ច្បាប់អរិយសត្ថា

ច្បាប់អរិយសត្ថា

បទកាកគតិ

១-អរិយសត្ថា1១-អរិយសត្ថា ជាសមណសក្តិ ទីមេគណ ឬចៅអធិការដែលជាអ្នកតែងច្បាប់នេះបានជាគេឱ្យឈ្មោះថា “ច្បាប់អរិយសត្ថា” ដូច្នេះ។គន់គិតចែងចារចងទុក្ខជាច្បាប់
ឲ្យអស់សិស្សផងត្រងត្រាប់សណ្ដាប់យកជាតំរាប់
តំរង់អាត្មា។
ឲ្យមានប្រយោជន៍ប្រយ័ត្នអសោចិ៍រាល់រូបអ្នកណា
អម្បាលមករៀនរបៀបសាស្រ្ដាប្រយ័ត្នអាត្មា
ការកេរ្ដិ៍លោកិយ។
ទោះនឹងចេញទៅប្រយោជន៍នានៅផ្គាប់ផ្គុនមន្រ្ដី
ឲ្យត្រូវនឹងច្បាប់សណ្ដាប់សួស្ដីដូចលោកស្រដី
ប្រដៅទុកមក។
បើមិនចង់ទេចង់នៅទំនេរជួញប្រែរិះរក
ចិញ្ចឹមជីវិតគួរគិតរៀនយករបៀននោះមក
ទើបរកទ្រព្យបាន។
៥-វាយលេខទាត់ក្បាច់សឹងផ្សំសំរេចឲ្យបានដឹងដាន
ដឹងដើមដឹងចុងដឹងបង់ដឹងបានដឹងគិតប្រមាណ
កត់ត្រាបញ្ជី។
ឲ្យបានប្រយោជន៍ប្រយ័ត្នអសោចិ៍ជាអ្នករកស៊ី
សំរាប់លោកិយប្រក្រតីជាទីសំគាល់បញ្ជី
ស្មៀនត្រាសៀវភៅ។
គត់គិតប្រយ័ត្នអស់ទ្រព្យសម្បត្ដិឲ្យស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់ឲ្យស្រេចឃើញផ្លូវសឹមថយចេញទៅ
តាមផ្លូវលោកិយ។
ល្មមដឹងតិចច្រើនល្មមដឹងក្រវ៉ើនទ្រព្យធនអ្វីៗ
លេខនិងអក្សរកំដរស្មារតីសំរាប់លោកិយ
នោះឯងទើបត្រូវ។
បើតែវិលវេះខ្ជិលដេកស្រមេះស្រមូញស្មូញស្ញូវ
ស្រទាងលើខ្នើយកន្ដើយលក់ទៅនរណានឹងនៅ
ដាស់តឿនឲ្យទៀត។
១០-មិនដឹងរឺអ្វីក្នុងរាជលោកិយរាជការចង្អៀត
នរណាទុកឯងលេងវាយដៃព្រាតឃើញហើយគេបៀត
តំរៀបរាជការ។
ហេតុនោះគួរគិតគួរកាន់គំនិតគួរគិតឧស្សាហ៍
សង្វាតរករៀនរបៀនសាស្រ្ដាតំរិះប្រាជ្ញា
បង្ការទុកទៅ។
បើដោះខ្លួនរួចរាប់ជាអ្នកស្រួចដឹងគិតរាក់ជ្រៅ
ក្នុងរាជលោកិយសេចក្ដីឥឡូវគិតឲ្យឃើញផ្លូវ
នឹងទៅមុខទៀត។
រីត្រង់ឯខ្លៅគេថយចេញទៅរកស៊ីចង្អៀត
គិតគូរម្ដេចម្ដាប្រវាបែរបៀតពឹងអ្នកកន្ទៀត
ដូចខ្លួនកាលណា។
ហេតុតែខ្លួនឯងចេះគិតតាក់តែងឲ្យគ្រប់ប្រការ
ទាំងលេខទាំងក្បាច់ស្រេចនូវអាត្មាឯងឲ្យអស់ការ
គិតគូរសព្វសាយ។
១៥-ទើបបានគេកោតគេមានចំណោទគេកោតប្រាជ្ញប្រាយ
គេយល់ឯងចេះចំណេះលែបខាយពុំមានក្លែងក្លាយ
បំបាត់បានឡើយ។
រីត្រង់អ្នកខ្លៅផ្ដេកផ្ដិតចិត្ដទៅយកគេជាត្រើយ
កាលម្ដងគេត្រង់គង់ចិត្ដនៅឡើយដល់ពីរដងហើយ
គេប្រែប្រាជ្ញា។
គេគិតទាយទាត់វាយលេខបំភ្លាត់បំផ្លាញអាត្មា
ចំណេញទៅគេទទេអសារខ្លួនឯងឥតការ
ខាតទុនក្រខ្លួន។
នេះឯងក្មេងអើយកុំប្រហែសឡើយរៀនទុកជាក្បួន
ទាំងលេខទាំងក្បាច់អាស្រ័យនៅខ្លួនអក្សរឲ្យសួន
ទាន់ខ្លួននៅក្មេង។
តែចាស់បន្ដិចវិញ្ញាណភ្លាំងភ្លេចគំនិតប្រែផ្សេង
គិតការច្រើនមុខកើតទុក្ខកន្លែងប្រាប់អស់ក្មេងៗ
ឲ្យដឹងឲ្យហើយ។
២០-កុំអាងម៉ែឪសម្បត្ដិដែលនៅមានច្រើននោះឡើយ
ក្រែងឥតនឹងម៉ែនឹងឪទៅហើយខ្លួនខ្លៅឆោតឆើយ
ល្ងិតល្ងង់មោហា។
ក្រែងអស់ទាំងទ្រព្យនោះវាមិនខ្ជាប់នៅនឹងអាត្មា
ខ្លួនឯងឆោតឆៅកំឡៅមោហាមិនចេះរក្សា
មិនបានគង់ទេ។
ខូចខាតមិនខានគំនិតមិនបានប្រហែលខ្ញុំគេ
គេវាយគេធាក់គេប្រើគេជេរមិនឲ្យទំនេរ
ខ្មាស់គេតិចអ្វី។
ដូច្នេះគួរគិតគួរឃើញគំនិតគួរគិតសេចក្ដី
ជាមនុស្សដូចគេគួរតែឃ្មាតឃ្មីរំលឹកស្មារតី
ស្រលាញ់របៀន។
កុំគិតខ្ជិលពេកកុំគិតពួនដេកកុំគិតវេះរៀន
កុំគិតមានពុតរមត់កិចកៀនកុំគិតអៀនប្រៀន
វេះវៀនចិត្ដកាច។
២៥-ឲ្យរៀនចិត្ដល្អដឹងធម៌អក្សរគួរគិតកោតខ្លាច
ការកេរ្ដិ៍ប្រយ័ត្នគួរកាត់ចោលកាចគួរឲ្យខ្លួនខ្លាច
កុំឲ្យគ្រូទាយ។
ពាក្យគ្រូធ្ងន់ណាស់ដំនៀលដល់ចាស់ពីព្រេងមុខនាយ
ឯត្រង់ពាក្យម្ដាយទំនាយគ្រូទាយនេះឯងមិនងាយ
អាក្រក់ណាស់ណា។
ឲ្យប្រុងប្រយ័ត្នបំរើប្រណិប័តន៍កាន់ចិត្ដស្នេហា
កុំឲ្យអន់អាក់ថ្នាំងថ្នាក់ចិន្ដាគ្រូទាយហើយណា
ឆុតឆាប់ណាស់ហោង។
ឲ្យដឹងបាបបុណ្យស្គាល់ទោសនិងគុណជាទុនទៅមុខ
គុណគ្រូបាធ្យាយគុណម្ដាយឪពុករៀបច្បងទំនុក
ឲ្យសុខអនុកូល។
គ្រូមួយផងគ្នារួមរក្សចិត្ដជាស្នេហាមិត្រមូល
កុំនាំអុជហេតុបំបែកចេញចូលកាច់កិនត្រកូល
បង្កើតមាត់ក។
៣០-កុំធ្វើមាក់ងាយនឹងគ្រូបាធ្យាយរៀនចិត្ដឲ្យល្អ
ទោះអ្នកឯណាណែផ្លូវអក្សរអ្នកនោះឯងអរ
ឲ្យចិត្ដមេត្រី។
កុំឲ្យសៅហ្មងលើលោកកន្លងពោលពាក្យស្រដី
រឹងរូសទ្រគោះឈ្លាសឈ្លោះសេចក្ដីកើតទោសអប្រិយ
ជេរពោលប្រមាថ។
អ្នកនោះស្មើគ្រូបង្កើតអភិរូហ៍គុណគេឱវាទ
គេជួយប្រដៅគេហៅឱហាតដាស់តឿនសង្វាត
ឲ្យឯងចេះឆាប់។
បើឯងចេះហើយកុំភ្លេចគុណឡើយឲ្យដឹងដោយច្បាប់
គួរគិតកោតខ្លាចដើរតាមសណ្ដាប់គន្លងធម៌ច្បាប់
កុំឲ្យមាក់ងាយ។
នេះឯងគន្លងត្រឹមត្រូវទំនងអំពីព្រេងនាយ
ឯរាជ្យឥឡូវច្រើនតែមាក់ងាយចេះហើយជេរម្ដាយ
ប្រមាថគ្រូវិញ។
៣៥-ហេតុដូច្នេះឯងលោកិយយល់ស្ដែងតែងឃើញម្ដេចមិញ
ហិនហោចសូន្យសុងលិចលង់ទៅវិញទោសនោះឯងមិញ
កើតពីឯណា។
កើតពីចិត្ដឯងបង្កើតស្វះស្វែងបំផ្លាញអាត្មា
រោលរាលក្នុងពោះឆេះក្នុងឱរាបង្កើតទោសា
ឲ្យទុក្ខរូបឯង។
ចេះតែបន្ដិចលើខ្លួនកំប៉ិចកំប៉ោងឥតក្រែង
តែងឃើញរៀងមកយ៉ាងដូច្នេះឯងម្លោះហើយវាតែង
ខុសនឹងទេព្ដា។
រីអ្នកចិត្ដល្អដឹងធម៌អក្សរចេះពិចារណា
ស្គាល់គុណនិងទោសសណ្ដោសអាត្មាអត់ឱនចិន្ដា
ពុំដែលសៅហ្មង។
អ្នកនោះឯងនៃសោតសឹងប្រពៃសួស្ដីកន្លង
បរលោកលោកិយឥតបីសៅហ្មងទាំងទេព្ដាផង
ចំរើនឲ្យសុខ។
៤០-ដរាបរៀងទៅសុខពីឥឡូវរៀងទៅឯមុន
ចៀសចាកប្រាសប្រាណពីស្ថាននរករៀងរួចបានសុខ
ដល់សួគ៌ាល័យ។
អរិយសត្ថាគន់គិតចែងចារចែងចងសេចក្ដី
តំរង់តំរាប់ជាច្បាប់យ៉ាងថ្មីដាស់តឿនស្រដី
សិស្សសព្វប្រការ។
គួរគិតរករៀនកិច្ចការរបៀនរបបសាស្រ្ដា
តាមច្បាប់និទានទូន្មានអាត្មារៀនរាល់រូបា
សូរេចចប់ហោង។
ចប់

🔸Last Updated កំណែចុងក្រោយ on September 29, 2024

សម្គាល់ៈ

  • 1
    ១-អរិយសត្ថា ជាសមណសក្តិ ទីមេគណ ឬចៅអធិការដែលជាអ្នកតែងច្បាប់នេះបានជាគេឱ្យឈ្មោះថា “ច្បាប់អរិយសត្ថា” ដូច្នេះ។
Share this article:
Johnny ចន្នី

Author: Johnny ចន្នី

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).