នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸គួរធើ្វនូវបុណ្យទាំងឡាយ ដែលនាំសេចក្ដីសុខមកឲ្យ។
ទិសានមស្សការ ៦ យ៉ាង
បទពាក្យប្រាំពីរ
| ទី១- | ខាងកើតទិសបុព្វា | ទុកជាមាតាបិតា |
| ដែលបង្កើតបុត្រក្នុងលោក | គួរកូនស្នេហាអស់ពីចិត្ត ។ | |
| ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ | ដែលអ្នកប្រាជ្ញផ្តាំមានកំរិត | |
| កម្រៃថ្លៃគុណលោកអាណិត | ដោយមេត្តាចិត្តជួយកូនថ្លៃ ។ | |
| ទី២- | ខាងត្បូងទិសទក្ខិណា | ទុកជាអាចារ្យយើងសព្វថ្ងៃ |
| ដែលបង្រៀនធម៌ល្អថ្លាថ្លៃ | ឱ្យបាននិស្ស័យទៅនិព្វាន ។ | |
| ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ | ដែលអ្នកប្រាជ្ញផ្តាំទុកទូន្មាន | |
| គឺពាក្យជាច្បាប់ឱវាទាន | ទាំងនោះត្រូវមានចិត្តជ្រះថ្លា ។ | |
| ទី៣- | ខាងលិចទិសបច្ឆិមា | នោះលោកទុកជាបុត្តភរិយា |
| ដែលនៅក្រោយខ្នងយើងរាល់គ្នា | នោះគឺជាក្រោមបង្គាប់ខ្លួន ។ | |
| ត្រូវធ្វើសង្គ្រោះដោយធម៌ប្រាំ | ដែលអ្នកប្រាជ្ញផ្តាច់មាំមួន | |
| ថាត្រូវមានចិត្តអាណិតខ្លួន | កុំមានគុំគួនឬគ្នាន់ខ្នាញ់ ។ | |
| ទី៤- | ខាងជើងទិសឧត្តរា | លោកទុកថាមិត្រសំឡាញ់ |
| ដែលមានចិត្តស្មើឥតផ្ចាលផ្ចាញ់ | រាប់អានស្រឡាញ់ឥតអាក់ឡើយ ។ | |
| ត្រូវប្រតិបត្តិគ្នាដោយធម៌ប្រាំ | ដែលអ្នកប្រាជ្ញផ្តាំផ្តាច់មកហើយ | |
| បើមិត្រមានទុក្ខជួយឱ្យស្បើយ | កុំខានសោះឡើយទើបត្រូវធម៌ ។ | |
| ទី៥- | ខាងក្រោមទិសហេដ្ឋា | លោកទុកជាទេសកម្មករ |
| ដែលជួយធ្វើការអាក្រក់ល្អ | ដុតចិត្តស្មោះសរនឹងចៅហ្វាយ ។ | |
| ត្រូវនាយសង្គ្រោះដោយធម៌ប្រាំ | ដែលអ្នប្រាជ្ញផ្តាំឱ្យខ្វល់ខ្វាយ | |
| បើមានឈឺចាប់មិនសប្បាយ | ត្រូវឱ្យចៅហ្វាយថែរក្សា ។ | |
| ទី៦- | ខាងលើទិសឧទ្ធៈ | ទុកជាសមណៈនឹងព្រាហ្មណា |
| ដែលយើងទាយកទាយិកា | មានចិត្តជ្រះថ្លាហើយធ្វើទាន ។ | |
| ត្រូវប្រតិបត្តិលោកដោយធម៌ប្រាំ | ដែលអ្នកប្រាជ្ញផ្តាំទុកទូន្មាន | |
| លោកអ្នកប្រាប់ផ្លូវសួគ៌និព្វាន | ថាទៅដោយយានគឺសីលអើយ ៕ |
ប្រភពៈ ទស្សនាវដ្តី កម្ពុជសុរិយា ឆ្នាំ១៩៤៤ (ចម្លងតាមច្បាប់ដើមទាំងអក្ខរាវិរុទ្ធ)








