ឆ្កួតបីប្រការ
បទកាកគតិ
| – បូរាណព្រេងព្រឹទ្ធពិតពោលថា | ឆ្កូតមួយនោះណាគឺឆ្គួតស្រី |
| ទីពីរឆ្កួតស្រាកញ្ឆាក្តី | ឯឆ្កួតទីបីគឺឆ្កួតល្បែង ។ |
| – ប្រការទាំងបីតោងជំរះ | ព្រះពុទ្ធជាម្ចាស់ទ្រង់សំដែង |
| ជនសេពអបាយមុខនោះឯង | លោកថ្លែងថាតែងតែវិនាស ។ |
| – ជំពូកឆ្កួតស្រីលោកស្តីថា | ជនល្មោភកាមាអាសអាភាស |
| វង្វេងតណ្ហាស្នេហ៍ពោរពាស | រោគនោះគួរចៀសវៀងឱ្យបាន ។ |
| – ធម្មជាតិបណ្តុះមនុស្សប្រុសស្រី | ឱ្យរួមនិស្ស័យតសន្តាន |
| តែមនុស្សប្លែកខុសពីតិរច្ឆាន | ពោលគឺស្នេហ៍បានតែគូមួយ។ |
| – ជនខ្លះប្រែផ្លាស់ខុសក្រមក្រិត្យ | ល្មោភរោគស្នេហ៍ស្និទ្ធឥតគិតព្រួយ |
| ប្រពន្ធមានដែរតែមិនស្ទួយ | មាសប្រាក់ចែកជួយស្រីមួយផ្សេង។ |
| – ស្រីមួយមិនស្កាំប្រាំមិនស្កប់ | ផ្លាស់ប្តូរមិនចប់ឡប់វង្វេង |
| ឃើញថ្មីភ្លេចចាស់ផ្លាស់រកក្មេង | ស្រីលាបម្សៅប្រេងផ្តូចទេវតា។ |
| – ឯស្រីល្អពិតចិត្តឥតល្អក់ | ដៀលថាអាក្រក់ខ្ពើមរអា |
| ដ្បិតគិតថែស្ងូនកូនធីតា | ភ្លេចស្អាងកាយាសំរាប់ប្តី ។ |
| – ខ្លះទៀតប្រើស្នៀតភរមុសា | បំផ្លាញប្រហារព្រហ្មចារស្រី |
| បំផុតស្មាមួយអំរែកបី | នោះនឹងកើតក្តីមិនចេះចប់ ។ |
| – អាងឫកអាងរាងរូបសង្ហា | ប្រាថ្នាសង្សារសឹងបួនដប់ |
| លោភលន់តណ្ហាមិនធុញថប់ | មិនស្កប់ហ៊ានលបប្រពន្ធគេ ។ |
| – ចាស់ថាលួចបាននោះវាគ្រាន់ | បើម្ចាស់គេទាន់ជាន់ទោសទ្វេ |
| ជ្រុលស្លាប់សឹងច្បាប់មិនគ្នាន់គ្នេរ | សិទ្ធិលើប្តីគេជំរះក្តី ។ |
| – ខ្លះទៀតនាំមករោគរាគត្បាត | បំពានប្រមាថលើ សិរី |
| អាចឱ្យខ្វាក់ភ្នែកខ្វិនជើងដៃ | ជម្ងឺអប្រីយ៍ឆ្លងកូនចៅ ។ |
| – រោគនេះកំណាចកាចឫស្យា | ផ្តល់ឱ្យគ្រួសារកើតសោកសៅ |
| រីឯប្រពន្ធកូនដំបៅ | ឆ្លងតពូជផៅរងគ្រោះភ័យ ។ |
| – ខ្លះអាងមាសប្រាក់បុណ្យស័ក្តិខ្ពស់ | លក់សព្វកិត្តិយសព្រោះតែស្រី |
| ចាត់ទុកភរិយាជាទាសី | ឃ្នើសចិត្តជេរស្តីអាងលែងលះ។ |
| – អាងនាងឆើតឆាយរំសាយចិត្ត | ដើរដេកភ្លេចគិតឥតចូលផ្ទះ |
| បិទសិទ្ធិប្រពន្ធមិនឱ្យឈ្នះ | វាយដំច្រំទះខ្វះមេត្តា ។ |
| – ជូននាំឆើតឆាយមកដល់ផ្ទះ | បង្គាប់ឱ្យព្រះសំពះខ្លា |
| ឱ្យកូនបំរើស្រីពេស្យា | បំប៉នអាហារបំពេញចិត្ត ។ |
| – បុ្រសថោកចាញ់បោកស្រីឆើតឆាយ | កាន់ក្បាលជេរម្រ៉ាយក៏មិនគិត |
| លុះអស់ប្រាក់កាសនាងផ្លាស់ចិត្ត | ឆើតឆាយកៀកស្អិតសាហាយថ្មី។ |
| – វិលរកឆ្នាំងចាស់មុខក្រាស់ឃ្មឹក | ម្ល៉េះព្រះគង់នឹកថាជាប្តី |
| ត្រកងឱបទៀតដោយខន្តី | ស៊ូបន្ទោសស្តីព្រហ្មលិខិត ។ |
| – តម្រាប់បែបនេះកូនមើលចុះ | កើតជាបុរសកុំប្រព្រឹត្ត |
| គួរស្អប់គួរខ្ពើមគួរកុំស្និទ្ធ | កូនអើយនោះពិតហៅឆ្កួតស្រី។ |
| – ជំពូកទីពីរគឺឆ្កួតស្រា | នឹងនាំអាត្មាធ្លាក់អវីចី |
| ស្រវឹងកាលណាក្លាសំដី | ឫកស្មើដំរីស្តីប៉ោឡែ ។ |
| – មើលប្រពន្ធខ្លួនដូចបច្ចា | មើលនាងលក់ស្រាដូចព្រះម៉ែ |
| ដឹងគុណដបស្រាជាងដីស្រែ | ស្រឡាញ់អ្នកស្នេហ៍ជាងអ្នកស្និទ្ធ។ |
| – បានស្រាចិញ្ចើមសម្បើមយ័ក្ខ | អូតអាងទាត់ធាក់អាងស្បែកស្វិត |
| មិនខ្លាចពូថៅខ្វែវកាំបិត | មើលអ្នកផងល្អិតប៉ុនមេដៃ ។ |
| – ពេលទទឹកស្លាបដាបអាត្មា | សម្បើមវោហារដូចខ្លាព្រៃ |
| ចំអាសចំអូមឥតសំចៃ | ពាក្យពេចន៍ព្រៃផ្សៃអសោចកេរ្តិ៍។ |
| – ឡូឡាឡកច្រៀងតាមដងផ្លូវ | ញាតិផងមិនសូវចូលចិត្តទេ |
| អ្នកខ្លះស្អប់ណាស់លបលួចជេរ | ដៀលពូជបាមេបង្កើតកាយ ។ |
| – ពូកែខ្លាំងណាស់ប៉ះរឿងឈ្លោះ | ទោះនឹងស្លប់រស់ក៏មិនស្តាយ |
| បើសិនចាញ់ខាងកម្លាំងបាយ | នៅអាងជេរម្រ៉ាយស្តីបញ្ចោរ ។ |
| – ខ្លះស្រវឹងខ្លាំងស្រវាំងអាប់ | ស្លេកស្លាំងសឹងស្លាប់ភ្នែកស្លក់ស្លោ |
| ប្រមឹកដើរក្អួតដេកចង្អោរ | របូតអាវខោក៏មិនដឹង។ |
| – រួសរាយតែមាត់ធាត់តែមុខ | សាច់ដូចឧសពុកស្គមកំព្រឹង |
| មុខហើមដូចហែកស្បែកត្រីខ្ជឹង | ប៉ុណ្ណឹងគង់ប្រឹងមិនចុះចាញ់ ។ |
| – មានប្រាក់ក្លើម្រាក់ព្រួតគ្នាឆី | ផឹកជក់បារីក្លែមសាច់ឆ្ងាញ់ |
| អ្នកផ្ទះលីងបាយលាយកាកខ្លាញ់ | ខ្ពស់ណាស់ក្រឹមក្រាញ់យូរៗម្តង។ |
| – ពេលអស់លុយផឹកនឹកមួម៉ៅ | វាយសព្វកូនចៅស្តីជេរផង |
| ខឹងចិនមិនជឿជំពាក់ម្តង | ក្របីគោផងហ៊ានលក់ផឹក ។ |
| – មានប្រាក់កាលណាថ្លាគំនិត | ប្រមូលញាតិមិត្តហ្វូងប្រមឹក |
| នាំគ្នាស៊ីក្លែមថែមសន្ធឹក | សើចហ៊ោរគគ្រឹកផឹកស្រង់ដើម។ |
| – ទោះអស់ប៉ុន្មានក៏មិនគិត | អាមួយឈរជិតសាច់សថ្លា |
| អរណាស់កូនចិនអងែ្អលស្មា | ផឹកដួលត្រៀបត្រាបង្អូតចិន។ |
| – ប្រាក់មានប៉ុន្មានជូនទាំងអស់ | មិនស្តាយរបស់ត្រូវហោចហិន |
| ទូទាត់សេសសល់ផ្ញើទុកសិន | សំពះចឹកចិនមិនភ្លេចគុណ ។ |
| – ដល់ផ្ទះខំអួតស្រែកក្តែងៗ | ថានែ អើឯងកូនប្រពន្ធ |
| អញផឹកថ្លៃថ្នូរគួរគយគន់ | ទោះដាបទោរទន់ដើរខ្លួនឯង។ |
| – លុះចូលជើងក្រានឆ្នាំងទទេ | ខឹងណាស់ស្រែកជេរឥតគិតក្រែង |
| បោកតុទូតាំងឆ្នាំងអំបែង | យំសើចម្នាក់ឯងរំខានញាតិ ។ |
| – ប្រមឹកអ្នកក្រុងខុសអ្នកស្រែ | បនបារញ៉ាំញ៉ែយប់អាធ្រាត្រ |
| ស្រីញីក្តិចខ្ញាំចាំព្រោងព្រាត | រាំរែកបញ្ច្រៀតឆ្លៀតបិចបោច ។ |
| – ស្រាបៀរកំប៉ុងបារាំងចិន | បញ្ចុកមាសឆ្អិនស្រីអសោចិ៍ |
| ផឹកក្លែមថ្ពាល់ស្រីសំដីខ្មោច | ទ្រព្យធន់ហិនហោចបង់អសារ ។ |
| – ប្រពន្ធទូលច្រែងលក់ត្រកួន | លោកប្តីលេងខ្លួនចាយដុល្លារ |
| កូនខ្វះស្សែកជើងចូលសាលា | លោកឳចូលបារជិះរថយន្ត ។ |
| – មិត្តភ័ក្តម្រាក់ក្លើដើរផឹកស៊ី | ពុលស្រាស្រីញីលក់ទ្រព្យធន |
| លួចលាក់បញ្ចាំចាយអស់ទុន | ក្បត់កូនប្រពន្ធផ្គាប់ពួកម៉ាក់ ។ |
| – ចុងក្រោយបង់បោយដើរដូចឆ្កួត | អស់អួតមុខស្ងួតធ្លាក់តោកយ៉ាក |
| អស់កេរអស់ផ្ទះអស់មិត្តម៉ាក | ញាតិផងស្តោះខាកខ្ពើមឫកពា។ |
| – ខកខ្លួនលិចលង់ក្នុងអបាយ | អង្គុយនឹកស្តាយក្លាយលីលា |
| ផ្តល់ទុក្ខទារុណកូនភរិយា | សោតសឹងបូជាខ្លួនឱ្យក្ស័យ ។ |
| – កូនអើយនោះហើយហៅឆ្កួតស្រា | ចាំជាប់ចិន្តាអចិន្រ្តយ៍ |
| បើចៀសវាងបានប្រាណថ្លាថ្លៃ | ទើបឈ្មោះប្រពៃពេញជាប្រុស។ |
| – កុំបន្ថោកពូជបង្ខូចពង្ស | នាំខ្លួនលិចលង់ក្នុងកំហុស |
| មនុស្សថ្លៃជាងស្រាណាកូនប្រុស | កុំបន្ទាបឈ្មោះថោកជាងស្រា។ |
| – កូនអើយសុរាជាឱសថ | តាមក្បួនកំណត់គ្រូដូនតា |
| តែស្រាពិសពុលកាចឫស្យា | អាចបែរប្រហារសង្ខារបាន ។ |
| – បើផឹកសន្ធិកហួសកំណត់ | នោះស្រាឱសថថ្នាំបូរាណ |
| កា្លយជាអាវុធដុតរោលប្រាណ | គ្រោះថ្នាក់សាមាន្យមើលមិនជា។ |
| – ក្រពះពោះវៀនមានដំបៅ | សួតថ្លើមផ្សាក្តៅឈឺគ្រាំគ្រា |
| ខូចខួរប្រសាទកា្លយលីលា | នេះពុកផ្តាំភា្ងជាកូនប្រុស ។ |
| – ឯឆ្កួតទីបីល្បែងពាលា | អាប៉ោងប៉ោបៀជាកំហុស |
| ជនដែលប្រព្រឹត្តពិតជាខុស | ចូរចាំទុកចុះប្រុសនិមល ។ |
| – អ្នកចាញ់គេព្រឹកនឹកស្រមៃ | សងសឹកពេលថ្ងៃលែងអីជល់ |
| អ្នកឈ្នះចង់លះដល់ឫសគល់ | មិនក្រែងលេងជ្រុលចាញ់វិញអី។ |
| – គេថាសេះដាច់យកសេះតាម | មិនខ្លាចរហាមធ្លាក់ក្រក្រី |
| ចាញ់លុយមិនឱ្យចាញ់ចិត្តអី | ពាក្យពួកគេស្តីមិនគួរស្តាប់ ។ |
| – ពួកនោះបើឈ្នះមុខឡើងខ្លាញ់ | តែបែរបើចាញ់មុខដូចស្លាប់ |
| បានឈ្នះខំអួតឱ្យគេស្តាប់ | បើចាញ់មិនប្រាប់ខ្លាចអាប់មុខ ។ |
| – ជួនពេលព្រលប់ស្រស់ប៉ប្រិម | លុះពេលព្រលឹមស្អុយគគ្រុក |
| ជួនព្រឹករីករាយល្ងាចកើតទុក្ខ | អ្នកល្បែងឃើញមុខងាយចំណាំ។ |
| – ចំណុចម្យ៉ាងទៀតឆ្លៀតសំគាល់ | អ្នកលេងរៀងរាល់វាល់ខែឆ្នាំ |
| កម្រឃើញធាត់សាច់ក្រម៉ាំ | ច្រើនរោគរ៉ៃរ៉ាំស្គាំងស្គមប្រាណ ។ |
| – ដ្បិតបាយមិននឹកទឹកមិនស្រែក | សោតទាំងដំណេកក៏មិនបាន |
| ជក់ដៃទោះថ្ងៃយប់ថ្មើរម៉ាន | សឹងសូន្យទាំងប្រាណក៏មិនខ្លាច។ |
| – របរនេះឯងរែងអំពល់ | បាឈ្លក់ងប់ងល់ជ្រុលបែកប្រាជ្ញ |
| ចាញ់បង់លង់ខ្លួនជួនលែងខ្លាច | ប្រព្រឹត្តកោងកាចហ៊ានលួចឆក់។ |
| – ក្លាយខ្លួនធ្វើចោរចិត្តឫស្យា | ហ៊ានកាប់ប្រហារបោកកុហក |
| ចាញ់ល្បែងឈឺចិត្តគិតខ្វលខ្វក់ | សាងកម្មអាក្រក់ចិត្តអប្រីយ៍ ។ |
| – ឯអ្នកជើងល្បីលេងល្បែងឈ្នះ | កម្រឃើញណាស់ផ្ទះសងថ្មី |
| ឮតែប្រពន្ធដៀលជេរស្តី | ជួនអីស្រីៗគេសុំលែង ។ |
| – កួនអើយអ្នកល្បែងរែងមុខក្រាស់ | ហ៊ានកាត់កេរ្តិ៍ខ្មាស់ចេះទ្រាំទ្រែង |
| លួងលោមញាតិមិត្តឥតប្រជែង | បើឈ្លោះទាស់ទែងក្រែងខាតលាភ។ |
| – ហោប៉ៅមានប្រាក់ពាក់មុខខ្លា | គ្មានលុយកាលណាមុខសុភាព |
| សំពះគេឯងរែងថោកទាប | ដាក់ខ្លួនដុនដាបដើរបុលខ្ចី ។ |
| -លុះគេទារប្រាក់ស្ទាក់ប្រពន្ធ | គ្មានសោះទ្រព្យធន់អត់សល់អ្វី |
| មានតែខ្លួនប្រាណសាច់សខ្ចី | សងគេជួសប្តីខ្ចីជំពាក់ ។ |
| – ឯជនជាវែកមិនដឹងខ្យល់ | ឃើញគេមកដល់ហៅអាម្រាក់ |
| គេថាអាណិតណាស់មិត្តភ័ក្តិ | លុយខ្ចីជំពាក់ឯងកុំភ័យ ។ |
| – អញជួយសង្គ្រោះព្រោះឯងចាញ់ | សូមក្លើសម្លាញ់កុំសងអី |
| វែកឮដូច្នេះអរប្រិមប្រិយ | សុំរាប់លុះក្ស័យមិនភ្លេចគុណ។ |
| – នោះឯងឆ្កួតល្បែងវាវិនាស | ហិនហោចប្រាក់មាសអស់ទ្រព្យធន |
| ខូចអនាគតកូនប្រពន្ធ | ផ្តល់ទុក្ខទោសធ្ងន់កើតខ្វល់ខ្វាយ។ |
| – កូនអើយឈ្មោះថាល្បែងស៊ីសង | គួរដើរកន្លងចៀសឱ្យឆ្ងាយ |
| គ្រប់ល្បែងល្បងភ្នាល់រាល់អបាយ | សុទ្ធសឹងអន្តរាយដល់អាត្មា ។ |
| – នេះពុកផ្តាំទុកតរៀងទៅ | ពេលពុកមិននៅឃ្លាតធីតា |
| កូនកុំបន្លែងល្បែងស្រីស្រា | ឆ្កួតបីប្រការហៅទុច្ចរិត ។ |
| – ពុកលើករឿងមួយមកពណ៍នា | ជាតិសាសន៍ឥណ្ឌាបានប្រឌិត |
| តាមពាក្យដំណាលថារឿងពិត | និងថ្លែងនិមិត្តតាមសាវតារ ។ |
| – មានគ្រួសារមួយត្រកូលខ្ពស់ | ដើមឡើយគាប់យសសេដ្ឋីមហា |
| សម្បត្តិភោគទ្រព្យគាប់ចិន្តា | មានប្រាក់ស្រែច្បារមិនខ្វះអ្វី ។ |
| – ក្រោយមកក៏ធ្លាក់ដាក់ដុនដាប | ដោយអំពើបាបរបស់ប្តី |
| សេពគប់ជំពប់មិត្តអប្រីយ៍ | ប្រព្រឹត្តស្រាស្រីល្បែងពាលា ។ |
| – ហិនហោចសម្បត្តិផ្ទះសម្បែង | គ្រួសារលះលែងខ្វែងចិត្តគ្នា |
| ប្តីរស់ជាមួយក្រុមចោរមារ | ប្រពន្ធវេទនានិងកូនស្រី ។ |
| – រហាមដេកតាមចិញ្ចើមថ្នល់ | ទុក្ខព្រួយកង្ខល់ហួសស្រដី |
| ជីវិតម្តាយរស់ព្រោះកូនស្រី | ស្វែងរកកម្រៃធ្វើខ្ញុំគេ ។ |
| – ថ្ងៃមួយរូបនាងរងគ្រោះថ្នាក់ | ដោយពួកពាលស្ទាក់ចាប់មាសមេ |
| ស្របម្តាយឈីធ្ងន់ទុក្ខគ្នាន់គ្នេរ | យំអង្វរគេ គេមិនស្តាប់ ។ |
| – ឃើញពាលរំលោភកូននឹងមុខ | ទ្រូងម្តាយចាប់ចុកដាច់ខ្យល់ស្លាប់ |
| ពាលឥតខ្មាសអៀនគ្មានឈឺចាប់ | ប្រញាប់បង្ខំនាំនាងទៅ ។ |
| – លុះដល់គ្រឹះស្ថានផ្ទះសំណាក់ | ដែលពួកពាលស្នាក់រស់និត្យនៅ |
| មេចៅហ្វាយធំចិត្តឃោរឃៅ | នឹកស្មានបានស្មៅឆ្ងាញ់ពិសា ។ |
| – ស្រាប់តែសម្រែកស្រែកហៅពុក | ទួញសោកនឹងមុខផ្ទាល់នេត្រា |
| យល់ជាក់ជាកូនស្ងួនធីតា | ទើបស្លុតអាត្មាវិលស្មារតី ។ |
| – គ្រានេះឳពុកទុក្ខទោម្នេញ | អារម្មណ៍វង្វេងលែងយល់អ្វី |
| រន្ធត់តក់ស្លុតផុតប្រក្រតី | ឱនឱបកូនស្រីសើចលាយយំ។ |
| – ស្ទុះទាញអាវុធមកកាន់ក្តាប់ | បាញ់រះសម្លប់ពាលតូចធំ |
| ម្តងសើចម្តងហ៊ោខ្ទ័រព្រៃភ្នំ | ម្តងបែរស្រែកយំៗបោកខ្លួន ។ |
| – នោះឯងប្រែកាយក្លាយវិកល | ចុកចាប់ខ្សាប់ខ្សល់ផលហុចផ្ទួន |
| សំពះសុំទោសកូនស្រីស្ងួន | ទើបប្រហារខ្លួនដោយខ្លួនឯង។ |
| – នោះឯងលទ្ធផលបន្សល់ទុក | យល់ពិតនឹងមុខឃើញជាក់ស្តែង |
| ចេញពីប្រភពស្រីស្រាល្បែង | ឆ្កួតបីនោះឯងផ្តល់ទុក្ខា ។ |
| -នេះពុកនិទានសងេ្ខបខ្លី | បញ្ជាក់អត្ថន័យពិតពិស្តារ |
| ចូរកូនពិនិត្យគិតខ្លឹមសារ | និងពិចារណាដល់ជីវិត ។ |
| – កូនអើយស្កាល់ផ្លូវត្រូវនិងខុស | កើតមកជាប្រុសកុំភ្លេចគិត |
| កុំខ្ចាត់មារយាទឃ្លាតគំនិត | សន្សំសុចរិតកុំខិតឆ្ងាយ ។ |
| -សំខាន់បំផុតការសេពគប់ | ប្រយ័ត្នជំពប់ពាលអន្តរាយ |
| នាំខ្លួនលិចលង់ក្នុងអបាយ | គួរត្រាច់ផ្លូវត្រាយកុំលុកព្រៃ ។ |
| – មុនដេកភ្នែកបិទគិតគូរនឹក | ភ្ញាក់មុនរលឹកទើបប្រពៃ |
| បើកូនខ្លាចខ្លាខំឆ្ការព្រៃ | នេះពុកពោលស្តីផ្តាំមាសស្ងួន ។ |

កំណាព្យនិពន្ធដោយៈ លោក សុខ សុធន
វាយអក្សរកុំព្យូទ័រជាថ្មីដោយៈ ភិក្ខុ កិច្ចភិរតោ ឡាយ រិន
វត្តខេមររតនារាម, ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩


🔸កំណែចុងក្រោយ Last Updated on August 9, 2024 by Johnny ចន្នី




