបស្មើនិងទ្រព្យបញ្ញាបូរាណលោកថាចារទុកយូរយា។
ញាំងបុត្តប្រុស-ស្រីឲ្យប្រឹងសូត្ររៀនចំណេះរបៀនសព្វមុខវិជ្ជា
សិល្បៈសាស្រ្តា-ភាសានានាផុតអវិជ្ជាក្នុងនាលោកីយ៍៕
(បទពាក្យប្រាំបីធម្មតា)

ភូមិបឹងឡែង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ថ្ងៃ១២កើតខែភទ្របទ ឆ្នាំថោះ ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃអង្គារ៍ ទី២៦ខែកញ្ញា ឆ្នាំ២០២៣

យឿង-ស្រស់

🔸Last Updated កំណែចុងក្រោយ on August 8, 2024

Facebook Comments
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).