ទ្រង់ត្រាស់ដឹង
កាលព្រះសិទ្ធត្ថដ៏មានបុណ្យ | ព្រះជន្មដប់ប្រាំមួយវស្សា |
ទ្រង់សោយរាជ្យជួសព្រះបិតា | គ្រប់គ្រងរដ្ឋាកបិលពស្តុ។ |
ជាមួយព្រះនាងយសោធរា | ពិម្ពាក្សត្រីស្រីល្អស្រស់ |
ប្រសើរលើសស្រីស្នំទាំងអស់ | ប្រកបដោយយសថ្កើងណាស់ណា។ |
លុះដល់ព្រះជន្មបានគ្រប់ធួន | ម្ភៃប្រាំបួនព្រះវស្សា |
ទ្រង់បានឱរសមួយថ្លៃថ្លា | នាមថារាហុលល្អប្រិមប្រិយ។ |
ក្នុងថ្ងៃរាហុលកើតនោះមិញ | ទ្រង់ចេញបព្វជ្ជាដោយឃ្មាតខ្មី |
បច្ឆិមបដិបត្តិតឹងពេកក្រៃ | ដើម្បីឱ្យឆាប់បានត្រាស់ដឹង។ |
ក្រោយពេលទ្រង់លះព្រះកិរិយា | ទុក្ករៈនោះណាទ្រង់រំពឹង |
មជ្ឈិមបដិបត្តិបានត្រាស់ដឹង | ធម៌ថ្លៃឥតថ្លឹងដ៏ក្សេមក្សាន្ត។ |
នៅនាថ្ងៃពុធពេញបូណ៌មី | ពិសាខរង្សីរកាបាន |
ជាសព្វញ្ញពុទ្ធថ្កើងថ្កាន | ព្រះញាណប្រាជ្ញប្រោសឆ្លុះលោកា។ |
នៅក្រោមដើមពោធិ៍មានមង្គល | នៅត្រង់មណ្ឌលឈ្មោះគយា |
ក្បែរឆ្នេរនទីនេរញ្ជរា | បានជាគ្រូគ្រប់សព្វភពបី។ |
ទីទ្រង់ត្រាស់ដឹងនោះព្រះបាទ | អសោកនាថស្តេចផែនដី |
ទ្រង់សាងព្រះស្តូបល្អប្រិមប្រិយ | រំសម្គាល់ទីដីទ្រង់ត្រាស់ដឹង។ |
ខ្ញុំសូមក្រាបថ្វាយបង្គំវន្ទា | ឆ្ពោះព្រះភគវាជាទីពឹង |
ព្រះអង្គឈ្នះមារហើយត្រាស់ដឹង | សម្លឹងត្រើយនាយនិព្វានពិត។ |
សូមបុណ្យដែលយើងរួបរួមគ្នា | ព្យាយាមពុះពារទាំងឆ្ងាយជិត |
ទោះក្តៅរងា យប់ងងឹត | ប្រឹងអស់កាយចិត្តដ្បិតជ្រះថ្លា។ |
សូមបុណ្យទាំងនេះជួយនាំមុខ | ឱ្យឆ្លងផុតទុក្ខដូចប្រាថ្នា |
សូមឱ្យបានកើតជាតិណាៗ | ជួបទាន់សាសនាព្រះទ្រង់ញាណ។ |
សូមកុំឱ្យជួបភយន្តរាយ | រោគាទាំងឡាយកុំឱ្យមាន |
សូមកុំឱ្យជួបការអត់ឃ្លាន | រហូតនិព្វានកុំខានឡើយ។ |
សូមឱ្យលោកអ្នកបានសូធ្យស្តាប់ | ប្រវត្តិសារសព្ទព្រះភគវា |
បានសុខចម្រើនគ្រប់ៗគ្នា | កុំបីឃ្លាតឃ្លាគ្រាណាឡើយ។ |

និពន្ធដោយៈ ឧបាសក គុយ សុធន Kuy, Sothon

Facebook Comments