ធម្មទេសនា
របស់ព្រះមហា ហួត វត្តលង្កា ក្រុងភ្នំពេញ
ព.ស.២៤៨២ គ.ស.១៩៣៨
របៀបធម៌ទេសនាដែលរាជការ លោកកុង្សីយសេនាបតី បានចាត់ឲ្យទៅសំដែងក្នុងទីប្រជុំ១៣ កន្លែង ក្នុងខែត្រស្វាយរៀង ។ តាំងពីថ្ងៃទី២៨ ខែមិថុនាដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៣៨ សំដែងកំណើតសាសនា (ពាក្យប្រៀនប្រដៅ) ដែលកើតឡើងក្នុងលោកនេះ មានគតិជាពីរយ៉ាងគឺ៖
ក) កើតឡើងដោយគំនិតរបស់អ្នកដែលតាំងផ្តើមនោះ ប្រាថ្នារកសេចក្តីសុខឲ្យដល់មនុស្សជាតិដូចគ្នា ។ ព្រោះថាពួកមនុស្សនេះ ទោះជាគ្មានស្នែងស្រួចដូចគោ-ក្របី គ្មានក្រចកចង្កូមមុតដូចខ្លា ឬខ្លាំងដូចដំរីនឹងរមាស, គ្មានពិសកំណាចកាចដូចពស់ គឺថាគ្មានវត្ថុអ្វីដែលគួរខ្លាចនៅជាប់នឹងរាងកាយក៏ពិតមែន តែមនុស្សនេះមានពុតកំណាចអាក្រក់លើសពីពិសកំណាចទៅទៀត ។ នៅកណ្តាលពួកមនុស្សឥតធម៌ឥតច្បាប់ បានទុក្ខលំបាកអាចដល់ស្លាប់ លើសពីការនៅកណ្តាលហ្វូងខ្លា-ដំរី ឬសត្វសាហាវដទៃទៅទៀត ។ ហេតុនោះបានជាមានអ្នកប្រាជ្ញមួយៗគិតស្វែងរកឧបាយនឹងដឹកនាំមនុស្សឲ្យបានសុខ ទូន្មានប្រៀនប្រដៅចងឡើងជាច្បាប់នាំឲ្យមនុស្សកាន់តាម ហាមមិនឲ្យធ្វើអំពើអាក្រក់ដល់គ្នីគ្នាឲ្យខំប្រព្រឹត្តល្អដល់គ្នាទៅវិញទៅមក ។ មានមនុស្សជឿនិយមកាន់តាមច្រើនឡើង ពាក្យប្រៀនប្រដៅនេះហៅថា សាសនា ។ សាសនាយ៉ាងនេះឈ្មោះថា កើតឡើងដោយគំនិតដើមល្អ ។ តែគំនិតអ្នកតាំងសាសនាមួយៗនោះផ្សេងគ្នាដោយប្រាជ្ញា គឺអ្នកណាមានប្រាជ្ញាតិចក៏រកសេចក្តីសុខមកទូន្មានមនុស្សបានតិច អ្នកមានប្រាជ្ញាច្រើន ក៏រកសេចក្តីសុខប្រាប់មនុស្សបានច្រើន ។ ហេតុនោះគួរដឹងថា សាសនាមួយៗក្នុងពួកនេះ សុទ្ធតែមានល្អគ្រប់តែសាសនា ចាញ់ឈ្នះគ្នាតែត្រង់ល្អតិច-ច្រើនជាងគ្នាប៉ុណ្ណោះ ។
ខ) សាសនាមួយបែបទៀត កើតឡើងដោយគំនិតអ្នកតាំងមិនបរិសុទ្ធ ប្រាថ្នានឹងយកសាសនាដាក់ឡាំងហើយធ្វើអំពើអាក្រក់អ្វីមួយ ឬដើម្បីនឹងចិញ្ចឹមជីវិតក៏សឹងមាន ព្រោះគេឃើញថា មនុស្សដែលមានគំនិតតិច រមែងឆោតច្រើន ហើយច្រើនជឿប្រកាន់ផ្សេងៗ គេរកឧបាយអ្វីផ្សេងៗ មកតម្រូវឲ្យត្រូវនឹងអ្នកត្រូវការនោះ ហើយទើបគេគិតបាញ់យកប្រយោជន៍ អំពីអ្នកជឿកាន់តាមនោះ សាសនានេះឈ្មោះថាកើតដោយគំនិតអាក្រក់ ។ ក្រៅអំពីសាសនាទាំងពីរខាងលើនេះ នៅមានសាសនាមួយបែបទៀត សន្និដ្ឋានថា កើតឡើងដោយគំនិតមនុស្សនឹកស្រមៃស្មានយកច្រើនប្រឌិតយករបស់ដែលចាប់មិនបាន ស្មានមិនត្រូវដូចឃើញអ្វីដូចឮអ្វីប្លែកសម្បើម ក៏ស្មានថា ប្រហែលជាមានអ្វីវិសេសអស្ចារ្យនៅក្នុងទីនោះ ។ ហើយក៏បបួលគ្នាគោរពបូជា ក៏កើតឡើងជាសាសនាមួយឡើងទៀត ។ ន័យមួយទៀត សូម្បីសាសនាដែលកើតឡើងដោយគំនិតអ្នកដើមល្អនោះសោត អាចក្លាយទៅជាអាក្រក់វិញក៏សឹងមាន ព្រោះក្លាយដោយគំនិតរបស់ពួកសាវក គឺអ្នកដែលទទួលកាន់ការតៗមកនោះយល់សេចក្តីមិនដល់ នឹងយល់សេចក្តីហួស ឬជ្រកកោនសាសនាតែខ្លួន ចំណែកចិត្តនោះនៅតែមិនលះបង់សេចក្តីអាក្រក់ គិតយកសុខចំពោះខ្លួនច្រើនជាង សុខធំជាសុខសាធារណ៍ដល់អ្នកដទៃ ដែលនាំឲ្យចំរើនដល់ជាតិប្រទេសជាដើម ជាការឃ្វៀងឃ្វាតអំពីបំណងរបស់អ្នកមុនដំបូងបំផុត ។ ហេតុនោះគួរយល់ថាការកាន់សាសនាមួយៗនោះមិនមែនសុទ្ធតែបានសុខទាំងអស់នោះទេ គួរគិតពិចារណាឲ្យឃើញហេតុផលល្អិតល្អផង ទើបជាការល្អ កុំឲ្យប្រើវិធីរមូលលេបនោះ នាំឲ្យទាស់ដល់ខ្លួន ព្រោះថាបើយើងជាអ្នកចង់សុខ ហើយធ្លាក់ខ្លួនទៅជាឈ្លើយ របស់សាសនាប្ល៉ម ឬលើពួកអ្នកដែលដឹកនាំអាក្រក់ហើយយើងនឹងក្លាយខ្លួនទៅជាចំណី ទៅជាបរិវារឬដូចគេថាទៅគ្រាន់ហែលមកដល់ត្រើយ ហើយរកសំពត់ស្លៀកពាក់គ្មាន ក៏យកឈើខ្ទាស់ស្លៀកដើរមកសុំបាយអ្នកស្រុកទទួលទាន ។ អ្នកស្រុកសំគាល់ថាជាអរហន្តវិសេស ក៏នាំគ្នាគោរពបូជាដោយលាភសក្ការៈ ឯអ្នកនោះយល់ឃើញថាខ្លួនដែលសម្បូរដោយគ្រឿងសក្ការៈនេះ ព្រោះដោយសារតែសំលៀកស្លឹកឈើនេះ ហើយក៏ទំរន់នៅស្លៀកតែស្លឹកឈើ ទោះគេយកសំពត់ទៅឲ្យក៏មិនព្រមស្លៀក សំដែងពុតថាជាអ្នកប្រាថ្នាតិច តាំងការប្រៀនប្រដៅអ្នកស្រុកតាមតែនឹកឃើញ កើតបានជាលទ្ធិ១ឡើង ។ រឿងភិក្ខុទេវទត្តប្រាថ្នាចង់ធំ ហើយទៅសូមការគ្រប់គ្រងគណៈសង្ឃអំពីព្រះពុទ្ធ លុះមិនសមដូចសេចក្តីប្រាថ្នា ហើយរិះគិតបង្កើតវត្ថុ៥ប្រការ ឲ្យតឹងជាងព្រះពុទ្ធ ដើរញ្ឆោតពួកអ្នកល្ងង់ឲ្យភាន់ភាំងជឿថាខ្លួនប្រព្រឹត្តតឹងវិសេសជាងព្រះសម្ពុទ្ធនេះ ក៏ក្លាយទៅជាលទ្ធិសាសនាមួយដោយឡែកទៀត ។ ការកាន់សាសនាគួរពិនិត្យឲ្យឃើញសមហេតុសមផល កុំយកអាការកិរិយាក្រៅជាប្រមាណ ដូចឃើញថា គេមានហើយ គេធំហើយ គេសុទ្ធតែចេះ សុទ្ធតែត្រូវនោះ ដូចពាក្យលោកថា “ជើង៤ជួនមានភ្លាត់ ទោះចេះស្ទាត់ លែងអ្វីមិនភ្លាំង” គួរនឹកដល់រឿងជាតកដែលដំណាលអំពីពោធិសត្វនឹងពួកអ្នកជំនួញរទេះ ព្រមចិត្តគ្នាបររទេះកាត់ទីវាលខ្សាច់ដ៏ធំ ក្នុងពេលយប់ ដោយអាងយកអ្នកស្គាល់ផ្កាយ ឲ្យជាមគ្គនាយកនាំផ្លូវ លុះរទេះបរទៅជាងពាក់កណ្តាលយប់ នឹងជាងពាក់កណ្តាលផ្លូវហើយ អ្នកនាំផ្លូវនោះងក់ដេកលក់ នាំរទេះវិលក្រោយវិញ ទម្រាំតែដឹងជាត្រឡប់ក្រោយវិញ ក៏ជិតភ្លឺណាស់ទៅហើយៗ នៅចំកណ្តាលវាលខ្សាច់ ឆ្ងាយអំពីមាត់ព្រៃទាំងសងខាង ដែលជាហេតុនាំគ្នាក្តៅស្លាប់ក្នុងពេលព្រះអាទិត្យរះឡើង តែទទួលជួនពេលនោះ មានព្រះពោធិសត្វមានប្រាជ្ញា ជួយប្រាប់ឧបាយឲ្យរទេះមកព័ទ្ធដំកង់ជុំវិញ ហើយយកសំពត់ចេញមកត្រដាងជាបារាំបាំងនឹងរកកន្លែងជីកអណ្តូងប្រយោជន៍ឲ្យបានទឹកសម្រាប់ប្រើប្រាស់ ការពារក្តៅនឹងស្រេក ។ រឿងនេះជាគតិឲ្យឃើញថា កុំឲ្យទុកចិត្តគេចេះគេគ្រាន់បើ គេជាលោកគ្រូគ្រប់កន្លែងពេក តែហាមថាជឿអ្វីឲ្យមានរិះគិតផងទើបល្អ ។ ការយកចិត្តទុកដាក់ប្រតិបត្តិតាមពាក្យប្រៀនប្រដៅ ដែលហៅថា សាសនាល្អនោះ រមែងបានសេចក្តីសុខ ។ ការកាន់តាមសាសនាហើយត្រឡប់បានទុក្ខនោះ ទាស់មកពីធ្លាក់ខ្លួនទៅលើសាសនាប៉្លម នឹងជឿប្រកាន់តាមសេចក្តីដឹកនាំរបស់សមណញ្រហ្មណ៍ ដែលមានគំនិតទុច្ចរិត ឬក៏ដោយហេតុដែលធ្វើតាមដល់កម្រិតនិងហួសកម្រិតធម៌ ដែលគេកំណត់ឲ្យធ្វើ រឿងនេះគួរគិតដូចអាហារ ដែលបរិភោគ ។ ធម្មតាអាហារទាំងអស់កុំឲ្យចូលចិត្តថា សុទ្ធតែទទួលទានឲ្យរស់ខ្លួននោះ មានឲ្យស្លាប់ខ្លួនវិញក៏សឹងមានដែរ ។ ដូចម្តេចដែលបរិភោគត្រឡប់ជាស្លាប់ខ្លួននោះ? ។ ដូចបរិភោគអួល បរិភោគអាហារផ្អូម, អាហារដែលបណ្តាលឲ្យកើតរោគពួកនេះ បើទុកជាមិនដល់ស្លាប់ ក៏គង់បានទុក្ខវេទនាក្បែរស្លាប់មិនខាន នេះឯងដូចគ្នានឹងការកាន់សាសនាត្រូវល្អ តែកាន់ធូរថយខ្ជីខ្ជាឬតឹងរ៉ឹងហួសហេតុ នឹងកាន់សាសនាប៉្លម ឬសាសនាដែលមានមនុស្សខូចប្ល៉មខ្លួនអែបនែបនៅខាងក្នុងនេះហើយការកាន់សាសនាដែលត្រឡប់បានផលផ្ទុយ គឺត្រឡប់ផ្ទុយទុក្ខជំនួសសុខ ។ អស់លោកទាំងឡាយគួររើគំនិតគិតជាថ្មីឡើងវិញ ការកាន់សាសនាហើយមិនបានសុខចំរើនសមដូចសេចក្តីប្រាថ្នានោះ ក្រែងមានបើយើងកាន់ទាស់អ្វីហើយទេដឹង បានជាមិនបានផលសមបំណងយ៉ាងនេះ ។ គួរគិតថា សូម្បីតែការស្លដណ្តាំ ទោះជាមានបន្លែត្រីអ្វីសព្វគ្រប់ គង់មានខ្លះស្លមិនបានការ មិនមានរសជាតិ មិនឆ្ងាញ់ បរិភោគមិនកើត នេះមកពីផ្សំគ្រឿងមិនត្រូវ ។ ការដាំបាយក៏មានទំនងដូចគ្នា ដាំឲ្យឆៅឲ្យជ្រាយហួសឲ្យខ្លោចឬទាំងឆៅទាំងជ្រាយ ទាំងខ្លោច តើនឹងទទួលទានកើតឬទេ? មួយទៀតដូចនាឡិកា ដែលយឺតពេក លឿនពេកឬឈប់ មិនដើរ មិនទៀតទាត់ តាមកំណត់ពេលវេលា យ៉ាងនេះតើនឹងអាស្រ័យយកជាគ្រឿងប្រាប់កាលវេលាបានឬទេ? បើយ៉ាងហ្នឹងគួរនឹងចោលទៅឬគួររើខ្ចៅដុសលាងដាក់ប្រេងរៀបចំឲ្យត្រូវខ្ចៅឡើងវិញ? ឧបមាមួយទៀតការកាន់ធម៌មានគតិដូចឳបកែវដំបូក កាន់ខ្ជីខ្ជាក៏ធ្លាក់បែក កាន់ប្រយ័ត្នជ្រុលឳបរិតខ្លាំងពេកក៏បែកដូចគ្នា ។ ព្រះពុទ្ធសាសនារបស់យើង ឈ្មោះថាកើតឡើងដោយសេចក្តីបរិសុទ្ធ ព្រោះព្រះសម្ពុទ្ធដែលជាអ្នកតាំងសាសនានេះឡើង ព្រះអង្គជាតិជាក្សត្រិយ៍ បានសោយរាជសម្បត្តិយ៉ាងសុខសប្បាយ ហើយទ្រង់លះរាជសម្បត្តិចោល ចេញទៅសាងព្រះផ្នួស ទ្រង់ខំធ្វើទុក្ករកិរិយាជាការធ្វើតាមសាសនាដទៃៗ ដែលមានក្នុងសម័យនោះ ដើម្បីពិសោធន៍ល្បងឲ្យដឹងលទ្ធិសាសនាទាំងនោះ អស់វេលា ៦ ឆ្នាំ ទើបទ្រង់ត្រឡប់ធ្វើតាមព្រះសតិបញ្ញារបស់ព្រះអង្គ ក៏បានត្រាស់ជាព្រះសម្មាសម្ពុទ្ធឡើងក្នុងលោក ។ ពុទ្ធសាសនាយើងនេះ ឥតមានការរង្កៀសថា ម្ចាស់សាសនានេះ ជាជាតិថោកទាប ព្រោះព្រះអង្គជាក្សត្រិយ៍ ។ ឥតមានរង្កៀសថាព្រះអង្គជាអ្នកក្រីក្រ តាំងសាសនាដោយប្រាថ្នានឹងចិញ្ចឹមជីវិតនោះ ព្រោះព្រះអង្គបានសោយរាជ្យ ។ ឥតមានរង្កៀសថា ក្រែងព្រះអង្គប្រដៅមិនត្រូវមិនត្រឹមស្មើនឹងសាសនាដទៃនោះ ព្រោះព្រះអង្គពិនិត្យល្បងមើលលទ្ធិសាសនាដទៃ ដោយការធ្វើទុក្កកិរិយាអស់៦ឆ្នាំហើយ ។ ធម៌ដែលព្រះពុទ្ធទ្រង់សំដែងទាំងប៉ុន្មាន ឈ្មោះថាព្រះអង្គបានពិនិត្យស្រិតស្អាតល្អសព្វគ្រប់ហើយ ប្រៀបដូចជាងមាសបានដេញមន្ទិលមាសចេញស្អាតហើយ ទើបរចនាជាប្រដាប់ប្រដាសង្វារខ្សែកជាដើម ។ ព្រះបរមសាស្តារបស់យើង ឈ្មោះថាមានព្រះប្រាជ្ញាបរិសុទ្ធខ្ពស់បំផុតពិត ព្រោះព្រះអង្គប្រដៅសាសនាក្នុងរវាង ៤៥ វស្សា ធ្វើការមិនមានស្ទោក ទោះជាមានពាលគិតបៀតបៀនខ្លះ ក៏ព្រះអង្គមិនដែលមានគ្រោះថ្នាក់អ្វី ប្រសិនបើព្រះអង្គមិនឆ្លាត សំដែងធម៌មិនត្រូវ ហើយទ្រង់ប្រកាសសាសនាក្នុងកណ្តាលពួកសាសនាដទៃ ដែលជាការដូចជាប្រណាំងប្រជែងនឹងសាសនារបស់គេ ជាហេតុនាំឲ្យគេទាស់ចិត្តគិតព្យាបាទយ៉ាងនេះ ម្ល៉េះសមជាព្រះអង្គគង់ត្រូវគេធ្វើអន្តរាយអ្វីខ្លះមិនខានទៅហើយៗ មួយទៀត ពុទ្ធសាសនានេះ ក៏ឈ្មោះថាមានមកយូរឆ្នាំរាប់ប្រមាណជាងពីរពាន់ប្លាយឆ្នាំហើយ ប្រសិនបើធម៌នោះមិនពិតមិនត្រឹមត្រូវ ប្រហែលជាពុទ្ធសាសនានេះមិនគង់អាយុមកដល់យើងសព្វថ្ងៃនេះទេ តែពុទ្ធសាសនាមានដំឡៃ ចំពោះអ្នកស្គាល់ប្រយោជន៍ចេះប្រើ បើមិនស្គាល់ទេ ឬធ្លាក់ទៅលើពួកដែលឥតពិចារណាហើយ ក៏មិនខុសអំពីពាក្យលោកថា “ស្វាបានកែង” ប៉ុន្មានទេ ហេតុនេះហើយ បានជាមានពួកដែលមិនស្គាល់ដំលៃពុទ្ធសាសនា ច្រើនតិះដៀលថា ពុទ្ធសាសនាឥតផលប្រយោជន៍ គិតងាកចោលពុទ្ធសាសនា បែរគំនិតទៅជាមនុស្សទំនេរឯងៗ ឬទៅចូលកាន់លទ្ធិដទៃដែលជារបស់អសារឥតការសោះ ក៏សឹងមាន សូមឲ្យមានគំនិតថា មុនដែលចោលពុទ្ធសាសនា គួរសង្កេតឲ្យអស់ជើងសិន ក្រែងចុះក្នុងដំរាលោកថា “ចាក់អង្ករយកអង្កាម” វិញទេដឹង គួរចាំទុកថា ពុទ្ធសាសនានេះ បើយើងដុសខាត់ពិចារណាណាស់ ក៏រិតតែជ្រះថ្លាណាស់ ព្រោះឱវាទក្នុងសាសនានេះបរិសុទ្ធល្អបំផុត ឥតមានមន្ទិលដែលនាំអ្នកកាន់តាមឲ្យវិនាសឡើយ ។
២) សេចក្តីប្លែករបស់ពុទ្ធសាសនានឹងសាសនាដទៃ គួរជ្រាបថាសាសនាក្នុងលោកនេះ ពិតមែនជាមានច្រើន មានលទ្ធិផ្សេងៗគ្នា តែក៏មិនមែនហួសវិស័យដែរយើងនឹងកំណត់មិនបាននោះទេ មានលទ្ធិប្លែកគ្នាតែពីរបីយ៉ាងប៉ុណ្ណោះ គឺពួកមួយអាងកម្ម (អាងយកអំពើដែលសត្វធ្វើនោះ ជាហេតុឲ្យសុខឲ្យទុក្ខ) ។ ពួកមួយអាងយកវត្ថុខាងក្រៅប្រកាន់ថា សត្វដែលបានសុខក្តី ទុក្ខក្តី មកអំពីអ្នកវិសេសណាមួយចាំឲ្យ ។ មួយពួកទៀតបដិសេធទាំងកម្មទាំងអ្វីៗខាងក្រៅទាំងអស់ ជឿប្រកាន់ថាស្រេចតែនឹងទទួលជួន ដូចការប្រព្រឹត្តិអំពើអាក្រក់ណាមួយ កុំឲ្យតែគេដឹងគេចាប់បាន ក៏រួចខ្លួនគ្មានបាបអ្វីទេ ។
ពួកទី១ ធ្វើអំពើអ្វីៗ ប្រយ័ត្នតែកាយវាចា-ចិត្តមិនឲ្យទាស់ ប្រព្រឹត្តធ្វើតែកាយ-វាចា-ចិត្តឲ្យសុចរិត។
ពួកទី២ ធ្វើអ្វីៗ ដោយកាយ-វាចា-ចិត្តហើយ ក៏មិនគិតដល់កម្ម គិតប្រុងប្រយ័ត្នកុំឲ្យទាស់នឹងរបស់ខាងក្រៅប្រព្រឹត្តផ្គាប់ចិត្តបួងសួងបន់ស្រន់ចំពោះរបស់សក្កិសិទ្ធិ៍ដែលខ្លួនជឿប្រកាន់ថា ជាអ្នកចាំឲ្យសុខឲ្យទុក្ខ ។
ពួកទី៣ លែងគិតអ្វីទាំងអស់ប្រើតែប្រាជ្ញាប្រុងគេចវេះ កុំឲ្យតែគេចាប់បានប៉ុណ្ណោះ ។ ចំណែកព្រះពុទ្ធជាម្ចាស់របស់យើងទ្រង់អាងយកកម្មជាធម៌ ទ្រង់ប្រដៅឲ្យប្រុងកាយ-វាចា-ចិត្តឲ្យស្អាត លះបង់ទុច្ចរិត ឱ្យប្រព្រឹត្តសុចរិត ព្រោះថាសុខ-ទុក្ខទាំងពួង ស្រេចហើយតែនឹងធ្វើ បើធ្វើល្អក៏បានល្អ ធ្វើអាក្រក់ក៏បានអាក្រក់ មិនមានអ្នកណាមួយឲ្យសុខទុក្ខដល់គ្នាបានទេ ទុកជាអ្នកក្រៅគេឲ្យសុខឲ្យទុក្ខក្តី ក៏អាស្រ័យមកអំពីអំពើល្អ អាក្រក់របស់ខ្លួនដែរ ។ ការដែលធ្វើល្អហើយមិនបានសុខសមបំណងនោះត្រូវចូលចិត្តថាមកអំពីខ្លួនធ្វើទាស់ទេ ដូចអធិប្បាយមកហើយអំពីខាងដើម ហេតុនោះ បើយើងជាអ្នកកាន់ពុទ្ធសាសនាពិត គួរយើងគិតប្រកាន់តែកម្មឲ្យមាំកុំអាងវត្ថុខាងក្រៅ ដូចអាងរកអ្នកវិសេស អ្នកមានបុណ្យពេកនោះ ជាការហួសហេតុហើយ ត្រូវខំតែធ្វើឲ្យត្រូវតាមព្រះដំបូន្មានព្រះសម្ពុទ្ធឲ្យសព្វគ្រប់ចុះ សេចក្តីសុខកាយសប្បាយចិត្តប្រាកដជានឹងបានដូចសេចក្តីប្រាថ្នាមិនខានឡើយ ។
៣) ពាក្យប្រៀនប្រដៅក្នុងសាសនាទាំងអស់ គួរយើងកំណត់ទុកថាពួកខ្លះប្រដៅឲ្យស្គាល់តែប្រយោជន៍បច្ចុប្បន្នប៉ុណ្ណោះ ខ្លះក៏ប្រដៅឲ្យស្គាល់ទាំងប្រយោជន៍បច្ចុប្បន្ននឹងអនាគត ខ្លះក៏ប្រដៅឲ្យស្គាល់រហូតដល់បរមត្ថប្រយោជន៍ គឺប្រយោជន៍ខ្ពស់បំផុត ដែលជាសុខទៀងទាត់ឥតប្រែប្រួល (ប្រយោជន៍ព្រះនិញ្វន) ។ ន័យមួយទៀតពួកខ្លះប្រដៅបានចំពោះតែត្រង់កុំឲ្យធ្វើអាក្រក់ នឹងប្រដៅឲ្យធ្វើល្អដែលជាកិច្ចឲ្យរក្សាល្អបាន ចំពោះតែកាយនឹងវាចាប៉ុណ្ណោះ ខ្លះក៏ប្រដៅឲ្យចេះដុសខាត់ចិត្តឲ្យស្អាតថែមទៀត ។ ក្រៅអំពីព្រះពុទ្ធសាសនាហើយ ឃើញថា ប្រដៅប្រយោជន៍មិនបានគ្រប់ទាំង៣នោះទេ ទាំងប្រដៅមិនបានគ្រប់ទាំងកាយ-វាចា-ចិត្តនោះទេ ។
៤) ការកាន់សាសនាមានប្រយោជន៍អ្វី? ត្រង់នេះគួរជ្រាបដល់របស់ដែលយើងត្រូវរៀននឹងត្រូវធ្វើជាមុនសិន ។ របស់ដែលត្រូវរៀនត្រូវធ្វើក្នុងលោកនេះសោត ពិតមែនជាមានច្រើនរាប់ស្ទើរមិនអស់ តែក៏ច្រើនចំពោះតែមុខការទេ បើនឹងទាញយកមកដាក់ក្នុងខ្លួនយើងហើយក៏នឹងឃើញថា យើងដែលនឹងខំរៀនខំធ្វើទាំងអម្បាលម៉ាន ប្រយោជន៍តែនឹងចិញ្ចឹមជីវិត នឹងរក្សាខ្លួនឲ្យល្អប៉ុណ្ណោះ។ វិជ្ជាលេខ-អក្សរ-ត្បាញ-រវៃ-ជំនួញ នឹងគ្រឿងយន្តជាដើម ជាវិជ្ជាសម្រាប់ចិញ្ចឹមជីវិត ។ វិជ្ជាដែលគិតធ្វើដូចម្តេចក្នុងពេលដែលយើងមានប្រាក់ចាយ មានបាយទទួលទានហើយឲ្យបានសុខផងនោះ នេះជាវិជ្ជារក្សាខ្លួន សំដៅយកចរិយា (សេចក្តីប្រព្រឹត្តិ) ។ មនុស្សដែលកើតក្នុងត្រកូលខ្ពស់ត្រកូលអ្នកមានស្តុកស្តម្ភ មានវិជ្ជាសម្រាប់ចិញ្ចឹមជីវិតហើយ នៅតែមិនបានសុខនោះ មកតែពីគ្មានចរិយា គឺវិជ្ជារក្សាខ្លួននេះ ត្រូវតែយកចិត្តទុកដាក់វិជ្ជានេះជាងវិជ្ជាចិញ្ចឹមជីវិតទៅទៀត ។ ព្រោះវិជ្ជារក្សាខ្លួននេះជាមេលើវិជ្ជាទាំងអស់ ។ គួរជ្រាបថាខ្លួនយើងនេះចែកជាពីរចំណែកគឺរូបកាយ១ នាមកាយ១ ។ ធាតុទាំង៤ គឺ ដីទឹកភ្លើងខ្យល់ (បានដល់សាច់សរសៃ, សក់, ឆ្អឹង, ឈាម, ខ្យល់ដង្ហើមចេញចូលនឹងរបស់ក្តៅជាដើម ដែលកឡើងបានជារូបរាងកាយនេះ) ១ចំណែក, របស់ដែលមានតែឈ្មោះដូចវេទនា (ការទទួលសុខ-ទុក្ខ-ឧបេក្ខា), សញ្ញា (សេចក្តីកត់សំគាល់ចាំបាន), សង្ខារ (ការតាក់តែងឲ្យកើតឲ្យមានឡើង), វិញ្ញាណ(ការទទួលដឹងការល្អ-អាក្រក់) ដែលជាប៉ែករួមចូលខាងចិត្តនេះ១ចំណែក ។ វិជ្ជាចិញ្ចឹមជីវិតសម្រាប់ទំនុកបំរុងរូបកាយនេះ ឲ្យស្រស់ឲ្យសុខ រួមសេចក្តីឲ្យខ្លីគឺវិជ្ជាឲ្យសុខកាយ នឹងវិជ្ជាឲ្យសប្បាយដល់ចិត្ត ។ វិជ្ជាឲ្យសុខកាយនេះ ជាភារៈលើយើងរាវរកខ្លួនឯងចុះ សាសនាទទួលប្រាប់ពន្យល់តែវិជ្ជារក្សាខ្លួនប៉ុណ្ណោះ ព្រោះវិជ្ជានេះក្រហើយជាវិជ្ជាមួយគាំទ្រវិជ្ជាដទៃទាំងអស់ ។ ចរិយាគឺវិជ្ជាខាងសេចក្តីប្រព្រឹត្តខ្លួនឲ្យបានសុខនេះ ក្នុងព្រះពុទ្ធសាសនាយើង សម្បូរបំផុតឥតខ្វះ មិនបាច់យើងទៅអាស្រ័យសាសនាដទៃទេ ។ គួរចាំទុកថា ចរិយាក្នុងពុទ្ធសាសនានេះ បើរៀនបានហើយប្រព្រឹត្តតាមបានត្រឹមត្រូវហើយ សេចក្តីសុខកាយសប្បាយចិត្តក៏នឹងបានព្រម ដោយហេតុវិជ្ជានេះជាកម្លាំងជួយដោលគំនិតយើងឲ្យកើតសេចក្តីឧស្សាហ៍ខំស្វែងរកហេតុដែលឲ្យយើងបានស្រួលទាំងកាយទាំងចិត្ត គឺមិនឲ្យយើងភ្លេចគិតលក់គំនិតគិតតែ១ផ្លូវៗ កុំឲ្យរកតែវិជ្ជាប្រដៅខ្លួនមិនរកវិជ្ជារក្សាជីវិតផង ឬគិតតែវិជ្ជារក្សាជីវិតភ្លេចគិតរកវិជ្ជារក្សាខ្លួនផង ។ ហេតុនោះបើយើងប្រាថ្នាដើរឲ្យទាន់ជាតិគេជុំវិញខ្លួនយើងនោះ ត្រូវយើងកុំលក់គំនិតដូចកិច្ចដែលធ្លាប់ធ្វើមកហើយនោះ ត្រូវយើងរើគំនិតគិតឡើងជាថ្មីថា យើងខំរៀនវិជ្ជាចិញ្ចឹមជីវិតអ្វីមួយៗ ឲ្យចេះស្ទាត់ប្រាកដ ហើយខំរៀនវិជ្ជាប្រដៅខ្លួនឲ្យចេះមែនទែន ខំប្រព្រឹត្តឲ្យបានល្អទាំងកាយវាចាចិត្តតាមគន្លងច្បាប់ ដែលព្រះសម្ពុទ្ធទ្រង់ប្រោសប្រទានទូន្មានមក ។ ត្រង់ដែលយើងខំធ្វើបានយ៉ាងនេះ ប្រាកដជាបានសុខ ត្រង់បានសុខនេះហើយត្រូវចូលចិត្តថា ហ្នឹងហើយដែលហៅថាបានបុណ្យ ព្រោះពាក្យថាបុណ្យ ក៏សំដៅយកសេចក្តីសុខកាយសុខចិត្តទាំងពីរនេះ ។ ការតាំងសាសនាប្រយោជន៍ឲ្យបានបុណ្យគឺឲ្យបានសុខទាំងពីរផ្លូវ ដែលលោកហៅថា កាយិកសុខ (សុខខាងកាយ) ចេតសិកសុខ (សុខខាងគំនិត) ដូចអធិប្បាយយកនេះឯង ។
៥) ពុទ្ធសាសនា ប្រែថាដូចម្តេច? ការដែលគេតាំងសាសនាឡើងមួយៗ សុទ្ធតែគេប្រកាសឈ្មោះ ប្រាប់ឈ្មោះអ្នកតាំងដើមក៏មាន យកសេចក្តីបំណងរបស់អ្នកតាំងផ្តើមឡើង តើគេប្រាថ្នាឲ្យអ្នកកាន់តាមបានប្រយោជន៍អ្វី នោះជាឈ្មោះក៏មាន ដូចសាសនា មោហម័ទ ឬហៅថាឥស្លាម សាសនាយេស៊ូឬកាតូលីក សាសនាអចេល អាជីវក បរិញ្វជក និគ្រន្ថ អន្យតិរ្ថិយ តាបស ឥសី ញ្រហ្មណ៍ជាដើម សាសនាពួកនេះសុទ្ធតែប្រកាសថា សាសនាគេនោះកំចាត់សេចក្តីអាក្រក់ប្រាថ្នាតិច វៀរបាបជុំវិញ ឥតធម៌អាក្រក់សាំញ៉ាំជាដើម តែនឹងបានល្អដូចគេថាមែនឬទេនោះ មិនបាច់និយាយដល់ ត្រូវយើងគិតចំពោះតែសាសនាដែលយើងកាន់នេះចុះ ដើម្បីឲ្យដឹងថា ព្រះបរមសាស្តារបស់យើងទ្រង់មានព្រះបំណងអ្វីនឹងគេដែរ បានជាទ្រង់តាំងសាសនានេះឡើង ។ ត្រង់នេះ ត្រូវយើងដឹងឈ្មោះជាពីរន័យគឺ គេហៅថា ពុទ្ធសាសនាក៏មាន ជួនណាគេហៅថា សាសនាព្រះសក្យមុនីក៏មាន ពាក្យថា សក្យមុនី ប្រែថាអ្នកប្រាជ្ញស្តេចសក្យ ឯពាក្យថា ពុទ្ធសាសនា នោះក៏ជាឈ្មោះប្រាប់បំណងដល់ការតាំងសាសនានេះ ដូចជាសាសនាដទៃ ដែលគេប្រាប់បំណងសាសនារបស់គេដែរ ព្រោះពុទ្ធសាសនានេះ ប្រែថា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធក៏បាន ថា ពុទ្ធ នេះមិនមែនជាព្រះនាមពីកំណើត ដែលព្រះវរមាតាបិតាថ្វាយនោះទេ មិនមែនជានាមជាតិដូចជាពាក្យសក្យនោះទេ ជាគុណនេមិត្តកនាម គឺព្រះនាមដែលគេថ្វាយតាមគុណសម្បត្តិដែលមានក្នុងព្រះអង្គ ព្រោះស័ព្ទថាពុទ្ធនោះ ប្រែថាភ្ញាក់ដូចគ្នានឹងពាក្យភ្ញាក់ពីដេកលក់ តែក្នុងទីនេះសំដៅយកភ្ញាក់ពីសេចក្តីល្ងង់ងងឹតដែលមិនដឹងអ្វី ដូចការមិនដឹងរបស់អ្នកដេកលក់នោះ សូម្បីពាក្យធម្មតាក៏គេតែងនិយាយថា អ្នកដែលចេះជាមនុស្សភ្ញាក់កំណើត មនុស្សបើភ្នែក មនុស្សមានធូលីតិចក្នុងភ្នែក ឯអ្នកល្ងង់វិញគេតែងនិយាយថា មនុស្សលក់គំនិត មនុស្សធ្មេចភ្នែក មនុស្សធូលីពេញភ្នែក ។ ព្រះសម្ពុទ្ធព្រះអង្គជាអ្នកប្រាជ្ញចេះបំផុត ព្រះអង្គបានភ្ញាក់អំពីដេកលក់គឺអវិជ្ជា បានជាគេថ្វាយព្រះនាមថា ព្រះពុទ្ធគឺព្រះអង្គហ្នឹងឯងដែលជាបុគ្គលភ្ញាក់កំណើត កើតគំនិតមែន ព្រះអង្គទ្រង់យល់ហេតុនាំឲ្យចំរើន ហេតុនាំឲ្យវិនាសទាំងក្នុងលោកនេះ នឹងលោកខាងមុខពិតប្រាកដ ហេតុនោះគួរជ្រាប់ថា ពុទ្ធសាសនានេះ គឺពាក្យប្រៀនប្រដៅរបស់អ្នកដែលភ្ញាក់កំណើត កើតគំនិតគឺរបស់បុគ្គលដែលជាអ្នកប្រាជ្ញពិតៗ ឬថាពាក្យប្រៀនប្រដៅបំណងឲ្យអ្នកកាន់តាម បានភ្ញាក់កំណើតកើតគំនិតបានចេះដឹងនឹងគ្រប់សព្វដែលនាំឲ្យចំរើនដល់ខ្លួននឹងញាតិដែលនៅរួបរួមគ្នា ។ ធម្មតាអ្នកដែលគេទុកថាបានភ្ញាក់កំណើតកើតគំនិតនោះ ជាមនុស្សចេះមានអធ្យាស្រ័យល្អ ចេះជួយសង្រ្គោះគ្នាមិនបៀនបៀនគ្នា ធ្វើខ្លួននឹងអ្នកដទៃឲ្យសុខកាយសុខចិត្តក្នុងបច្ចុប្បន្ននេះ ទាំងមិនឲ្យទាស់មិនឲ្យកើតទោសទៅអនាគតផង ។
៦) ពុទ្ធសាសនា ប្រដៅឲ្យភ្ញាក់គំនិតនោះ តើប្រដៅអ្វីខ្លះ? ផ្លូវដែលឲ្យកើតសុខក្តី ទុក្ខក្តីមាន ៣ គឺកើតអំពីកាយ១ផ្លូវ អំពីវាចា១ផ្លូវ អំពីចិត្ត១ផ្លូវ ហើយត្រូវប្រុងប្រយ័ត្នទ្វារទាំង៣ នេះ ជា៣ផ្លូវទៅទៀត គឺប្រយ័ត្នកុំប្រព្រឹត្តកាយ វាចា ចិត្តឲ្យអាក្រក់ដល់គ្នីគ្នា គឺកុំធ្វើបាបគ្នា កុំធ្វើអាក្រក់ កុំបៀតបៀនគ្នាគ្រប់យ៉ាង ព្រោះថាបើយើងនៅរួមគ្នាហើយ ប្រើកាយ វាចា ចិត្តអាក្រក់ដល់គ្នាទៅវិញទៅមក ព្រោះតែយើងចង់សុខតែឯងយ៉ាងនេះ អំពើពាលនេះហើយដែលនាំឲ្យវិនាសទាំងអស់គ្នា ព្យាយាមកុំធ្វើអាក្រក់ដល់គ្នានេះ១ផ្លូវ ។ ត្រូវឲ្យមានកាយវាចា ចិត្តស្លូតត្រង់ដល់គ្នា ឲ្យមានគំនិតគិតសង្រ្គោះគ្នា ជួយទំនុកបម្រុងគ្នាឲ្យបានសុខបានចំរើន ឲ្យមានមេត្តាករុណាអាណិតអាសូរដល់គ្នាទៅវិញទៅមក កុំឲ្យល្អតែកាយបែរទៅសំដីអាក្រក់ ឬល្អតែសំដី តែចិត្តអាក្រក់នោះមិនហៅថាល្អទេ ការដែលប្រព្រឹត្តកាយវាចាចិត្តឲ្យល្អតែសំដីតែចិត្តអាក្រក់ ជាហេតុឲ្យបានចម្រើន១ផ្លូវ ។ រួចហើយត្រូវប្រយ័ត្នសេចក្តីអាក្រក់ដែលកើតឡើងចំពោះចិត្ត ដែលនាំឲ្យបំផ្លាញខ្លួនក្តី បំផ្លាញដល់គ្នីគ្នាក្តី ខំទប់ខំអត់សង្កត់ប្រុងដុសខាត់ចិត្តឲ្យស្អាតផូរផង់ល្អដល់គ្នីគ្នានេះ១ផ្លូវទៀត ។ ន័យមួយទៀត ពាក្យថាបាបថា អាក្រក់នោះ តើអ្វីខ្លះ ដែលថាល្អនោះតើត្រង់ណាខ្លះ ។ យឺត, ប្រហែស, ខ្ជិលច្រអូស, ល្ងង់ជាដើម ហៅថាអាក្រក់ ។ រហ័ស, ប្រុងប្រយ័ត្ន, ឧស្សាហ៍, ចេះដឹងជាដើមហៅថាល្អ ។ ត្រូវកុំធ្វើអាក្រក់គ្រប់យ៉ាង ឲ្យធ្វើតែល្អគ្រប់យ៉ាងនឹងកុំឲ្យប្រយ័ត្នតែត្រង់ មិនធ្វើអាក្រក់ដល់គ្នីគ្នាប៉ុណ្ណោះ ហើយឥតមានការជួយសង្រ្គោះគ្នា ឥតមានរក្សាអធ្យាស្រ័យនោះ ក៏មិនឈ្មោះថានាំខ្លួននឹងជាតិឲ្យភ្ញាក់កំណើតកើតគំនិតឡើយ ។ បំណងពុទ្ធសាសនាប្រាថ្នាប្រដៅឲ្យយល់ផ្លូវ៣នេះឯង ។ អ្នកកាន់ពុទ្ធសាសនាពិតនោះ ត្រូវព្យាយាមធ្វើឲ្យបានទាំង៣ផ្លូវនេះ ទើបឈ្មោះថាធ្វើត្រូវតាមបំណងរបស់ព្រះបរមគ្រូរបស់យើងមែន ។ ក្រៅអំពីព្រះឱវាទនេះហើយ ព្រះពុទ្ធជាម្ចាស់ត្រាស់សំដែងបញ្ជាក់ថា ធ្វើជាអ្នកមានគំនិតដែលហៅថា បណ្ឌិតនោះត្រូវធ្វើប្រយោជន៍បច្ចុប្បន្ននេះ នឹងប្រយោជន៍អនាគត គឺមិនត្រូវគិតតែប្រយោជន៍បច្ចុប្បន្នសុទ្ធ ហើយចោលប្រយោជន៍បច្ចុប្បន្នផងនោះក៏មិនល្អទេ ។ មានមនុស្សជាច្រើនដែលគិតតែប្រយោជន៍មួយៗគឺគិតយកតែប្រយោជន៍បច្ចុប្បន្នសុទ្ធ ទោះបីអាក្រក់ល្អយ៉ាងណាក៏មិនរវល់ គិតឲ្យតែរួចខ្លួនមួយក្នុងបច្ចុប្បន្នក៏សឹងមានមួយពួកទៀតនោះប្រព្រឹត្តតែទៅមុខសុទ្ធ មិនរវល់គិតខាងអាយសោះ ដូចដំណើរដើរមើលហួសតែទៅមុខ ទាល់ចំពប់ជើងដួលក៏មិនរវល់ គឺគិតយកតែប្រយោជន៍អនាគតសុទ្ធ ត្រង់ប្រយោជន៍បច្ចុប្បន្ននេះចង់ខូចវិនាសយ៉ាងណាក៏មិនរវល់ដូចគេថាគិតតែដីស្ថានសួគ៌ ដីក្នុងស្ថានអាយនេះមិនរវល់សោះ ចង់ខូចវិនាសទៅយ៉ាងណា ក៏មិនយកចិត្តទុកដាក់សោះ ការគិតតែឯនាយសុទ្ធ ចោលឯអាយនេះ សង្ស័យក្រែងមិនបានសមបំណងទេដឹង ព្រោះមានពាក្យចាស់លោកប្រដៅថា “ភ្លឺពីមនុស្សលោកទើបរួចដល់សួគ៌នាយ” បើបច្ចុប្បន្ននេះងងឹតខូចទៅហើយ តើនឹងមិនខូចទៅឯនាយទៀតឬ? ការនេះបើសង្កេតពិចារណាឲ្យល្អិតទៅ ក៏នឹងឃើញថាមែន ព្រោះមនុស្សទុគ៌តខ្សត់ទ្រព្យសម្បត្តិយសសក្តិសតិបញ្ញាក្នុងបច្ចុប្បន្ននេះហើយ មុខជានឹងអភ័ព្វក្នុងការធ្វើការរក្សាសីលជាដើមហើយ ព្រោះសេចក្តីក្រគ្របសង្កត់ឃាត់ឧបនិស្ស័យទៅមុខគ្រប់ផ្លូវ ហេតុនោះគួរខំធ្វើតាមព្រះឱវាទនេះចុះ គឺត្រូវធ្វើដូចម្តេចឲ្យបានប្រយោជន៍ទាំងបច្ចុប្បន្ន នឹងអនាគតកុំគិតតែប្រយោជន៍មួយៗទើបហៅថា បណ្ឌិតបាន ។ ព្រះពុទ្ធសាសនាយើង ជាសាសនាបំភ្លឺប្រយោជន៍គ្រប់យ៉ាងល្អបំផុត តែដែលយើងយកប្រយោជន៍មិនបាននេះ មកតែពីមិនចេះ មិនយកចិត្តទុកដាក់សង្កេតពិចារណាបានថា បានសាសនាយ៉ាងល្អហើយត្រឡប់ជាអសារឥតការទៅវិញយ៉ាងនេះ ហេតុនោះគួរអ្នកកាន់ពុទ្ធសាសនាទាំងឡាយខំរៀន ជួយទំនុកបម្រុងការរៀន កុំទំរន់នឹងការរៀន ព្រោះការរៀនច្រើនដឹងច្រើន ទើបយោងខ្លួនបាន មិនភាន់ច្រឡំខុសជាត្រូវ ទាំងមិនមានអ្នកណាអាចបោកបញ្ឆោតដឹកនាំទៅផ្តេសផ្តាសបានផង ។ ក្នុងទីបំផុតនេះសូមអស់លោកទាំងឡាយ តាំងព្យាយាមធ្វើប្រយោជន៍ដល់ខ្លួន នឹងប្រយោជន៍ដល់គ្នីគ្នា កុំគិតតែប្រយោជន៍ខ្លួនចោល ប្រយោជន៍អ្នកដទៃ ឬគិតតែប្រយោជន៍អ្នកដទៃ ចោលប្រយោជន៍ខ្លួននោះ ព្រោះថាប្រយោជន៍ទាំងពីរខាងនេះទាក់ទងរកគ្នា បើគិតសុខតែខ្លួន មិនគិតសុខអ្នកដទៃផងនោះ ខ្លួនឈ្មោះថាមិនបានសុខទេ ឬគិតតែសុខគេ សុខរបស់ខ្លួនមិនគិតសោះនោះ ក៏មិនបានសុខដូចគ្នាដែរ ។ ៚
ចប់
វាយអក្សរកុំព្យូទ័រដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន ។
វត្តខេមររតនារាម, ថ្ងៃ២៥ ខែសីហា ឆ្នាំ២០០៩
🔸Last Updated កំណែចុងក្រោយ on August 4, 2024